អានតួអត្ថបទ
ហុងកុង-ចិន

ចិន​បាន​សារភាព​ពី​ចាប់​ឃុំ​បុគ្គលិក​ក្រុមហ៊ុន Mighty Current នៅ​ហុងកុង

នៅ​ក្នុង​ប្រទេស​ចិន ប៉ូលិស​បាន​ប្រកាស​សារភាព​ជា​សាធារណៈ​ពី​ការ​ចាប់​ឃុំខ្លួន​បុគ្គលិក​ចំនួន ៣នាក់​ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​មួយ​នៅ​ហុងកុង​ឈ្មោះ Mighty Current។ ការ​សារភាព​ជា​ផ្លូវការ​របស់​ប៉ូលិស​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ឲ្យ​ប៉ូលិស​ហុងកុង និង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ កុម្ភៈ។ នៅ​ក្នុង​លិខិត​នោះ ប៉ូលិស​ចិន​បាន​ចោទ​បុគ្គលិក​ក្រុមហ៊ុន Mighty Current ទាំង ៣នាក់​ពី​បទ​ធ្វើ​សកម្មភាព​ខុសច្បាប់។ រឿង​អាស្រូវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​តក់ស្លុត និង​ព្រួយបារម្ភ​ជា​ពន់ពេក។

ក្រុម​ប៉ូលិស​ហុងកុង
ក្រុម​ប៉ូលិស​ហុងកុង TYRONE SIU / REUTERS
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​បាត់ខ្លួន​ដ៏​ចម្លែក និង​ដ៏​អាដ៍កំបាំង​របស់​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​នៅ​ហុងកុង​ឈ្មោះ Mighty Current មាន​បុរស​ចំនួន ៥នាក់។ រឿងរ៉ាវ​មួយ​នេះ​បាន​ចាប់​ផ្ទុះ​ដំបូង​ក្នុង​ចន្លោះ​ថ្ងៃទី ១៥ និង​ទី២៤ តុលា ឆ្នាំ ២០១៥​កន្លង​ទៅ​ជាមួយ​នឹង​ការ​បាត់ខ្លួន​បុគ្គលិក​ចំនួន ៤នាក់។ នៅ​ក្នុង​ចំណោម​អ្នក​បាត់ខ្លួន​ទាំង ៤នាក់​ដំបូង​នេះ មាន ៣នាក់ គឺ​ឈ្មោះ​ល្វី ប៉ ឈុង ជីពីង និង​ឡាម វីឃី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ចិនដីគោក ពោល​ទៅ​ក្នុង​ទីក្រុង Shenzhen និង​ទីក្រុង Dongguan ហើយ​អ្នក​ទាំង ៣ ក៏​បាន​បាត់ដំណឹង​សូន្យ​ឈឹង​មិន​ឃើញ​វិល​ត្រឡប់​ចូល​ហុងកុង​វិញ។

មនុស្ស​បាត់ខ្លួន​ទី៤ មាន​ឈ្មោះ​ហ្គី មីនហាយ (Gui Minhai) ជា​ជនជាតិ​ស៊ុយអែត​ដែល​មាន​តួនាទី​ជា​អគ្គនាយក​ក្រុមហ៊ុន និង​អ្នក​មាន​ភាគហ៊ុន។ លោក​ហ្គី​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ខែ​តុលា ឆ្នាំ ២០១៥ នា​ពេល​ដែល​លោក​កំពុង​សម្រាក​លំហែកាយ​នៅ​ផ្ទះ​ទី២ របស់​លោក​នៅ​កោះPattaya។ ព័ត៌មាន​លេចឮ​កាល​ណោះ​ឲ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ក្រុម​បាន​ទៅ​ចាប់​លោក​ហ្គី​ដល់​ផ្ទះ​នៅ​កោះ Pattaya។ តាំង​ពី​ពេល​នោះ​មក លោក​ហ្គី​បាន​ឲ្យ​ដំណឹង​ដល់​ប្រពន្ធ និង​កូន​ជា​ហូរហែ តែ​មិន​បាន​ប្រាប់​ពី​ទីកន្លែង​ដែល​លោក​កំពុង​ស្នាក់​នៅ​ទេ។

មនុស្ស​បាត់ខ្លួន​ទី៥ មាន​ឈ្មោះ លី បូ។ លោក​លី បូ​ប្រហែល​ជា​បាត់​ខ្លួន​នៅ​ដើម​ខែ​មករា ឆ្នាំ ២០១៦ ព្រោះ​គេ​បាន​ឃើញ​វត្តមាន​លោក​ចុង​ក្រោយ​នៅ​ក្នុង​ឃ្លាំ​ស្តុក​សៀវភៅ​ទឹកដី​ហុងកុង​នា​ថ្ងៃទី៣០ ធ្នូ ឆ្នាំ ២០១៥។ គឺ​ប្រពន្ធ​របស់​លោក​លី បូ​ដែល​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ហុងកុង​ពី​ការ​បាត់ខ្លួនស្វាមី​លោកស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​លី បូ​បាន​ទូរស័ព្ទ​ឲ្យ​ប្រពន្ធ តែ​ជា​លេខ​ចេញ​មក​ពី​ទីក្រុង Shenzhen។

ដំណឹង​បាត់​ខ្លួន​បុគ្គលិក​ទាំង ៥នាក់​របស់​ក្រុមហ៊ុន Mighty Current បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​បារម្ភ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ដាក់​ចិន​ដីគោក។ តែ​រដ្ឋអំណាច​ប៉េកាំង​បន្ត​បដិសេធ​ជានិច្ច និង​ដែល​ទើប​នៅ​ពេល​នេះ​ទេ​ដែល​ប៉ូលិស​ចិន​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ចាប់​ឃុំ​ខ្លួន​បុគ្គលិក​ចំនួន ៣នាក់​របស់​ក្រុមហ៊ុន Mighty Current។

ការ​ប្រកាស​សារភាព​របស់​ប៉ូលិស​ចិន​មិន​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល

ការ​សារភាព​របស់​ចិន​ពេល​នេះ​ជា​ដំណឹង​មួយ​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ។ សូម​ជម្រាប​ជូន​ថា តាំង​ពី​រឿង​អាស្រូវ​មួយ​នេះ​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​តុលា ឆ្នាំ ២០១៥ មក ពលរដ្ឋ​ហុងកុង​បាន​ចង្អុល​មុខ​ចិនដីគោក​ដោយ​មិន​ញញើត​​ពី​បទ​នៅ​ពី​ក្រោយ​ការ​បាត់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Mighty Current ទាំង ៥នាក់​នោះ។ ក្រៅ​ពី​ពលរដ្ឋ​ហុងកុង សហគមន៍​អន្តរជាតិ ពិសេស​អាមេរិក​ក៏​បាន​ទម្លាក់​ការ​សង្ស័យ​លើ​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ដែរ។

នៅ​ថ្ងៃ​ចន្ទ ទី១ កុម្ភៈ អាមេរិក តាម​រយៈ​ក្រសួង​ការបរទេស​បាន​ជំរុញ​ឲ្យ​ចិន​ចេញ​មុខ​បំភ្លឺ​ជុំវិញ​ស្ថានភាព​បុគ្គលិក​ក្រុមហ៊ុន Mighty Current ទាំង ៥នាក់ ពិសេស​បំភ្លឺ​ពី​ហេតុផល​នៃ​ការ​បាត់ខ្លួន​របស់​អ្នក​ទាំង ៥។ តែ​នៅ​ថ្ងៃ​អង្គារ ទី២ កុម្ភៈ ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​បក​វិញ​ថា រឿងរ៉ាវ​បាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Mighty Current មិនមែន​ជា​រឿង​ដែល​អាមេរិក​ត្រូវ​ចេញ​មុខ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ហើយ​អាមេរិក​ក៏​គ្មាន​សិទ្ធិ​អ្វី​ចេញ​មុខ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដែរ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​មួយ​ដែល​ប៉ូលិស​ចិន​បាន​ផ្ញើ​ទៅ​ឲ្យ​ប៉ូលិស​ហុងកុង និង​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ កុម្ភៈ ប៉ូលិស​ចិន​បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Mighty Current តែ ៣នាក់ គឺ​លោក​ល្វី ប៉ លោក​ឈុង ជីពីង និង​លោក​ឡាម វីឃី។ ទាក់ទង​នឹង​លោក​លី បូ និង​លោក​ហ្គី មីនហាយ ប៉ូលិស​ចិន​មិន​បាន​បញ្ជាក់​អ្វី​ទាំង​អស់ តែ​មាន​ដាក់​ភ្ជាប់​សំបុត្រ​របស់​លោក​លី បូ​សរសេរ​ដោយ​ដៃ​ទៅ​ជាមួយ។ សំបុត្រ​របស់​លោក​លី បូ​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ថា លោក​ក៏​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ចិន​ដែរ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ការ​ចាប់​ឃុំ​ខ្លួន​លោក​ដោយ​ប៉ូលិស​ចិន​ទេ។

ពលរដ្ឋ​ហុងកុង​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ជោគវាសនា​ខ្លួន

រឿងអាស្រូវ​ថ្មី​មួយ​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​ចិន​កំពុង​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ហុងកុង និង​ដែល​ពលរដ្ឋ​ហុងកុង​កំពុង​ព្រួយ​បារម្ភ​ជា​ពន់ពេក។ គឺ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ពលរដ្ឋ​ហុងកុង​ធ្លាប់​ទទួល​បាន​នៅ​ក្នុង​សម័យ​អាណានិគមនិយម​អង់គ្លេស។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នំា ១៩៩៧ ទេ​ដែល​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ និង​ដែល​ចិន​ខ្លួន​ឯង​បាន​សន្យា​រក្សា​ទុក​លក្ខន្តិក​ហុងកុង​ដូច​ក្នុង​សម័យ​អង់គ្លេស​រយៈពេល ៥០ឆ្នាំ។

ជា​ការ​ពិត ហុងកុង​សព្វថ្ងៃ​ជា​ទឹកដី​ស្វយ័ត​ដែល​មាន​រចនាសម្ព័ន្ធ​ដាច់​ដោយឡែក​ពី​ចិន​ដីគោក ពោល​មាន​រូបិយប័ណ្ណ​ផ្សេង មាន​ច្បាប់​ផ្ទាល់​ខ្លួន និង​មាន​រដ្ឋាភិបាល​ផ្ទាល់ខ្លួន។ តែ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​សភា​ហុងកុង​នៅ​ឆ្នាំ ២០១៧ ចិន​បាន​ផ្តើម​ដាក់​គំនាប​កាន់​តែ​ខ្លាំង​នៅ​ហុងកុង។សម្រាប់​ប្រជាជន​ហុងកុង​ដែល​ធ្លាប់​ភ្លួករសជាតិ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ពេញ​លេញ​ក្នុង​សម័យ​អាណានិគមនិយម​អង់គ្លេស ទង្វើ​របស់​ចិន​កុម្មុយនិស្ត​របៀប​នេះ ជា​រឿង​ដែល​គេ​ពិបាក​ទទួល​យក។

គួរ​រម្លឹក​ជូន​ថា ប៉ុន្មាន​ឆ្នំា ក្រោយ​ពី​ប្រទេស​អង់គ្លេស​បាន​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​ក្នុង​ឆ្នំា ១៩៩៧ មាន​ប្រជាជន​ហុងកុង​ប្រមាណ​ជា ៦០ ០០០នាក់​បាន​ចាកចេញ​ពី​ហុងកុង​ទៅ​តំាង​លំនៅដ្ឋាន​ក្នុង​ប្រទេស​ផ្សេង​ជា​រៀងរាល់​ឆ្នំា។ លទ្ធផល​ស្ទង់មតិ​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ហុងកុង​ចំនួន ២១% បាន​ត្រៀម​ខ្លួន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង ដោយសារ​តែ​ពួក​គេ​បារម្ភ​ពី​អនាគត​នយោបាយ​មិន​ទៀតទាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ