អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការស្លាប់​មេដឹកនាំ​នឹងធ្វើឲ្យ​ឥទ្ធិពល​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅ​អាស៊ីអាគ្នេយ៍​ថយចុះ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ហ្វីលីពីន​ ឌុយទែរតេ បាន​ប្រកាស​ពី​ការ​រំដោះបាន​ទាំងស្រុង​​ទីក្រុង​ម៉ារ៉ាវី​ពី​ដៃ​ក្រុមឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ហើយ​មួយថ្ងៃ​មុននោះ ហ្វីលីពីន​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ពី​ការ​ស្លាប់​មេដឹកនាំ​ក្រុម​ឧទ្ទាម​ពីរ​រូប ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដ៏សំខាន់​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ បរាជ័យ​នៅ​ម៉ារ៉ាវី និង​ការ​ស្លាប់​មេដឹកនាំ​ក៏​សំខាន់​ទាំងពីរ​រូបនេះ មិនប្រាកដ​ថា​នឹង​ធ្វើ​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​បាន​រួចផុត​ពី​ការ​គំរាមកំហែង​ពី​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នោះទេ។

រូបថត​មេដឹកនាំ​ក្រុម​អាប៊ូសៃយ៉ាហ្វ ដែល​អាមេរិក​ប្រកាស​ផ្តល់​រង្វាន់ ៥លាន​ដុល្លារ ដល់​អ្នក​ដែល​ចាប់ខ្លួនបាន (រូបថតឯកសារ)
រូបថត​មេដឹកនាំ​ក្រុម​អាប៊ូសៃយ៉ាហ្វ ដែល​អាមេរិក​ប្រកាស​ផ្តល់​រង្វាន់ ៥លាន​ដុល្លារ ដល់​អ្នក​ដែល​ចាប់ខ្លួនបាន (រូបថតឯកសារ) © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​មេដឹកនាំ​អ៊ីស្លាម​ជ្រុលនិយម​ទាំងពីរ​រូប ដែល​ត្រូវ​ស្លាប់ ក្នុង​ប្រតិបត្តិការ​កងទ័ព​ហ្វីលីពីនកាល​ពីថ្ងៃ​ចន្ទ មានម្នាក់ គឺ​ជា​មេដឹកនាំ​ក្រុម​អាប៊ូសៃយ៉ាហ្វ ដែល​កាល​ពីឆ្នាំ២០១៤​កន្លងទៅ​បាន​ប្រកាស​តាំងខ្លួន​ជា​មេដឹកនាំ​សាខា​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ដែល​អាមេរិក​បាន​ចាត់បញ្ចូល​ជា​មេដឹកនាំ​ជីហាត​ដែល​ត្រូវ​តាម​ប្រមាញ់ រហូត​ប្រកាស​ផ្តល់​រង្វាន់​ដល់​ទៅ ៥លាន​ដុល្លារ ដល់​អ្នកណា​ដែល​អាច​ចាប់ខ្លួន​បាន។

មេដឹកនាំ​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់ទៀត​ដែល​ត្រូវ​ស្លាប់​កាល​ពីថ្ងៃ​ចន្ទ គឺ​ជា​មេដឹកនាំ​ក្រុម​ដែល​ទើប​នឹង​បង្កើត​ថ្មី តែ​ជា​ក្រុម​ដែល​មាន​កម្លាំង​ខ្លាំង មាន​ការហ្វឹកហ្វឺន​ និង​គ្រឿងសព្វាវុធ​ល្អ ព្រមទាំង​មាន​ខ្សែបណ្តាញ​​ច្រើន​នៅ​បរទេស ជាពិសេស នៅ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ ក្រុមនេះ ក៏ដូចជា ក្រុម​អាប៊ូសៃយ៉ាហ្វ​ដែរ សុទ្ធតែ​បាន​ប្រកាស​ភ្ជាប់ខ្លួន​ជាមួយ​នឹ​ងក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ​ក្រុម​ទាំងពីរ​នេះ​ហើយ ដែល​បាន​រួមដៃគ្នា បើក​ការ​វាយ​ប្រហារ​ដណ្តើម​កាន់កាប់​ក្រុង​ម៉ារ៉ាវី ពី​រដ្ឋាភិបាល​ហ្វីលីពីន។

ដូច្នេះ គេ​អាច​និយាយ​បាន​ថា រហូតមក​ទល់​នឹង​ពេលនេះ អ្នក​​ទាំងពីរ​គឺ​ជា​​មេដឹកនាំ​ដ៏សំខាន់​ របស់​ក្រុម​ជីហាត​ប្រចាំ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ការ​ស្លាប់​មេដឹកនាំ​ទាំងពីរ​នេះ គឺ​ជា​បរាជ័យ​ដ៏ធំមួយ នៅ​ក្នុង​យុទ្ធសាស្រ្ត​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ ដែល​ចង់​ជ្រៀតខ្លួន​ចូល​មក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ទោះជា​យ៉ាងណា បរាជ័យ​នេះ​​​​មាន​លក្ខណៈ​ជា​និមិត្តរូបច្រើន​ជាង​ ហើយ​ក៏​ជា​បរាជ័យ​ដែល​មាន​ផលវិបាក​សម្រាប់​តែ​នៅ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​មិន​មានន័យ​ថា តំបន់​អាស៊ី​អាគ្នេយ៍​នឹង​អាច​រួចផុត​ពី​ការ​គំរាមកំហែង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នោះទេ។

បើ​តាម​ការ​សិក្សា​និង​សង្កេតមើល​ទូទៅ ពី​អ្វី​ដែល​ធ្លាប់​កើតមាន​ឡើង​កន្លងមក គេ​អាច​មើល​ឃើញ​ថា ក្រុម​ភេរវជន ដែល​មាន​ការគាំទ្រ និង​មាន​ខ្សែបណ្តាញ​ជា​អន្តរជាតិ ហើយ​ដែល​ធ្វើ​សកម្មភាព​ដោយ​ផ្អែក​លើ​មនោគមន៍​វិជ្ជា​អ៊ីស្លាមជ្រុលនិយម​​ មិនងាយ​នឹង​រលំរលាយ​ ដោយ​គ្រាន់តែ​សម្លាប់បាន​​មេដឹកនាំ​នោះទេ។

អ្វី​ដែល​គេ​តែងតែ​សង្កេតឃើញ​ជា​ញឹកញាប់ នៅ​ក្រោយ​ពី​ត្រូវ​ទទួល​បរាជ័យ ឬ​ពេល​ស្លាប់​មេដឹកនាំ ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​ច្រើនតែ​បែកខ្ញែកគ្នា ទៅ​សម្ងំ​លាក់​ខ្លួន ហើយ​បាត់មុខ បាត់សំឡេង ផ្អាក​សកម្មភាព​មួយ​រយៈ មុននឹង​អាច​ជ្រើសរើស​មេដឹកនាំ​ថ្មី​មក​ជំនួស​មេដឹកនាំ​ចាស់ រួចហើយ​ប្រមែរប្រមូល​កម្លាំង​ ចេញ​មក​ធ្វើ​សកម្មភាព​ឡើងវិញ។

នេះ​គឺ​ជា​អ្វី​ដែល​ទំនង​ជា​នឹង​ត្រូវ​កើតឡើង ចំពោះ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នៅ​អាស៊ី​អាគ្នេយ៍។ មកទល់​នឹង​ពេលនេះ គេ​សំឡេងឃើញ​សកម្មជន​ជីហាត​ម្នាក់​មក​ពី​ម៉ាឡេស៊ី គឺ ម៉ះមូដ អះម៉ាត់ ដែល​អាច​នឹង​ត្រូវ​ឡើង​មក​បន្ត​វេន ពី​មេដឹកនាំ​ដែល​ស្លាប់​កាល​ពីថ្ងៃ​ចន្ទ។ ហេតុដូច្នេះហើយ​បាន​ជា​កងទ័ព​ហ្វីលីពីន​​បាន​អះអាង​ថា នៅពេលនេះ ម៉ះមូដ អះម៉ាត់ គឺ​ជា​គោលដៅ​ដ៏សំខាន់​បំផុត ដែល​គេ​កំពុង​តាម​ប្រមាញ់។

បើ​យោងតាម​អ្នក​ជំនាញ​ខាង​ភេរវកម្ម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ម៉ះមូដ អះម៉ាត់ គឺ​ជា​អ្នក​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ និង​ការ​ជួយជ្រោមជ្រែង​ពីបរទេស ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ជីហាត ដែល​ចេញ​ពី​អាស៊ីអាគ្នេយ៍ ជាពិសេស ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ទៅ​ចូលរួម​ជាមួយ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅស៊ីរី និង​អ៊ីរ៉ាក់។

ក្រុម​ជីហាត​ដែល​ចេញ​ទៅ​ស៊ីរី និងអ៊ីរ៉ាក់​នេះ​ហើយ ដែល​អាច​នឹង​ក្លាយ​ទៅជា​កម្លាំង​ប្រយុទ្ធ​ដ៏សំខាន់ សម្រាប់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នៅ​អាស៊ីអាគ្នេយ៍ ពីព្រោះ​ថា ក្រុមជីហាត​ទាំងនេះ មិនត្រឹមតែ​មាន​ជំនឿ​យ៉ាង​ងុបងល់​ទៅលើ​មនោគមន៍​វិជ្ជាអ៊ីស្លាម​ជ្រុលនិយម​របស់​មេដឹកនាំ​រដ្ឋ​អ៊ីស្លាមតែ​ប៉ុណ្ណោះទេ តែ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ជា​អ្នក​ដែល​ទទួល​បាន​នូវ​ការ​ហ្វឹកហ្វឺន និង​មាន​បទពិសោធន៍​នៅ​ក្នុង​សមរភូមិ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ពេល​កំពុង​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​កំពុងតែ​ស្វះស្វែង​រក​ទីជម្រក​ថ្មី ហើយ​នេះ​អាច​ជា​ពេល​ល្អមួយ ដែល​ក្រុម​ជីហាត​ចេញ​ពី​អាស៊ីអាគ្នេយ៍​នាំគ្នា​ចាកចេញ​ពី​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​​វិលត្រឡប់​ចូល​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ដើម្បី​រួមកម្លាំង​ជាមួយ​អ្នក​ក្នុង​ស្រុក ធ្វើ​សកម្មភាព និង​ពង្រឹង​សាខា​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ដូច្នេះ និយាយ​សរុបមកវិញ ការ​គំរាមកំហែង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅតែ​មាន​កម្រិតខ្ពស់ ពីព្រោះ​ថា មេដឹកនាំ​កំពូល​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ដែល​ជា​មេក្លោង​ខាង​​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​​នៅតែ​មាន ចំណែក​ឯ​សកម្មជន​ប្រយុទ្ធ​ដែល​មាន​ការហ្វឹកហ្វឺន មាន​បទពិសោធន៍​ និង​មាន​ភាព​ប្តូរផ្តាច់​ខ្ពស់​ក៏​នៅតែមាន ហើយ​នឹង​មាន​កាន់តែ​ច្រើន នៅ​ពេល​ដែល​មាន​ការ​វិលត្រឡប់​នៃ​ក្រុម​ជីហាត​ពី​ស៊ីរី និង​អ៊ីរ៉ាក់។ តាមការពិត តាំងពី​ដើម​រៀងមក ការ​វិលត្រឡប់​នៃ​ក្រុម​ជីហាត​​ពី​ស៊ីរី និង​អ៊ីរ៉ាក់​ចូល​មក​ក្នុង​ប្រទេស​កំណើតវិញ​នេះ​ហើយ ដែល​ជា​ចំណុច​ដែល​គេ​នាំគ្នា​ព្រួយបារម្ភ​ខ្លាំង មិនថា​តែ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​មួយទេ តែ​នៅ​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់ ដែល​មាន​ប្រជាជន​ចេញ​ទៅ​ធ្វើ​ជីហាត​ជាមួយ​អង្គការ​រដ្ឋ​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ