អានតួអត្ថបទ
ភូមា-ចិន

លោកស្រី អ៊ុងសាន ស៊ូជី​ធ្វើ​ទស្សនកិច្ច នៅតំបន់​ដែល​​​គម្រោង​សាងសង់ទំនប់​ចិន រងការប្រឆាំង

មេដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ធ្វើដំណើរទស្សនកិច្ច ដ៏កម្រ​មួយ នៅ​តំបន់​ភាគខាងជើង ភូមា ដែល​ជាប់ជាមួយ ព្រំដែន​ប្រទេស​ចិន។ ទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​ភូមា នៅ​រដ្ឋ​កាឈីន ជាទី​ដែល​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ចិន ដ៏ចម្រូងចម្រាស ធ្វើ ឡើងនៅតែ ១សប្តាហ៍មុន ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅប្រទេស​ភូមា។  

ប្រមុខដឹកនាំ​ភូមា លោកស្រីអ៊ុងសាន ស៊ូជី(កណ្តាល) នៅទីក្រុង Myitkyina ថ្ងៃទី ១០ មករា ២០២០
ប្រមុខដឹកនាំ​ភូមា លោកស្រីអ៊ុងសាន ស៊ូជី(កណ្តាល) នៅទីក្រុង Myitkyina ថ្ងៃទី ១០ មករា ២០២០ ©STR / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់ រដ្ឋ​កាឈីន ដែល ជាប់ជាមួយ ព្រំដែន​ចិន ប្រមុខដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី មិន​បាន​និយាយ​ដល់​គម្រោង​វិនិយោគ​ដ៏ចម្រូងចម្រាស របស់​ចិន គឺ​ការសាងសង់​ទំនប់​វារី​អគ្គិសនី នៅ​រដ្ឋ​កាឈីន​នោះទេ។ លោកស្រី គ្រាន់តែ បាន​ជំរុញ​ឲ្យ​ប្រជាជន​ភាគតិច រាប់ពាន់​នាក់ ដែល​បាន​ចេញទៅ​ទទួល​ស្វាគម​លោកស្រី កាលពី​ថ្ងៃ​សុក្រ ឲ្យ​គិតគូរ​ពី​បច្ចុប្បន្នកាល ហើយ​និង​អំពាវនាវ​ឲ្យ​មាន​សុខសន្តិភាព នៅ​រដ្ឋកាឈីន ជាទី​ដែល​កងទ័ព​ភូមា ឧស្សាហ៍ វាយប្រយុទ្ធគ្នា ជាមួយ ពួកឧទ្ទាមទ័ពព្រៃ ដើម្បី ដណ្តើម​គ្រប់គ្រង​ប្រភពធនធាន​ធម្មជាតិ។

គឺ​នៅ​រដ្ឋ​កាឈីននេះ ដែល​គម្រោង​សាងសង់ ទំនប់​វារី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ចិន យ៉ាងខ្លាំងក្លា រហូត ដល់​រដ្ឋាភិបាល​ត្រូវ​សម្រាក​ផ្អាកទៅវិញ គម្រោង​វិនិយោគ​ចិន ដែល​មាន​តម្លៃ ជាង ៣ពាន់ ៦រយលានដុល្លារ។ នៅ​ឆ្នាំមុន សំណើ​ឲ្យ​មាន​ការចាប់ផ្តើម គម្រោងឡើងវិញ បាន​ជំរុញ​ឲ្យ​ប្រជាជន​ភាគតិច រាប់ពាន់ នាក់ ចុះថ្នល់​ធ្វើ​បាតុកម្ម ប្រឆាំង នៅ​រដ្ឋកាឈីន។ គណៈកម្មការ​រដ្ឋាភិបាល​មួយ ធ្លាប់​បាន​ចេញ​របាយការណ៍ កាលពី​៥ឆ្នាំមុន ដែល​បង្ហាញ​ពីផលប៉ះពាល់​ធ្ងន់ធ្ងរ​របស់​ទំនប់វារីអគ្គិសនី ចិន ទៅលើ​របត់ ទឹក​ទន្លេ​អ៊ីរ៉ាវ៉ាឌី នៅភូមា។

លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់​ចេញមុខ​ប្រឆាំង​ខ្លាំង នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ចិន នៅ​រដ្ឋ​កាឈីន នៅពេល​គណបក្ស​របស់​លោកស្រី នៅ​ជា​បក្សប្រឆាំង។ ចូល​កាន់អំណាច​នៅ​ភូមា នៅ​ឆ្នាំ ២០១៥ ជំហរ​របស់​លោកស្រី បាន​ផ្លាស់ប្តូរ​មកវិញ ដោយ​កាលពី​ខែ មីនា ឆ្នាំ​មុន លោកស្រី​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាជន​ភូមា​ពិចារណាឡើងវិញ ដើម្បី ប្រយោជន៍ធំ​សម្រាប់​ប្រទេសជាតិ។

ដំណើរទស្សនកិច្ច​ដ៏កម្រ របស់​លោកស្រី អ៊ុងសាន ស៊ូជី ទៅ​កាន់រដ្ឋ​កាឈីន ជាទី​ដែល​មាន​គម្រោង​សាងសង់​ទំនប់វារី អគ្គិសនី ដ៏​ចម្រូងចម្រាស របស់​ចិន ធ្វើឡើង​តែ​នៅ ១សប្តាហ៍មុន ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅភូមា។ នៅថ្ងៃ​សុក្រ​ម្សិលមិញ អនុរដ្ឋមន្រ្តី ក្រសួង​ការបរទេស​ចិន លោក Luo Zhaohui បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុកចិនថា នៅក្នុង​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ នៅ​សប្តាហ៍ក្រោយនេះ (១៧ និង​១៨​មករា) លោកប្រធានាធិបតី​ចិន នឹង​ពិភាក្សា​ជាមួយ​ប្រមុខដឹកនាំ​ភូមា ពី​គម្រោង​ទំនប់​វារីអគ្គិសនី ដែល​ជា​ផ្នែក​ដ៏សំខាន់​មួយ នៃ​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង។ អ្នកជំនាញ​វាយតម្លៃថា ភូមា បាន​ខិតចូល​ទៅ​ជិត ទីក្រុង​ប៉េកាំង ដែល ធ្លាប់​បាន​ចេញមុខ​ការពារ​រដ្ឋាភិបាល ភូមា ពីការរិះគន់ របស់​សហគមន៍​អន្តរជាតិ ក្នុង​រឿង​ធ្វើ​ទុក្ខបុក​ម្នេញ លើ​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាឃីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ