អានតួអត្ថបទ

តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​​មិន​រំលាយ​​គណបក្ស​​អណាខុតម៉ៃ ​ព្រោះ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក

គណបក្ស​អណាខុតម៉ៃ ដែលជាគណបក្សប្រឆាំងវ័យក្មេង ក្នុងឆាកនយោបាយថៃ កំពុងរងការចោទប្រកាន់ពីបទប្រឆាំងនឹង​​​របប​រាជានិយមថៃ ហើយ​ត្រូវ​ប្រឈមមុខ នឹង​ការ​រំលាយចោល។ ក៏ប៉ុន្តែ ​តុលាការ​ធម្មនុញ្ញថៃ បានបើកអង្គជំនុំជំរះ នឹងបាន​សម្រេច នៅថ្ងៃទី​២១មករា២០២០ មិនរំលាយ​​គណបក្ស​អាណាឃត់ម៉ៃ​ទេ ព្រោះ​ដោយសារ​គ្មាន​ភស្តុតាង​ដាក់បន្ទុក។

អ្នកគាំទ្របក្ស អាណាឃត់ម៉ៃ កំពុងរងចាំ​ការមកដល់ របស់លោក ​ថាណាថន នៅទីស្នាក់ការ​​បក្ស ក្រុង​បាងកក ថ្ងៃទី​​២១​មករា ២០២០​
អ្នកគាំទ្របក្ស អាណាឃត់ម៉ៃ កំពុងរងចាំ​ការមកដល់ របស់លោក ​ថាណាថន នៅទីស្នាក់ការ​​បក្ស ក្រុង​បាងកក ថ្ងៃទី​​២១​មករា ២០២០​ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

គណបក្សអណាខុតម៉ៃ ទើបតែ​បានរួចខ្លួន យ៉ាង​ប្រផិតប្រផោយ​បំផុត ពី​ការ​រំលាយ​ចោល។ តុលាការ​ធម្មនុញ្ញថៃ ​បាន​ប្រកាស​នៅថ្ងៃ​ទី​២១​មករា​នេះថា​ ពុំមាន​ភស្តុតាង​ដាក់​បន្ទុកគ្រប់គ្រាន់ បញ្ជាក់​ថា​គណបក្ស​អណាខុតម៉ៃ ​បានធ្វើ​សកម្មភាព​​ប្រឆាំង​នឹង​របប​រាជានិយម​នោះឡើយ។ មេដឹកនាំ​គណបក្ស​អាណឃត់ម៉ៃ លោក​ ថាណាថន ជឹងរុងរឿងគិត ​ព្រម​ទាំង​អ្នកគាំទ្រ​បក្សនេះ ​បាន​សម្តែង​ការ​អបអរ ដែលតុលាការ​​ធម្មនុញ្ញ​ថៃ បាន​ផ្តល់​ភាពយុត្តិធម៌​ឲ្យខ្លួន។

តែ​យ៉ាងណា​ក៏ដោយ គណបក្ស​អណាខុតម៉ៃ​ នៅមាន​​គ្រោះថ្នាក់ ​ជាមួយ​នឹង​ពាក្យបណ្តឹង​២ផ្សេង​ទៀត ​ហើយ​ដែល​អាច​ឈាន​ទៅ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ដែរ។ លោក ​ថាណាថន ​ដែល​ជា​ប្រធានបក្ស ​និងជា​អ្នក​ជំនួញ​វ័យ​៤១​ឆ្នាំ ​ដ៏មា​ន​ប្រជាប្រិយភាព ​ត្រូវ​ជាប់ចោទ​ពី​បទ ​ប្រើប្រាស់​ឥទ្ធិពល​លើ​ប​ណ្តាញ​សារព័ត៌មាន​មួយ ​នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត ​ដោយហេតុថា​លោក​មាន​ចំណែក​ភាគហ៊ុន​ នៅក្នុង​សារព័ត៌មាន​នោះ។ លោក​ថាណាថន ​ត្រូវបាន​​គេ​ដកងារ​ជា​តំណាងរាស្ត្រ។ ចំណែក​បណ្តឹង​មួយ​ទៀត​នោះ ​គឺទាក់ទិន​នឹង​កម្ចី​ប្រាក់​លួចលាក់ ​ដែល​គេ​ចោទ​ថា​លោក​ថាណាថន ​បាន​ផ្តល់​ទៅ​ឲ្យ​គណបក្ស ​អណាខុតម៉ៃ។​

អង្គការ ​Amnesty International បានអំពាវនាវ ​ឲ្យរដ្ឋាភិបាល​ថៃ ​បញ្ឈប់​រាល់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​ចោទប្រកាន់​ លាបពណ៌​មក​លើ​គណបក្ស​អណាខុតម៉ៃ។ អង្គការ​នេះ ​បានលើក​ឡើង​ថា ​តាំងតែ​ពី​កកើត​រូបរាង​មក​ គណបក្ស​អណាខុតម៉ៃ ​ត្រូវ​បាន​​​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ ចាន់អូចា ​យក​ប្រព័ន្ធ​តុលាការ​ ជាអាវុធ​ ដើម្បី​គម្រាម ​ចោទ​ប្រកាន់ ​មិនចេះ​ចប់​មិន​ចេះ​ហើយ។

សូមរំលឹកថា ​គណបក្ស​អណាខុតម៉ៃ ​ថ្វីបើ​មាន​វ័យក្មេង ​តែ​គណបក្ស​នេះ ​បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ធំ​ទី២ ​នៅក្នុង​ការ​បោះឆ្នោត​សភា ​ឆ្នាំ​២០១៩ ​ដោយ​បាន​ប្រមូល​សម្លេងឆ្នោត​ បាន​ជាង​៦លាន​សន្លឹក។ ជាមួយ​នឹង​ប្រជាប្រិយភាព​របស់​លោក ​ថាណាថន ​ដែល​ជា​មនុស្សថ្មី ​ស្វាហាប់ ​មាន​គំនិត​នយោបាយ​បែប​​កំណែទម្រង់​ គណបក្ស​អណាខុតម៉ៃ ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​យុវជន​ថៃ។ លោក​ថាណាថន ​ធ្លាប់បាន​និយាយ​រិះគន់​ ពី​ឥទ្ធិពល​កាន់តែ​ធំឡើង រ​បស់​កងទ័ព​ថៃ ​មក​លើ​​ព្រះរាជវាំង​ ព្រម​ទាំងទៅលើ​​របប​នយោបាយ​​​ថៃ​​ទាំង​មូល ​ដែល​សម្តីទាំង​នេះ បាន​ធ្វើឲ្យ​លោក​ថាណាថន​​ ក្លាយ​ជា​សត្រូវ​ របស់​ក្រុម​​​យោធា​ថៃ។

តែយ៉ាងណាក៏ដោយ​ អ្នក​វិភាគ​យល់ឃើញ​ថា ​ការ​ដែល​តុលាការធ​ម្មនុញ្ញ​ថៃ ​មិន​រំលាយ​​គណបក្ស​អណាខុតម៉ៃ ​នាពេល​នេះ ​គឺ​ដោយ​ខ្លាចក្រែង ​មាន​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា ​ព្រោះ​ថា​​អ្នក​គាំទ្រ​​លោក​ថាណាថន ​មាន​សន្ទុះ ​និង​ឆន្ទៈ​មោះមុត ​ក្នុង​ការ​ការពារ​គណបក្ស​អណាខុតម៉ៃ។ បើ​រំលាយ​បក្សនេះ ​កំហឹង​ស្អប់​លោក​​ប្រាយុទ្ធ ចាន់អូចា ​នឹងកាន់​តែ​រីកធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ