អានតួអត្ថបទ
កូរ៉េខាងត្បូង

ប្រធានាធិបតី កូរ៉េខាងត្បូង បោះដៃ​អញ្ជើញ មេដឹកនាំ​កូរ៉េខាងជើង​សាជាថ្មី

ប្រធានាធិបតី កូរ៉េខាងត្បូង លោក​មូនចៃអ៊ីន បាន​អះអាង នៅថ្ងៃ​អង្គារនេះ ចង់​ឲ្យមានការចាប់ផ្តើម​ការចរចា​ការទូត​ឡើងវិញ ជាមួយ ទីក្រុង​ព្យុងយ៉ាង ដើម្បី បើកផ្លូវ​ឲ្យ​មានការបំពេញទស្សនកិច្ច​របស់មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុង​សេអ៊ូល។ ប្រមុខរដ្ឋាភិបាល​ក្រុង​សេអ៊ូល បោះដៃ​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង នៅ​បន្ទាប់ពី​កូរ៉េខាងជើង​ទើប​ប្រកាស​លែង គោរព កិច្ចសន្យា​ស្តីពី​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ។ 

ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុង​ឱកាសថ្លែង​សុន្ទរកថា ស្វាគម​ឆ្នាំថ្មី កាលពីថ្ងៃទី ៧ មករា ២០២០
ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុង​ឱកាសថ្លែង​សុន្ទរកថា ស្វាគម​ឆ្នាំថ្មី កាលពីថ្ងៃទី ៧ មករា ២០២០ ©Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​ស្វាគម​ឆ្នាំថ្មី នៅតាម​កញ្ចក់​ទូរទស្សន៍ ប្រធានាធិបតី កូរ៉េខាងត្បូង លោកមូន ចៃអ៊ីន នៅ​ថ្ងៃអង្គារ​នេះ បានអំពាវនាវ​ឲ្យ​មាន​ការចរចាឡើងវិញ រវាង ភាគី កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ដើម្បី សម្រួល បើកផ្លូវ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច របស់​មេដឹកនាំ​កូរ៉េខាងជើង នៅ​ទីក្រុង​សេអ៊ូល នៅ​ក្នុង​ពេល​ឆាប់ៗខាងមុខ។

នៅក្នុង​ទស្សនកិច្ច​ដ៏​កម្រ ទៅកាន់​ទីក្រុង​ព្យុងយ៉ាង កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៨ លោក​ប្រធានាធិបតី មូន ចៃអ៊ីន ធ្លាប់​បាន​និយាយ​អញ្ជើញ មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​សេអ៊ូល។ នៅក្នុង​សុន្ទរកថា តាមកញ្ចក់ទូរទស្សន៍​កូរ៉េ នៅថ្ងៃ អង្គារនេះ ប្រធានាធិបតី កូរ៉េខាងត្បូង បានលើកឡើង​ផងដែរ​ពីគំនិត បង្កើតគណៈប្រតិភូ តែមួយ ដើម្បី តំណាង​កីឡាករ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក​រដូវ ក្តៅ នៅប្រទេស​ជប៉ុន នៅ​ពាក់កណ្តាល​ឆ្នាំនេះ។

សម្រាប់​អ្នកជំនាញ នយោបាយ ឧបទ្វីបកូរ៉េ ការបោះដៃ សាជាថ្មី របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ​ជា​រឿង​អត់ប្រយោជន៍ និង​គ្មាន​ខ្លឹមសារ សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​កំពុង​មាន​ភាពតានតឹង​កាន់តែ​ខ្លាំង​រវាង​អាមេរិក និងកូរ៉េខាងជើង និង​នៅក្រោយ​កូរ៉េខាងជើង​បាន​បដិសេធ លែង​ចរចា ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋបាល​លោកដូណាល់ ត្រាំ។

នៅសប្តាហ៍មុន មេដឹកនាំ​កូរ៉េខាងជើងដែល​បាន​ប្រកាស​លែង​គោរព​ការសន្យា ស្តីពីការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ តទៅទៀត ធ្លាប់​បាន​គំរាម ថា នឹង​បង្ហាញ​ដល់ពិភពលោក នូវ អាវុធ​យុទ្ធសាស្រ្ត​ថ្មី​របស់​កូរ៉េខាជើង។

មេដឹកនាំ​កូរ៉េខាងជើង ធ្លាប់​ទទួល​ស្គាល់​ថា ប្រទេស​​របស់​លោក កំពុង​ស្គាល់​វិបត្តិសេដ្ឋកិច្ច ប៉ុន្តែ យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​ថា ប្រទេស​របស់លោក​សុខចិត្ត រស់នៅ លំបាក នៅក្រោម សម្ពាធ ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែមិន​បោះបង់​ចោល​កម្មវិធី​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរនោះទេ៕

(ព័ត៌មាន​ដកស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ