អានតួអត្ថបទ
ជប៉ុន-លីបង់

បរិបទនៃការគេចខ្លួនរបស់លោកការឡូស ហ្គោនពីជប៉ុនទៅលីបង់កំពុងបន្តស្រពិចស្រពិល

រឿងរ៉ាវ​ជុំវិញ​ការ​គេច​ខ្លួន​របស់​លោក​ការឡូស ហ្គោន​ពី​ប្រទេស​ជប៉ុន​ទៅ​កាន់​ប្រទេស​លីបង់​ដោយ​ឆ្លង​កាត់​តាម​ទឹកដី​តួកគី​កំពុង​បន្ត​ក្លាយ​ជា​សំណុំរឿង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ជប៉ុន។ ភ្ញាក់ផ្អើល​ដោយ​គេ​មិន​ទាន់​ដឹង​ថា តើ​លោក​ការឡូស ហ្គោន​ដែល​កំពុង​ជាប់​អង្កេត​តុលាការ ជាប់​ឃុំ​ក្នុង​ផ្ទះ និង​គ្មាន​លិខិតឆ្លងដែន​ក្នុង​ដៃ​បាន​ចាកចេញ​ពី​ទឹកដី​ជប៉ុន​ដោយ​របៀប​ណា?។ នៅ​លីបង់ រដ្ឋអំណាច​បាន​បញ្ជាក់​ពី​ការ​ចូល​ទឹកដី​លីបង់​ដោយ​ស្រប​ច្បាប់​របស់​លោក​ការឡូស ហ្គោន ហើយ​ប្រភព​តុលាការ​បាន​អះអាង​ថា លីបង់ និង​ជប៉ុន​គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាង​គ្នា​ឡើយ។ ចំណែក​ប្រភព​ពី​ក្រសួង​ការបរទេស​លីបង់​បាន​ធានា​ថា ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​សំណើ​អ្វី​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ឡើយ​ទេ។

លោកការឡូស ហ្គោន អតីតអគ្គនាយកក្រុមហ៊ុនរថយន្តរឺណូ (Renault)-នីសាន់ (Nissan)
លោកការឡូស ហ្គោន អតីតអគ្គនាយកក្រុមហ៊ុនរថយន្តរឺណូ (Renault)-នីសាន់ (Nissan) REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ទទួល​បាន​ដំណឹង​រត់​គេច​ខ្លួន​របស់​លោក​ការឡូស ហ្គោន​ទៅ​កាន់​ប្រទេស​លីបង់ រដ្ឋាភិបាល​ជប៉ុន​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។ ចំណែក​នៅ​ក្នុង​ប្រទេស​លីបង់ រដ្ឋអំណាច​បាន​បញ្ជាក់​ពី​ការ​ចូល​ទឹកដី​លីបង់​ដោយ​ស្របច្បាប់​របស់​លោក​ការឡូស ហ្គោន ហើយ​ប្រភព​មួយ​ពី​តុលាការ​បាន​អះអាង​ថា លីបង់ និង​ជប៉ុន​គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាង​គ្នា​ទេ។ លោក​អ៊ីប្រាហ៊ីម ណាហ្សារ​ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លីបង់ និង​ជា​អ្នកជំនាញច្បាប់​បាន​ប្រាប់ AFP ថា ច្បាប់​លីបង់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ជនជាតិ​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ណា​មួយ​ឡើយ ហើយ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ប្រើ​នីតិវិធី​របស់​ប៉ូលិស​អាំងទែប៉ូល ឈ្មោះ​លោក​ការឡូស ហ្គោន​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ប្រទេស​សមាជិក​ដើម្បី​ចាប់​ខ្លួន តែ​ប៉ូលិស​អាំងទែប៉ូល​មិន​អាច​ប្រើ​កម្លាំង​ដើម្បី​ចាប់ ឬ​មួយ​ក៏​បង្ខំ​លីបង់​ឲ្យ​ចាប់​ខ្លួន​លោក​ការឡូស ហ្គោន​ទេ។

តាម​លោក​ណាហ្សារ តុលាការ​លីបង់​អាច​ស្នើ​ជប៉ុន​ឲ្យ​បញ្ជូន​សំណុំរឿង​លោក​ហ្គោន​ទៅ​ឲ្យ​ខ្លួន​ដើម្បី​ពិនិត្យមើល តែ​លីបង់​មិន​អាច​កាត់ទោស​មនុស្ស​ណា​ម្នាក់​ដែល​ជាប់ចោទ​ក្នុង​រឿង​លួច​ពន្ធ​នៅ​ក្នុង​ប្រទេស​ផ្សេង​ឡើយ។ គួរ​រម្លឹក​ថា លោក​ហ្គោន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជប៉ុន​តាំង​ពី​ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​ជាប់​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន ៤ ក្នុង​នោះ បទ​ចោទប្រកាន់​ចំនួន​ពីរ​ទាក់ទង​នឹង​មិន​បាន​រាយការណ៍​រឿង​ប្រាក់ខែ និង​បទចោទប្រកាន់​ពីរ​ទៀត​ទាក់ទង​នឹង​ការ​រំលោភ​លើ​សេចក្តីទុកចិត្ត។ កាសែត​ប្រចាំ​ថ្ងៃ​អារ៉ាប់​ឈ្មោះ al-Akhbar ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​សន្តិសុខ​ឯកជន​មួយ​ជា​អ្នក​រៀបចំ​ផែនការ​រំដោះ​លោក​ការឡូស ហ្គោន​ចេញ​ពី​ប្រទេស​ជប៉ុន។

រីឯ​កាណាល់​ទូរទស្សន៍ LBC បាន​លំអិត​បន្ថែម​ថា លោក​ហ្គោន​ប្រហែល​ជា​បាន​លាក់​ខ្លួន​នៅ​ក្នុង​ហិប​មួយ​នៅ​ពេល​ធ្វើ​ដំណើរ​ពី​ជប៉ុន​ទៅ​តួកគី។ តែ​ការ​ធ្វើ​ដំណើរ​របៀប​នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​រួម​សហការណ៍​ពី ៣ប្រទេស​យ៉ាង​តិច មុន​គេ​គឺ​ជប៉ុន តួកគី និង​លីបង់។ នៅ​ជប៉ុន រឿងរ៉ាវ​គេច​ខ្លួន​រួច​របស់​លោក​ការឡូស ហ្គោន​បន្ត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ទទួល​រង​ការ​រិះគន់។ អ្នកតំណាងរាស្រ្ត​មក​ពី​គណបក្ស​សេរីប្រជាធិបតេយ្យ​លោកស្រី​ម៉ាសាហ៊ីសា សាតូ​បាន​ចាត់​ទុក​ជា​រឿងអាស្រូវ​ដែល​ប្រទេស​មួយ​បាន​បណ្តោយ​ឲ្យ​មនុស្ស​ម្នាក់​ចាកចេញ​ដោយ​ខុសច្បាប់។ លោក​ហ្គោហារ៉ា អតីត​ព្រះរាជអាជ្ញា​ជប៉ុន និង​បច្ចុប្បន្ន​ជា​មេធាវី​បាន​យល់​ឃើញ​ថា រឿងរ៉ាវ​មួយ​នេះ​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ក្រុម​ព្រះរាជអាជ្ញា។

រីឯ​ក្រុម​មេធាវី​ការពារ​លោក​ការឡូស ហ្គោន​បាន​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បាន​សន្យា​នៅ​ចំពោះ​មុខ​ចៅក្រម​ពី​ការ​មិន​គេច​ខ្លួន​របស់​លោក​ហ្គោន​ដែល​ជា​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​លោក​ហ្គោន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​បង់ប្រាក់​តម្កល់​ចំនួន ១២លានអឺរ៉ូ។ លោក​ហ៊ីរ៉ូណាកា​ដែល​ជា​មេធាវី​ជនជាតិ​ជប៉ុន​របស់​លោក​ហ្គោន​បាន​បញ្ជាក់​ថា ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នឹង​ត្រូវ​លុបចោល​វិញ ហើយ​ប្រាក់តម្កល់​ទាំង ១២លានអឺរ៉ូ​នឹង​ត្រូវ​ក្រសួង​យុត្តិធម៌​រក្សា​ទុក៕

(ព័ត៌មាន​ដកស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ