សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន វាលើសពីបញ្ហាឱនភាពពាណិជ្ជកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣០
សហរដ្ឋអាមេរិក កាណាដា ព្រមទាំងម៉ិកស៊ិក កាលពីដើមខែតុលា ឆ្នាំ២០១៨ កន្លងទៅ បានសម្រេចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា ដោយសារអាមេរិកធ្លាប់បង្ហាញជំហរចង់ចរចារកដំណោះស្រាយ និងព្រមធ្វើសម្បទានមួយចំនួន។ ផ្ទុយទៅវិញ តើមូលហេតុអ្វីដែលធ្វើឲ្យប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នៅតែប្រកាន់ជំហរតឹងតែង និងមិនចង់សោះឡើយសម្រុះសម្រួលជាមួយប្រទេសចិននោះ?ដូច្នោះហើយ ក្រៅតែពីបញ្ហាឱនភាពពាណិជ្ជកម្ម តើមានហេតុផលអ្វីខ្លះទៀតទៅដែលធ្វើឲ្យអាមេរិកនៅតែចង់បន្តធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនដាច់ណាត់បែបនេះ?
សង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន
ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ទុះឡើងដំបូងឡើយនៅដើមឆ្នាំ២០១៨។ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចាស់អាមេរិក ព្រមទាំងមហាអំណាចកំពុងលេចត្រដែតចិន វាបានក្លាយជាប្រធានបទក្តីគគុកមួយ ដែលគេឯងគ្រប់គ្នាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នាមួយរយៈពេលចុងក្រោយនេះ ពីព្រោះថាឥទ្ធិពលដែលកើត ចេញពីជម្លោះវវាងប្រទេសទាំងពីរនេះ អាចជះឥទ្ធិពលជាលក្ខណៈសកល។
បើនិយាយពីមូលហេតុនៃជម្លោះពាណិជ្ជកម្ម ភាគីអាមេរិកជារឿយៗបានចោទថា ប្រទេសចិនតែងតែដើរខ្សែលើ ហើយធ្វើឲ្យមានឳនភាពជញ្ជីងពាណិកម្ម ក្នុងទឹកប្រាក់ចំនួន ៣៣៥,៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ក្នុងការដោះដូរទំនិញនិងសេវាកម្មរវាងគ្នា។ ជាពិសេសឱនភាពនេះនៅតែបន្តកើនឡើង ដែលជាហេតុធ្វើឲ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រកាសកាលពីថ្ងៃទី២០ តុលា ដាក់ពន្ធ១០ភាគរយ ទៅលើការនាំចូល របស់ចិនមកកាន់អាមេរិកក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ។ ហើយអាមេរិក នឹងបន្តដំឡើងតម្លៃពន្ឋរហូតដល់ ២៥ភាគរយ នៅចុងឆ្នាំ២០១៨នេះ ប្រសិនបើទីក្រុងប៉េកាំង មិនបញ្ចប់នូវអ្វីដែលលោកត្រាំតែងទន្ទេញរត់មាត់ថា ជាការធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នា។
ទំនាស់ពាណិជ្ជកម្មអាមេរិក-ចិន មិនមែនព្រោះតែបញ្ហាឱនភាពពាណិជ្ជកម្មតែមួយមុខ
រឿងរ៉ាវមិនចុះសម្រុងគ្នា ពាក់ព័ន្ឋការដោះដូរពាណិជ្ជកម្មរបស់អាមេរិក និងចិន វាស្មុគស្មាញ គឺមិនដូចករណីអាមេរិកជាមួយសហភាពអឺរ៉ុប ឬក៏ កាណាដាឡើយ ដែលបញ្ហាចោទគឺមានតែលើឳនភាពពាណិជ្ជកម្មតែមួយមុខប៉ុណ្ណោះ។ កិច្ចចរចារវាង អាមេរិក និងចិនមានជាបន្តបន្ទាប់ដែរ តែត្រូវបរាជ័យវិញ រហូតនាំឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ជឿជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្មានឆន្ទះពិតប្រាកដឡើយ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នាជុំវិញជម្លោះពាណិជ្ជកម្មនោះឡើយ។
ទាក់ទិនបញ្ហានេះដែរ អ្នកជំនាញផ្នែកទីផ្សាររបស់ធនាគារដ៏ធំរបស់អង់គ្លេស បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយទូរទ្សសន៍អាមេរិក CNBC កាលពីដើមខែតុលាមុនថា ករណីទំនាស់ពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងមហាយក្សចិន មិនងាយនឹងបញ្ចប់ក្នុងពេលឆាប់ៗនោះទេ។ ករណីទំនាស់ពាណិជ្ជកម្មជាមួយចិន ក្រៅតែពី មិនសុខចិត្តរឿងជញ្ជីងពាណិជ្ជកម្មផ្អៀងទៅខាងចិននោះ សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកត្រាំ នាពេលបច្ចុប្បន្ននេះ កំពុងមានការព្រួយបារម្ភខ្លាំងអំពីមហិច្ឆតាអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។
គួររំឭកជូនថា រដ្ឋាភិបាលចិន កាលពីឆ្នាំ២០១៥ បានប្រកាសអំពីគម្រោងផែនការថ្មីរបស់ខ្លួនមានឈ្មោះថា ផលិតនៅចិនឆ្នាំ២០២៥ “Made in China 2025” ជាផែនការយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យ ប្រទេសចិន ក្លាយជាប្រទេសនាំមុខគេ ក្នុងវិស័យឧស្សាហកម្មសំខាន់ៗ។ ក្នុងចំណោម វិស័យទាំងនោះ ទីក្រុងប៉េកាំងក៏បានចាប់យកវិស័យបច្ចេកវិទ្យា ជាអាទិភាពមួយផងដែរ។ ម្ល៉ោះហើយ ទើបសហរដ្ឋអាមេរិក មើលឃើញយ៉ាងច្បាស់ថា ផែនការរបស់ចិននេះ គឺជាការគំរាមកំហែងពិតប្រាកដរបស់ខ្លួន។
ក្នុងកាលៈទេសៈនេះ លោកត្រាំ យល់យ៉ាងច្បាស់ថា មានតែដកចិនចេញពីសង្វៀន នៃខ្សែសង្វាក់ ផ្គត់ផ្គង់សកលទេ ទើបអាចរក្សាតំណែងជាប្រទេសឈានមុខគេ ក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាបច្ចេកវិទ្យាបាន។ ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនដ៏ល្បីផ្នែកបច្ចេកវិទ្យារបស់អាមេរិកApple មានក្រុមហ៊ុនផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន២៧។
នៅក្នុងបរិបទនេះ គេអាចយល់ពីវិធីសាស្ត្ររបស់លោកត្រាំ ដំឡើងពន្ធលើផលិតផលរបស់ ចិនដែលនាំ ចូលទៅក្នុងប្រទេសអាមេរិកបាន។ វាមានន័យថា នៅពេលអាមេរិកដំឡើងពន្ឋ នោះវានឹងធ្វើឲ្យទំនិញចិនត្រូវឡើងថ្លៃ ហើយពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។ បន្ទាប់មកទៀត ក្រុមហ៊ុនធំៗគ្រាក់ៗដែលបោះទីតាំងក្នុងប្រទេសចិននឹងប្តូរទិសដៅ ហើយរើទីតាំងទៅកាន់ប្រទេសផ្សេងទៀត។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា យុទ្ឋសាស្ត្របែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនបាន។ ក្រៅពីនេះ ការវិនិយោគ របស់ចិននៅក្នុងវិស័យបច្ចេកវិទ្យា នៅសហរដ្ឋអាមេរិក បាននិងកំពុងស្ថិតក្រោមការពិនិត្យពិច្ច័យកាន់តែតឹងរឹងបន្ថែមទៀត។
ជាពិសេស នាពេលថ្មីៗនេះ រដ្ឋាភិបាលវ៉ាស៊ីនតោន បានដាក់ការព្រមានយ៉ាងខ្លាំង ប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការធ្វើចារកម្មឧស្សាហកម្ម និងធ្លាប់បានចោទចិនចំៗថាបានលួចបច្ចេកវិទ្យាពីអាមេរិកទៀតផង។ ដូចនេះហើយ ទើប ឃ្លានៃការការពារសន្ដិសុខជាតិនៅក្នុងច្បាប់ពាណិជ្ជកម្មអាមេរិកឆ្នាំ ១៩៧៤ ត្រូវបានគេលើកយកប្រើកាន់តែខ្លាំងឡើង ដើម្បីដាក់ពន្ធបន្ថែម លើការនាំចូលទំនិញរបស់ចិន និងក៏ដើម្បីរាំងខ្ទប់វត្តមានក្រុមហ៊ុនចិនដែលរីកកាន់តែច្រើនឡើងនៅក្នុងទឹកដីអាមេរិក។
សរុបមក ក្រៅតែពីបញ្ហាឳនភាពពាណិជ្ជកម្ម គឺមានផែនការយុទ្ឋសាស្ត្រឆ្នាំ២០២៥ របស់ចិនមួយទៀត ដែលធ្វើឲ្យដំណើរការនៃកិច្ចចរចាទំនាស់ពាណិជ្ជកម្មអាមរិក-ចិន ត្រូវជាប់គាំងជាបន្តបន្ទាប់។ ដូចនេះហើយ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន វាពិតជាពិបាកក្នុងការដោះស្រាយ ហើយក៏មិនងាយនឹងដោះស្រាយទៅរួចក្នុងរយៈពេលខ្លីបានដែរ។ ហេតុផលនោះគឺថា រដ្ឋបាលអាមេរិកដឹកនាំដោយលោកត្រាំ គិតថា ផលដែលបានពីការធ្វើសង្គ្រាមពាណិជ្ជកម្ម ពិតជាអាចបង្កជាឧបសគ្គរាំងស្ទះ ឬយ៉ាងហោចណាស់ក៏អាចពន្យឺតដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិនបានខ្លះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ