អានតួអត្ថបទ
ជំងឺអេបូឡា

សេចក្តី​​សង្ឃឹម​​វ៉ាក់សាំង​​អេបូឡា​​ចាប់​​មាន​​ពន្លក

អង្គការ​សុខភាព​ពិភពលោក បាន​បញ្ញាក់​ឲ្យដឹង​ថា វ៉ាក់សាំង​ការពារ​មេរោគ​អេបូឡា នឹង​ត្រូវ​ចាប់​ផ្តើម​ដាក់​ឲ្យ​ធ្វើតេស្ត៍​សាក ចាប់​ពី​ខែធ្នូ​ចុង​ឆ្នាំ​នេះ​ទៅ នៅ​តាម​បណ្តា​ប្រទេស​បី​នៅ​អាហ្រ្វិក​ ដែល​កំពុង​តែ​រង​ការ​វាយប្រហារ​ដោយសា​មេរោគ​ ដ៏​កាច​សាហាវ​មួយ​នេះ។ បើសិន​ជា​បាន​លទ្ធផល​ល្អ វ៉ាក់សាំង​នេះ នឹង​ត្រូវ​គេ​ដាក់​ឲ្យ​ប្រើប្រាស់​ជាទូទៅ​ឲ្យ​ដល់​ប្រជាជន​ ដែល​នៅ​តំបន់​ងាយ​រងគ្រោះ​បំផុត ក្នុង​តំបន់​អាហ្វ្រិក​ខាងកើត នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥។

អ្នកជំនាញ​ពិសោធន៍​ថ្នាំ​វ៉ាក់សាំង​​ប្រឆាំង​​មេរោគ​អេបូឡា នៅមន្ទី​ពិសោធន៍ អុកស្វឺត​ ចក្រភពអង់គ្លេស
អ្នកជំនាញ​ពិសោធន៍​ថ្នាំ​វ៉ាក់សាំង​​ប្រឆាំង​​មេរោគ​អេបូឡា នៅមន្ទី​ពិសោធន៍ អុកស្វឺត​ ចក្រភពអង់គ្លេស REUTERS/Steve Parsons/Pool
ផ្សាយពាណិជ្ជកម្ម

លោកស្រី វិជ្ជបណ្ឌិត Marie-Paule Keiny អគ្គនាយក​រង​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អង្គការ​លោកស្រី នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ ការ​ធ្វើ​តេស្ត៍​សាកល្បង ថ្នាំ​វ៉ាក់សាំង ប្រឆាំង​នឹង​មេរោគ​អេបូឡា ចាប់​ពី​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ។ ថ្នាំ​វ៉ាក់សាំង​នេះ នឹង​ដាក់​ឲ្យ​សាកល្បង​នៅ​ប្រទេស​បី ដែល​មាន​អ្នក​ជំងឺ​អេបូឡា​ច្រើន​ជាង​គេ គឺ ប្រទេស​ហ្គីណេ សេរ៉ាឡេអូន និង លីបេរីយ៉ា។ លោកស្រី​បន្ត​ថា បើសិន​ជា​ក្រោយ​ការ​សាកល្បង ឃើញ​ថា ថ្នាំ​វ៉ាក់សាំង នេះ​មាន​ប្រសិទ្ធិភាព នោះ​គេ​នឹង​ចាប់ផ្តើម​ផលិត​វា ហើយ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ទៅ។

 
រហូត​មក​ដល់​ពេល​នេះ មាន​អ្នកផ្ទុក​មេរោគ​អេបូឡា​ ចំនួន​ជាង ១ម៉ឺន​នាក់​ហើយ។ អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ បាន​កើនឡើង​ដល់​ចំនួន​៤៩០០​នាក់​ហើយ ដែល​ភាគច្រើន​ ជា​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ទាំងបី​ខាងលើ។ នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ក្បែរ​ខាង ប្រជាជន​មាន​ការ​ភ័យ​ជ្រួល​ច្របល់ ខ្លាច​ឆ្លង​មេរោគ​នេះ​គ្រប់ៗ​គ្នា។

ដោយ​ឡែក ក្មេងស្រី​ម្នាក់​អាយុ​ពីរខួប នៅ​ប្រទេស​ម៉ាលី ដែល​ត្រូវ​គេ​ពិនិត្យ​ថា​មាន​ផ្ទុក​មេរោគ​អេបូឡា កាល​ពី​ពីរ​ថ្ងៃ​មុន ពេល​នេះ​បាន​ស្លាប់​ហើយ។ ក្មេងស្រី នោះ​បាន​ធ្វើ​ដំណើរ​ជាមួយ​ជីដូន​ ពី​ប្រទេស​ហ្គីណេ តាម​រថយន្ត​ក្រុង។ មាន​ការ​ព្រួយ​បារម្ភ​ថា ដោយសា​ក្មេងស្រី​នេះ​មាន​ជំងឺ​អេបូឡា​ពេល​កំពុង​ធ្វើ​ដំណើរ នោះ​មាន​ន័យ​ថា វា​អាច​មាន​អ្នក​ដំណើរ​ផ្សេង​ទៀត​ ដែល​ជិះ​ឡាន​ជាមួយ​គ្នា ក៏​អាច​ឆ្លង​មេរោគ​នេះ​ដែរ។ ចំណែក នៅ​សហរដ្ឋ​អាមេរិក វិញ គិលាននុប្បដ្ឋយិកា​ពីរ​នាក់​ ដែល​គេ​បាន​ពិនិត្យ​ថា បាន​ឆ្លង​មេរោគ​អេបូឡា​ពេល​នេះ បាន​ជា​សះស្បើយ​ហើយ។ បុរស​ម្នាក់​ទៀត នៅ​ក្រុង​ញូយ៉ក ដែល​ធ្លាប់​ធ្វើ​ជា​គ្រូពេទ្យ នៅ​ប្រទេស​ហ្គីណេ ក៍​មាន​ផ្ទុក​មេរោគ​អេបូឡា​ដែរ។ ពេលនេះ ក្រុម​គ្រូពេទ្យ​អាមេរិក កំពុង​តែ​តាមដាន​អាការៈ​ជំងឺ។

សហគមន៍​អន្តរជាតិ​កំពុង​ផុសផុល​សហការ​គ្នា​ រិះរក​វិធី ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​នេះ។ មន្ទីរ​ពិសោធន៍​ធំៗ នៅ​អាមេរិក អង់គ្លេស ស្វីស និង​អាល្លឺម៉ង់ បាន​និង​កំពុង​ធ្វើការ​យ៉ាង​ញាប់ដៃ​ ដើម្បី​ធ្វើ​តេស្ត៍​ពិសោធន៍​លើ​ថ្នាំ​វ៉ាក់សាំង មុន​នឹង​ដាក់​វា​ឲ្យ​សាកល្បង​លើ​មនុស្ស។ យ៉ាង​ណា​មិញ សហភាព​អឺរ៉ុប ទើបតែ​បាន​សំរេច ជួយ​ប្រាក់​ចំនួន​៦០០លាន អឺរ៉ូ ក្នុង​យុទ្ធនាការ​ជួយ​ព្យាបាល​អ្នក​ជំងឺ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ។ បន្ថែម​ពី​នេះ ចក្រភព​អង់គ្លេស និង​ប្រទេស​ស៊ុយអែដ បាន​ផ្តល់​ប្រាក់​ចំនួន ៤៧លាន ដុល្លារ ឲ្យដល់​មូល​និធិ​កម្ចាត់​មេរោគ​អេបូឡា របស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ