អានតួអត្ថបទ
ចិន-មេរោគ-សុខភាព​-ថៃ

មេរោគ Coronavirus ​បានទៅ​ដល់ថៃ​ តាម​រយៈ​អ្នក​ជំងឺ​ជនជាតិ​ចិន​ម្នាក់

អាជ្ញាធរ​សុខាភិបាល​ថៃ បាន​បញ្ជាក់​ប្រាប់ថា​ គេ​ទើបតែ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ Coronavirus ​ម្នាក់ ​ជាជនជាតិ​ចិន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី​អង្គការ​សុខភាព​ពិភពលោក​ ដែល​កំពុង​តាមដាន​ការ​ឆ្លង​មេរោគ​ថ្មី​នេះ ​យ៉ាង​ប្រុងប្រយ័ត្ន។ មេរោគ​ថ្មី​នេះ​ ​គឺ​ជា​មេរោគ​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ ស្ថិត​ក្នុង​អំបូរ​ Coronavirus ​តែមួយ ​ដូចគ្នា​ទៅ​ នឹង​មេរោគ​ SRAS​ ដែល​បាន​ផ្តាច់​ជីវិតមនុស្ស​​ប្រមាណ​ជាង​៦០០នាក់ ​កាលពី​ឆ្នាំ​២០០៣។

មេរោគ​អំបូរ ​Coronavirus​ នៅក្នុង​ម៉ាស៊ីន​​មីក្រូ​ទស្សន៍
មេរោគ​អំបូរ ​Coronavirus​ នៅក្នុង​ម៉ាស៊ីន​​មីក្រូ​ទស្សន៍ Creative Commons
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ប្រកាស​មួយ​របស់​អង្គការ​សុខភាព ​ពិភពលោក ​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​សុខាភិបាល​ថៃ ​បាន​ជូន​ដំណឹង​ថា ​គេ​បាន​រកឃើញ​អ្នក​ជំងឺ​ម្នាក់ ​មាន​ផ្ទុក​មេរោគ​ Coronavirus។ ដោយ​យោង​លើ ​ការវិវឌ្ឍន៍​នៃ​ស្ថានការ​ឆ្លង​នេះ ​គណកម្មាធិការ​អាសន្ន​ នៃ​អង្គការ​សុខភាព​ពិភពលោក ​អាច​នឹង​ត្រូវ​កោះ​ប្រជុំ ​ក្នុង​ពេល​ដ៏​ឆាប់​នេះ។

លោក​ Tarik Jesarevic ​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក ​បាន​បញ្ជាក់​ថា ​ស្ត្រី​អ្នក​ជំងឺ​ ដែល​គេ​បាន​ប្រទះ​នៅ​ប្រទេស​ថៃ ​គឺ​ជា​ជនជាតិ​ចិន ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូហាន ​ភាគ​កណ្តាល​ប្រទេស​ចិន។ ស្ត្រីអ្នក​ជំងឺ​មាន​អាការៈ​ជំងឺ​ផ្លូវ​ដង្ហើម ​ហើយ​ក្រោយ​ពេល​ជោះឈាម​ពិនិត្យ ​ក្រុម​គ្រូពេទ្យ​ថៃ ​បាន​រកឃើញ​ថា​អ្នកជំងឺ ​មាន​ផ្ទុក​មេរោគ​ប្រភេទ​ថ្មី ​ដែល​ស្ថិត​ក្នុង​អំបូរ​ Coronavirus ​ហើយ​ដែល​មាន​ប្រភព​ ចេញ​ពី​ទីក្រុង​វូហាន​ប្រទេសចិន។

សូម​បញ្ជាក់ថា​ យោង​តាម​តួលេខ​ផ្លូវការ ​គិតមក​ទល់​ថ្ងៃ​ទី​១៣​មករា​នេះ ​មាន​មនុស្ស​ចំនួន​៤១​នាក់​ហើយ​ ​នៅក្រុង​វូហាន ​ដែល​មាន​ផ្ទុក​មេរោគ​ Coronavirus ​ហើយ​ក្នុង​នោះ ​អ្នក​ជំងឺ​ភេទ​ប្រុស​អាយុ​៦៥ឆ្នាំ​ម្នាក់ ​បាន​ស្លាប់។ តាម​ការ​សង្ស័យ ​មេរោគ​នេះ ​អាច​ឆ្លង​ចេញ​ពី​ទីតាំង​ ផ្សារ​លក់ត្រី ​និង​គ្រឿងសមុទ្រ​មួយ​កន្លែង​ ដែល​បច្ចុប្បន្ន​ អាជ្ញាធរ​ក្រុងវូហាន​ ​បាន​សម្រេច​ឲ្យ​បិទទ្វារ​ជា​បណ្តោះអាសន្ន។

អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​អះអាង​ថា​ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន ​អំពី​ប្រភព​ចម្លង​មេរោគ​នេះ ​ថាវា​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ​ឬ​ឆ្លង​ពី​មនុស្ស​ម្នាក់ ​ទៅ​មនុស្ស​ទៀត​នោះទេ។ អ្នកជំនាញ​កំពុងតែ​តាមដាន ​ស្រាវជ្រាវ ​ដោយ​សហការ​ជាមួយ​អាជ្ញាធ​រសុខាភិបាល​ចិន​ នៅក្រុង​វូហាន។ ការ​សហការ​នេះ ​បាន​ញ៉ាំង​ឲ្យ​អាជ្ញាធរចិន ​បញ្ជូន​គម្រូ​កោសិកា​មេរោគ​ថ្មី​នេះ ​ទៅឲ្យ​ប្រទេស​ផ្សេងទៀត ​ដើម្បី​អាច​មាន​លទ្ធភាព​ធ្វើការ​ពិនិត្យ ​និង​ប្រៀបធៀប ​ឲ្យទាន់​ពេល​វេលា ​ចៀសវាង​ការ​ឆ្លង​រាលដាល​ឆាប់រហ័ស។

សូម​បញ្ជាក់ថា ​មេរោគ​អំបូរ Coronavirus ​គឺជា​មេរោគ​បង្ក​ឲ្យ​ខូច​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ អ្នក​ផ្ទុក​មេរោគ​នេះ​ជា​ទូទៅ ​មាន​អាការៈ​ក្តៅខ្លួន​ ផ្តាសាយ​ធម្មតាៗ ​តែ​ស្ថានការណ៍​អាច​ធ្ងន់ធ្ងរ​ បើសិន​ជា​ទុកចោល​គ្មាន​ការ​ព្យាបាល​សម្លាប់​មេរោគ។ នៅ​ចន្លោះពី​ឆ្នាំ​២០០១-២០០៣ ​មេរោគ​SRAS ​ដែល​ស្ថិតនៅ​ក្នុង​អំបូរ​មេរោគ​ Coronavirus ​នេះដែរ ​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​៦៥០នាក់ ​នៅ​តំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ