អានតួអត្ថបទ
ហុងកុង-ចិន

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ហុងកុង​ក្តៅក្រហាយ​នឹង​ដំណើរទស្សនកិច្ច​របស់​ប្រធាន​សភា​ចិន?

នៅ​ថ្ងៃ​អង្គារ ទី១៧ ឧសភា​នេះ លោក​ប្រធាន​រដ្ឋសភា​ចិន ចាង តឺជាង​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ហុងកុង។ ក្រៅ​ពី​មាន​តំណែង​ជា​ប្រធាន​រដ្ឋសភា លោក​ចាង តឺជាង​ក៏​មាន​តួនាទី​ជា​អ្នក​ទទួល​បន្ទុក​​សំណុំរឿង​ហុងកុង​ដែរ ហើយ​នេះ​ជា​លើកទី១ គិត​តាំង​ពី ៤ឆ្នាំ​កន្លង​ទៅ​ដែល​មាន​ថ្នាក់ដឹកនាំជាន់ខ្ពស់​ចិន​លំដាប់​ទី៣ ម្នាក់​បាន​ដាក់​ជើង​ជាន់​ទឹកដី​ហុងកុង។ តែ​ជា​ទូទៅ វត្តមាន​ថ្នាក់ដឹកនាំ​ចិន​នៅ​ហុងកុង​មិន​បាន​ទទួល​ស្វាគមន៍​រាក់ទាក់​ដោយ​ប្រជាជន​ហុងកុង​ប៉ុន្មាន​ទេ។ ជាក់ស្តែង​ថ្ងៃ​នេះ រដ្ឋអំណាច​ហុងកុង​បាន​ពង្រឹង​សន្តិសុខ​កម្រិត​ខ្ពស់​ដូច​ត្រៀម​ប្រឈម​ទប់​នឹង​អំពើ​ភេរវកម្ម។

នៅ​ថ្ងៃ​អង្គារ ទី១៧ ឧសភា​ លោក​ប្រធាន​រដ្ឋសភា​ចិន ចាង តឺជាង​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ហុងកុង
នៅ​ថ្ងៃ​អង្គារ ទី១៧ ឧសភា​ លោក​ប្រធាន​រដ្ឋសភា​ចិន ចាង តឺជាង​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ហុងកុង Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ លោក​ប្រធាន​រដ្ឋសភា​ចិន​ចាង តឺជាង​ទៅ​ហុងកុង​ដើម្បី​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ តែ​បើ​និយាយ​មិន​ផ្លូវការ​វិញ គឺ​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ស៊ីជ្រៅ​ពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ហុងកុង​ក្នុង​នាម​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​សំណុំរឿង​ហុងកុង។ ក៏​ប៉ុន្តែ ដំណើរ​ទៅ​កាន់​ហុងកុង​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​លំដាប់​ទី៣ រូប​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ពលរដ្ឋ​ហុងកុង​កាន់តែ​ច្រើន​ឡើងៗ​បាន​ចេញ​មុខ​ប្រឆាំង​នឹង​ការ​លូកដៃ​កាន់​តែ​ជ្រៅ​របស់​ចិនដីគោក​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង។ ជាក់ស្តែង​នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​ស្នេហាលទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​លោក​ចាង តឺជាង​នៅ​ថ្ងៃ​ពុធ​ស្អែក នោះ​បើ​ទោះ​បី​ជា​រដ្ឋអំណាច​បាន​ហាម​ឃាត់​ដោយ​ចាត់​វិធានការ​សន្តិសុខ​យ៉ាង​តឹងរឹង​ក៏​ដោយ។

ក្រុមបាតុករ​ហុងកុង​សង្ឃឹម​នឹង​រៀបចំ​ក្បួនបាតុកម្ម​នៅ​តាម​ដងផ្លូវ​ក្រោម​ក្រសែ​ភ្នែក​លោក​ចាង តឺជាង ពិសេស​តាម​ផ្លូវ​ដែល​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​សភា​ហុងកុង​នៅ​ថ្ងៃ​ពុធ ទី១៨ ឧសភា​ស្អែក។ នៅ​ក្នុង​សភា​ហុងកុង លោក​ចាង តឺជាង​ត្រូវ​ឡើង​ថ្លែង​សុន្ទកថា និង​មាន​គម្រោង​ជួប​ជាមួយ​ក្រុមអ្នកតំណាងរាស្រ្ត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ពិត​ណាស់​ថា លោក​ចាង តឺជាង​ទៅ​ហុងកុង​ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​ពិត​នៅ​ហុងកុង និង​ក៏​ដើម្បី​ព្យាយាម​រំងាប់​ភាព​តានតឹង តែ​លោក​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​រាក់ទាក់​ពី​ពលរដ្ឋ​ហុងកុង​ទូទៅ​ទេ។ អ្វី​ដែល​ពលរដ្ឋ​ហុងកុង​ពិបាក​បើក​ភ្នែក​មើល​ថ្ងៃ​នេះ​ទៀត គឺ​វិធានការ​សន្តិសុខ​ដ៏​សម្បើម​ហួសហេតុ​មិន​ធ្លាប់​មាន​សម្រាប់​ទទួល​លោក​ចាង តឺជាង។

ដើមចម​នៃ​វិបត្តិ​តានតឹង​រវាង​ហុងកុង និង​ចិនប៉េកាំង

វិបត្តិ​តានតឹង​រវាង​ហុងកុង និង​ចិនប៉េកាំង គឺ​ការ​លូក​ដៃ​កាន់​តែ​ជ្រៅ​របស់​ចិន​ដីគោក​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិនហុងកុង។អ្វីៗ​បាន​ផ្ទុះ​ឡើង​នៅ​ក្រោយ​ការ​ប្រកាស​របស់​ទីក្រុង​ប៉េកំាង​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៤ ដែល​ថា ចិន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សកល​នៅ​ហុងកុង​ចាប់​ពី​ឆ្នំា ២០១៧ ទៅ។ ក៏​ប៉ុន្តែ រូប​បេក្ខជន​នឹង​ត្រូវ​ចិន​ជា​អ្នក​ជ្រើសរើស ហើយ​ចំនួន​បេក្ខជន​ក៏​ត្រូវ​ចិន​ជា​អ្នក​កំណត់​ឲ្យ​មាន ២ ឬ​៣នាក់​ប៉ុណ្ណោះ។ នេះ​ហើយ​ជា​ចន្លុះ​ដែល​បាន​ដុត​គំនរ​អុស​នៅ​ហុងកុង​ឲ្យ​ឆេះសន្ធោសន្ធៅ និង​កំពុង​បន្ត​ក្តៅ​ងំ​មក​ដល់​សព្វថ្ងៃ។ គេ​ពិត​ជា​ចាំ​បាន​មិន​ភ្លេច​មហា​បាតុកម្ម​របស់​ពលរដ្ឋ​ហុងកុង ពិសេស​សិស្ស និស្សិត​ក្នុង​ឆ្នាំ ២០១៤ ហៅ​ថា « ចលនា​ឆ័ត្រ »។

អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ដែល​ក្រុមបាតុករ​សិស្ស និស្សិត​បាន​បោះ​ជំរំ​នៅ​លើ​ទីធ្លា​សាធារណៈ និង​ទីកន្លែង​យុទ្ធសាស្រ្ត​សំខាន់ៗ​ជា​ច្រើន​ក្នុង​ទីក្រុង។ គោលដៅ​កាល​ណោះ គឺ​ទាមទារ​ឲ្យ​ចិនដីគោក​ឈប់​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង និង​ទុក​ឲ្យ​ពលរដ្ឋ​ហុងកុង​ជា​សម្រេច​ជោគវាសនា​ដោយ​ខ្លួន​ឯង ពិសេស​ទាក់ទង​នឹង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ។ គួរ​ជម្រាប​ជូន​ថា ពិត​មែន​តែ​ហុងកុង​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​តាំង​ពី​ឆ្នាំ ១៩៩៧ មក​មែន តែ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ចិនដីគោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​អង់គ្លសេ​នោះ ចិន​ប៉េកាំង​បាន​យល់ព្រម​ទុក​ហុងកុង​ជា​ដែនដី​ស្វយយ័ត​ទូលំទូលាយ​ដោយ​ផ្អែក​លើ​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​ពីរ។

ម្យ៉ាង​ទៀត និង​បើ​ផ្អែក​តាម​កិច្ចព្រមព្រៀង​ដដែល ដែនដី​ហុងកុង និង​ពលរដ្ឋ​ហុងកុង​មាន​សេរីភាព​ពេញ​ទី​រហូត​ដល់​ឆ្នាំ ២០៤៧ ដូច​ដែល​ហុងកុង​ធ្លាប់​មាន​នៅ​ក្នុង​ជំនាន់​អាណានិគមនិយម​អង់គ្លេស។ តែ​សព្វថ្ងៃ​នេះ ចិនដីគោក និង​រដ្ឋអំណាច​ហុងកុង​បែរ​ជា​កំពុង​បន្ត​រឹត ក ពលរដ្ឋ​ហុងកុង​ទៅ​វិញ។

ចិនដីគោក​បារម្ភ​បាត់បង់​ហុងកុង ហើយ​ពលរដ្ឋ​ហុងកុង​បារម្ភ​បាត់បង់​សេរីភាព

អ្វី​ជា​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ចិន​ប៉េកាំង គឺ​មិន​ចង់​បាត់បង់​ដែនដី​ហុងកុង​ជា​ថ្មី និង​ក៏​មិន​ចង់​ឃើញ​ហុងកុង​ក្លាយ​ជា​ដែនដី​ឯករាជ្យ​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ចិន​ដែរ។ នៅ​ថ្ងៃ​ចន្ទ ទី១៦ ឧសភា ចិន​ដីគោក​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា គ្មាន​ថ្ងៃ​ដែល​ហុងកុង​ត្រូវ​ចាកចេញ​ពី​មាតុភូមិ​ចិន​ជា​លើកទី២ ទេ។ សម្រាប់​ពលរដ្ឋ​ហុងកុងក្តីបារម្ភ​របស់​គេ គឺ​អនាគត​នយោបាយ​មិន​ទៀតទាត់។

ចូរ​កុំ​ភ្លេច​ថា គឺ​ទើប​តែ​ក្នុង​រយៈពេល ១៩ឆ្នំា​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​ហុងកុង​បាន​ភ្លួករសជាតិ​ចិន​កុម្មុយនិស្ត​ដោយ​ផ្ទាល់។ គឺ​ជា​រសជាតិ​មួយ​ដែល​ពួក​គេ​ពិបាក​លេប ព្រោះ​ប្រជាជន​ហុងកុង​ភាគច្រើន​មាន​ទម្លាប់​តែ​ជា​មួយ​នឹង​រសជាតិ​ប្រជាធិបតេយ្យ និង​សេរីភាព​ពេញទី។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ទៀត មាន​ពលរដ្ឋ​ហុងកុង​ភាគ​ច្រើន​នៅ​តែ​ចង់​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ដោយសារ​តែ​បារម្ភ​ពី​អនាគត​នយោបាយ​មិន​ច្បាស់លាស់។

យ៉ាង​ណា​ក៏​ដោយ ភាព​តានតឹង​រវាង​ចិនដីគោក និង​ក្រុមសកម្មជន​ប្រជាធិបតេយ្យ​នៅ​ហុងកុង​កំពុង​បន្ត​មាន​ដែល​គ្មាន​អ្នក​ណា​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ្នក​ណា​ទេ។ ថ្នាក់ដឹកនាំ​ប៉េកាំង​មិន​ចង់​ឲ្យ​ហុងកុង​របូត​ពី​ដៃ​ខ្លួន​ជា​ថ្មី ហើយ​ហុងកុង​ដែល​ដឹង​ខ្លួន​មិន​អាច​គេច​រួច​ពី​កណ្តាប់ដៃ​ចិនដីគោក​បាន​សុំ​តែ​ម្យ៉ាង គឺ​សេរីភាព​ក្នុង​ការ​កំណត់​ជោសវាសនា​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ