អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីចូម ជា​ប្រភព​ថាមពល​សម្រាប់​អនាគត

ចុះផ្សាយ​នៅ​ថ្ងៃ៖

លីចូម ជា​លោហៈអាល់កាឡាំង​​ដែល​មាន​ប្រើ​​សម្រាប់​ផលិត​អាគុយឡាន​អគ្គិសនី និង​ទូរស័ព្ទ​ដៃ។ ប៉ុន្តែ​ការ​ទាញ​ឬ​ចម្រាញ់​យក​លោកហៈ​លីចូម មិន​អនុគ្រោះ​ដល់​ផ្នែក​បរិស្ថាន​ទេ។ ​ដំណោះស្រាយទើប​​ចាប់​ផ្តើម​លេច​ចេញ​ជា​បណ្តើរៗ​តែ​ប៉ុណ្ណោះ។

©REUTERS/Ivan Alvarado
ផ្សាយពាណិជ្ជកម្ម

លីចូម​ជា​លោហៈ​ដ៏​ស្រាល  ​មាន​សមត្ថភាព​ខ្ពស់​ខាង​ផ្នែក​អេឡិចត្រូគីមី ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​​ត្រូវ​ការ​លីចូមច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើបៗ​បច្ចុប្បន្ន។ លីចូម​​​ជា​វត្ថុ​ធាតុ​ដើម​ដ៏​ចាំ​បាច់ សម្រាប់​​​ផលិត​ថ្មពិល ថ្មសាក​ឡាន​អាគុយ (អាគុយឡាន​អគ្គិសនី) និង​គ្រឿង​អេឡិចត្រូនិច​ជា​ច្រើន មាន​ជា​អាទិ៍​ទូរស័ព្ទ​ដៃ និង​សម្រាប់ផលិត​គ្រឿង​សេរ៉ាមិក កែវ ព្រម​ទាំង​ជា​ធាតុសកម្ម​សម្រាប់​ផលិត​​ឱសថ​​ផ្សេងៗ។

​ដើម្បី​ទ្រង់ទ្រង់​បរិស្ថាន និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស ​​ពិភពលោកបច្ចុប្បន្ន​កំពុង​តម្រង់ទិស​ទៅ​ប្រើ​រថយន្ត​អាគុយ​កាន់​ច្រើន​ឡើងៗ។ ជម្រើស​នេះ​បាន​ធ្វើ​ឱ្យ​​ តម្រូវការផ្នែក​លីចូម កើន​ឡើង​ជា​លំដាប់ ៖ ៧៤%​នៅ​ឆ្នាំ​២០១៧  ២៣%​នៅ​ឆ្នាំ​២០១៨ និង​បន្ត​ក្នុង​កំរិត​១៥ទៅ​២០%​ក្នុង​មួយ​ឆ្នាំ​ៗ។ និយាយ​ឱ្យ​ចំ លីចូម​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លោហៈធាតុ​ដ៏​មាន​គុណប្រយោជន៍​មួយ ក្នុង​ការ​ចម្លង​អន្តរកាល​ថាមពលឆ្ពោះ​ទៅ​ប្រើ​​ថាមពល​​ស្អាត គោរព​បរិស្ថាន ដែល​ប្រទេស​ជាច្រើន​​កំពុង​ចាប់​ផ្តើមគិត​គូរ​ធ្វើ។

តម្រូវ​ការ​ពិភពលោក​ផ្នែក​លីចូម​កាន់​ធំ ប្រទេស​ស៊ីលី អាហ្សង់ទីន ព្រមទាំង​ចិន និង​អូស្ត្រាលី​កាន់​តែ​សប្បាយ​ចិត្ត​ ព្រោះ​ប្រទេស​ទាំង​បី​ជា​មាន​ធនធាន​ធម្មជាតិ​​​លីចូមក្រោម​ដី​​ច្រើន​ជាង​គេ (អូស្ត្រាលី​ មាន​ផលិត​កម្ម​លោហៈ​លីចូម​ច្រើន​ជាងគេ​លំដាប់​ទីមួយ​ពិភពលោក ៥១០០០​តោន​ នៅ​ឆ្នាំ​២០១៨ បន្ត​ដោយ​ប្រទេស​ស៊ីលី១៦០០០ ចិន៨តោន និង​អាហ្សង់ទីន ៦២០០)។ បូលីវី ប្រទេស​ដ៏​ក្រីក្រ​បំផុត​ជាង​គេ​មួយ​នៅ​ទ្វីប​អាមេរិក​ឡាទីន ដែល​មាន​​អណ្តូង​រ៉ែ​លីចូម​ដ៏​ធំ​សម្បើម​ជាង​គេ​បំផុត​​នៅ​លើ​ពិភពលោក​ ដល់​ទៅ​ប្រមាណ​២១​លាន​តោន​ (ទល់​នឹង​១៤​លាន​តោន​​នៃបរិមាណ​សរុប​​លីចូម​​នៅ​គ្រប់​តំបន់​ទូទាំង​ពិភពលោក បូក​បញ្ចូល​គ្នា) កំពុង​ត្រៀម​​ខ្លួន​ចាប់​ផ្តើម​​ធ្វើឧស្សាហកម្ម​ចម្រាញ់​យក​លីចូម​ដែរ។ ប្រសិន​បើ​បូលីវីចាប់​ធ្វើ​​​អាជីវកម្មលីចូម​ដែរ បូក​ជាមួយ​អាហ្សង់ទីន និង​ស៊ីលី​ទៅ បី​ប្រទេស​នេះ​នឹង​តំណាងឱ្យ​៧៥%​នៃ​​ធនធាន​បំរុង​ផ្នែក​ថាមពល​អនាគត​របស់​ពិភពលោក​។

ប៉ុន្តែ​វិធី​សាស្ត្រ​ទាញ​និង​ចម្រាញ់​យក​អំបិល​លីចូមពី​ធម្មជាតិ​​របស់​ប្រទេស​ទាំង​បី​ ដែល​គេ​ចាត់​ទុក​ជា​តំបន់​ត្រីកោណ​លីចូមពិភពលោក​នោះ ជា​វិធី​សាស្ត្រ​យឺតៗ និង​មិនអនុគ្រោះ​ដល់​បរិស្ថាន​ទេ ព្រោះ​រ៉ែ​លីចូមនេះ​ មាន​កប់​ក្នុង​ស្រទាប់​ដី​ដ៏​ជ្រៅ ក្នុង​តំបន់​ស្ងួត​ហួតហែង ប្រៃសោះកក្រោះ។​ ដើម្បី​បាន​លីចូម គេ​ត្រូវ​ចម្រោះ​វា​ចេញ​ពី​ល្បាយ​ដី​ប្រៃ​ ពី​ស្រទាប់​ដី​ក្រោម​ទឹក​ប្រៃ​​។ ប្រៀប​ដូច​ការ​ធ្វើ​ស្រែ​អំបិល​​ គេ​ត្រូវ​បូម​ទឹកបំពេញ​ស្រះ​ជីក​រួច ទុក​ឱ្យ​វា​ហួត​រីង​ដើម្បី​បាន​លីចូម​។ វិធី​បែប​នេះ ប្រើ​ទឹក​អស់​រាប់​សិប​​ពាន់​លីត្រ ក្នុង​មួយ​ថ្ងៃៗ និង​ត្រូវ​ប្រើ​ពេល​វេលា​យូរ។

ដើម្បី​ចៀស​ប្រើ​វិធីសាស្ត្រ​នេះ គេមាន​​ដំណោះស្រាយមួយថ្មី ដែល​មិន​ធ្វើ​ឱ្យ​ខូច​បរិស្ថាន តែ​​​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៅ​ឡើយ។ ជា​ដំណោះស្រាយ​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក​នៅ​កាលីហ្វ័រញ៉ា Lilac Solution។ ក្រុមហ៊ុន​ទើប​បាន​រៀប​ចំ​គម្រោង​ចំណាយ​ថវិកា​ជាង​២០​លាន​ដុល្លារ​អាមេរិក​សម្រាប់អភិវឌ្ឍ​​បច្ចេកវិទ្យា​ចម្រាញ់​លីចូម​ថ្មី ដោយ​ប្រើ​ទឹក​តិច​។ ក្រុមហ៊ុន​បារាំង​ យ៉ាង​ហោច​ពីរ ក៏​បាន​ចាប់​ផ្តើម​សិក្សា​គម្រោង​ស្រដៀង​នឹង​ក្រុមហ៊ុន​អាមេរិក​ដែរ។ ​បារាំងកំពុង​សម្រេច​បច្ចេកវិទ្យា​ដែល​អាច​បូម​ទឹក​មក​ចម្រោះ​យក​លីចូម ក្នុង​បរិមាណ​តិច​ជាង​វិធី​សាស្ត្រ​ពីរ​ដង ហើយ​អាច​យក​ទឹក​ដែល​ប្រើ​រួច​ទៅ​ប្រើ​ឡើង​វិញ​ម្តង​ទៀត។

ជា​វត្ថុ​ធាតុ​ដើម​ដ៏​ចាំ​បាច់​សម្រាប់​ផលិត​អាគុយ​​ឡាន​ ឧស្សាហកម្ម​ផលិត​រថយន្ត​ស្រក់​ទឹក​មាត់​ចង់​បាន​លីចូម​ណាស់។ បើ​តាម​ការ​​ប៉ាន់​ស្មាន គេ​ត្រូវ​ការ​បង្កើន​ផលិតផល​​លីចូម មួយ​ជា​បួន នៅ​ក្នុង​រវាង​១០​ឆ្នាំ​ខាង​មុខ ​ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ក្នុង​វស័យ​ឧស្សាហកម្ម​រថយន្ត​តែមួយ​នេះ​បាន។ សម្រាប់​ឆ្នាំ​២០៤០ អ្នក​ជំនាញ​ព្យាករ​ថា ការ​លក់​រថយន្ត​​ប្រើ​អាគុយ​នឹង​វ៉ារ​ទីផ្សារ​រថយន្ត​ធម្មតា​។ ចាប់​ពី​​ឆ្នាំ​២០២៥ទៅ​ ចិន​អាច​នឹង​​ត្រូវការ​លោហៈ​លីចូមដល់​ទៅ​​ប្រមាណ​៨​ម៉ឺន​តោន​ក្នុង​មួយ​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​​ផ្នែក​​ផលិតរថយន្ត​អាគុយ។ ចិន​តំណាង​ឱ្យ​ទីផ្សារ​អាគុយ​សាក​ដល់​ទៅ​៦៣%​ ​​ នាំ​មុខ​សហរដ្ឋ​អាមេរិក​ (២៣%)​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ