អានតួអត្ថបទ

កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​បន្តិច​ប៉ុន្តែ​នៅ​តែ​រឹងមាំ

អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ចុះ​បន្តិច នៅ​ក្នុង​ត្រីមាស​ទី៣​ឆ្នាំ២០១៧​នេះ។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវ​ការ ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ចិន នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា បើ​ទោះបី​ជា​មាន​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៅ​ត្រីមាស​ទី៣​នេះ​ក៏ដោយ តែ​បើ​គិត​ជា​អត្រា​កំណើន​ពេញមួយឆ្នាំ សេដ្ឋកិច្ច​ចិន​នឹង​នៅ​តែ​មាន​អត្រា​កំណើន​ស្រប​ទៅតាម​គោលដៅ​ដែល​រដ្ឋាភិបាល​បាន​កំណត់។

តួលេខ​សេដ្ឋកិច្ច​រឹងមាំ​ជា​ដំណឹង​ល្អ​សម្រាប់​លោក​ស៊ីជីនពីង​ ក្នុងពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​កំពុង​បើក​ធ្វើ​មហាសន្និបាត​
តួលេខ​សេដ្ឋកិច្ច​រឹងមាំ​ជា​ដំណឹង​ល្អ​សម្រាប់​លោក​ស៊ីជីនពីង​ ក្នុងពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​កំពុង​បើក​ធ្វើ​មហាសន្និបាត​ © Reuters
ផ្សាយពាណិជ្ជកម្ម

តួលេខ​នៃ​ការិយាល័យ​ស្ថិតិ​ចិន​បង្ហាញ​ថា នៅ​ក្នុង​ចន្លោះ​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​កន្លងទៅនេះ សេដ្ឋកិច្ច​ចិន​មាន​កំណើន ៦,៨% ពោលគឺ​ទាប​ជាង​បន្តិច​ពី​ត្រីមាស​ទី១ និង​ត្រីមាស​ទី២​កន្លងទៅ ដែល​មាន​អត្រាកំណើន ៦,៩%។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិ​បាន​ធ្វើការ​គូសបញ្ជាក់ថា បើ​គិត​ជា​លក្ខណៈ​ទូទៅ សេដ្ឋកិច្ច​ចិន​នៅ​ក្នុងរយៈពេល ៣ត្រីមាស​កន្លងទៅនេះ នៅតែ​មាន​កម្លាំង​រឹងមាំ ដែល​អាច​នឹង​ទទួល​បាន​អត្រា​កំណើន​ប្រចាំឆ្នាំ​ស្រប​ទៅតាម​គោលដៅ​របស់​រដ្ឋាភិបាល។

ជាការពិត អត្រា ៦,៨% បើទោះបីជា​ធ្លាក់​ចុះ​បន្តិចមែន តែ​នៅតែ​ខ្ពស់​ជាងអត្រា​កំណើន ៦,៥% ដែល​រដ្ឋាភិបាល​របស់​លោក​ស៊ីជីនពីង​បាន​កំណត់​ធ្វើ​ជា​គោលដៅ សម្រាប់​ឆ្នាំ២០១៧​នេះ។ អ្នក​ជំនាញ​សេដ្ឋកិច្ច​ឯករាជ្យ​ជាច្រើន ដែល​ឆ្លើយ​តប​នឹង​ការ​សិក្សា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​អាអែហ្វប៉េ​ក៏​សុទ្ធតែ​បាន​ធ្វើការ​ព្យាករ​ផងដែរ​ថា កំណើន​សេដ្ឋកិច្ច​ចិន​​សម្រាប់​ឆ្នាំ២០១៧​នេះ ប្រាកដ​ជា​នឹង​មាន​អត្រា​ខ្ពស់​ជាង​អ្វី​ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់​ជា​គោលដៅ។

នេះ​គឺ​ជា​ដំណឹងដ៏​ល្អមួយ សម្រាប់​លោក​ស៊ី​ជីនពីង ពីព្រោះ​ថា ស្ថានភាព​សេដ្ឋកិច្ច​រឹងមាំ គឺ​ជា​កត្តា​ដ៏​ចម្បងមួយ ក្នុងការ​បង្កើន​ប្រជាប្រិយភាព និង​ពង្រឹង​អំណាច​របស់​លោក ជាពិសេស នៅ​ក្នុង​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​កំពុង​តែ​បើក​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ កំណត់​ពី​អំណាច​របស់​លោក​ស៊ីជីនពីង សម្រាប់​អាណត្តិ​ទីពីរ។

អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​ក៏​បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែរ សម្រាប់​ឲ្យ​លោក​ស៊ី​ជីនពីង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ចិន ឲ្យ​ងាកចេញ​ពី​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការនាំចេញ និង​ការ​វិនិយោគ​រដ្ឋ​ ទៅរក​ម៉ូដែល​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ប្រកប​ដោយ​ចីរភាព ជាពិសេស គឺ​ការ​បង្កើន​ការ​ចំណាយ​នៅលើ​ទីផ្សារ​ក្នុងស្រុក។

ជាការពិត គេ​អាច​សង្កេតឃើញ​ថា នៅ​ក្នុង​តួលេខ​ដែល​ផ្តល់​ដោយ​ការិយាល័យ​ស្ថិតិ​ចិន នៅថ្ងៃ​ព្រហស្បតិ៍​នេះ មាន​សូចនាករណ៍​ជាច្រើន​ដែល​បង្ហាញ​ពី​ដំណើរ​វិវឌ្ឍ​ជា​វិជ្ជមាន នៃ​ទីផ្សារ​ក្នុងស្រុក​ចិន ជាពិសេស គឺ​ការ​កើនឡើង​នៃ​ការ​ចំណាយ​ទូទៅ​របស់​ប្រជាជន និង​ការ​កើនឡើង​នៃ​វិស័យ​សេវាកម្ម ដែល​កំពុងតែ​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ