អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាក្រុមអ្នកស្រាវជ្រាវជាជម្រើសផ្ទាំងស៊ីបនៃរបបផ្តាច់ការនៅតំបន់មជ្ឈិមបូព៌ា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង ២នាក់​ប្តីប្រពន្ធ​ត្រូវ​បាន​អ៊ីរ៉ង់​ឃុំខ្លួន​ដោយ​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ។ ប្តី​មាន​ឈ្មោះ​រ៉ូឡង់ ម៉ារស្ហាល និង​ប្រពន្ធ​មាន​ឈ្មោះ​ហ្វារីបា អាឌែលខា។ គូស្វាមី ភរិយា​បម្រើការ​ឲ្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​នៃ​សាលា​វិទ្យាសាស្រ្ត​នយោបាយ​ក្រុង​ប៉ារីស។ នៅ​ថ្ងៃ​អាទិត្យ ទី២ កុម្ភៈ ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រាវជ្រាវ​បារាំង​ទាំង​ពីរ​រូប។ ចំណែក​ក្រុម​អ្នក​ជំនាញ​តំបន់​មជ្ឈិមបូព៌ា​បាន​គូស​បញ្ជាក់​ថា ក្រុម​អ្នក​ស្រាវជ្រាវ និង​សាស្រ្តាចារ្យ​បស្ចិមលោក​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​អាទិភាព​របស់​របប​ផ្តាច់ការ​នៅ​មជ្ឈិមបូព៌ា ពិសេស​នៅ​អ៊ីរ៉ង់។ តើ​មក​ពី​មូលហេតុ​អ្វី​ទៅ?

អ្នកស្រាវជ្រាវជនជាតិបារាំងលោកស្រី Fariba Adelkhah និងលោក Roland Marchal ដែល​កំពុងជាប់ឃុំ​ក្នុង​ប្រទេស​អ៊ីរ៉ង់
អ្នកស្រាវជ្រាវជនជាតិបារាំងលោកស្រី Fariba Adelkhah និងលោក Roland Marchal ដែល​កំពុងជាប់ឃុំ​ក្នុង​ប្រទេស​អ៊ីរ៉ង់ Sciences Po
ផ្សាយពាណិជ្ជកម្ម

ករណី​ចាប់​ខ្លួន​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ប្តី ប្រពន្ធ​ទាំង​ពីរ​រូប​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៩ គ្រាន់​ជា​ករណី​តូច​មួយ​ប៉ុណ្ណោះ ព្រោះ​បើ​តាម​លោក Jean-Pierre Filiu ដែល​ជា​អ្នក​ឯកទេស​តំបន់​មជ្ឈិមបូព៌ា ក្រុម​អ្នក​ស្រាវជ្រាវ និង​ក្រុម​សាស្រ្តាចារ្យ​បស្ចិមលោក​ទោះ​ជា​ជនជាតិ​អ្វី​ក៏​ដោយ​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​របប​ផ្តាច់ការ​នៅ​មជ្ឈិមបូព៌ា​ទេ។ នៅ​ក្នុង​សិក្ខាសាលា​មួយ​រៀបចំ​ក្នុង​ថ្ងៃ​សុក្រ ទី៣១ មករា​ក្រោម​ប្រធានបទ « ចាប់ខ្លួន​ដោយ​គ្មាន​មូលហេតុ » លោក Jean-Pierre Filiu បាន​រម្លឹក​ឡើង​វិញ​ពី​ឃាតកម្ម​សម្លាប់​ជនជាតិ​អាមេរិកាំង​ឈ្មោះ Malcolm Kerr ក្នុង​ឆ្នាំ ១៩៨៤ ដោយ​ពួក​ហេស្បូឡាលីបង់ និង​ទុក​ជនជាតិ​បារាំង​លោក Michel Seurat ឲ្យ​ស្លាប់​ក្នុង​គុក​ដោយ​ជំងឺ។ បើ​តាម​អ្នក​ឯកទេស​តំបន់​មជ្ឈិមបូព៌ា​រូប​នេះ​ដដែល លោក Malcolm Kerr និង​លោក Michel Seurat ជា​ជនរងគ្រោះ​នៅ​ក្នុង​ការ​ជម្រះ​បញ្ជី​គ្នា​រវាង​អ៊ីរ៉ង់​ជាមួយ​អាមេរិក និង​ជាមួយ​បារាំង។

ក្នុង​ខែ​មករា ឆ្នាំ ២០១៦ ជនជាតិ​អ៊ីតាលី​លោក Giulio Regeni ដែល​ទើប​មាន​អាយុ ២៨ឆ្នាំ​បាន​បាត់​ខ្លួន​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ លោក Regeni បាន​បើក​ការ​ស៊ើបអង្កេត​លើ​សហជីព​អេហ្ស៊ីប​ដែល​ជា​ប្រធានរឿង​រសើប​ខ្លាំង​ណាស់។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក សាកសព​របស់​លោក Giulio Regeni ដែល​កាត់​ជា​កង់ និង​មាន​ស្នាម​ធ្វើ​ទារុណកម្ម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជាយ​ទីក្រុង​គែរ។ តែ​រដ្ឋអំណាច​អេហ្ស៊ីប​បាន​បដិសេធ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។ ករណី​អាស្រូវ​មួយ​ទៀត​បាន​កើត​មាន​ចំពោះ​ជនជាតិ​អង់គ្លេស​លោក Matthew Hedges ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ លោក Matthew ត្រូវ​បាន​ប៉ូលិស​អេមីរ៉ាតអារ៉ាប់រួម​ចាប់​ខ្លួន​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ រួច​កាត់ទោស​ដាក់​គុក​មួយ​ជីវិត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដដែល តែ​ត្រូវ​បាន​លើកលែង​ទោស​នៅ​ជិត​មួយ​សប្តាហ៍​ក្រោយ​មក។

ជា​ទូទៅ ក្រុម​អ្នកស្រាវជ្រាវ​បស្ចិមលោក​ពិបាក​នឹង​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សន្ទុះ​កំណើន​ឥទ្ធិពល​ជាតិនិយម អំណាចផ្តាច់ការនិយម និង​ជីហាតនិយម។ ក្រៅ​ពី​មាន​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា ក៏​គេ​ឃើញ​មាន​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត ដូច​យ៉ាង​តួកគី​នៅ​អឺរ៉ុប ចិន​នៅ​អាស៊ី ឬ​មួយ​ប្រេស៊ីល​នៅ​អាមេរិកឡាទីន។ ក្រុម​ប្រទេស​ផ្តាច់ការ​បាន​យល់​ច្បាស់​ណាស់​ថា ការ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​បស្ចិមលោក​ចូល​ស្រាវជ្រាវ​ក្នុង​ទឹកដី​របស់​ពួក​គេ មិន​ខុស​អ្វី​ពី​ការ​បើក​កកាយ​ការ​ពិត​ខ្លួន​ឯង​ប្រាប់​អ្នកដទៃ​ឡើយ។ ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុម​ប្រទេស​ផ្តាច់ការ ក្រុម​អ្នកស្រាវជ្រាវ​បស្ចិមលោក​សុទ្ធសឹង​ពួក​គេញ​សម្ងាត់។ នេះ​ហើយ​ជា​ហេតុផល​ដែល​រដ្ឋអំណាច​អ៊ីរ៉ង់​បាន​ចាប់​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ប្តី ប្រពន្ធ​ពីរ​នាក់​គឺ​លោក​រ៉ូឡង់ ម៉ារស្ហាល និង​លោកស្រី​ហ្វារីបា អាឌែលខា​ដាក់​គុក​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៩។

ក្រៅ​ពី​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ទាំង​ពីរ​នាក់ នៅ​មាន​ជនបរទេស​ពី ១០ ទៅ ១៥នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​អ៊ីរ៉ង់​ដែល​ភាគ​ច្រើន​មាន​សញ្ជាតិ​ពីរ ដូច​ករណី​លោកស្រី Kylie Moore-Gilbert ជា​ជនជាតិ​អូស្រា្តលី​ដើម​កំណើត​អ៊ីរ៉ង់ ឬ​លោកស្រី Nazanin Zaghari-Ratcliffe ជា​ជនជាតិ​អង់គ្លេស​ដើមកំណើត​អ៊ីរ៉ង់។ លោក Bernard Hourcade អ្នកភូមិសាស្រ្ត​ជំនាញ​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា​តាម​ធម្មតា គឺ​ក្រុម​មន្រ្តីការទូត ឬ​ប្រធាន​រោងចក្រ​សហគ្រាស​ទេ​ដែល​ត្រូវ​ជា​ផ្ទាំងស៊ីប តែ​ការ​ដែល​អ៊ីរ៉ង់​បាន​ចាប់​ឃុំ​លោក​រ៉ូឡង់ ម៉ារស្ហាល និង​លោកស្រី​ហ្វារីបា អាឌែលខា គឺ​មក​ពី​អ្នក​ទាំង​ពីរ​បាន​ព្យាយាម​ស្វែង​យល់ និង​ចង់​ដឹង​រឿង​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់។ ទន្ទឹម​គ្នា​នេះ និង​បើ​តាម​រូប​អ្នកភូមិសាស្រ្ត​ជំនាញ​អ៊ីរ៉ង់​ដដែល ការ​ចាប់​ឃុំ​ជនជាតិ​បារាំង​ទាំង​ពីរ​រូប​ក៏​មាន​បង្កប់​ហេតុផល​នយោបាយ​ដែរ ព្រោះ​វា​បាន​កើត​មាន​ឡើង ក្នុង​ពេល​ដែល​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ព្យាយាម​ចរចា​ជាមួយ​អ៊ីរ៉ង់ និង​អាមេរិក​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​អាមេរិក​របស់​លោក​ត្រាំ​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​អាទិត្យ ទី២ កុម្ភៈ បារាំង​តាម​រយៈ​ប្រមុខ​ការទូត​លោក​ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់​បាន​ទាមទារ​ជា​ថ្មី​ឲ្យ​អ៊ីរ៉ង់​ដោះលែង​លោក​រ៉ូឡង់ ម៉ារស្ហាល និង​លោកស្រី​ហ្វារីបា អាឌែលខា។ តែ​អ៊ីរ៉ង់​បាន​ចាត់​ទុក​​ការ​អំពាវនាវ​របស់​បារាំង​ជា​គំនាប​មួយ​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ អតីត​ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​អ៊ីរ៉ង់​លោក François Nicoullaud បាន​យល់​ឃើញ​ថា​សព្វថ្ងៃ អ៊ីរ៉ង់​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ចរចា​អ្នកទោស​ជនជាតិ​បារាំង​ទាំង​ពីរ​នាក់​ទេ។ នេះ​ក៏​ដោយសារ​តែ​អ៊ីរ៉ង់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដោយ​បាន​រង​ការ​ស្តីបន្ទោស​ពី​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ និង​ក្នុង​រឿង​បាញ់​ទម្លាក់​យន្តហោះស៊ីវិល​អ៊ុយក្រែន​ដោយ​ភាន់​ច្រឡំ។ តែ​អ្នក​សង្កេតការណ៍​អ៊ីរ៉ង់​ម្នាក់​មិនព្រម​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា បើ​មាន​កិច្ចព្រមព្រៀង​មួយ​ជុំវិញ​វិស្វករ​អ៊ីរ៉ង់​ម្នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​បារាំង នោះ​ក៏​អាច​មាន​ដំណោះស្រាយ​ចំពោះ​ពលរដ្ឋ​បារាំង​ទាំង​ពីរ​រូប​ដែរ។

អ្វី​ដែល​អ្នក​សង្កេតការណ៍​អ៊ីរ៉ង់​ចង់​និយាយ គឺ​ការ​ដោះដូរ​អ្នកទោស​រវាង​គ្នា ទោះ​ពីរ​នាក់​ដូរ​យក​ម្នាក់​ក៏​មិន​អី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ