អានតួអត្ថបទ
ថៃ-វិបត្តិនយោបាយ

មេបក្ស​ប្រឆាំង​របស់​ថៃ​ ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​ពួកយោធា​

ទីក្រុងបាងកកនៃប្រទេសថៃ នៅថ្ងៃសៅរ៍ ទី១៤ ធ្នូនេះ បានរួមរឹតដោយបាតុកម្មធំមួយ និងជាលើកដំបូង រាប់ចាប់តាំងពីការបោះឆ្នោតជាតិនាខែមីនាមក។ គេជឿថា បាតុកម្មនេះ គឺជាការសាកល្បងថ្មីមួយរបស់ក្រុមយុវជនថៃ ដើម្បីបង្ហាញនូវការមិនពេញចិត្តរបស់ពួកគេ ទៅកាន់រដ្ឋាភិបាល ដែលមានលោកប្រាយុទ្ធ ចាន់អូចា ជាមេដឹកនាំ។ ចុះហេតុអ្វីបានជាក្រុមយុវជនវ័យក្មេងថៃ ទើបហ៊ានចេញធ្វើបាតុកម្មនាពេលនេះ?

លោកថាណាថន មេបក្សអណាខុតម៉ៃ កំពុងនិយាយទៅកាន់អ្នកគាំទ្រនៅក្នុងពេលធ្វើបាតុកម្មប្រឆាំងពួកយោធាថៃនាថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ ២០១៩។
លោកថាណាថន មេបក្សអណាខុតម៉ៃ កំពុងនិយាយទៅកាន់អ្នកគាំទ្រនៅក្នុងពេលធ្វើបាតុកម្មប្រឆាំងពួកយោធាថៃនាថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ ២០១៩។ REUTERS/Soe Zeya
ផ្សាយពាណិជ្ជកម្ម

តាមពិតទៅ ការចុះផ្លូវ ធ្វើបាតុកម្មរបស់យុវជនវ័យក្មេងថៃរាប់ពាន់នាក់ នាថ្ងៃនេះ ធ្វើឡើងទៅតាមការអំពាវនាវរបស់ ឥស្សរជននយោបាយថៃដែលមានប្រជាប្រិយខ្លាំងមួយរូប ឈ្មោះថា ថាណាថន ជាសេដ្ឋីវ័យក្មេង និងជាមេបក្សប្រឆាំងល្បីឈ្មោះថៃ “អណាខុតម៉ៃ”។

មេបក្សប្រឆាំង លោកថាណាថន បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃ ជួបជុំគ្នាធ្វើបាតុកម្មនៅរសៀលថ្ងៃសៅរ៍នេះ ដោយសារតែលោកមើលឃើញថា ក្រុមយោធាថៃ នៅតែបង្កើនយុទ្ធនាការរបស់ខ្លួនធ្វើបាប ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេស។

ទាក់ទងនឹងរឿងនេះ អាជ្ញាធរថៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កងកម្លាំងប៉ូលិសប្រមាណជា ១៥០ នាក់ត្រូវបានដាក់ពង្រាយនៅតាមទីប្រជុំជនសំខាន់ៗ ក្នុងទីក្រុងបាងកក ដើម្បីរក្សាសន្តិសុខ។

ចំណែក អធិការរងក្រុងបាងកកលោក Somprasong Yenthuam បានឲ្យដឹងថា ប្រសិនបើបាតុកម្មនេះ មានរបៀបរៀបរយ និងធ្វើដោយមិនរំលោភច្បាប់ណាមួយនោះទេ ក្រុមបាតុករ អាចបន្តធ្វើវាទៅមុខទៀតបាន។ តែជាមួយគ្នានេះ អធិការរងក្រុងបាងកក ក៏បាននិយាយដែរថា គណបក្សអណាខុតម៉ៃ មិនបានទទួលការអនុញ្ញាតឲ្យធ្វើបាតុកម្មនោះឡើយ។

គួររំឭកជូនថា គណបក្សប្រឆាំង អណាខុតម៉ៃ របស់លោកថាណាថន ទទួលសំឡេងគាំទ្រជាង ៦ លាន ​ពោលគឺជាប់លេខរៀងទី​៣ នៅក្នុងការ​បោះឆ្នោត ​កាលពីខែ​មីនា​កន្លង។ អ្នកគាំទ្រលោកថាណាថន ភាគច្រើន គឺជាក្រុមយុវជន ដែលធុញទ្រាន់ នឹងតួនាទីរបស់ពួកយោធា ក្នុងឆាកនយោបាយថៃ។ ដូចនេះហើយទើប ប្រជាប្រិយភាព របស់លោកថាណាថន មានកើនឡើងខ្លាំង ហើយគេជឿថា ដោយសារតែមូលហេតុនេះហើយ ទើបមេក្សប្រឆាំងរូបនេះ ក្លាយទៅជាបន្លាមួយ ក្នុងកែវភ្នែករបស់យោធាថៃ។

ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមយោធាថៃ ធ្លាប់បាន​ចោទ​ប្រកាន់​​លោកថាណាថន ពីបទ​ចង់​បះបោរ។ ក៏ប៉ុន្តែ មេដឹកនាំបក្សប្រឆាំងវ័យ ៤១ ឆ្នាំរូបនេះ បាននិយាយម្តងហើយម្តងទៀតថា ករណីប្រឆាំងនឹងរូបលោក ហើយនិងគណបក្សអណាខុតម៉ៃ ធ្វើឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ