អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អាស៊ី​​មាន​ការ​ប្រុងប្រៀប​ខ្លួន​កម្រិតណា​ដើម្បី​ទប់ទល់​នឹង​មេរោគ​អេបូឡា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ​មេរោគ​អេបូឡា​នៅ​តែ​បន្ត​រីករាលដាល​ក្នុងល្បឿន​កាន់តែ​លឿន នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច។ លើសពីនេះ​ទៅទៀត ការឆ្លងរាលដាល នៅ​ក្រៅ​តំបន់​អាហ្វ្រិក​ក៏​បាន​កើតមាន​ឡើង​​ជាច្រើន​ករណី​រួចទៅហើយ​ដែរ គឺ​​​​នៅ​អឺរ៉ុប និង​អាមេរិក។ ចុះតំបន់​អាស៊ីវិញ? តើ​អាស៊ី​អាច​ប្រឈមមុខ​នឹង​ការ​រីករាលដាល​នៃ​មេរោគ​អេបូឡា​នេះដែរ​ឬទេ? តើ​អាស៊ី​មាន​ការប្រុងប្រៀបខ្លួន​​កម្រិតណា ក្នុង​ការ​ទប់ស្កាត់​នឹង​ការរីករាលដាល​នៃ​ជំងឺ​ឆ្លងនេះ?

បុគ្គលិក​ពេទ្យ​ក្នុង​សម្លៀកបំពាក់​ពិសេស កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា
បុគ្គលិក​ពេទ្យ​ក្នុង​សម្លៀកបំពាក់​ពិសេស កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា Reuters/Christopher Black/WHO
ផ្សាយពាណិជ្ជកម្ម

ការរាតត្បាត​នៃ​មេរោគ​អេបូឡា ក្នុង​ពេល​បច្ចុប្បន្ន​នេះ បាន​សម្លាប់​មនុស្ស​ជាង ៤ពាន់ ៥រយនាក់​ហើយ ភាគច្រើន​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច គឺ​លីបេរីយ៉ា សៀរ៉ាឡេអូន និង​ហ្គីណេ។ ក៏ប៉ុន្តែ ​រហូតមកទល់នឹង​ពេលនេះ ​ករណីឆ្លង​នៅ​ក្រៅ​តំបន់​អាហ្វ្រិក (ករណីឆ្លង​មេរោគ​អេបូឡា​ចំពោះ​អ្នក​ជំងឺ​ក្នុងស្រុក ដែល​មិនមែន​ទើប​នឹង​ធ្វើដំណើរ​ពី​អាហ្វ្រិក) ក៏​បាន​កើតមាន​ឡើង​ដែរ គឺ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​មួយករណី និង​នៅ​សហរដ្ឋ​អាមេរិក​ពីរ​ករណី។ តំបន់​អាស៊ី​វិញ​ ក៏​មិនប្រាកដ​ថា​អាច​បញ្ចៀសខ្លួន​ពី​មេរោគ​នេះ​បានដែរ។

​កាលពី​ថ្ងៃ​ទី១០តុលា កន្លងទៅ​ថ្មីៗ​នេះ ​នាយក​អង្គការ​សុខភាព​ពិភពលោក​​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​លើកឡើង​ថា តំបន់​អាស៊ី ជាពិសេស អាស៊ីអាគ្នេយ៍ និង​អាស៊ីបូព៌ា​អាច​នឹង​ត្រូវ​ប្រឈមមុខ​ខ្លាំង​នឹង​ការ​រីករាលដាល​នៃ​មេរោគ​អេបូឡា ដោយសារ​តែ​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ មាន​ទំនាក់ទំនង​ប្រទាក់ក្រឡាគ្នា ទាំង​នៅ​ក្នុង​តំបន់ និង​ជាមួយ​តំបន់​អាហ្វ្រិក។

ចិន គឺ​ជា​ប្រទេស​ដែលមានទំនាក់ទំនង​រកស៊ី​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជាមួយ​ប្រទេស​នៅអាហ្វ្រិក។ អ្នកជំនួញ និង​ពលករ​ចិន​ជាច្រើន​កំពុង​ធ្វើការ​នៅ​ក្នុង​តំបន់​អាហ្វ្រិក។ ដូចគ្នា​ដែរ ចំពោះ​ហ្វីលីពីន ដែល​មាន​ពលករ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កំពុងធ្វើការ​នៅ​ស្ទើរតែ​ទូទាំង​ពិភពលោក ក្នុងនោះ មាន​ប្រមាណ​ជា ៨ពាន់នាក់ កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​​លីបេរីយ៉ា សៀរ៉ាឡេអូន និង​ហ្គីណេ ដែល​មេរោគ​អេបូឡា​កំពុងតែ​រាតត្បាត​ខ្លាំង។ ចំណែក​កងកម្លាំង​មួកខៀវ​របស់​ហ្វីលីពីន ចំនួន ១១៥នាក់ ក៏​កំពុង​ឈរជើង​នៅ​ក្នុង​ប្រទេសលីបេរីយ៉ា​ផងដែរ។

លើសពីនេះ​ទៅទៀត អាស៊ី​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ចំណុច​ឆ្លងកាត់​ដ៏ចម្បង នៃ​ការ​ធ្វើ​ដំណើរ​តាម​អាកាស​​ខ្វាត់ខ្វែង​ទៅមក នៅ​ទូទាំង​ពិភពលោក ជាមួយ​នឹង​ព្រលាន​យន្តហោះ​ធំៗ ដូចជា ព្រលានយន្តហោះ​ហុងកុង សិង្ហបុរី ប៉េកាំង និង​តូក្យូ ដែល​សុទ្ធតែ​ជាប់ឈ្មោះ​ក្នុង​ចំណោម​ព្រលានយន្តហោះ​ដែល​មាន​ចំនួន​អ្នក​ដំណើរ​ឆ្លងកាត់​ច្រើន​នៅលើ​ពិភពលោក។

សម្រាប់​អង្គការ​សុខភាព​ពិភពលោក ទំនាក់ទំនង​កិច្ចការ​ជំនួញ ចលនា​ពលករ​ចំណាកស្រុក និង​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​នេះ​ហើយ ដែល​ជា​វ៉ិចទ័រ​ដ៏ចម្បង ដែល​អាច​ឲ្យ​មេរោគ​អេបូឡា​ឆ្លងរាលដាល​​មក​ដល់​តំបន់​អាស៊ី។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ធ្វើការ​វាយតម្លៃ​ផងដែរ​ថា អាស៊ី​មាន​ការប្រុងប្រៀបខ្លួន​បាន​ល្អ​ជាង​តំបន់​ផ្សេងៗ​ទៀត ក្នុងការ​ទប់ទល់​នឹង​មេរោគ​អេបូឡា​ ដោយសារ​តែ​អាស៊ី​ គឺ​ជា​តំបន់​ដែល​ធ្លាប់​ប្រឈមមុខ​ខ្លាំងជាងគេ​នឹង​ការរីករាតត្បាត​នៃ​ជំងឺ​ឆ្លង​ថ្មីៗ និង​កាចសាហាវ ដូចជា ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (ហៅកាត់​ថា SARS) ដែល​ផ្ទុះឡើង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០០២ ហើយ​ដែល​បាន​សម្លាប់​មនុស្ស​ជិត ៨ពាន់នាក់ និង​​​ជំងឺ​ផ្តាសាយ​បក្សី នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។

យោងតាម​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក បទពិសោធន៍ ព្រមទាំង​យន្តការ​ត្រួតពិនិត្យ និង​ចែករំលែក​ព័ត៌មាន​គ្នា ដែលប្រទេស​នៅ​អាស៊ី​បាន​បង្កើតឡើង ដើម្បី​ទប់ទល់​នឹង​ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​ផ្តាសាយ​បក្សី កាលពីពេល​កន្លងមក អាច​​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក្នុងការទប់ទល់​នឹង​ការរីករាលដាល​នៃ​មេរោគ​អេបូឡា។

ក៏ប៉ុន្តែ បើទោះបីជាមាន​ការ​វាយតម្លៃ​ជាវិជ្ជមាន​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​បែបនេះ​ក៏ដោយ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ក៏​មិន​អាច​មាន​ជំនឿចិត្ត​លើ​ខ្លួនឯង​ជ្រុល​ហួសហេតុ រហូត​ខ្វះ​ការប្រុងប្រយ័ត្ន​នោះដែរ។ អាស៊ី​ថ្វីដ្បិត​តែ​ធ្លាប់​មាន​បទពិសោធន៍ និង​យន្តការ​ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​ឆ្លង​​មុនៗ ក៏ប៉ុន្តែ អេបូឡា គឺ​ជា​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី ដែល​អាស៊ី​មិន​ធ្លាប់​ជួប​ប្រទះ ជា​មេរោគ ដែល​គេ​មិន​ទាន់​រកឃើញ​វ៉ាក់សាំងការពារ និង​មិន​ទាន់​មាន​ថ្នាំព្យាបាល​ប្រាកដ ហើយ​​អត្រា​អ្នក​ស្លាប់​ដោយ​ឆ្លង​មេរោគ​អេបូឡា​មាន​កម្រិត​ខ្ពស់​រហូតដល់​ទៅ​ ៥០% ឬ​លើស​ពី ៥០%។

នៅ​ក្នុង​តំបន់​អាស៊ី គេសង្កេតឃើញ​មាន​ប្រទេស​ជាច្រើន ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​នៅឡើយ ហើយ​​ប្រសិនបើ​មេរោគ​អេបូឡា​រីករាលដាល​ទៅដល់​តំបន់​អាស៊ីមែន គឺ​​​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ទាំងនោះ​​ហើយ ដែល​ងាយ​នឹង​រងគ្រោះ​ខ្លាំងជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ