អានតួអត្ថបទ
កូរ៉េ​ខាងជើង

អាមេរិក​និង​ចិន​ឯកភាពគ្នា​ដាក់បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

អាមេរិក​បានប្រកាស​ឲ្យដឹង​ថា ខ្លួន​នឹង​បញ្ជូនសេចក្តីព្រាង​មួយ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​អនុម័ត ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​កូរ៉េ​ខាងជើង ក្រោយ​ពី​របបកុម្មុយនិស្ត​​ក្រុងព្យុងយ៉ាង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក ដែល​ជា​ការ​រំលោភ​ទៅនឹង​បម្រាម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ។ ការសម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​មាន​ការ​ឯកភាព​ពី​សំណាក់​ប្រទេស​ចិន។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​គ្រោង​ប្រជុំ​ជជែក​អំពី​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ នៅថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦
ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​គ្រោង​ប្រជុំ​ជជែក​អំពី​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ នៅថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

តាំងពីដើមរៀងមក នៅ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង គេ​សង្កេតឃើញ​ថា រាល់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក្នុងការ​​ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េ​ខាងជើង​ ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​ចម្បងមួយ​ដោយ​ចៀសមិនរួច គឺ​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង និង​ជា​សមាជិក​អចិន្រ្តៃយ៍​ដែល​មាន​សិទ្ធិវ៉េតូ។ លើកនេះ​ក៏​មិនខុស​ពី​លើ​មុនៗ​ដែរ អាមេរិក​បាន​ព្យាយាម​​ចរចា​ជាមួយ​ចិន អស់រយៈពេល ៧សប្តាហ៍​មក​ហើយ ពោលគឺ ចាប់តាំង​ពី​ក្រោយ​ពី​កូរ៉េ​ខាងជើង​​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពីថ្ងៃ​ទី៦​មករា​។

កាលពីថ្ងៃ​ពុធ មន្រ្តី​ទូត​អ.ស.ប​បាន​បង្ហើប​ឲ្យដឹង​ថា មហាអំណាច​ទាំងពីរ​​បាន​ឯកភាព​គ្នា​លើ​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់​លើ​កូរ៉េ​ខាងជើង ទើប​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប សម្រេច​​​បញ្ជូន​សេចក្តីព្រាង​សេចក្តីសម្រេច​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត។

យោងតាម​​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​អ.ស.ប សំណើ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​នេះ​នឹង​ត្រូវ​ដាក់​ជា​របៀបវារៈ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅថ្ងៃ​ព្រហស្បតិ៍​វេលាម៉ោង ៣រសៀល ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក​ (ត្រូវ​នឹង​ម៉ោង៣រំលងអធ្រាត​ថ្ងៃ​សុក្រ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា) ក៏ប៉ុន្តែ គេ​នៅមិនទាន់​អាច​ដឹងច្បាស់​នៅឡើយទេ​ថា តើ​សេចក្តីសម្រេច​នេះ​​អាច​នឹង​ត្រូវ​​អនុម័ត​ចេញរួច​នៅ​ពេលណា?

ម្យ៉ាងទៀត រហូតមកទល់​នឹង​ពេលនេះ គេ​ក៏​នៅមិនទាន់​អាច​ដឹង​លម្អិត​ច្បាស់​នៅឡើយដែរ​ អំពី​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​នេះ។ ក៏ប៉ុន្តែ មន្រ្តី​ទូត​អ.ស.ប ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹង​ត្រួសៗ​ថា ទណ្ឌកម្ម​ដែល​អាមេរិក​ស្នើឡើង​គឺ​រួមមាន​ការ​ដាក់​បញ្ចូល​ឈ្មោះ​បុគ្គល និង​ស្ថាប័ន​ថ្មីៗ​មួយ​ចំនួន​ទៀត​របស់​កូរ៉េ​ខាងជើង​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​ត្រូវ​ជាប់ទណ្ឌកម្ម ការកម្រិត​សិទ្ធិសេរីភាព​នាវា​ដឹកជញ្ជូន​របស់​កូរ៉េ​ខាងជើង​ក្នុងការ​ប្រើប្រាស់​កំពង់ផែ​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​ការកម្រិត​សិទ្ធិសេរីភាព​របស់​ធនាគារ​កូរ៉េ​ខាងជើង​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ