អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅពេល​អង្គការ​សហប្រជាជាតិ​ជួបវិបត្តិ ខ្វះ​ប្រេសិតសម្រាប់វិបត្តិ​នៅលីប៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល៊ីប៊ី ស៊ូដង់ និង​សាហារ៉ា​ខាងលិច នៅបន្ត​ជួប​វិបត្តិ​នយោបាយ និង​ការប្រយុទ្ធដណ្តើម​ទឹកដីគ្នា ប៉ុន្តែ អង្គការ​សហប្រជាជាតិ លែង​មាន​ប្រេសិត​របស់ខ្លួន សម្រាប់​ធ្វើ​ជា​អន្តរការី សម្រាប់​ជម្លោះ សំខាន់​ទាំងបី​ទៀតហើយ។ ប៉ុន្មាន​ខែមកហើយ លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ បាន​ស្វែងរក​អ្នក​មក​កាន់តំណែង​បេសកកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិន​បាន​សម្រេច។ តាម​មន្រ្តីទូត នៅ​អង្គការ​សហប្រជាជាតិ អាមេរិក​បាន​បោះឆ្នោត ជំទាស់ រាល់​បេក្ខជន​ដែល​លោក​អគ្គលេខាធិការ​អង់តូនីញ៉ូ ហ្គូទែរក៍។ ហេតុអ្វី បាន​ជា​ដូច្នេះ? 

ទង់របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ស្ហ៊ីប
ទង់របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ស្ហ៊ីប REUTERS - Neil Hall
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ ជួប​វិបត្តិ​ខ្វះបេ្រសិត ជាង​ពេលណាៗ​ទាំងអស់។ នៅពេល​ជម្លោះ​ដណ្តើម​ទឹកដី​នៅ​សាហារ៉ា​ខាងលិច នៅមិនទាន់​ចប់​ដាច់ស្រេច រវាង​ម៉ារុក ម៉ូរីតានី និង​រណសិរ្ស Polisario តំណែង​បេសកកជន​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ជម្លោះ​ដ៏រ៉ាំរ៉ៃ​មួយនេះ បាន​ទំនេរ​ចោល មួយឆ្នាំ​មកហើយ នៅក្រោយ ការសុំ​លាលែង​របស់​អតីត​ប្រមុខរដ្ឋ​អាល្លឺម៉ង់​លោក Horst Kohler កាលពី​ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​ហេតុផល​សុខភាព​មិន​សូវល្អ។

នៅ​លីប៊ី ថ្វីត្បិត​ថា ភាគីជម្លោះ​បាន​យល់ព្រម​អនុវត្ត​បទឈប់បាញ់ ចាប់តាំង​ពី​ថ្ងៃ​ចន្ទ សប្តាហ៍នេះ ប៉ុន្តែ បទឈប់បាញ់ នឹង​អាច​ផុយស្រួយ ដូចមុនៗ។ នៅលីប៊ី អង្គការ​សហប្រជាជាតិ គ្មាន​អ្នកតំណាង​ពិសេស​របស់ខ្លួន អស់ ៣ខែមក​ហើយដែរ បន្ទាប់​ពី​ប្រេសិត សញ្ជាតិ​លីបង់ លោក​Ghassan Salamé បាន​សុំ​ដកខ្លួន លាលែង​ពី​មុខ​តំណែង ដោយសារ​បញ្ហា​សុខភាព។

នៅពេល គេ​នៅ​រក មិនទាន់​បាន​បេក្ខជន​សម្រាប់​តំណែង​ប្រេសិត ទាំង​២​  អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ឈឺក្បាល មួយជាន់​ទៀត ក្នុង​រឿង​រក​បេក្ខជន​សម្រាប់​តំណែង​ប្រធាន​បេសកកម្ម​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ទើប​បង្កើត​ថ្មីស្រឡាង ដើម្បី​​អមដំណើរ​ការផ្លាស់ប្តូរ នយោបាយ​ នៅ​ស៊ូដង់។

នៅ​ប៉ុន្មានខែ​មកនេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី ស្វែងរក​មនុស្សថ្មី ឲ្យ​កាន់​តំណែង​បេសកកជន​ពិសេស សម្រាប់​វិបត្តិលីប៊ី។ បេក្ខជន​ដែល​សក្តិសម​នឹង​តំណែង​នេះ ត្រូវ​ចេះ​និយាយ​ភាសា​អារ៉ាប់ មាន​បទពិសោធន៍​អន្តរជាតិ និង​មាន​សំពាយ​នយោបាយ​ធ្ងន់សមល្មម​សម្រាប់​អាច​ចេះ​សម្របសម្រួល ទប់ទល់​នឹង​ឥទ្ធិពល ជាប់ជា​ប្រចាំ​របស់​ប្រទេស​មហាអំណាច​ដែល​ជា​គូបដិបក្ខ និង​ដែល​ឈរ​នៅពីក្រោយ​ភាគីជម្លោះ​នៅ​លីប៊ី។ មន្រ្តីទូត​សុំ​មិន​បញ្ចេញឈ្មោះ ម្នាក់​ធ្លាប់​អះអាង​ថា បារាំង​ចាប់អារម្មណ៍ ចង់​មាន​ជនជាតិ​របស់ខ្លួន សម្រាប់​តំណែង​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ នៅ​លីប៊ី។

ប៉ុន្តែ នៅក្រោម​សម្ពាធ​របស់​សហភាព​អាហ្វ្រិក ដែល​ចង់ឃើញ​ជនជាតិ​របស់​ខ្លួន ចូលរួម ដោះស្រាយ​វិបត្តិ​នៅលើ​ទឹកដី​អាហ្វ្រិក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូទែរក៍ កាលពី​ខែ​មេសា​កន្លងទៅ បាន​ស្នើ​អតីត​រដ្ឋមន្រ្តី​ការបរទេស​អាល់ហ្សេរី សម្រាប់​តំណែង​ប្រេសិត អង្គការ​សហប្រជាជាតិ នៅ​លីប៊ី។ អតីត​រដ្ឋមន្រ្តី​ការបរទេស​អាល់ហ្សេរី ធ្លាប់​មាន​ស្នាដៃ ចូលរួម​ធ្វើ​ជា​អន្តរការី សម្រាប់​ជម្លោះ​ជាច្រើន នៅអាហ្រ្វិក ដូចជា នៅ​លីបេរីយ៉ា​ជាដើម។ ​

ប៉ុន្តែ នៅ ក្រុមប្រឹក្សា​សន្តិសុខ អាមេរិក​បាន​លើកដៃ វេតូ មិនទទួល​យកសំណើ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយ​គ្មាន​បញ្ជាក់​ហេតុផល​អ្វីទាំងអស់។ តាម​មន្រ្តីទូត​នៅ​អង្គការ​សហប្រជាជាតិ អាមេរិក​បោះឆ្នោត​ប្រឆាំង​បេក្ខភាព​របស់​អតីតរដ្ឋមន្រ្តី​ការបរទេស​អាល់ហ្សេរី ដោយសារ ​អាមេរិក​ស្តាប់​តាម អេហ្ស៊ីប និង​អេមីរ៉ា អារ៉ាប់រួម ដែល​មានទំនោរ​ទៅ​ខាង​សេនាប្រមុខ​ខាលីហ្វា ហាហ្វតារ និង​ដែលគិត​ថា អតីតរដ្ឋមន្រ្តីការបរទេស​អាល់ហ្សេរី ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ទ្រីប៉ូលី ដែលទទួល​ស្គាល់ដោយ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ដែល​ជា​សត្រូវ​របស់​សេនាប្រមុខ​ហាហ្វតារ។

ថ្មីៗនេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​បេក្ខជន​មួយរូបទៀត ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ នោះ គឺ រដ្ឋមន្រ្តី​ជាតិ ហ្កាណា ប៉ុន្តែ ជាថ្មី​ម្តងទៀត អាមេរិក​បាន​បោះឆ្នោត​ប្រឆាំង។ ដោយ​និយាយ​រិះគន់​ដោយ​ប្រយោល​បេក្ខភាព របស់​រដ្ឋមន្រ្តី​ហ្កាណា ​អ្នកទទួល​ខុសត្រូវ​ម្នាក់​នៅ​ក្រសួងការបរទេស​អាមេរិក បាន​វាយតម្លៃថា អនាគត ប្រេសិត​ត្រូវ​តែ​បុគ្គល​ដែល​មុខមាត់ខ្លាំង មាន​ទម្ងន់​សមត្ថភាព​ការទូត ខ្ពស់ ដើម្បី​អាច​ដោះស្រាយ​វិបត្តិ​លីប៊ី ដែល​ពិបាក និង​ស្មុគស្មាញ។

សម្រាប់​វិបត្តិលីប៊ី អាមេរិក​ចង់​ឲ្យគេ​បង្កើត​តំណែងពីរ គឺ ​បេសកកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដែល​ផ្តោតសំខាន់​ទៅលើ​ការចរចា និង​អ្នកតំណាងពិសេស ដែល​ទទួលបន្ទុក​គ្រប់គ្រង​បេសកកម្ម​នៅលីប៊ី។ សំណើ​របស់​អាមេរិក ដែល​ចង់​គេ​បង្កើត តំណែង​ចំនួន ពីរ  សម្រាប់​ជំនួស តំណែង​ប្រេសិត​តែមួយ ត្រូវ​បាន​ប្រទេស​ដៃគូ របស់​អាមេរិក នៅ​ក្រុមប្រឹក្សា​សន្តិសុខ​លើកដៃ​ជំទាស់ ក្នុង​ហេតុផលថា វា​គ្មាន​ប្រយោជន៍។ អង្គការ​សហប្រជាជាតិ មាន​បេសកកជនពិសេស និង​អ្នកតំណាង​ពិសេស​យ៉ាងដូច្នេះ សម្រាប់​វិបត្តិ​នៅស្ហ៊ីប និង​នៅ​សាហារ៉ា​ខាងលិច ប៉ុន្តែ អង្គការ​សហប្រជាជាតិ នៅតែ​មិនអាច​ដោះស្រាយ​វិបត្តិ​ទាំងពីរ រហូត​ដល់​សព្វថ្ងៃនេះ។ មួយវិញទៀត ការលើកឡើង​របស់​អាមេរិក​ដែល​ចង់​ឲ្យ​គេបំបែក​មុខតំណែង​ប្រេសិត ជាពីរ គឺ​ហាក់ផ្ទុយ​នឹង​ជំហរ​របស់​លោកដូណាល់ ត្រាំ ដែល​ត្បិតត្បៀត លែង​ចង់​វិភាគទាន ច្រើនដូចមុនសម្រាប់​អង្គការ​សហប្រជាជាតិ។

នៅចំពោះមុខ​ ជំហរប្រឆាំង ជាបន្តបន្ទាប់​របស់​អាមេរិក ប៉ារីស និង​អាល្លឺម៉ង់ កើតក្តី​ធុញទ្រាន់ មិនពេញចិត្ត​នឹង​អាមេរិក។ នៅក្នុង​កិច្ចប្រជុំ​តាម​វីដេអូ កាលពី​សប្តាហ៍មុន រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ បាន​និយាយ​សង្កត់ធ្ងន់ថា នៅលីប៊ី គេ​គ្មាន​ដំណោះស្រាយ​តាមផ្លូវ​យោធានោះទេ គឺមានតែ​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​តែប៉ុណ្ណោះ។ អ្នកដែល​ប្រឆាំង​នឹង​សំណើ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​សុទ្ធតែ​ជា​អ្នកដែល​ត្រូវ​ទទួល​ខុសត្រូវ​ខ្លាំង​ជាងគេ។ អង្គការ​សហប្រជាជាតិ ព្យាយាមស្វែងរក​ប្រេសិត​សម្រាប់​វិបត្តិ​លីប៊ី ដោយ​អស់សង្ឃឹម​បំផុត។ គេ​ចង់​បាន​អ្នកដែល​អាច​ចេះ ចរចា​ជាមួយ ភាគីជម្លោះ នៅ​នឹង​កន្លែងផ្ទាល់ផង និង​ចេះនិយាយ​បញ្ចុះបញ្ចូល រដ្ឋាភិបាល​ប្រទេស​មហាអំណាច និង​ប្រទេស​ដែល​លូកដៃ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​ ជម្លោះ នៅ​លីប៊ី។ វិបត្តិ​ខ្វះប្រេសិតរបស់​អង្គការ​សហប្រជាជាតិ មិនមែន​មកពី​បញ្ហា​ខ្វះមនុស្ស ដែល​មាន​សមត្ថភាពនោះ​ទេ ប៉ុន្តែ គឺ​មកពី​មហាអំណាច​អាមេរិក​តែម្តង ដែល​មិនត្រូវចិត្ត មិន​ចង់បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ