អានតួអត្ថបទ

ប្រាក់​បាត​ឡើងថ្លៃ​ធ្វើឲ្យ​ទីផ្សារ​ទេសចរណ៍​ប្រទេសថៃ​ហាក់​នៅទ្រឹង​មួយកន្លែង​

ទេសចរណ៍ គឺជាវិស័យដើរតួនាទីយ៉ាងសំខាន់បំផុតមួយ ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសថៃ។ ក៏ប៉ុន្តែ កំណើនអ្នកទេសចរ ទៅលេងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហាក់នៅទ្រឹងមួយកន្លែង នៅឆមាសឆ្នាំ២០១៩ នេះ ដោយសារកត្តាពីរសំខាន់ៗ រួមមាន៖ តម្លៃប្រាក់បាតឡើងថ្លៃ និងការធ្លាក់ចុះចំនួនអ្នកទេសចរជាតិចិន។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារទេសចរណ៍ថៃ។

បុគ្គលិកផ្នែកហិរញ្ញវត្ថុថៃម្នាក់កំពុងឈរសរសេរអត្រាប្តូរប្រាក់បាត នៅថ្ងៃទី២៣ កក្តដា ឆ្នាំ២០១៩។
បុគ្គលិកផ្នែកហិរញ្ញវត្ថុថៃម្នាក់កំពុងឈរសរសេរអត្រាប្តូរប្រាក់បាត នៅថ្ងៃទី២៣ កក្តដា ឆ្នាំ២០១៩។ GARY WAY / AFP
ផ្សាយពាណិជ្ជកម្ម

នៅពេលដែលប្រាក់បាតឡើងថ្លៃ វាពិតជាជះឥទ្ធិពលខ្លាំងណាស់ ដល់វិស័យទេសចរណ៍ថៃ។ ជាក់ស្តែង បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណរបស់ប្រទេសអាស៊ីផ្សេងទៀត ដែលមិនឡើងថ្លៃខ្លាំង នោះ អ្នកទេសចរ អាចនឹងប្តូរទិសដៅទៅកាន់ប្រទេសទាំងនោះវិញ ដែលក្នុងនោះមានជាអាទិ៍ ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឬក៏ឥណ្ឌូណេស៊ី។ នេះបើតាមការឲ្យដឹងរបស់លោក Wichit Prakobgosol ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ។

គួរកត់សម្គាល់ថា ភ្ញៀវទេសចរដែលធ្វើដំណើរទៅលេងប្រទេសថៃ ភាគច្រើនមកពីប្រទេសចិន និងប្រទេសជាតិដទៃទៀតនៅក្នុងតំបន់។ ក្នុងចំណោមនោះ ក៏មានផងដែរអ្នកទេសចររាប់លាននាក់មកពីអឺរ៉ុប និងសហរដ្ឋអាមេរិក។

នៅក្នុងប្រទេសថៃ ចរាចរណ៍សាច់ប្រាក់ត្រូវប្រើប្រាស់ជាលុយបាត។ ដូច្នោះហើយ នៅពេលលុយបាតរបស់ថៃឡើងថ្លៃ អត្រាប្តូរប្រាក់ពីរូបិយប័ណ្ណដទៃទៀត នឹងទទួលបានចំនួនតិចជាងមុន ហើយនេះជាមូលហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកទេសចរ ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសថៃ។

ដោយឡែកចំនួនទេសចរចិន ដែលទៅលេងប្រទេសថៃបានធ្លាក់ចុះ ម្យ៉ាង ក៏ដោយសារតែគ្រោះថ្នាក់លិចទូក ដែលបានសម្លាប់អ្នកទេសចរចិនដីគោកចំនួនរាប់សិបនាក់ នៅកោះភូកេត កាលពីឆ្នាំទៅមិញផងដែរ។

ទន្ទឹមគ្នានេះ បើយោងតាមស្ថិតិផ្លូវការមួយ ចំនួនអ្នកទេសចរពីប្រទេសចិនបានធ្លាក់ចុះចំនួនជិត ៥ ភាគរយឯណោះ ក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំ២០១៩ នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃកំណើនអ្នកទេសចរ កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃ បានទម្លាក់កញ្ចប់ថវិកាចំនួនប្រមាណជា ១០ ពាន់លានដុល្លារ។ ក្នុងនោះក៏មានផងដែរ ថវិកាមួយចំនួនធំដែលនឹងត្រូវយកទៅប្រើដើម្បីទាក់ទាញអ្នកទេសចរជាតិចិន និងឥណ្ឌា តាមរយៈការស្នើសុំទិដ្ឋាការដោយមិនបាច់បង់ថ្លៃ។

គួររំឭកជូនដែរថា ចំនួនអ្នកទេសចរនៅក្នុងប្រទេសថៃមានចំនួនជាង ៣៨ លាននាក់ កាលពីឆ្នាំ ២០១៨។ ចំនួននេះ កើនឡើងច្រើនជាង ៧,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ក៏ប៉ុន្តែបន្ទាប់ពីឆមាសទីមួយនៃឆ្នាំ២០១៩នេះ ការកើនឡើងមានត្រឹមតែ ១,៥ ភាគរយប៉ុណ្ណោះ។ កំណើនទេសចរធ្លាក់ទាប បូករួមនិងបញ្ហារូបិយវត្ថុ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះដល់ ២,៣ ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំនេះ។ វា ជាកម្រិតទាបបំផុតមួយ ក្នុងរយៈពេលជិត ៥ ឆ្នាំចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ