អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រេងមួយធុងបារីល ៣០ដុល្លារ បង្កើនហានិភ័យភូមិសាស្ត្រនយោបាយនៅតំបន់ឈូងសមុទ្ទពែក្ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបន្តរាតត្បាត​របស់កូវីដ១៩​នៅ​អឺរ៉ុប និង​សេដ្ឋកិច្ចចិន​ធ្លាក់​ចុះ​ខ្លាំង បាននិង​កំពុង​​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅរង​ផលប៉ះពាល់​មួយ​កំរិត​ទៀត និង​បន្ត​ធ្លាក់​ថ្លៃ ចុះ​មក​នៅ ត្រឹមប្រមាណ ៣០ ដុល្លារ​អាមេរិក ក្នុង​មួយ​ធុងបារីល។ ប្រេង​កាន់​​តែធ្លាក់ថ្លៃ សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​ឈូង​សមុទ្ទពែក្ស កាន់​តែ​តាន​តឹង។ ហេតុអ្វី ?

មណ្ឌល​បូមប្រេង Nahr Bin Umar, ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់
មណ្ឌល​បូមប្រេង Nahr Bin Umar, ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ REUTERS/Essam Al-Sudani
ផ្សាយពាណិជ្ជកម្ម

កូវីដ​១៩ កាន់​តែ​រាតត្បាត ​ផលវិបាកកាន់​តែ​មាន​ច្រើន ចំណែក​វិបត្តិ​ប្រេង​ឆៅក៏កាន់​តែរីកធំធាត់​ដែរ។ តើ​រុស្ស៊ី​​និង​អារ៉ាប៊ីសាអូឌីត​បន្ត​ធ្វើ​សង្គ្រាម​ជុំ​វិញតម្លៃ​ប្រេង​ ដល់​ថ្ងៃណា ? ដោយមិនអាចរកដំណោះស្រាយបញ្ចុះ​ផលិតកម្ម​ប្រេង​​ដើម្បីទ្រទ្រង់​​តម្លៃ​​ក្នុង​បរិបទនៃ​វិបត្តិ​​កូរ៉ូណាវីរុស​ថ្មី ​ក្នុង​រង្វង់​ក្រុម​ប្រទេស​អ្នក​ផលិតប្រេង​ OPEP+ មក អារ៉ាប៊ីសាអូឌីត បាន​សម្រេច​ជា​ឯកតោភាគី​បញ្ចុះ​តម្លៃ​ប្រេង។ តម្លៃ​ប្រេង​បាន​ចុះ​ថ្លៃ​អស់​៣០% នៅ​លើ​ទីផ្សារ​អាស៊ី កាលពីថ្ងៃចន្ទទី៩មីនា។ តម្លៃទីផ្សារ​ភាគហ៊ុន​ពិភពលោក បាន​ដាំក្បាល​ចុះតាម​​យ៉ាង​ខ្លាំង ស្ទើរ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ តាំង​ពីដើម​ខែ​មីនានោះមក​ដែរ។

មួយ​សប្តាហ៍​ក្រោយមក​ទៀត ​ប្រេង​ឆៅ​ បាន​ផុង​ខ្លួ​ន​ក្នុង​វិបត្តិលង់កាន់​តែ​ជ្រៅជាង​មុន​មួយ​ជាន់​ទៀត។ តម្រូវ​ការ​ផ្នែក​ប្រេង​នៅ​អឺរ៉ុ​ប​ក៏​ចាប់​ថយ​ដែរ ព្រោះ​​អឺរ៉ុប​បាន​សម្រេច​ចាត់​វិធានការ​បិទ​ខ្ទប់​ប្រទេស​ និង​ខ្ទប់​​ពលរដ្ឋ​ឱ្យនៅតែក្នុង​ផ្ទះ។​ អឺរ៉ុ​ប​ចាប់​ថយ​សកម្មភាព​ ចិន​ជា​ក្បាល​ម៉ាស៊ីនក៏​ងើប​មិន​ទាន់​រួច។ ចិន​ដែល​កូវីដ១៩ ហាក់​ចាប់​ចុះអំណាច បាន​ចេញ​របាយការណ៍​ នៅ​ថ្ងៃ​ចន្ទទី ១៦មីនា បញ្ជាក់​ថា សកម្មភាព​ឧស្សាហកម្ម​ ប្រចាំ​ខែមករា​និង​កុម្ភៈ បាន​ធ្លាក់​ចុះធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ក្នុង​រយៈ​ពេល​​៣០​ឆ្នាំចុងក្រោយ​នេះ។

ដំណឹង​មិន​ល្អ​ទាំង​នេះ បាន​ជ្រមុជ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ឱ្យ​ធ្លាក់​ដាំក្បាល​ចុះ​ដល់​ក្រោយ​៣០​ដុល្លារ​ក្នុង​មួយ​ធុង​បារីល នៅ​សហរដ្ឋអាមេរិក​។ វិធានការ​របស់​ធនាគារ​កណ្តាលហាក់​គ្មាន​ឥទ្ធិពល​​អាច​ស្តារ​តម្លៃ​ប្រេង​ឆៅ​​បាន​ទេនៅ​ពេល​នេះ។ នេះ​មិនមែន​ជា​សញ្ញា​ល្អទេ ព្រោះ​វា​អាច​នឹង​បំបោង​ឱ្យ​មាន​ហានិភ័យ​មួយ​ចំនួ​នបន្ថែម​ទៀត ៖ ហានិភ័យភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស។

អារ៉ាប៊ីសាអូឌីត ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​មួយ គ្រោង​នឹងចាប់​បង្ហូរប្រេងចេញ​ជា​គំហុក នៅខែក្រោយ ទៅ​លក់​​នៅលើ​ទី​ផ្សារ។ ចំណែកអ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អារ៉ាប៊ីសាអូឌីត និង​ដែល​រងទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​​ពីសហរដ្ឋ​អាមេរិក​ច្បាស់​ជា​ក្តៅ​ក្រហាយ​ខ្លាំង និង ទំនង​មិនអាច​នៅស្ងៀម​ទេ​។ មាន​ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងធ្លាក់​ចូល​ហិប​បាន​​​តិច​តួចបំផុតស្រាប់​ហើយ ​តេអេរ៉ង់​កំពុង​ប្រឈម​នឹង​គ្រោះ​កូរ៉ូណាវីរុស​ថ្មី​យ៉ាង​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​បំផុត​ក្នុង​តំបន់ (ស្លាប់១១៣៥នាក់ អ្នក​ឆ្លង ១៧១៦១នាក់ នេះ បើ​តាម​តូលេខ​ផ្លូវការ​អ៊ីរ៉ង់ គិត​ត្រឹម​ថ្ងៃពុធ​ទី១៨មីនា)។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​ ក្នុង​អំឡុង​ពេល​ចុងក្រោយនេះ​ក្រុម​ប្រដាប់​អាវុធ​គាំទ្រ​អ៊ីរ៉ង់ សម្រុក​ធ្វើ​ការ​វាយ​ប្រហារទៅ​លើ​ទីតាំង​យោធា​អាមេរិក​នៅអ៊ីរ៉ាក់ កាន់​តែ​ច្រើនៗ​ឡើ​ង។ សម្រាប់​អ្នក​វិភាគ​ឯករាជ្យ​ស្វ៊ីស Petromatrix នេះ​មិនមែន​ជាទង្វើ​​ចៃដន្យទេ។

ប៉ុន្តែ​សួរ​ថា បើអ៊ីរ៉ង់​បង្កើន​ការ​វាយប្រហារ​លើ​យោធា​អាមេរិក​​នៅលើ​ទឹកដី​អ៊ីរ៉ាក់​ តើ​អាមេរិកសុខ​ចិត្ត​នៅស្ងៀម​ឈរ​មើល​អ៊ីរ៉ង់​ធ្វើ​ស្រេច​នឹង​ចិត្តទេ ? ​ពិត​ជា​មិនបាន​ទេ ! ក្រៅ​អំពីស្រែក​ព្រមាន គេ​ឃើញ​អាមេរិកបាន​ពង្រឹង​វិធានការ​យោធា​នៅ​ក្នុង​តំបន់​ឈូង​សមុទ្ទ​​ពែក្ស​រួច​ជា​ស្រេច​ទៅហើយ។ ​អាមេរិក​ក៏​បាន​វាយបក​តាម​ផ្លូវ​អាកាស​ប្រឆាំងនឹង​កង​ជីវពល​អ៊ីរ៉ង់​វិញ ហើយ​អាច​នឹង​បើក​ការ​វាយប្រហារ​ថ្មី​ទៀត ខ្លាំង​ជាង​មុន​ទៀត​ផង។ សម្រាប់ពេល​នេះ​អាមេរិក​គ្មាន​ហេតុផល​អ្វីត្រូវ​ក្រែង​រអា ខ្លាច​រង​ការ​បន្ទោសថា​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​ហើយ នៅពេល​​វាយប្រហារ​លើ​អ៊ីរ៉ង់​ទេ ព្រោះតម្រូវការ​ផ្នែក​ប្រេង​ឥន្ធនៈពិភពលោក​ចុះ​ថយ​យ៉ាង​ខ្លាំង​ក្នុង​បរិបទ​នៃ​កូរ៉ូណាវីរុស​ថ្មីផង និង​ផលិតផលប្រេង​ឆៅ​នៅលើ​ទី​ផ្សារ​ក៏​សម្បូរហូរ​ហៀ​ទៀត។ ជាសម្ព័ន្ធមិត្ត​អាមេរិក​ អារ៉ាប៊ីសាអូឌីត បាន​បង្ហាញ​អំពីសមត្ថភាព​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​​ប្រេង​ បាន​ឆាប់​រហ័ស ប្រសិន​បើ​ត្រូវ​រង​ការ​ប៉ះពាល់​ណា​មួយ​ជា​យថាហេតុ។ ក្រុង​រីយ៉ាដ ក៏បាន​ត្រៀម​លក្ខណៈការពារ​ទីតាំង​ឃ្លាំង​ស្តុក​ប្រេង ដោយ​ផ្ទេរ​ទៅ​ទុក​ក្នុង​ឃ្លាំង​ដ៏​មាន​សុវត្ថិភាព ឆ្ងាយ​ពី​តំបន់​ជម្លោះ​ស្ទើរ​អស់​ទៅ​ហើយ។

ដូច្នេះ​ប្រសិន​បើ​អាមេរិក​ចង់​វាយប្រហារ​លើ​ទីតាំង​ប្រេង​រ​បស់​អ៊ីរ៉ង់​ណាមួយ នេះ​ជា​ពេលវេលា​ល្អ​បំផុត ! នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​ភ្នាក់ងារ​វិភាគ​ស្វ៊ីស Petromatrix ដដែល។ ម្យ៉ាង​ទៀត វ៉ាស៊ីនតោន​បាន​រៀបយុទ្ធសាស្ត្រ​ប្រេង​រួ​ច​ហើយ ដោយ​ប្រមូល​ទិញ​ផលិតផលប្រេងអាមេរិក​មក​ស្តុកទុក។ ធ្វើ​ដូច្នេះ​ ប្រទេស​មិន​ភ័យ​ព្រួយ​ខ្លាចខ្វះ​ថាមពល​ប្រើ​ផង និង​បាន​ជួយ​ជំរុញ​​ដល់​ឧស្សាហកម្ម​ប្រេង​អាមេរិក​ខ្លួន​ទៀត។ ឧស្សាហកម្ម​ប្រេង​អាមេរិក​ដែល​ក៏​កំពុង​ជួប​បញ្ហា​ នៅពេល​នេះ​ ដោយ​សារ​តម្លៃ​ប្រេង​លើ​ទីផ្សារប្រេងពិភពលោក​កំពុង​ធ្លាក់​ថ្លៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ