តួនាទីសារព័ត៌មាននៅក្នុងប្រល័យពូជសាសន៍រវ៉ាន់ដា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤០
កាលពី២៥ឆ្នាំមុន អំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដាបានសម្លាប់រង្គាលជនជាតិភាគតិចទុតស៊ី (Tutsi) រហូតដល់ទៅប្រមាណជា ៨០ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ ១០០ថ្ងៃប៉ុណ្ណោះ។ ២៥ឆ្នាំក្រោយមក នៅពេលដែលប្រជាជនរវ៉ាន់ដាកំពុងតែរំឭកខួបនៃការសម្លាប់រង្គាលនេះ គេមិនអាចមិនរំឭកបានទេ អំពីតួនាទីនៃបណ្តាញផ្សព្វផ្សាយព័ត៌មាន នៅក្នុងអំពើប្រល័យពូជសាសន៍នេះ។
គេមិនអាចមិននិយាយអំពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រល័យពូជសាសន៍រវ៉ាន់ដា ពីព្រោះថា ប្រព័ន្ធផ្សព្វផ្សាយ និយាយដោយចំពោះ គឺស្ថានីយ៍វិទ្យុដែលមានឈ្មោះជាភាសាបារាំងថា “Radio Mille Collines” គឺជាតួអង្គ ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងហេតុការណ៍សម្លាប់រង្គាលជនជាតិទុតស៊ី ហើយក្រោយមកថ្នាក់ដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយនេះ ត្រូវបានតុលាការអន្តរជាតិទទួលបន្ទុកជំនុំជម្រះឧក្រិដ្ឋកម្មនៅរវ៉ាន់ដា កាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
Radio Mille Collines គឺជាប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតឡើង នៅខែកក្កដាឆ្នាំ១៩៩៣ ដោយគណបក្សនយោបាយរបស់ក្រុមហ៊ូទូ ដែលជាបក្សកាន់អំណាចនៅរវ៉ាន់ដា ហើយដែលកំពុងតែមានជម្លោះជាមួយនឹងក្រុមឧទ្ទាមទុតស៊ី។ ចាប់តាំងពីបានបង្កើតឡើងមក វិទ្យុនេះបានធ្វើការផ្សព្វផ្សាយនូវការឃោសនាមនោគមវិជ្ជាជ្រុលនិយមរបស់ពួកហ៊ូទូ ជាពិសេស គឺធ្វើការឃោសនាដុតបញ្ឆេះកំហឹងប្រជាជនហ៊ូទូឲ្យស្អប់ពួកទុតស៊ី។
យោងតាមមនោគមន៍វិជ្ជាជ្រុលនិយមរបស់ពួកហ៊ូទូ ដែលផ្សព្វផ្សាយតាម Radio Mille Collines នេះ ជនជាតិហ៊ូទូ (ដែលមានប្រមាណជា ៨៥% នៃប្រជាជនសរុប) គឺជាម្ចាស់ប្រទេសរវ៉ាន់ដា ចំណែកឯពួកទុតស៊ីវិញ ដែលជាជនជាតិភាគតិច ត្រូវបានគេចាត់ទុកថាជាពួកអ្នកឈ្លានពាន ដែលមកពីស្រុកក្រៅ គឺមកពីអេត្យូពី។
បន្តិចម្តងៗ ការឃោសនាញុះញង់ឲ្យស្អប់ជាតិសាសន៍ ដែលធ្វើឡើងដោយ Radio Mille Collines នេះបានកើតមានកាន់តែខ្លាំងឡើងៗ ហើយប្រើពាក្យសម្តីកាន់តែធ្ងន់ធ្ងរឡើងៗ រហូតឈានទៅដល់ការញុះញង់ដោយចំហឲ្យពួកហ៊ូទូ ដែលគេហៅថាជា "ជនជាតិរវ៉ាន់ដាពិតប្រាកដ" ប្រព្រឹត្តអំពើហិង្សាទៅលើពួកទុតស៊ី ដែលពួកគេចាត់ទុកដូចជាសត្វធាតុ គឺ “សត្វកន្លាត”។
នៅតែប៉ុន្មានថ្ងៃមុនការចាប់ផ្តើមអំពើប្រល័យពូជសាសន៍ នៅខែមេសា ឆ្នាំ១៩៩៤ Radio Mille Collines ថែមទាំងបានប្រកាសដោយចំហ នូវឈ្មោះរបស់បុគ្គលសំខាន់ៗមួយចំនួន ដែលជាជនជាតិទុតស៊ី ឬជាជនជាតិហ៊ូទូកណ្តាលនិយម ហើយដែលគេត្រូវសម្លាប់ចោល។
បន្ទាប់មកទៀត ចាប់ពីពេលដែលអំពើប្រល័យពូជសាសន៍បានចាប់ផ្តើមឡើង នៅថ្ងៃទី៧មេសា Radio Mille Collines ក្រៅពីបានផ្សព្វផ្សាយជំរុញទឹកចិត្តឲ្យពួកហ៊ូទូសម្លាប់ពួកទុតស៊ី ក៏បានដើរតួនាទីដ៏សំខាន់មួយទៀត គឺផ្សព្វផ្សាយអំពីទីកន្លែងដែលពួកទុតស៊ីលាក់ខ្លួន។
ជាច្រើនឆ្នាំក្រោយមក ប្រវត្តិវិទូជាច្រើន ដែលបានធ្វើការសិក្សាស្រាវជ្រាវលើប្រល័យពូជសាសន៍រវ៉ាន់ដា សុទ្ធតែបាននាំគ្នាធ្វើការកត់សម្គាល់អំពីតួនាទី និងឥទ្ធិពលដ៏សំខាន់របស់ Radio Mille Collines នៅក្នុងការជំរុញឲ្យមានការសម្លាប់រង្គាលពួកទុតស៊ី។ សាក្សីជាច្រើនបានធ្វើការរៀបរាប់ថា នៅក្នុងអំឡុងប្រល័យពូជសាសន៍រយៈពេល ១០០ថ្ងៃនោះ គេតែងតែសង្កេតឃើញជារឿយៗ ពួកសកម្មជនហ៊ូទូ ដៃម្ខាងកាន់កាំបិត ហើយដៃម្ខាងទៀតកាន់កូនវិទ្យុបើកស្តាប់ Radio Mille Collines ដើរស្វែងរកសម្លាប់ពួកទុតស៊ី។
តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនេះ ក៏ជាសំណុំរឿងដ៏សំខាន់មួយផងដែរ នៅក្នុងដំណើរការជំនុំជម្រះនៃតុលាការអន្តរជាតិ ដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងអំពើប្រល័យពូជសាសន៍រវ៉ាន់ដា។
នៅឆ្នាំ២០០៣ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបរបស់ស្ថានីយ៍វិទ្យុ Radio Mille Collines ព្រមទាំងថ្នាក់ដឹកនាំម្នាក់ទៀតនៃទស្សនវដ្តីហ៊ូទូជ្រុលនិយម ត្រូវបានតុលាការអន្តរជាតិកាត់ឲ្យជាប់ពន្ធនាគារពី ៣០ឆ្នាំ ទៅមួយជីវិត ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ព្រមទាំងសកម្មភាពផ្សេងទៀត ដែលគេរាប់បញ្ចូលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលកំណត់ពិរុទ្ធភាពនៃថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ពីបទញុះញង់ឲ្យមានអំពើប្រល័យពូជសាសន៍នេះត្រូវបានគេចាត់ទុកថាជាយុត្តិសាស្រ្តដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ ហើយតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងអំពើប្រល័យពូជសាសន៍រវ៉ាន់ដានេះ នៅតែជាមេរៀនដ៏សំខាន់មួយ សម្រាប់សហគមន៍អន្តរជាតិ ក៏ដូចជាប្រជាជនទូទៅនៅទូទាំងពិភពលោកទាំងមូល ឲ្យមានការយល់ដឹង អំពីឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងករណីឧក្រិដ្ឋកម្មសម្លាប់រង្គាល ហើយឲ្យមានការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ នូវការផ្សព្វផ្សាយទាំងឡាយណា ដែលមានលក្ខណៈញុះញង់ឲ្យស្អប់ជាតិសាសន៍ ទោះជាក្នុងរូបភាពបែបណាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ