អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិនកំពុងលេបត្របាក់ យកទន្លេមេគង្គ តែម្នាក់ឯងឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទន្លេ​មេគង្គ ​កំពុង​ទទួល​រង​នូវ​ការ​ខូចខាត​ជាខ្លាំង ​ដោយការ​ធ្វើ​ទំនប់​វារីអគ្គីសនី ​ការ​ជីក​កកាយ​យកដី ​និង​ការ​បូមខ្សាច់ ​ជាដើម។ សកម្មជន​អង្គការ ​ការពារ​បរិស្ថាន​ធម្មជាតិ​ថៃ ​បាន​តវ៉ា​ចោទ​ប្រកាន់​ថា​ចិន​ កំពុង​តែ​លេប​ត្របាក់ ​បំផ្លាញ​ទន្លេ​មេគង្គ ​ដែល​ជា​សម្បត្តិរួម​ របស់​ប្រទេស​តាម​ដង​ទន្លេ​នេះ​ទាំងអស់។ ផែនការ​កែប្រែ​ដង​ទន្លេ​មេគង្គ ​ឲ្យ​ក្លាយ​ជា​ផ្លូវ​ឆ្លងកាត់​កប៉ាល់​ដឹក​ទំនិញ​ធំៗ​របស់​ចិន​នេះ ​បាន​នឹង​កំពុង ​តែ​បំផ្លាញ​ជំរក​ត្រី ធ្វើ​ឲ្យ​ដាច់​ពូជត្រី ​កែប្រែ​លំហូរទឹក​ ដែល​ទាំង​នេះ ​គឺ​វា​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដល់​ជីវភាព​របស់​ប្រជាជន​ ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ។

អ្នកនេសាទជនជាតិថៃ នៅខេត្តឡឺយ  លើកបង្ហាញ​សារ៉ាយក្នុងទន្លេ ដែលមានចំនួនកាន់តែច្រើន ដែល​បង្​កឧបសគ្គខ្លាំងដល់ការនេសាទ​។ ថ្ងៃទី​១០មករា ២០២០​
អ្នកនេសាទជនជាតិថៃ នៅខេត្តឡឺយ លើកបង្ហាញ​សារ៉ាយក្នុងទន្លេ ដែលមានចំនួនកាន់តែច្រើន ដែល​បង្​កឧបសគ្គខ្លាំងដល់ការនេសាទ​។ ថ្ងៃទី​១០មករា ២០២០​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

« ទន្លេ​រួមគ្នា​ អនាគត​រួមគ្នា »​ នេះគឺ​ជា​ពាក្យស្លោក ​ប្រកូកប្រកាស​ដោយ​រដ្ឋាភិបាល​ចិន ​និង​ជា​ឈ្មោះ​នៃ​គម្រោង​មហាសាល​មួយ​ទៀត​របស់​ចិន​ ស្តីពី​ការ​គ្រប់គ្រង​ ប្រើប្រាស់ ​ដង​ទន្លេ​មេគង្គ។ គម្រោងនេះ​ ​គឺ​ចិន​ ចង់​រៀបចំ​ធ្វើ​ដង​ទន្លេ​មេគង្គ​ ឲ្យក្លាយ​ជា​ផ្លូវ​ឆ្លងកាត់ ​កប៉ាល់​ដឹក​ទំនិញ​ រាប់រយ​តោន​របស់​ខ្លួន ​ឬ​ក៏​អាច​ជា​ផ្លូវ​ឆ្លងកាត់ ​របស់​នាវា​ចម្បាំង​ចិន ​ចេញ​ពី​ខេត្ត​យូណាន ​ចុះ​មក​កាន់​សមុទ្រ​ចិន​ខាងត្បូង ​ដោយ​ត្រូវ​ឆ្លងកាត់​ ភូមា ​ថៃ​ ឡាវ ​កម្ពុជា ​និង​វៀតណាម។

ស្ថិតក្រោម​ស្លាក​យីហោ​គម្រោង « ​ទន្លេរួមគ្នា ​អនាគត​រួមគ្នា » ​ដ៏សែន​ពិរោះ​នេះ ​ចិន​កំពុង​តែ​ត្របាក់​ក្តោបក្តាប់​យក​ទន្លេ​មេគង្គ ​បំផ្លាញ​ដងទន្លេ​នេះ​ ទៅតាម​ការ​ចង់បាន​របស់​ខ្លួន ​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ធម្មជាតិ ​ប្រព័ន្ធ​ជីវចម្រុះ ​និង​ជីវភាព​របស់​ប្រជាជន ​រស់នៅ​តាម​ដង​ទន្លេ​ឡើយ។ នេះគឺ​ជា​ការ​យល់ឃើញ​ របស់​សកម្មជន​អង្គការ​ការពារ​បរិស្ថាន​ថៃ ​ដែល​បាន​តស៊ូ ​ប្រឆាំង​នឹង​គម្រោង​នេះ។

សកម្មជន​បរិស្ថាន ​បាន​លើកឡើង​ថា ​ទំនប់​វារីអគ្គីសនី ​សង់​ដោយ​ចិន​ នៅ​ខាង​លើ​ដង​ទន្លេ​មេគង្គ ​បាន​ធ្វើឲ្យ​ប្រែប្រួល ​យ៉ាង​ឆាប់​រហ័ស ​នូវ​លំហូរទឹក ​ក៏ដូច​ជា​កំពស់​ទឹក​ទន្លេ។ ការ​ប្រែប្រួល​នេះ ​បានធ្វើ​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ​ ប៉ះពាល់​ជំរកត្រី ​និង​ធ្វើឲ្យ​ប្រភេទត្រី​ខ្លះ ​ត្រូវ​ស្ទើរ​តែ​ផុតពូជ។ គឺ​ប្រជាជន​ប្រមាណ​៦០លាន​នាក់ ​ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ ​ដែល​នឹង​ក្លាយ​ជា​ជន​រងគ្រោះ ​ដោយសារ​សកម្មភាព​​វាទទី ​បំពេញ​មហិច្ឆិតា​របស់​ចិន។

បន្ទាប់​ពី​ទន្លេ​អាម៉ាហ្សូន ​មេគង្គ​ធ្លាប់​ជា​ទន្លេ​ដែល​មាន​ប្រព័ន្ធ​ជីវចម្រុះ​សម្បូរបែប ​ធំជាង​គេ​លើ​លោក​ ជាមួយ​នឹង​ ​ត្រី​ប្រមាណ​ជា​១៣០០​ប្រភេទ។ តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​អ្នក​ស្រាវជ្រាវ ​បាន​សង្កេត​ឃើញថា​ កំពស់​ទឹក​ទន្លេ​មេគង្គ​ បាន​ធ្លាក់​ចុះ​ខ្លាំង ​រហូត​ដោយ​កន្លែង​ខ្លះ​ គេ​អាច​មើលឃើញ​ដុំថ្ម​បាត​ទន្លេ ​និង​មាន​ពំនូក​ខ្សាច់​ដុះ​ដោយ​កន្លែង ​ព្រម​ទាំង​រុក្ខជាតិ​ចាប់ផ្តើម​ដុះលាស់​ទៀត​ផង។

អាង​ទន្លេមេគង្គ ​កំពុងតែ​ស្ងួតទៅៗ ​គួរឲ្យ​ព្រួយ​បារម្ភ។ ចំណែក​នៅ​តំបន់​ដីសណ្តរ​ទន្លេ​មេគង្គ​ ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​វិញ ​គេ​សង្កេត​ឃើញ​ថា ជីវជាតិ​នាំ​ដោយ​ដីល្បប់​ទន្លេ​មេគង្គ ​បាន​ធ្លាក់​ចុះ​ខ្សត់ទៅៗ ​ធ្វើឲ្យ​ភោគផល​ត្រី​ធ្លាក់​ចុះ​ជាខ្លាំង។ ជាង​នេះ​ទៀត ​ការ​ថយចុះ​នូវ​ដីល្បប់ ​បានធ្វើ​ឲ្យ​ទឹក​សមុទ្រ ​អាច​ជ្រាប​ចូល​មក​កាន់តែ​ជ្រៅ ​តាម​ដងទន្លេ ​ហើយ​ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ ​មាន​ជាតិ​អំបិល​ខ្ពស់។

នៅ​ខេត្តឈាងរ៉ៃ ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ​ជាប់​នឹង​តំបន់​ត្រីកោណ​មាស ​ដង​ទន្លេ​មេគង្គ​ប្រវែង​៩៧គីឡូម៉ែត្រ ​បានក្លាយ​ជា​ជំលោះ​ប្តឹងផ្តល់​ រវាង​អង្គការ​ការពារ​បរិស្ថាន​ថៃ​ឈ្មោះ ​International Rivers ​និង​ក្រុមហ៊ុន​ចិន។ ក្រុមហ៊ុនចិន ​មាន​​គម្រោង​ជីក​កកាយ​ដីបាត​ទន្លេ ​ព្រមទាំង​ពង្រីក​ច្រាំង ​ដើម្បី​អាច​ឲ្យ​កប៉ាល់​ដឹក​ទំនិញ​ចំណុះ​លើសពី​៥០០​តោន ​អាច​ឆ្លង​កាត់​បាន។ មិនត្រឹមតែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​ចិន​ ចង់​សាងសង់​កំពង់​ផែ​ធំៗ​ សម្រាប់​សាង ​និង​ស្តុក​ទំនិញ ​និង​រៀបចំ​ឲ្យ​តំបន់​ខ្លះ​នៃ​ដងទន្លេ ​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ ​ថែមទៀត​ផង។ នេះបើ​ផ្អែក​តាម​ការ​អះអាង ​របស់​លោក ​ភៀនផន ឌីទេស ​តំណាង​ឲ្យ​អង្គការ ​International Rivers។

សកម្មជន​បរិស្ថាន​រូបនេះ​បានបន្ថែម​ថា​នៅ​ប្រទេស​ឡាវ ​និង​ប្រទេស​កម្ពុជា ​ចិន​បាន​និង​កំពុង​បំផ្លាញ​ទន្លេ​មេគង្គ​រួច​ទៅ​ហើយ ​ជាមួយ​នឹង​ទំនប់​វារីអគ្គីសនី ​និង​តាម​រយៈ​ ការ​បូម​ខ្សាច់ ​ធ្វើឲ្យ​បាត​ទន្លេ​ខូង​ជ្រៅ។ តំបន់​ទន្លេសាប ​ដែល​ជា​ជំរកត្រី​ដ៏​សំខាន់​បំផុត ​របស់​កម្ពុជា ​គឺ​ជា​អ្នក​រងគ្រោះ​ធ្ងន់​ជាងគេ ​ដោយសារ​ចរន្ត​ទឹក​មិន​​គ្រប់គ្រាន់​ពី​ទន្លេ​មេគង្គ ​ហើយ​ប្រការនេះ​ បាន​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ​របស់​សត្វត្រី។ ​លោក​ Bryan Eyler​ នាយក​គំរោង​ស្រាវជ្រាវ​នៃ​ Stimson Center​ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ​បាន​ថ្លែង​ការ​ព្រួយ​បារម្ភ​ថា ​ទៅថ្ងៃ​អនាគត ​បឹង​ទន្លេសាប ​ដែល​ធ្លាប់តែ​ផ្តល់​ផលត្រី ​ប្រមាណ​កន្លះ​លាន​តោន ​ក្នុង​មួយឆ្នាំៗ​ អាច​នឹង​ត្រូវ​វិនាស​។

ទំនប់​វារីអគ្គីសនី​ ជីងហុង (Jinghong) ​ស្ថិត​នៅ​ក្នុង​ខេត្ត​យូណាន​ ត្រូវបាន​សកម្មជន​បរិស្ថាន ​ចង្អុរ​បន្ទោស​ថា ​បាន​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំង ​ដល់​ទឹក​ទន្លេ ​និង​ភោគផលត្រី​នៅ​តាម​ប្រទេស​ដែល​ស្ថិត​នៅ​ខាង​ក្រោម ​មានថៃ ​ឡាវ ​កម្ពុជា​ និង​វៀតណាម។ ចិន ​ចង់បើក​ចង់បិទ​ទំនប់​ ទៅ​តាម​ចិត្ត​របស់​គេ។ អ្នក​ភូមិ​ជនជាតិ​ថៃម្នាក់​ អះអាង​ថា ​ត្រី​កាន់តែ​ខ្សត់ ​ហើយ​កំពស់​ទឹក​ប្រែប្រួល ​ឡើង​ឬ​ស្រក ​ពី​១ម៉ែត្រ​កន្លះ ​ទៅ​៣ម៉ែត្រ ​យ៉ាង​ឆាប់​រហ័ស​បំផុត។

លោក​ ថងស៊ុក អ៊ិនថាវង់ ​អតីត​ប្រធានភូមិ​ជនជាតិ​ថៃ ​ជាប់​ដងទន្លេ​ម្នាក់ ​បាន​ត្អូញត្អែរ​ថា​ លោក​បាន​ត្រឹម​តែ​សង្កេត​ឃើញ ​និង​កត់​សម្គាល់​ថា ​ក្រុមហ៊ុន​ចិន​ បាន​នឹង​កំពុង​តែ​ដើរ​ប្រមូល​ទិញ​ដី​របស់​ប្រជាជន​ឡាវ ​ទាំងភូមិៗ ​ដែល​ស្ថិតនៅ​ច្រាំង​ទល់មុខ​ យក​ទៅ​ធ្វើ​ជា​ចំការ​ចេក​របស់​គេ។ ត្រី​ក៏អស់ ​ភូមិស្រុក​ក៏​អស់ ​គួរ​ឲ្យ​សោកស្តាយ​ណាស់។

ឆ្លើយតប​ទៅ​នឹងពាក្យ​ រិះគន់​ចោទ​ប្រកាន់​ទាំងនេះ ​លោកស្រី​អគ្គរដ្ឋទូត​ចិន​ ប្រចាំ​ប្រទេស​ថៃ ​បាន​លើកឡើង​ថា ​មិនមែន​តែ​ចិន​ទេ ​ដែល​សង់​ទំនប់​វារីអគ្គីសនី ​លើ​ដង​ទន្លេ​មេគង្គ។ ប្រទេសថៃ​ខ្លួនឯង ​ក៏​បាន​សង់ ​និង​មាន​គម្រោង​សង់​ ច្រើន​បង្គួរ​ដែរ។ លោកស្រី​អគ្គរដ្ឋ​ទូត​ចិន​បន្ថែម​ថា ​ចិន​គ្មាន​បំណង​ គ្រប់គ្រង​ទន្លេ​មេគង្គ​តែ​ម្នាក់ឯង​ឡើយ។ ចិន​មាន​ចំណែក​តែ​១២%​នៃ​ដង​ទន្លេ​ប៉ុណ្ណោះ ​បើ​ផ្អែក​តាម​តួលេខ ​នៃ​អង្គការ​ Water Risk។ លោកស្រី​បញ្ជាក់​ថា ​ រាល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ចិន​ នៅតាម​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ ​គឺ​ជា​គម្រោង​ដែល​ចិន​ ចង់​ជួយ​ប្រទេស​ទាំងនេះ ​ដូចជា​ការ​បំពេញ​តម្រូវការ​ផ្នែក​អគ្គីសនី​ជាដើម។

តែយ៉ាងណា ​ការអះអាង ​របស់​មន្ត្រី​ចិន​រូបនេះ ​មិន​ត្រូវ​បាន​អង្គការ​បរិស្ថាន​យល់ស្រប​ឡើយ។ សម្រាប់​ពួកគេ ​ចិន​បាន​យក​ជំនួយ ​​និង​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ ដើម្បី​ចង​ប្រទេស​មួយ​ចំនួន​ ឲ្យ​ស្ថិតក្រោម​គំនៀប​ខ្លួន​ ដូច​ជានៅ​កម្ពុជា ​និង​នៅ​ឡាវ។ សម្រាប់​ប្រទេស​ថៃ ​ឆ្លងកាត់​ការ​តស៊ូ​ជិត​២០​ឆ្នាំ ​របស់​អង្គការ​ការពារ​បរិស្ថាន​ International Rivers ​តុលាការ​ថៃ ​ទើបតែ​បាន​សម្រេច ​ព្យួរ​សកម្មភាព​ជីក​កកាយ​ដងទន្លេ​មេគង្គ ​ប្រវែង​៩៧​គីឡូម៉ែត្រ ​របស់​ក្រុមហ៊ុន​ចិន។

ទោះយ៉ាង​នេះក្តី​ ​លោក ​នីវ៉ាត់ រ៉យកែវ​ សកម្មជន​បរិស្ថាន​ថៃ ​បាន​លើក​ឡើង​ប្រាប់ ​អ្នក​យក​ព័ត៌មានបារាំង ​AFP ថា ​នេះ​គ្រាន់តែ​ជា​ជ័យជំនះ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ ទៅ​ថ្ងៃមុខ​ លោក​គ្មាន​សង្ឃឹម​ទេ ​ថា​អង្គការ​បរិស្ថាន ​ឬ​ក៏​កម្លាំង​តវ៉ា​របស់​ប្រជាជន​សាមញ្ញ​  អាច​យក​ឈ្នះ​កម្លាំង​ទឹកប្រាក់​របស់​ចិន។ លោក​បន្តថា ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​គ្មាន​អ្វី​មួយ​ ដែល​ថា ​ចិន​ចង់​បាន​ហើយ ​មិន​បាន​នោះ​ទេ!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ