អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អ៊ីរ៉ង់​ក្តៅក្រហាយ​នឹង​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​រុស្ស៊ី​ស្តីពី​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី៧ ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ មធ្យោបាយ​ឃោសនា​មហាជន​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​ទម្លាយ​ព័ត៌មាន​ឲ្យ​ដឹង​ថា មាន​ទីប្រឹក្សាយោធា​អ៊ីរ៉ង់​ចំនួន ១៣នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​មាន​អ្នក​រងរបួស​ចំនួន ២១នាក់​ផ្សេង​ទៀត។ ការ​បាត់បង់​ទាហាន​អ៊ីរ៉ង់​នៅ​ក្នុង​ទឹកដី​ស៊ីរី​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ស្រុក​ខាន់ទូមែន​ស្ថិត​ប៉ែក​ខាង​ត្បូង​ទីក្រុង​អាឡិប។ ទីក្រុង​អាឡិប​ដែល​បទ​ឈប់បាញ់​ដ៏​ផុយស្រួយ​ទើប​ត្រូវ​បាន​ពន្យារ​ពេលរហូត​ដល់​ថ្ងៃទី១០ ឧសភា​នេះ។ បទឈប់បាញ់​នៅ​ស៊ីរី គឺ​កើត​ចេញ​ពី​ការ​ផ្តួចផ្តើម​រវាង​អាមេរិក និង​រុស្ស៊ី តែ​អ៊ីរ៉ង់​កំពុង​ក្តៅក្រហាយ​ខ្លាំង​ណាស់។ តើ​មក​ពី​ហេតុអ្វី​ទៅ?។

ជំនួប​រវាង​លោក​អាលី អាក្បារ វីឡាយ៉ាទី (រូបឆ្វេង) ទីប្រឹក្សា​ការទូត​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី និង​​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ
ជំនួប​រវាង​លោក​អាលី អាក្បារ វីឡាយ៉ាទី (រូបឆ្វេង) ទីប្រឹក្សា​ការទូត​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី និង​​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ SANA / REUTERS
ផ្សាយពាណិជ្ជកម្ម

រវាង​អ៊ីរ៉ង់ និង​ស៊ីរី រឿង​សម្ងាត់​មិន​អាច​បន្ត​លាក់​ជា​សម្ងាត់​បាន​ទៀត​ឡើយ។ តាំង​ពី​ដើម​មក​ម្ល៉េះ ពោល​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​មក អ៊ីរ៉ង់​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​លូកដៃ​យ៉ាង​ជ្រៅ​នៅ​ក្នុង​បញ្ហា​ផ្ទៃក្នុង​ស៊ីរី ដោយ​ជួយ​គាំទ្រ​ទាំង​ថវិកា ស្មារតី និង​កម្លាំងទ័ព​​ដល់​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ក្រុម​បះបោរ​ដែល​របប​ក្រុង​ដាម៉ាស់​ចាត់​ទុក​ជា​ពួក​ឧទ្ទាម។ តែ​ជា​រឿយៗ អ៊ីរ៉ង់​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ បន្ទាប់​មក គឺ​អ៊ីរ៉ង់​ខ្លួន​ឯង​ជា​អ្នក​សារភាព​ថា ពិត​ជា​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ច្បាំង​ខាង​កម្លាំង​រដ្ឋាភិបាល​លោក​អាសាដ​មែន។

ឥឡូវ​នេះ​ទៀត អ៊ីរ៉ង់​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ដោយ​មិន​លាក់លៀម ពី​ការ​ស្លាប់​ទីប្រឹក្សា​យោធា​អ៊ីរ៉ង់​ចំនួន ១៣នាក់ និង​របួស​ជាង ២០នាក់​នៅ​ក្នុង​សមរភូមិ​ខាន់ ទូមែន​ស្ថិត​ប៉ែក​ខាងត្បូង​ទីក្រុង​អាឡិប។ សូម​បញ្ជាក់​ជូន​ថា​ជា​ផ្លូវការ​នៅ​អ៊ីរ៉ង់ ទីក្រុង​តេហេរ៉ង់​មិន​បាន​ហៅ​ទ័ព​អ៊ីរ៉ង់​នៅ​ស៊ីរី​ថា​ជា​ទ័ពប្រយុទ្ធ​ទេ តែ​ជា​ទីប្រឹក្សា​យោធា។ នេះ​ជា​លើកទី១ តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​ជម្លោះ​ផ្ទៃក្នុង​ដែល​អ៊ីរ៉ង់​ទទួល​រងការ​បាន​បាត់បង់​យ៉ាង​ច្រើន​សម្បើម។ អ៊ីចឹង​ហើយ​បាន​ជា​លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ចាត់​ទុក​ការ​ស្លាប់​ទាហាន​អ៊ីរ៉ង់នៅ​អាឡិប​ថា កើត​ចេញ​ពី​ការ​រំលោភបំពាន​លើ​បទឈប់បាញ់​ដែល​បាន​ផ្តួចផ្តើម​ដោយ​អាមេរិក និង​រុស្ស៊ី។

កំណត់​សម្គាល់​មួយ​ទៀត ព័ត៌មាន​ស្តីពី​ការ​ស្លាប់ និង​របួស​ទាហាន​អ៊ីរ៉ង់​យ៉ាង​សម្បើម​ក្នុង​ទឹក​ស៊ីរី​បាន​ធ្លាក់​មក បន្ទាប់​ពី​លោក​អាលី អាក្បារ វីឡាយ៉ាទី ទីប្រឹក្សា​ការទូត​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​ជួប​សន្ទនា​ជា​មួយ​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ក្នុង​ទីក្រុង​ដាម៉ាស់​កាល​ពី​ថ្ងៃ​សៅរ៍ ទី៧ ឧសភា។ នៅ​ក្នុង​ជំនួប​នោះ លោក​អាលី អាក្បារ វីឡាយ៉ាទី​បាន​ពំានាំ​ការ​គាំទ្រ​មិន​រាថយ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ចំពោះ​ស៊ីរី​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ពិបាក​ទ្រាំ​មិន​និយាយ​នោះ គឺ​ការ​ដែល​អាមេរិក និង​រុស្ស៊ី​កំពុង​ព្យាយាម​ដើរ​តួនាទី​ផ្តាច់​មុខ​នៅ​ក្នុង​សំណុំរឿង​ស៊ីរី។

ចូរ​កុំ​ភ្លេច​ថា គឺ​អាមេរិក និង​រុស្ស៊ី​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី​ក្នុង​គោលដៅ​ជួយ​ផ្ទល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ីរី​ដែល​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ នៅ​ពេល​ដែល​បទ​ឈប់បាញ់​ត្រូវ​បាន​រំលោភ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី​ផ្ទាល់ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហ្ស៊ឺណែវ​ដើម្បី​ជួប​សន្ទនា​ជាមួយ​ប្រេសិតពិសេស​សហប្រជាជាតិ​ទទួល​បន្ទុក​ស៊ីរី ព្រម​ទាំង​ជួប​ជាមួយ​សមភាគី​រុស្ស៊ី។ ទង្វើ​របៀប​នេះ​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​អន់ចិត្ត​ជា​ពន់ពេក ហើយ​ប្រទេស​ដែល​អ៊ីរ៉ង់​ក្តៅក្រហាយ​ខ្លាំង​ជាង​គេ គឺ​រស្ស៊ី ព្រោះ​ក្នុង​នាម​ជា​អ្នក​គាំទ្រ​របប​ស៊ីរី​របស់​លោក​អាសាដ​ដូច​អ៊ីរ៉ង់​ដែរ​នោះ ក្រុង​ម៉ូស្គូ​ហាក់​ដូច​ជា​បាន​បំភ្លេច​អ៊ីរ៉ង់ រួច​បែរ​ក្បាល​ទៅ​ជួប​សន្ទនា​ផ្តាច់​មុខ​ជា​មួយ​អាមេរិក​ទៅ​វិញ។

បន្ទាប់​មក​គឺ​អាមេរិក​ដែល​អ៊ីរ៉ង់​យល់​ឃើញ​ថា បាន និង​កំពុង​ប្រើ​នយោបាយ​ប្រឆាំង​នឹង​និកាយឈីអ៊ីត និយាយ​ជា​រួម និង​ប្រឆាំង​អ៊ីរ៉ង់ និយាយ​ដោយឡែក។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​កាល​ពី​ថ្ងៃទី៥ ឧសភា លោក​អាលី ខាមេណី​បាន​ចោទ​អាមេរិក​ពី​បាន​ធ្វើ​នយោបាយ​ប្រឆាំង​អ៊ីស្លាម ប្រឆាំង​អ៊ីរ៉ង់ និង​ប្រឆាំង​ឈីអ៊ីត។ សុន្ទរកថា​ចោទ​អាមេរិក​ដូច​គ្នា​នេះ​ក៏​មាន​ពី​បបូរ​មាត់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ដែរ។ លោក​រ៉ូហានី​ដែល​គេ​បាន​ចាត់​ទុក​ជា​អ្នកកណ្តាលនិយម​មិន​ដែល​ប្រើ​សម្តី​ថ្លោស​ដាក់​អាមេរិក​ទេ​តាំង​ពី​លោក​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៣ និង​តាំង​ពី​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។

តាម​ពិត​ទៅ ពោល​តាំង​ពី​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​តាំង​ពី​មាន​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ភាគ​ចេញ​ពី​អ៊ីរ៉ង់​មក ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​មិន​បាន​ស្គាល់​ភាព​ចម្រើន​ដូច​ដែល​គ្រប់​គ្នា​បាន​រំពឹង​ទុក​ទេ។ ទីក្រុង​វ៉ាស៊ីនតោន​បន្ត​រក្សា​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ធនាគារ​អ៊ីរ៉ង់ ហើយ​ថ្មីៗ​កន្លង​ទៅ​នេះ តុលាការ​អាមេរិកាំង​បាន​សម្រេច​ផ្អាប់​ទុក​លុយ​អ៊ីរ៉ង់​ចំនួន ២ ០០០លានដុល្លារ​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​ក្នុង​អំពើភេរវកម្ម​វាយប្រហារ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​ក្នុង​ទីក្រុង​បេរូត ប្រទេស​លីបង់​ក្នុង​ទសវត្ស​ឆ្នាំ ៨០។

ក្រៅ​ពី​នេះ អាមេរិក​ក៏​បាន​ចាត់​វិធានការ​លើ​អ៊ីរ៉ង់​នៅ​ក្នុង​សំណុំរឿង​គ្រាប់មីស៊ីល​ដែរ។ ជា​ការ​ឆ្លើយ​តប​វិញ ទីក្រុង​តេហេរ៉ង់​បាន​គំរាម​បិទ​ច្រក​សមុទ្រ Ormuz ដែល​បរិមាណ​ប្រេង ១ភាគ៣​ក្នុង​លោក​បាន​ដឹក​ចេញ​តាម​ច្រក​សមុទ្រ​នោះ។ តើ​ទំនាក់ទំនង​រវាង​អាមេរិក និង​អ៊ីរ៉ង់​សព្វថ្ងៃ​នេះ​មិនមែន​កំពុង​បោះជំហាន​ទៅ​រក​ទំនាក់ទំនង​អង្គុយ​បែរខ្នង​ដាក់​គ្នា​ជា​ថ្មី​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ