អានតួអត្ថបទ
សេដ្ឋកិច្ចចិន-ប្រជាសាស្រ្ត

អត្រា​កំណើត​ចិន​ ធ្លាក់ចុះ​ដល់កម្រិត​ទាបបំផុតរាប់ចាប់តាំង​ពីឆ្នាំ​ ១៩៤៩​​

អត្រាកំណើតរបស់ចិនក្នុងឆ្នាំ២០១៩ បានធ្លាក់ដល់កម្រិតទាបខ្លាំងបំផុតមួយ រាប់ចាប់តាំងពីឆ្នាំ ១៩៤៩ មក។ ទំនោរនេះ បានជំរុញឲ្យការព្រួយបារម្ភកាន់តែខ្លាំង ដល់ដំណើរសេដ្ឋកិច្ចរបស់ចិន​ ដែលប្រឈមនឹងវិបត្តិខ្វះខាតកម្លាំងពលកម្មសកម្ម ពីព្រោះថាចំនួនមនុស្សចាស់ចេះតែកើនឡើង ហើយចំនួនពលរដ្ឋវ័យក្មេងវិញកាន់តែធ្លាក់ចុះ។

ក្មេងប្រុសម្នាក់កាន់ទង់ជាតិចិន នៅក្បែរទីលានធានអានមិន។
ក្មេងប្រុសម្នាក់កាន់ទង់ជាតិចិន នៅក្បែរទីលានធានអានមិន។ NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

ដើម្បីចៀសវាងវិបត្តិប្រជាសាស្រ្ត នៅក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលចិន បានដាក់ចេញនូវការបន្ធូរបន្ថយ លើគោលនយោបាយកូនមួយរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យប្រជាជន យកកូនបានចំនួនពីរនាក់។ ក៏ប៉ុន្តែ ការផ្លាស់ប្តូរខាងលើនេះ មិនបានជំរុញឲ្យការមានផ្ទៃពោះកើនឡើងនោះទេ ហើយក៏មិនមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន ដែលបច្ចុប្បន្ន ស៊ាំនឹងការរស់នៅ ក្នុងគ្រួសារដែលមានសមាជិកតិចទៅហើយនោះ។

ក្នុងឆ្នាំ ២០១៩ អត្រាកំណើតរបស់ចិន មានចំនួន ១០,៤៨ ក្នុងចំណោមប្រជាជន ១ ០០០ នាក់ ពោលគឺធ្លាក់ចុះជាងកាលពីឆ្នាំ ២០១៨ទៅទៀត។ នេះ បើយោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិចិនចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៧ មករា។

តួលេខនេះ សរបង្ហាញឲ្យឃើញថា អត្រាកំណើតចិន បានធ្លាក់ចុះចំនួន ៣ ឆ្នាំជាប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មានទារកចំនួនជាង ១៤ លាននាក់កើតក្នុងឆ្នាំ២០១៩។

ទាក់ទងរឿងនេះដែរ លោកហេ យ៉ាហ្វូ (He Yafu) អ្នកជំនាញខាងផ្នែកប្រជាសាស្ត្រម្នាក់ បាននិយាយថា អត្រាកំណើតរបស់ចិន កាលពីឆ្នាំទៅមិញ បានធ្លាក់ចុះដល់កម្រិតទាបខ្លាំងបំផុតមួយ ចាប់តាំងពីឆ្នាំ ១៩៦១។ ជាឆ្នាំបិទបញ្ចប់គ្រោះអត់ឃ្លាន ដែលកាលណោះបានបណ្តាលឲ្យមនុស្សរាប់សិបលាននាក់ស្លាប់នៅក្នុងប្រទេស។ លោកហេ បន្ថែមថា កាលពីឆ្នាំ ១៩៦១ អត្រាកំណើតមានចំនួនប្រហែលជា ១១ លាន ៨ សែននាក់។

គួររំឭកជូនថា គោលនយោបាយកូនមួយ ត្រូវបានណែនាំដោយមេដឹកនាំកំពូលចិនលោក តេង ស៊ាវពីង ដើម្បីទប់ស្កាត់កំណើនប្រជាជន និងលើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

វិធានការនេះ ផ្តល់នូវលទ្ធផលគួរឱ្យកត់សំគាល់។ ជាក់ស្តែង អត្រានៃការមានកូន បានធ្លាក់ចុះពីអត្រាកំណើតចំនួនប្រមាណជា ៦ ក្នុងចំនួនស្ត្រីម្នាក់នាឆ្នាំ ១៩៧០ មកនៅប្រមាណ ១,៦ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

អត្រាកំណើត បានបន្តធ្លាក់ចុះ ហើយនៅឆ្នាំ ២០១៩ អត្រាកំណើត បានធ្លាក់ដល់កម្រិតទាបខ្លាំងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិននារយៈពេល ៧០ ឆ្នាំចុងក្រោយនេះ។ ទំនោរខាងលើ អាចបង្កជាវិបត្តិធំ ដល់សេដ្ឋកិច្ចចិននាពេលអនាគត ពីព្រោះថា កម្លាំងពលកម្មសកម្មដែលឧស្សាហកម្មចិនត្រូវការចាំបាច់ បានបន្តធ្លាក់ចុះគួរឲ្យបារម្ភ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ