អានតួអត្ថបទ
ចិន

កូរ៉ូណាវីរុស​សម្លាប់មនុស្ស​ ៤១នាក់ និង​ចម្លងដល់​មនុស្ស​១៨២០នាក់ នៅប្រទេស​ចិន

ជម្ងឺឆ្លងរាតត្បាត កូរ៉ូណាវីរុស ដែល​រហូត​មកដល់​ថ្ងៃ​សៅរ៍នេះ បានសម្លាប់មនុស្ស ៤១នាក់ នៅប្រទេស​ចិន និង​ចម្លងទៅដល់​មនុស្ស​១៨២០នាក់ ដែលនៅក្នុងនោះ មាន​ជាង ២០០ករណី​ស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ ប្រឈម​នឹង​ការរីករាលដាល យ៉ាងឆាប់រហ័ស​នៃ​មេរោគផ្លូវដង្ហើម កូរ៉ូណាវីរុស អាជ្ញាធរ​ចិន បាន​ចាត់វិធាន បង្កើន​បិទ​ទីក្រុង បន្ថែមទៀត ក្នុង​ខេត្ត​ហ៊ូពេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន ប្រមាណ ៥៦លាននាក់។ 

អ្នកជម្ងឺ​កូរ៉ូណាវីរុស នៅមន្ទីរពេទ្យ​ក្រុង​វូហាន
អ្នកជម្ងឺ​កូរ៉ូណាវីរុស នៅមន្ទីរពេទ្យ​ក្រុង​វូហាន ©Reuter
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេលតែ ២៤​ម៉ោង ចំនួន​មនុស្ស​ស្លាប់ ដោយសារ​មេរោគផ្លូវដង្ហើម កូរ៉ូណាវីរុស បានកើនឡើង បន្ថែម ១៥នាក់ទៀត នៅ​ទីក្រុង​វូហាន (មានគ្រូពេទ្យម្នាក់) ដែល​ធ្វើ​ឲ្យ​ចំនួនមនុស្ស​ស្លាប់ សរុប កើន​ដល់​៤១នាក់ នៅក្នុង​ប្រទេសចិន គិត​មកដល់​ថ្ងៃសៅរ៍​នេះ។

ប្រឈម​នឹង​ការរីករាលដាល​យ៉ាងឆាប់រហ័ស នៃ​មេរោគ​ផ្លូវដង្ហើម កូរ៉ូណាវីរុស រដ្ឋាភិបាល​ចិន កាលពី​ថ្ងៃ​សុក្រ បាន​បញ្ជូន​ពេទ្យ​ទាហាន​៤៥០នាក់ និង​បុគ្គលិកពេទ្យមួយចំនួនទៀត ទៅ​កាន់​តំបន់​ហាមឃាត់​ចំនួន បី​ក្នុង​ទីក្រុង​វូហាន។ តាម​រដ្ឋអំណាចចិន ពេទ្យទាហាន ទាំងនោះ ដែល​សុទ្ធ​តែ​ធ្លាប់មាន​បទពិសោធន៍ ព្យាបាល ក្នុងករណី​ជម្ងឺSARS និង​អេបូឡា​ជាដើម នឹងត្រូវ​ដាក់ពង្រាយ នៅតាម​មន្ទីរពេទ្យ ដែល​មានការខ្វះខាត គ្រូពេទ្យ និង​ចំនួនគ្រែ ដោយសារ​តែ​ការកើនឡើង​នៃ​ករណី​អ្នកជម្ងឺ ថ្មី ដែល​ឆ្លងកូរ៉ូណាវីរុស ហើយ​និង​អ្នកជម្ងឺ​ដែល​បារម្ភ​ពីបញ្ហា​សុខភាព​ជាទូទៅ។

សូមស្តាប់​សក្ខីកម្ម​របស់​និស្សិតខ្មែរ គីម ហុង ពីទីក្រុង​វូហាន

02:08

គីម ហុង និស្សិត​ផ្នែក​វិស្វកម្ម​សំណង់​នៅទីក្រុង​វូហាន

តាម​សេចក្តីរាយការណ៍​របស់​អ្នកកាសែត ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ឱសថស្ថាន​ជាច្រើន​កន្លែង​នៅទីក្រុង​វូហាន កំពុង​ចាប់ផ្តើម​ខ្វះខាត ម៉ាសបិទមុខ ស្រោមដៃ និងសាប៊ូលាងដៃ ដោយសារ​តែ​មនុស្ស​បាន​សម្រុក​ទៅទិញ កាន់តែច្រើន។ រូបភាព​វីដេអូ ដែល​បង្ហោះ​ផ្សាយ នៅតាម​បណ្តាញ​សង្គម​ បាន​បង្ហាញ​ពី​គ្រែ​របស់​អ្នកជម្ងឺ និង​គ្រែសែង អ្នកស្លាប់ នៅ​តាម​ផ្លូវ​ដើរ ក្នុង​មន្ទីរពេទ្យ ក្នុង​ក្រុង​វូហាន ជាទី ដែល​មនុស្ស​ឈរតម្រង់​ជួរគ្នា សម្រាប់​ស្វែងរក ការព្យាបាល។

កាសែត​រដ្ឋ​ចិន ថ្មី បាន​សរសេរ​នៅថ្ងៃ​សៅរ៍នេះ​ថា អាជ្ញាធរ​នឹង​សាងសង់​មន្ទីរពេទ្យ​បន្ទាន់មួយទៀត ដែល​មាន​សមត្ថភាព​ដាក់​អ្នកជម្ងឺ កូរ៉ូណាវីរុស ១៣០០នាក់។ កាលពី​ថ្ងៃព្រហស្បតិ៍ អាជ្ញាធរ​កុ្រងវូហាន​បាន​ចាប់ផ្តើម​សាងសង់​មន្ទីរពេទ្យ​ពិសេស សម្រាប់​ដាក់​អ្នកជម្ងឺកូរ៉ូណាវីរុស ដែលអាច​ចាប់ដំណើរការ ជាផ្លូវការ នៅ​ក្នុង​រយៈពេល​១០ថ្ងៃ។

ដើម្បី​ទប់ទល់​កុំឲ្យ​មានការឆ្លងរីករាលដាល មេរោគរាតត្បាត កូរ៉ូណាវីរុស ទៅ​តំបន់​ផ្សេងទៀត នៅក្នុង​ប្រទេស​ចិន អាជ្ញាធរ​ចិន នៅថ្ងៃ​សៅរ៍​នេះ បាន​សម្រេច បិទ​ទីក្រុង​បន្ថែមទៀត ក្នុង​ខេត្ត​ហ៊ូពេ ដែលជាហេតុ ធ្វើ​ឲ្យ​ប្រជាជន​ចិន​ប្រមាណ ៥៦​លាននាក់ ត្រូវគេ​តម្រូវ​ឲ្យ​ស្ថិតក្នុង​ផ្ទះ មិន​ឲ្យ​ធ្វើដំណើរ​ចាកចេញ​ពីទីក្រុង។ នៅថ្ងៃ​សៅរ៍ អាជ្ញាធរ​ក្រុងវូហាន​បាន​ចេញបញ្ជា ហាម​មិន​ឲ្យ​មាន​ចរាចរណ៍​រថយន្ត​ឯកជន ចាប់ពីម៉ោង ១២អាធ្រាត្រ​ថ្ងៃ​សៅរ៍។

អាជ្ញាធរចិន​បាន​ចេញ​បញ្ជា​ផងដែរ ឲ្យ​ចាប់សំអាត អនាម័យ នៅ​ក្នុង​មធ្យោបាយ​ធ្វើដំណើរ ដូចជា​រថភ្លើង និង​យន្តហោះ ក្នុង​ទូទាំងប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ