អាស៊ានអាចជាចំណុចក្តៅជាងគេបើមានសង្រ្គាមត្រជាក់រវាងចិននិងអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៨
វេទិកាសន្តិសុខអាស៊ី ដែលគេតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសសិង្ហបុរី ទើបនឹងបិទបញ្ចប់ទៅ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយដូចជាអ្វីដែលគេរំពឹងទុក កិច្ចប្រជុំរយៈពេល៣ថ្ងៃនោះ ត្រូវគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយបញ្ហាចម្បងមួយ គឺភាពតានតឹង រវាងចិន និងសហរដ្ឋអាមេរិក។ សម្រាប់អាស៊ាន នេះគឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ ពីព្រោះថា នៅក្នុងករណីមានការប្រឈមមុខដាក់គ្នាជាលក្ខណៈអចិន្រ្តៃយ៍តាមបែបសង្រ្គាមត្រជាក់ អាស៊ានទំនងជានឹងត្រូវក្លាយទៅជាចំណុចក្តៅ នៃការប្រជែងគ្នា រវាងមហាអំណាចទាំងពីរ។
ពាក្យចាស់បុរាណខ្មែរលោកពោលថា “កាលណាដំរីជល់គ្នាវាស្លាប់ស្រមោច” ដូច្នេះហើយបានជានៅពេលដែលប្រទេសមហាអំណាចគ្រហឹមដាក់គ្នា អ្នកដែលត្រូវភ័យជាងគេ គឺបណ្តាប្រទេសតូចតាច ដែលស្ថិតនៅចំកណ្តាលទីតាំងនៃជម្លោះ។
គេឃើញថា កាលពីពេលកន្លងមក នៅក្នុងសង្រ្គាមត្រជាក់ រវាងអាមេរិក និងសហភាពសូវៀត ចំណុចដ៏ក្តៅជាងគេ គឺនៅអឺរ៉ុប។ ប្រសិនបើសង្រ្គាមត្រជាក់ថ្មីមួយទៀតត្រូវផ្ទុះឡើង រវាងអាមេរិក និងចិន តំបន់ដែលនឹងត្រូវក្លាយជាចំណុចក្តៅ នៃការប្រជែងអំណាចគ្នា រវាងប្រទេសទាំងពីរ គឺអាស៊ាន។
បើនិយាយពីទីតាំងភូមិសាស្រ្ត អាស៊ានមានទីតាំងនៅក្បែរចិន ហើយស្ថិតនៅជាចំណុចកណ្តាលនៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដែលអាមេរិកដាក់ចេញ ដើម្បីប្រជែងឥទ្ធិពលជាមួយនឹងចិន។ នៅក្នុងចំណោមប្រទេសទាំង១០ជាសមាជិកអាស៊ាន ក៏មានការបែងចែកចេញជាពីរក្រុមស្រាប់ គឺប្រទេសខ្លះ រួមមានដូចជា កម្ពុជា ឡាវ និងភូមា ជាដើម មានទំនាក់ទំនងស្និទ្ធិនឹងចិន ចំណែកប្រទេសខ្លះទៀត រួមមាន ហ្វីលីពីន ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី និងវៀតណាម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយអាមេរិក។
សូមអាន៖ យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក៖ អាស៊ានអាចក្លាយជាចំណុចស្នូល តែក៏អាចប្រឈមនឹងការបែកបាក់
ច្រកទ្វារកាន់តែធំ ដែលអាចនឹងនាំអាមេរិក និងចិន ឲ្យមកប្រជែងគ្នា នៅក្នុងអាស៊ាន ហើយអាចនឹងបង្កជាបញ្ហាប្រឈមខាងសន្តិសុខ គឺជម្លោះនៅសមុទ្រចិនខាងត្បូង រវាងចិន និងសមាជិកខ្លះក្នុងអាស៊ាន ដែលនាំឲ្យមានការស្វះស្វែងរកជំនួយ ឬអន្តរាគមន៍ពីសំណាក់អាមេរិក ដើម្បីឲ្យមកជួយទប់ទល់ជាមួយចិន។
មែនទែនទៅ ប្រសិនបើមានត្រឹមតែការប្រជែងឥទ្ធិពលគ្នានៅក្នុងកម្រិតសមស្របណាមួយ រវាងអាមេរិក និងចិន វាមិនចោទជាបញ្ហាអ្វីនោះទេ សម្រាប់អាស៊ាន។ អាស៊ានអាចនឹងមានតួនាទីកាន់តែសំខាន់ អាចមានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់ប្រទេសមហាអំណាច ហើយប្រសិនបើមេដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ និងមាននយោបាយប្រកបដោយភាពឆ្លាតវៃ អាស៊ានថែមទាំងអាចនឹងទាញយកផលប្រយោជន៍ពីការប្រជែងឥទ្ធិពលគ្នានេះបានទៀតផង ។
ក៏ប៉ុន្តែ បញ្ហាដែលត្រូវចោទ គឺនៅពេលដែលការប្រជែងគ្នា រវាងប្រទេសមហាអំណាចទាំងពីរនេះ ត្រូវរាលដាលទៅជាវិវាទ រហូតដល់ដំណាក់កាលមួយ វាធ្វើឲ្យអាស៊ានមិនអាចស្ថិតនៅកណ្តាល និងសហការជាមួយប្រទេសទាំងសងខាងបាន ហើយត្រូវបង្ខំចិត្តត្រូវតែជ្រើសរើសយកខាងណាមួយ គឺឬមួយត្រូវឈរនៅខាងអាមេរិក ហើយប្រឈមនឹងចិន ឬមួយត្រូវឈរនៅខាងចិន ហើយប្រឈមនឹងអាមេរិក។
ទំនងជានៅក្នុងបរិបទនៃក្តីព្រួយបារម្ភនេះហើយបានជាគេសង្កេតឃើញថា នៅក្នុងអំឡុងវេទិកាសន្តិសុខអាស៊ី នៅសិង្ហបុរីឆ្នាំ២០១៩នេះ បណ្តាប្រទេសអាស៊ាន ក៏ដូចជាអ្នកចូលរួមផ្សេងទៀត បាននាំគ្នាដំឡើងសំឡេងកាន់តែច្រើនឡើង អំពាវនាវដល់ចិន និងអាមេរិក ឲ្យធ្វើយ៉ាងណាបញ្ចៀសការប្រឈមមុខដាក់គ្នា។
សូម្បីតែនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលជាប្រទេសដែលតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអាមេរិកនោះ ក៏បានអំពាវនាវផងដែរឲ្យអាមេរិកទទួលស្គាល់នូវការរីកចម្រើនរបស់ចិន ហើយជាជាងការខិតខំទប់ស្កាត់ចិន ប្រទេសទាំងពីរគួរតែធ្វើការជាមួយគ្នា នៅក្នុងសំណុំរឿងធំៗ ដែលអាចជាផលប្រយោជន៍រួម និងជាពិសេស សូមធ្វើយ៉ាងណាកុំបង្កើតទៅជាជម្លោះ ដែលនាំឲ្យប្រទេសផ្សេងត្រូវបង្ខំចិត្តជ្រើសរើសយកខាងណាមួយ។
ជាការពិតណាស់ថា ប្រទេសខ្លះក្នុងអាស៊ានរំពឹងថានឹងអាចទាញយកផលចំណេញពីសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន ពីព្រោះថា នៅពេលដែលប្រទេសទាំងពីរដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ក្រុមហ៊ុន ដែលធ្លាប់តែបើករោងចក្រនៅចិន ដើម្បីផលិតទំនិញនាំចេញទៅអាមេរិក អាចនឹងនាំគ្នាបង្វែររោងចក្រចេញពីចិនទៅកន្លែងផ្សេង ហើយអាស៊ាន ដែលកម្លាំងពលកម្មមានតម្លៃទាប គឺជាទិសដៅប្រកបដោយការទាក់ទាញខ្ពស់។
នៅក្នុងការសិក្សាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិករហូតដល់ទៅប្រមាណជា ៤០% បាននាំគ្នាលើកឡើងថា ពួកគេបានរើរោងចក្រ ឬកំពុងពិចារណាក្នុងការរើរោងចក្រចេញពីចិន ទៅកាន់ប្រទេសអាស៊ាន ឬម៉ិចស៊ិក។ នៅវៀតណាមឯណោះវិញ គេសង្កេតឃើញថា លំហូរវិនិយោគ ព្រមទាំងការបង្កើតរោងចក្រថ្មីៗ បានកើនឡើងយ៉ាងខ្លាំងរួចជាស្រេចទៅហើយ ចំណែកឯទំហំនៃការនាំទំនិញពីវៀតណាមចេញទៅអាមេរិកវិញ ក៏បានកើនឡើងប្រមាណជា ៧% រួចទៅហើយដែរ កាលពីឆ្នាំកន្លងទៅ ក្រោយពីមានសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ផលចំណេញខាងសេដ្ឋកិច្ច និងក្នុងរយៈពេលខ្លីនេះ វាអាចនឹងត្រូវលុបដោយផលវិបាកនៅក្នុងវិស័យផ្សេង និងផលអវិជ្ជមានក្នុងរយៈពេលវែង ដែលបង្កឡើងដោយជម្លោះ រវាងអាមេរិក និងចិន ដែលកំពុងតែរាលដាលចេញពីវិស័យពាណិជ្ជកម្ម ទៅកាន់វិស័យផ្សេង។
គេឃើញថា សង្រ្គាមខាងផ្នែកបច្ចេកវិទ្យា ជាពិសេស ជម្លោះជុំវិញក្រុមហ៊ុន Huawei បានក្លាយទៅជាបញ្ហាចម្រូងចម្រាសមួយរួចទៅហើយសម្រាប់អាស៊ាន ហើយអាស៊ានអាចនឹងមានបញ្ហាប្រឈមកាន់តែឈឺក្បាលខ្លាំងថែមទៀត នៅពេលដែលជម្លោះ រវាងអាមេរិក និងចិន ត្រូវរាលដាលបង្កទៅជាបញ្ហាអស្ថិរភាពខាងផ្នែកសន្តិសុខ និងនយោបាយ ព្រមទាំងអាចបង្កើតទៅជាជម្លោះ ដែលនាំឲ្យមានការបាក់បែកផ្ទៃក្នុង រវាងប្រទេសអាស៊ានគ្នាឯង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ