បារាំងអនុម័តច្បាប់ប្រឆាំងនឹងភេរវនិយមជីហាត ៖ គោបាត់ទើបធ្វើរបង ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៩
ក្នុងពេលដែលអាមេរិកនិងសម្ព័ន្ធមិត្តប្រើអាវុធយុទ្ធភ័ណ្ឌ និងខ្វល់ខ្វាយបង្កើតសម្ព័ន្ធអន្តរជាតិ ដើម្បីកម្ទេចពួកជីហាតរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ នៅក្នុងប្រទេសបារាំង រដ្ឋាភិបាលកំពុងរួសរាន់បង្កើតច្បាប់ដើម្បីទប់ស្កាត់ចរន្តចេញទៅធ្វើជីហាត។ គម្រោងច្បាប់ប្រយុទ្ធប្រឆាំងនឹងភេរវនិយមជីហាត ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានដាក់ជូនសភាពិភាក្សា និងអនុម័ត ជាបន្ទាន់ នៅថ្ងៃអង្គារទី១៦កញ្ញា ព្រោះបើតាមលោករដ្ឋមន្ត្រី ហានិភ័យមានកាន់តែខ្លាំង ចំនួនយុវជនបារាំងកាន់តែច្រើនឡើងៗ បានផ្តាច់ខ្លួនចេញទៅធ្វើជីហាតនៅស៊ីរី។ តើគម្រោងច្បាប់ប្រឆាំងនឹងដង្កូវចេញសាច់ឯងនេះមានខ្លឹមសារ និងវិធានការយ៉ាងណាខ្លះ ?
ចំនួនយុវជនជាតិបារាំង និងអ្នកស្នាក់នៅក្នុងស្រុកបារាំង ចេញទៅធ្វើជីហាតនៅស៊ីរីបានកើនឡើងឥតឈប់។ កាលពីមួយឆ្នាំមុន (មីនា ២០១៣) មានបារាំងតែ៥០នាក់ប៉ុណ្ណោះបានលង់ខ្លួនចូលជីហាត។ ដល់ខែមេសា២០១៤ ចំនួនជីហាតបារាំងបានឡើងដល់ ៥០០នាក់។ នៅខែកក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានវាយតម្លៃថាចំនួនជីហាតបារាំងបានឡើងដល់៨០០នាក់។ មកដល់ខែកញ្ញា ចំនួនជីហាតបារាំងបានឡើងដល់៩៣០នាក់ ! ពោលគឺមានកំណើនជាង៧០%។ នេះជាតួលេខផ្លូវការផ្តល់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង កាលពីថ្ងៃអាទិត្យ។ បើតាមទិន្នន័យរបស់កាសែត The Economist បារាំងជាប្រទេសនាំមុខនៅអឺរ៉ុបខាងផ្នែកមានចំនួនពលរដ្ឋចូលជីហាតច្រើនជាងគេ បន្ទាប់មកគឺអង់គ្លេស (៤០០នាក់) អាល្លឺម៉ង់ (២៧០នាក់) បែលហ្សិក (២៥០នាក់)… ជាសរុបមានពលរដ្ឋអឺរ៉ុបប្រមាណពីរពាន់បានចូលទៅបំរើពួកជីហាតនៅស៊ីរី។
ចំនួនជនស្ម័គ្រចិត្តចូលជីហាត កើនឡើងជាលំដាប់ បញ្ជាក់យ៉ាងច្បាស់អំពីភាពស្មុគស្មាញក្នុងការទប់ស្កាត់ដំណើរចេញចូលទៅស៊ីរី ឬទៅអ៊ីរ៉ាក់របស់ក្រុមអ៊ីស្លាមជ្រុលនិយម។ ការគំរាមកំហែងជីហាត មានសណ្ឋានកាន់តែគ្រោះថ្នាក់ ដែលចាំបាច់ត្រូវមានវិធានការ និងច្បាប់ជាបន្ទាន់មួយ។ ការទប់ស្កាត់មិនឱ្យយុវជនចេញទៅធ្វើជីហាតនៅស៊ីរី ឬអ៊ីរ៉ាក់ ជាកាតព្វកិច្ចមួយ ឯការសំខាន់មួយទៀតដែលគួរឱ្យព្រួយបារម្ភបំផុត គឺសួរថាតើត្រូវធ្វើដូចម្តេចពេលពួកជីហាតនោះត្រលប់ចូលប្រទេសវិញ។
នៅពេលបានក្លាយជាជីហាត និងនៅពេលត្រលប់មកវិញ ភេរវជនជីហាត អាចបង្កសកម្មភាព ជាលក្ខណៈទោល ដូចចចកឯកា ឬជាបណ្តាញ។ ជាឧទាហរណ៍ជាក់ស្តែង ថ្មីៗកន្លងទៅនេះ ក្នុងហេតុការណ៍បាញ់សម្លាប់ជនជាតិជីហ្វនៅក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ភេវជនសង្ស័យ នេម៉ូស គឺជាសកម្មជនជីហាត នៅស៊ីរី ធ្លាប់ធ្វើជាឆ្មាំគុកយាមអ្នកទោសជាចំណាប់ខ្មាំងជនជាតិបារាំងដូចគ្នា។ នៅក្នុងខ្សែអាត់វីដេអូពួកជីហាតរដ្ឋអ៊ីស្លាម អារក ជនជាតិអាមេរិក កាលពីដើមខែសីហា សំឡេងជនជីហាតត្រូវបានគេសង្ស័យថា មានសំនៀងជាជនជាតិអង់គ្លេស។ រដ្ឋាភិបាលអង់គ្លេសបានសិក្សាភ្លាមវិធានការក្តៅ ចង់ ប្រើសិទ្ធិរឹបអូសលិខិតឆ្លងដែនជនសង្ស័យអ៊ីស្លាមជីហាត។ សម្រាប់អាល្លឺម៉ង់វិញ តាំងពីថ្ងៃសុក្រមក ក៏បានចេញច្បាប់យកមកធ្វើជាអាវុធ សម្រាប់ប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម ដោយហាមឃាត់មិនឱ្យមានសកម្មភាពគាំទ្រ ជ្រើសរើស ឬឃោសនាបម្រើប្រយោជន៍ចលនាអ៊ីស្លាមជ្រុលនិយមជីហាតក្នុងទឹកដីអាល្លឺម៉ង់ទេ។ រាល់ស្លាកឬ និមិត្តសញ្ញារដ្ឋអ៊ីស្លាម ជាសារសរសេរ ជារូបភាព ជាសំឡេង ក្នុងពេលមានប្រមូលផ្តុំ នៅក្នុងប្រព័ន្ធទូរគមនាគមន៍ ក្នុងប្រព័ន្ធសង្គមហ្វេសប៊ូកជាដើម ។ល។ ត្រូវហាមឃាត់ទាំងអស់។ ការហាមឃាត់ដែលអាចទប់ស្កាត់ការជ្រើសរើសយុទ្ធជនជីហាត និងបិទខ្ទប់ប្រភពហិរញ្ញប្បទាន ដោយឈរលើគោលការណ៍ច្បាប់ ដែលត្រូវដាក់ទណ្ឌកម្មដល់ពួកនិងក្រុមបង្កសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងមូលដ្ឋានរស់នៅរបស់ពលរដ្ឋ។ ពោលគឺត្រូវបញ្ចៀសឱ្យបាន ការនាំឥទ្ធិពលអ៊ីស្លាមជ្រុលនិយមចូលស្រុក។
ឥលូវដល់វេនប្រទេសបារាំងម្តង ដែលត្រូវបង្កើតច្បាប់ប្រឆាំងនឹងភេរវនិយម។ ថ្វីដ្បិតបានចំណាយពេលយូរបន្តិច និងមានការប្រទាញប្រទង់ខ្លាំង លើគ្រោះរំលោភសេរីភាពបុគ្គល តែទីបំផុត ច្បាប់បន្ទាន់ដែលមានសុពលភាព៦ខែ និងអាចពន្យារបានដល់២ឆ្នាំ ត្រូវបានសភាអនុម័តនៅថ្ងៃអង្គារទី ១៦កញ្ញា។
តាមរយៈច្បាប់ប្រឆាំងនឹងភេរវនិយម ច្បាប់ហាមឃាត់មិនឱ្យមានការចាកចេញពីទឹកដីបារាំង ទៅទិសដៅស៊ីរី ឬអ៊ីរ៉ាក់ អាជ្ញាធរអាចនឹងសិទ្ធិដកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ជនជាប់ពាក់ព័ន្ធ បានដោយភ្លាមៗ។ មិនតែប៉ុណ្ណោះ ព័ត៌មានទាក់ទងនឹងជនសង្ស័យ ត្រូវបញ្ជូនទៅឱ្យគ្រប់ប្រទេសក្នុងតំបន់Schengen ជាសមាជិកអឺរ៉ុបដែលគ្មានព្រំដែន អាចធ្វើដំណើរឆ្លងគ្នាសេរី។ ក្រុមហ៊ុនដឹកជញ្ជូនក៏គ្មានសិទ្ធិដឹកជនជាប់សង្ស័យជីហាតនេះដែរ។ គម្រោងច្បាប់បារាំងនេះ ក៏មានផែនការវាយប្រហារមនោគមន៍វិជ្ជាភេរវនិយមជីហាត តាមប្រព័ន្ធអ៊ីនធ័រនែតដែរ។ អាជ្ញាធរមានសមត្ថកិច្ចអាចបញ្ជាឱ្យនឹងបិទខ្ទប់វិបសៃត៍ដែលឃោសនាឱ្យបម្រើនយោបាយភេរវនិយមអ៊ីស្លាមជ្រុលនិយមជីហាត ក្នុងរយៈពេលតែ២៤ម៉ោង ដូចករណីបិទខ្ទប់វិបសៃត៍អាសអាភាសបម្រើផ្លូវភេទលើកុមារ។ ប៉ុន្តែចំណុចច្បាប់នេះ មានភាពដ៏ចម្រូងចម្រាសខ្លាំង សភាបារាំងកំពុងពិភាក្សាអនុម័តនៅថ្ងៃពុធនេះទៀត។
បើច្បាប់មានហើយ សួរថាតើមានប្រសិទ្ធិភាពប៉ុណ្ណា ? បណ្តាញជីហាតបារាំង ភាគច្រើនមានវ័យក្មេង មានគ្រួសារជាអន្តោប្រវេសន៍ជីវភាពយ៉ាប់យឺន ជិតពាក់កណ្តាលគ្មានដានក្នុងបញ្ជីភ្នាក់ងារស៊ើបអង្កេតសោះ។ ឯចំណែកពួករដ្ឋអ៊ីស្លាម មានលុយ និងបន្តជ្រើសរើសបុគ្គលិកថ្មីរហូត។ បុគ្គលិកអ៊ីស្លាមណាដែលបានឆ្លងព្រំដែនដល់ប្រទេសតួកគី មិនបាច់ចាំទៅដល់ប្រទេសស៊ីរីផង។ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង គ្រាន់តែបារាំងបានដាក់ឱ្យដំណើរការវិធានការតាមចាប់និងផ្តល់សញ្ញា នៅខែមេសាមក បារាំងបានបញ្ចៀសដំណើរចេញទៅធ្វើជីហាតនៅស៊ីរីនិងអ៊ីរ៉ាក់បានយ៉ាងហោច៧០ករណី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ