អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីប្រជាជនចាប់ពីឥណ្ឌាដល់អឺរ៉ុបនិយាយភាសាដែលមានឫសគល់តែមួយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកជំនាញ​ខាង​ភាសា​បាន​ដឹង​តាំង​ពី​រាប់​សិបឆ្នាំមកហើយ​ថា ភាសា​រាប់រយ​ដែល​គេ​ប្រើ​នៅ​តាម​បណ្តា​ប្រទេស​រាប់ចាប់តាំង​ពី​ឥណ្ឌា​រហូត​​ដល់​អឺរ៉ុប មាន​ឫសគល់​ចេញ​ពី​ភាសា​ដើម​តែមួយ ហើយ​ដែល​គេឲ្យឈ្មោះ​ថា​ជា​ប្រភេទ​ភាសា “ឥណ្ឌូអឺរ៉ុប”។ អ្វីដែល​គេ​តែងតែ​ចោទ​ជា​សំណួរឡើងនោះ គឺ​នៅត្រង់​ថា តើ​ហេតុអ្វី​បាន​ជា​ប្រជាជនដែល​រស់​នៅ​ក្នុង​ទឹកដី ដែល​លាតសន្ធឹង​ចាប់តាំង​ពី​អឺរ៉ុប​ដល់​អាស៊ី តែ​បែរជា​មាន​ឫសគល់​ភាសា​ដើម​ចេញ​ពី​ប្រភពតែមួយ​បែបនេះ?

ភាសា​ដែល​ប្រជាជន​រាប់ពាន់លាននាក់ចាប់តាំង​ពី​អាស៊ីរហូត​ដល់​អឺរ៉ុប ប្រើប្រាស់​សព្វថ្ងៃ មាន​ឫសគល់​ចេញ​ពី​ភាសា​តែមួយ គឺ​ភាសា "ឥណ្ឌូអឺរ៉ុប"
ភាសា​ដែល​ប្រជាជន​រាប់ពាន់លាននាក់ចាប់តាំង​ពី​អាស៊ីរហូត​ដល់​អឺរ៉ុប ប្រើប្រាស់​សព្វថ្ងៃ មាន​ឫសគល់​ចេញ​ពី​ភាសា​តែមួយ គឺ​ភាសា "ឥណ្ឌូអឺរ៉ុប" Pixabay
ផ្សាយពាណិជ្ជកម្ម

អ្នកខ្លះ​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ភាសា​ខ្មែរ មាន​ពាក្យ​ខ្លះ ដែល​មាន​ប្រភពដើម​ចេញ​ពី​ភាសា​សំស្ក្រឹត មាន​ភាព​ស្រដៀងគ្នា​ច្រើន​ទៅនឹង​ពាក្យ​នៅក្នុង​ភាសា​នៅ​អឺរ៉ុប ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ភាសា​ក្រិក ឬ​ឡាតាំង។ ឧទាហរណ៍ ពាក្យថា "ត្រី” (ឬ “ត្រៃ”) ស្រដៀងគ្នា​នឹង​ភាសា​ក្រិកថា “tria” ឡាតាំង​ថា “tres”​ ភាសា​អង់គ្លេសថា “three” ដែល​មានន័យថា “ចំនួន៣”។ ក្រៅពីនេះ​នៅមាន​ពាក្យ​ស្រដៀងគ្នា​ជាច្រើន​ផ្សេងទៀត​​ដូចជា “សប្ត” (ឬ “សត្ត”) និង “septem” ដែលមានន័យ​ថា “ប្រាំពីរ”, “នព្វ” (ឬ “នវ”) និង “novem” ដែលមានន័យថា “ប្រាំបួន”... ។ល។

ជាការពិតណាស់​ថា ភាសាខ្មែរ​​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​អម្បូរ​ភាសា​ "អូស្ត្រូអាស៊ី" ក៏ប៉ុន្តែ ពាក្យទាំងប៉ុន្មាន​ខាងលើ​នេះ គឺ​ជា​ពាក្យ​មក​ពី​ភាសា​សំស្ក្រឹត ហើយ​ភាសាសំស្ក្រឹត​នេះ​មាន​ឫសគល់​ចេញ​ពី​អម្បូរភាសា “ឥណ្ឌូអឺរ៉ុប” ដែល​ជា​ប្រភព​ដើម​រួមរបស់​​ភាសា​ឡាតាំង និង​ក្រិក ព្រមទាំង​ភាសា​រាប់រយ​ផ្សេងទៀត រាប់ចាប់តាំង​ពី​ភាសាហិណ្ឌី​នៅ​ឥណ្ឌា ភាសា​អួរឌូ​នៅ​ប៉ាគីស្ថាន ព្រមទាំង​ភាសា​អ៊ីរ៉ង់ រុស្ស៊ី រហូត​ទៅដល់​អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស នៅ​អឺរ៉ុប។ និយាយ​ជារួម វាគឺ​ជា​ភាសា​ដើម​របស់​ប្រជាជន​រាប់ពាន់លាននាក់ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ទឹកដី​ដែល​លាត់សន្ធឹង​ចាប់តាំង​ពី​អ៊ីរ៉ង់​ ដល់​រុស្ស៊ី និង​ពី​​ឥណ្ឌា រហូត​ទៅដល់​បារាំង។

ការសិក្សាប្រៀបធៀប​​ទៅលើ​អាដេអិន​របស់​មនុស្ស​សម័យ​បុរាណ ទាំង​នៅ​អាស៊ី និង​នៅ​អឺរ៉ុប បាន​បង្ហាញ​ថា មូលហេតុ​ចម្បង ដែល​នាំ​ឲ្យភាសា​ដើម​តែមួយ​ត្រូវ​រីកសាយ​ភាយ​ទៅ​កាន់​ទឹកដី​ដ៏​ធំល្វឹងល្វើយបែបនេះ គឺ​ចលនា​ចំណាកស្រុក​នៃ​មនុស្ស​សម័យ​បុរាណ តាំង​ពី​ប្រមាណ​ជា ៥ពាន់​ឆ្នាំមុន ហើយ​ប្រភពដើម​នៃ​ចលនា​ចំណាកស្រុក​នេះ គឺ​ចេញ​ពី​តំបន់​អាស៊ី​កណ្តាល។

តាមការពិត​ទៅ ភស្តុតាង​នៃ​ចលនាចំណាកស្រុក​ពី​អាស៊ី​កណ្តាល​ទៅ​អឺរ៉ុប​ត្រូវ​បាន​គេ​រកឃើញ តាំង​ពី​ឆ្នាំ២០១៥​មក​ម៉្លេះ។ អ្វី​ដែល​នៅ​ជា​ចំណោទ​នៅ​ពេលនោះ គឺ​ឥទ្ធិពល​នៃ​ចលនា​ចំណាកស្រុក​​ពី​អាស៊ី​កណ្តាល​ទៅ​កាន់​អាស៊ី​ខាង​ត្បូង ពោលគឺ ឧបទ្វីប​ឥណ្ឌា។

ដើម្បី​ជម្រះ​ចម្ងល់​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ជំនាញ​ខាង​ហ្សេណេទិក ខាង​បុរាណវិទ្យា និង​ខាង​នរវិទ្យា បាន​បន្ត​​​សិក្សា ដោយ​​ប្រៀបធៀបអាដេអិន​របស់​មនុស្ស​សម័យ​បុរាណ​ចំនួន​ជាង ៥០០នាក់ ដែល​គេ​រកឃើញ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​កណ្តាល ហើយ​ដែល​មាន​អាយុកាល​ក្នុង​ចន្លោះ​ពី​២ពាន់​ឆ្នាំ ទៅ​១ម៉ឺន២ពាន់​ឆ្នាំមុន។ លទ្ធផល​នៃ​ការ​សិក្សា​នេះ ដែល​ត្រូវ​បាន​គេ​ចុះផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី Science កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១៩​ បង្ហាញ​ថា តំ​បន់​អាស៊ី​ខាង​ត្បូង ពោលគឺ ទឹកដី​ឥណ្ឌា និង​ប៉ាគីស្ថាន​បច្ចុប្បន្ន ក៏​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​ចលនា​ចំណាកស្រុក​មក​ពី​តំបន់​អាស៊ី​កណ្តាល ដូចជា​តំបន់​អឺរ៉ុប​ដែរ។

ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្រ្ត​ដែល​ចូល​រួម​ក្នុង​គម្រោង​សិក្សា​នេះ​បាន​ធ្វើ​ការ​កត់សម្គាល់​នូវ​ចំណុច​មួយ ដែល​ធ្វើ​ឲ្យ​គេ​នាំគ្នា​ភ្ញាក់ផ្អើល។ ជាទូទៅ តាំងពីដើម​មក គេតែងតែ​គិត​ថា ដើម្បី​ឲ្យ​ប្រជាជន​ចំណូល​ថ្មី​មាន​ឥទ្ធិពល​ផ្លាស់ប្តូរ​ភាសា ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ដើម​បាន លុះត្រា​តែ​ប្រជាជន​ចំណូលថ្មី​នេះ​មាន​ចំនួន​ច្រើន​លើសលុប​ទៅលើ​ប្រជាជន​ដើម។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​សិក្សា​ទៅលើ​អាដេអិន​បង្ហាញ​​ថា ប្រជាជន​អាស៊ី​កណ្តាល​ដែល​ធ្វើ​ចលនា​ចំណាកស្រុក​​ទៅ​កាន់​តំបន់​អាស៊ី​ខាង​ត្បូង​​នៅ​ក្នុង​សម័យ​បុរាណ​នោះ មាន​ចំនួន​តិចតួចតែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ ពួកគេ​នៅតែ​អាច​នាំ​​ឥទ្ធិពល​នៃ​ភាសា​​របស់​ពួកគេ​ទៅ​ផ្លាស់ប្តូរ​ភាសា​របស់​​​ប្រជាជន​ដើម​​ក្នុង​តំបន់​បាន។

ទោះជាយ៉ាងណា និយាយ​ជា​រួម​ទៅ ការ​សិក្សា​រាប់ចាប់តាំង​ពី​ឆ្នាំ២០១៥ រហូត​មក​ទល់​នឹង​ឆ្នាំ២០១៩​នេះ ​​នៅតែ​អាច​ឲ្យ​គេ​សន្និដ្ឋាន​បានថា ភាសាឥណ្ឌូអឺរ៉ុប​មាន​ប្រភព​ដើម​តែមួយ ​ចេញ​ពី​តំបន់​អាស៊ី​កណ្តាល មុននឹង​រីកសាយភាយ​ទៅ​តាម​ចលនា​ចំណាកស្រុក​របស់​ប្រជាជន​អាស៊ី​កណ្តាល ​ដែល​ចែកចេញ​ជា​ពីរ​ទិសដៅ គឺ​មួយក្រុម​​ចេញ​​​​ទៅ​ទិស​ខាង​លិច ទៅដល់​តំបន់​អឺរ៉ុប នៅ​ប្រមាណ​ជា ៥ពាន់​ឆ្នាំមុន និង​មួយក្រុម​ទៀត​ចេញ​ទៅ​ទិសខាង​ត្បូង ទៅដល់​អាស៊ី​ខាង​ត្បូង នៅ​ក្នុង​ចន្លោះ​ពី​៣ពាន់៥រយ​ឆ្នាំ ទៅ៣ពាន់៩រយឆ្នាំ​មុន។

ការ​សិក្សា​ទាំងនេះ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ចលនា​ចំណាកស្រុក​របស់​ប្រជាជន​អាស៊ី​កណ្តាល​សម័យ​បុរាណ​ទៅ​កាន់​តំបន់​អឺរ៉ុប និង​អាស៊ី​ខាង​ត្បូង​នេះ មិនមែន​ត្រឹមតែ​នាំ​យក​ទៅ​ជាមួយ​នូវ​ឥទ្ធិពល​នៃ​ភាសា​​តែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏​ប្រហែល​ជា​បាន​​នាំ​យក​ទៅ​ជាមួយ​ផងដែរ​នូវ​ឥទ្ធិពល​នៃ​របៀប​រស់នៅ ជាពិសេស គឺ​ការ​រស់​នៅ​ដោយ​ប្រកបរបរ​កសិកម្ម​ ដែល​ជា​បដិវត្តន៍​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​មនុស្សជាតិយើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ