អានតួអត្ថបទ
តៃវ៉ាន់

បោះឆ្នោតប្រធានាធិបតីតៃវ៉ាន់៖ពលរដ្ឋត្រូវជ្រើសរើសរវាងបេក្ខនារីប្រឆាំងចិនដីគោក និងបេក្ខជនងាករកចិនដីគោក

នៅ​ថ្ងៃ​សៅរ៍ ទី១១ មករា មាន​ពលរដ្ឋ​តៃវ៉ាន់​ប្រមាណ​ជា ១៩លាននាក់​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​ដែល​ត្រូវ​ជ្រើសរើស​រវាង​បេក្ខជន​ឈរ​ឈ្មោះ​ពីរ​រូប គឺ​ប្រធានាធិបតី​ផុតអាណត្តិ​លោកស្រី​ត្សៃ អ៊ីងវេន និង​លោក​ហាន គួរយូ។ លោកស្រី​អ៊ីងវេន​ជា​បេក្ខនារី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើននិយម​ដែល​ចង់​បាន​ឯករាជ្យ ហើយ​លោក​ហាន គួរយូ​ជា​បេក្ខជន​មក​ពី​គណបក្ស​គូមីនតង់​ដែល​មាន​និន្នាការ​រក​ចិនដីគោក។ ថ្ងៃ​សុក្រ ទី១០ មករា​ជា​ថ្ងៃ​ឃោសនាបោះឆ្នោត​ចុង​ក្រោយ​របស់​បេក្ខជន​ទាំង​ពីរ។ តាម​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ លោកស្រី​ត្សៃ អ៊ីងវេន​មាន​ប្រៀប​ខ្លាំង​ជាង​លោក​ហាន គួរយូ។

លោកស្រី Tsai Ing-wen និង​លោក Han Kuo-yu
លោកស្រី Tsai Ing-wen និង​លោក Han Kuo-yu AFP
ផ្សាយពាណិជ្ជកម្ម

បេក្ខជន​ទាំង​ពីរ​រូប គឺ​លោកស្រី​ត្សៃ អ៊ីងវេន និង​លោក​ហាន គួរយូ​មានទស្សនវិស័យ​ខុស​គ្នា​ស្តីពី​អនាគត​របស់​កោះតៃវ៉ាន់ និង​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​មហាអំណាច​ចិនដីគោក។ កាន់​អំណាច​តាំង​ពី​ឆ្នាំ ២០១៦ និង​មាន​អាយុ ៦៣ឆ្នាំ ប្រធានាធិបតី​ផុតអាណត្តិ​លោកស្រី​អ៊ីងវេន​បាន​តាំង​ខ្លួន​ជា​អ្នក​ធានា​តម្លៃប្រជាធិបតេយ្យ​ប្រឈម​នឹង​អំណាច​ផ្តាច់ការ​របស់​ចិន។ « បោះឆ្នោត​ឲ្យ​ត្សៃ អ៊ីងវេន​មាន​ន័យ​ថា យើង​ជ្រើសរើស​អនាគត​របស់​យើង និង​ការពារ​ប្រជាធិបតេយ្យ និង​សេរីភាព » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​អ៊ីងវេន​ក្នុង​ថ្ងៃ​សុក្រ ទី១០ មករា។

ខុស​ពី​លោកស្រី​អ៊ីងវេន លោក​ហាន គួរយូ​បាន​ជ្រើស​ផ្លូវ​ងាក​រក​ចិន​ដោយ​ឲ្យ​តម្លៃ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​តៃវ៉ាន់​ទាញ​បាន​ពី​ចិន។ « យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ យើង​ចង់​រក​ឃើញ​សុភមង្គល វិបុលភាព និង​មោទនភាព​ឡើង​វិញ​ឲ្យ​ប្រជាជន​តៃវ៉ាន់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​គួរយូ​នៅ​ក្នុង​អង្គមិទ្ទិញ​មួយ​ក្នុង​ថ្ងៃ​សុក្រ ទី១០ មករា។ តាំង​ពី ១០ថ្ងៃ​ដែល​ការ​ផ្សព្វផ្សាយ​លទ្ធផល​ស្ទង់មតិ​ត្រូវ​បាន​ហាម​ឃាត់ តែ​បើ​ផ្អែក​តាម​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ លោកស្រី​អ៊ីងវេន​ទទួល​បាន​សម្លេង​គាំទ្រ​លើស​លោក​គួរយូ​ច្រើន​ណាស់។

កាល​ពី​មួយ​ឆ្នាំ​មុន ប្រធានាធិបតី​ផុតអាណត្តិ​រូប​នេះ​ទទួល​បាន​ប្រជាប្រិយភាព​តិចតួច​ណាស់ ហើយ​គ្មាន​នរណា​ម្នាក់​ជឿ​ឡើយ​ថា​ពេល​នេះ លោកស្រី​អ៊ីងវេន​បែរ​ជា​មាន​ប្រៀប​ខ្លាំង​លើ​លោក​គួរយូ​សោះ។ តាម​ក្រុម​អ្នក​វិភាគ កំណើន​ប្រជាប្រិយភាព​របស់​លោកស្រី​អ៊ីងវេន​ក៏​ដោយសារ​តែ​លោកស្រី​ចេះ​ទាញ​ប្រយោជន៍​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក និង​ពី​វិបត្តិនយោបាយ​នៅ​ហុងកុង។ យ៉ាង​ណា​ក៏​ដោយ ចិនដី​គោក​មិន​បាន​លាក់បាំង​ពី​ការ​ចង់​ឃើញ​បរាជ័យ​របស់​លោកស្រី​អ៊ីងវេន​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ​ទេ។ តាំង​ពី​ក្រោយ​ការ​ជាប់ឆ្នោត​របស់​លោកស្រី​អ៊ីងវេន​ក្នុង​ឆ្នាំ ២០១៦ ក្រុង​ប៉េកាំង​តែង​បាន​បន្តឹង​ជំហរ​ជាមួយ​តៃវ៉ាន់​ដោយ​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ផ្លូវការ​ទាំង​អស់ និង​ថែម​ទាំង​បាន​ដាក់​គំនាប​សេដ្ឋកិច្ច និង​យោធា​ទៀត​ផង។

ចិនដីគោក​ជា​ដៃគូពាណិជ្ជកម្ម​ធំ​បំផុត​របស់​កោះ​តៃវ៉ាន់ តែ​ចិនដីគោក​តែង​ចាត់​ទុក​កោះ​មួយ​នេះ​ជា​ខេត្ត​មួយ​របស់​ខ្លួន និង​បាន​ប្តេជ្ញា​យក​ទៅ​គ្រប់គ្រង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ប្រើ​កម្លាំង បើ​ចាំ​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ