អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេរោគ​កូរ៉ូណាវីរុស៖ ចិន បិទ​ទីក្រុង ចំនួន ១៣​ដែល​មាន​ប្រជាជន​រស់នៅ ជាង​៤០​លាន​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​នឹង​ការរីករាតត្បាត​មេរោគ​កូរ៉ូណាវីរុស អាជ្ញាធរ​ចិន​បាន​សម្រេច​បិទ​ច្រកចេញ​របស់​ទីក្រុង ចំនួន ១៣ ក្នុង​ខេត្ត​ហ៊ូពេ ដែល​មាន​ប្រជាជន​រស់នៅ​សរុប ជាង​៤១លាន​នាក់។ នៅពេល​មេរោគ​កូរ៉ូណាវីរុស​សម្លាប់មនុស្ស​ដល់​២៦នាក់ នៅ​ប្រទេស​ចិន និងចម្លង​ដល់​មនុស្ស ជាង ៨០០​នាក់ ក្នុង​ពិភពលោក អង្គការ​សុខភាព​ពិភព​លោក ដែល​បាន​បើកកិច្ចប្រជុំ​នៅទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ បាន​បដិសេធ មិន​ប្រកាស​អាសន្ន ជា​លក្ខណៈ​អន្តរជាតិ ស្តីពី ការរីករាតត្បាតនៃ​មេរោគ​កូរ៉ូណាវីរុស នោះ​ទេ។ 

មនុស្ស​ដើរកាត់​ស្ថានីយ៍រថភ្លើង​ដែលបិទនៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូពេ​ប្រទេស​ចិន
មនុស្ស​ដើរកាត់​ស្ថានីយ៍រថភ្លើង​ដែលបិទនៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូពេ​ប្រទេស​ចិន ©China Daily via REUTERS
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃមេរោគកូរ៉ូណាវីរុស ដែល​បាន​សម្លាប់​មនុស្ស ចំនួន ២៦នាក់ នៅ​ប្រទេស ចិន និង​ឆ្លង​ទៅ​មនុស្ស ជាង ៨០០​នាក់ នៅ​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​មួយចំនួន អាជ្ញាធរ​ចិន បាន​ចាត់វិធានការ​តឹងខ្លាំង មិនធ្លាប់​មាន ដោយ​បាន​សម្រេច​បិទ​ច្រកចេញ​ទាំងអស់​របស់​ទីក្រុង​ចំនួន ១៣ ក្នុង​ខេត្ត ហូពេ ដែលនៅក្នុង​នោះ​មានផងដែរ ទីក្រុង​វូហាន ដែល​ជា​ប្រភពកើតចេញដំបូង​នៃ​មេរោគកូរ៉ូណាវីរុស។ គោលដៅ​សំខាន់ជាង​គេ គឺ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការឆ្លង​រីករាលដាល​កាន់តែ​ខ្លាំង មេរោគ កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន។

ដើម្បី​ទប់ស្កាត់ ការរីករាល​ឆ្លងមេរោគ កូរ៉ូណាវីរុស វិធានការ​ចំបងគេ​របស់​អាជ្ញាធរ​ចិន គឺ​កាត់បន្ថយ​ការធ្វើដំណើរ ឲ្យ​បាន​ច្រើនបំផុត របស់​ប្រជាជនចិន ជាពិសេស នៅក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំចិន ដែល​គេ​រំពឹង​ថា នឹង​អាច​មាន​ប្រជាជន​ចិន ជាង ៣ពាន់​លាននាក់ ដែលអាច​ធ្វើដំណើរ​ផ្លាស់ទី ក្នុង​ និង​ទៅក្រៅប្រទេស។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អាជ្ញាធរ​បាន​សម្រេច​បិទ​មុនគេ ទីក្រុង​វូហាន ក្នុង​ខេត្ត​ហ៊ូពេ ដែល​ជា​ប្រភព​កើតចេញ និង​មាន​អ្នកស្លាប់​ច្រើនជាងគេ ដោយសារ​មេរោគ កូរ៉ូណាវីរុស។ មធ្យោបាយ​ធ្វើដំណើរ តាមផ្លូវរថភ្លើង យន្តហោះ និង​ច្រកចេញ​ទាំងអស់​ពី​ទីក្រុង ត្រូវ​បានបិទ​ផ្អាក លែង​ឲ្យ​មាន​សកម្មភាព។

នៅ​ថ្ងៃ​សុក្រ អាជ្ញាធរ​ចិន​បាន​សម្រេច បិទ ទីក្រុង​ទាំងអស់​របស់​ខេត្ត​ហ៊ូពេ ដែលមាន​ចំនួន ១៣ និង​ដែល​មាន​ប្រជាជន​រស់នៅ​សរុប ជាង ៤១​លាននាក់ ដែល​ស្មើ​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កាណាដា។ វិធានការ​របស់​អាជ្ញាធរ​ចិន សំដៅ បិទខ្ទប់ មេរោគ កូរ៉ូណាវីរុស ឲ្យ​នៅ​តែ​ក្នុង​ក្រុង​វូហាន ឬ​យ៉ាងច្រើន​បំផុត អាច​រីករាលដាល នៅ​ត្រឹម ខេត្ត​ហ៊ូពេ គឺ​មិន​ឲ្យចេញ​រីករាលដាល​កាន់តែ​ខ្លាំង ទៅ​ផ្នែក តំបន់​ផ្សេងទៀត នៅ​ប្រទេស​ចិន។

តាម​កាសែត​ក្នុង​ស្រុក​ចិន អាជ្ញាធរ​បាន​សម្រេច​ផងដែរ សង់​មន្ទីរពេទ្យ ដាច់ដោយឡែក មួយនៅទីក្រុង​វូហាន សម្រាប់​ព្យាបាល​តែ​អ្នកជម្ងឺ​កូរ៉ូណាវីរុស។ ការសាងសង់​មន្ទីរពេទ្យ​ដែល​មាន​សមត្ថភាព​ដាក់អ្នកជម្ងឺ ១ពាន់​នាក់ នឹង​អាច​ចប់រួចរាល់ ក្នុងរយៈពេល​១០​ថ្ងៃ ពោល​គឺ​អាច​ទទួល​អ្នកជម្ងឺ ចាប់ពី​ថ្ងៃទី ៣​កុម្ភៈ​ខែក្រោយ។

ជារួម ទៅ​តាម​វិធានការ​ដ៏​តឹងបំផុត​របស់​អាជ្ញាធរ​ចិន ប្រជាជន​រស់នៅ​តាម​បណ្តាក្រុង នានា របស់​ខេត្ត​ហ៊ូពេ ដែល​នៅក្នុង​នោះ មានផង​ដែរ ទីក្រុង​វូហាន ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ ដើរ​ចេញទៅ​ក្រៅ​ផ្ទះ ឬ​ទៅ​កន្លែង​សាធារណៈ បើសិន​មិន​ចាំបាច់។ បើ​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាងក្រៅផ្ទះ ពួកគេ​ត្រូវ​ពាក់​ម៉ាស ជាប់ជានិច្ច បើសិន​មិន​ចង់​ត្រូវ​ពិន័យ។

ស្តាប់ប្រសាសន៍​របស់​ ប៉ែន បារាំង និស្សិតខ្មែរ​នៅ​ទីក្រុង​វូហាន៖

01:48

19H_CORONAVIRUS-KHMER STUDENT-WUHAN_24-01-2020

ក្រៅតែ​ពី​លុបចោល កម្មវិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​តាមទីក្រុង​ធំៗ ដែល​ត្រូវ​រៀបចំ នៅ​ចុងសប្តាហ៍នេះ អាជ្ញាធរ​ចិន បាន​សម្រេច​បិទ​ផងដែរ ទីរមណីយដ្ឋាន កន្លែង​ទេសចរណ៍ ជាច្រើន ដូចជា មហាកំផែងចិន មួយផ្នែក ចំណែក រាជវាំង នៅទីក្រុង​ប៉េកាំង ឬ​កន្លែង​កំសាន្ត World Disney នៅទីក្រុង​សៀងហៃ ក៏​ត្រូវ​បិទទ្វារដែរ ពោល គឺ​ដើម្បី ជៀសវាង​កុំ​ឲ្យ​មាន​ការជួបប្រជុំ ប្រមូលផ្តុំ​មនុស្ស ដែល​អាច​ជា​ឱកាស​បើក​ឲ្យមាន​ការចម្លង​មេរោគ​កូរ៉ូណាវីរុស ដែល​អ្នកវិទ្យាសាស្រ្ត​ចិន ទើប​បញ្ជាក់​ថា វា​បំផ្លែងខ្លួន និង​អាច​ឆ្លង​លឿន រហ័ស ពី​មនុស្ស​ទៅ​មនុស្ស។

អង្គការ​សុខភាពពិភពលោក មិន​ព្រម​ចេញ​ប្រកាស​អាសន្ន​ជាអន្តរជាតិ

ចាប់តាំង​ពី​បង្កើត​យន្តការ​ប្រកាស​អាសន្ន នៅ​ឆ្នាំ ២០០៧ មក អង្គការ​សុខភាព​ពិភពលោក កម្រ​នឹង​ប្រកាស​អាសន្ន​ស្តីពី​ជម្ងឺរាតត្បាត​ណាមួយណាស់។ រហូតមកដល់​ពេលនេះ អង្គការ​សុខភាព​ពិភពលោក ធ្លាប់​បាន​ប្រកាស​អាសន្ន​សម្រាប់​តែ​ជម្ងឺណា ដែល​រាតត្បាត ខ្លាំង និង​សម្លាប់មនុស្ស​ច្រើន នៅក្រៅ​ប្រទេស​ដែល​លេចចេញ​ដំបូង នៃ​មេរោគ ដូចជា ជម្ងឺគ្រុនផ្តាសាយ​បក្សី នៅ​ឆ្នាំ ២០០៩ មេរោគ ហ្សីកា នៅប្រទេស​ប្រេស៊ីល នៅឆ្នាំ ២០១៣ និង​អេបូឡា​នៅឆ្នាំ ២០១៦​នៅអាហ្វ្រិក ជាដើម ដែល​បាន​សម្លាប់មនុស្ស​ជាង ១ម៉ឺននាក់។

សម្រាប់ មេរោគ​កូរ៉ូណាវីរុស អង្គការ​សុខភាព​ពិភពលោក ដែល​បើក​ការប្រជុំ​២ថ្ងៃ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស បាន​វាយតម្លៃ​ថា វា​ឆាប់រហ័ស​ពេក ដែល​គេ​ត្រូវ​ប្រកាស​អាសន្ន ជា​លក្ខណៈ អន្តរជាតិ​ស្តីពី​ការរីករាតត្បាត​នៃ​មេរោគ​កូរ៉ូណាវីរុស​នៅ​ប្រទេស​ចិន។ អង្គការ​សុខភាព ពិភពលោក មិន​ប្រកាស​អាសន្ន ក្នុង​ហេតុផល​ថា ការឆ្លងរាតត្បាតមេរោគ​កូរ៉ូណាវីរុស កើត​មាន​ច្រើន តែ​នៅ​ប្រទេស​ចិន ចំណែក ករណី​ឆ្លង​ទៅមនុស្ស នៅ​ក្រៅ​ប្រទេស​ចិន នៅ​មាន​តិចតួច ដូចជា ៤ករណី​នៅ​ប្រទេស​ថៃ ៣ករណី​នៅ​សិង្ហបុរី ២ករណី​នៅ​វៀតណាម ២ករណី​នៅ​ជប៉ុន និង​១​ករណី​នៅ​អាមេរិក។

អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់​ថា ការរីករាលដាល​មេរោគ​កូរ៉ូណាវីរុស កំពុង​កើត​ដល់​ចំណុច​ប្រកាស​អាសន្ន នៅក្នុង​ស្រុកចិន ប៉ុន្តែ នៅមិនទាន់​គ្រោះថ្នាក់ គំរាមកំហែង​ដល់​ជីវិត​មនុស្ស​នៅ​ថ្នាក់អន្តរជាតិ​នោះទេ។ តាម​ការពន្យល់​របស់ ប្រធាន​គណៈកម្មការ​បន្ទាន់ នៃ​អង្គការ​សុខភាព​ពិភពលោក អង្គការ ​សម្រេចមិន​ប្រកាស​អាសន្ន នៅពេលនេះ ក៏ដោយមក​ពី​គេ​បានទទួល​ព័ត៌មាន​ជាច្រើន ពី​មន្រ្តី​ចិន ដែល​ថា ករណី​ឆ្លង​ភាគច្រើន គឺ​កើតឡើង​ក្នុង​រង្វង់គ្រួសារ ហើយ​អ្នកដែល​ស្លាប់​ដោយសារ​មេរោគ កូរ៉ូណាវីរុស ភាគច្រើន គឺ​មាន​ជម្ងឺ​រួចទៅហើយ ដូចជា​លើសឈាម ទឹកនោមផ្អែម ហើយ​មាន​អាយុ​ចាប់ពី ៤៨ឆ្នាំ ឡើងទៅ។

យ៉ាងណាក៏ដោយ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ដែរថា គេ​មិន​ប្រកាស​អាសន្ន​នៅពេលនេះ មែន ប៉ុន្តែ អង្គការ​នៅតាមដាន​ជាប់ជានិច្ច ការរីករាលដាល​មេរោគ កូរ៉ូណាវីរុស ដែល​អាច​ប្រែប្រួល និង​អាចធ្វើ​ឲ្យ​គេ​ប្តូរចិត្ត នៅ​ថ្ងៃអនាគត។

ការធ្វើតេស្តសាកល្បង​វ៉ាក់សាំង នឹង​អាច​ចាប់ផ្តើម​នៅ​ខែ​មិថុនា

នៅពេល​អង្គការ​សុខភាព​ពិភពលោក​សម្រេច​ប្រកាស​អាសន្ន​ជា​លក្ខណៈ​អន្តរជាតិ​ពី​ជម្ងឺរាតត្បាត​ណាមួយ នោះមានន័យថា ជម្ងឺ​នោះ​គឺ​គ្រោះថ្នាក់ គំរាមកំហែង​ខ្លាំង លឿនរហ័ស ​សម្រាប់​សុខភាព ដល់​ប្រទេស​ដទៃផ្សេងទៀត ក្រៅតែ​ពីប្រទេស​ដែលកើតចេញដំបូង​នៃ​មេរោគរាតត្បាត។ នៅពេលនោះ គេ​នឹង​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី ជួបប្រជុំ​គ្នា រាល់​៣ខែ​ម្តង ដើម្បី វាយតម្លៃ​ស្ថានភាព នៃ​ការរីករាលដាល​របស់មេរោគ។ ការប្រកាស​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​នឹង​បើកផ្លូវ​ផងដែរ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ថ្នាក់​អន្តរជាតិ ដើម្បី​រកវិធីព្យាបាល ឬ​រក​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ថ្មី។

នៅក្នុង​កិច្ចប្រជុំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅប្រទេស​ស្វ៊ីស អង្គការ​ចម្រុះ ដើម្បី​ការបង្កើតថ្មី ខាង​ត្រៀមទប់ទល់​នឹង​ជម្ងឺរាតត្បាត បាន​អះអាងថា អ្នកស្រាវជ្រាវ​បីក្រុមផ្សេងគ្នា នឹង​ធ្វើការ​ស្វែងរក​វ៉ាក់សាំងសម្រាប់​ប្រឆាំង​មេរោគ​កូរ៉ូណាវីរុស ហើយ​ការធ្វើ​តេស្ត​សាកល្បង វ៉ាក់សាំង នឹងធ្វើឡើង នៅអំឡុង​ខែ​មិថុនា​ឆ្នាំនេះ។

ការប្រកាស​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​នឹង​បង្កើត​ផងដែរ ឲ្យ​មាន​ការរឹតបន្តឹង ហាម​មិនឲ្យ​ធ្វើដំណើរ​ទៅ​បណ្តា​ប្រទេស​ដែល​កំពុង​មាន​ការឆ្លង​រីករាលដាលនៃមេរោគ។ នៅក្នុង​ករណី​មេរោគ​កូរ៉ូណាវីរុស អង្គការ​សុខភាព​ពិភពពិភពលោក​មិន​បាន​ទាមទារ​ឲ្យ​មានការរឹតបន្តឹង ការធ្វើដំណើរ​ទៅ​ប្រទេស​ចិន នោះទេ។ នៅថ្ងៃ​ម្សិលមិញ ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយនេះ គ្រាន់តែ​អំពាវនាវ​ឲ្យ​មាន​ធ្វើតេស្ត​ច្រើន​ជាង​មុន ហើយ​និង​ស្កាន​ត្រួតពិនិត្យ អ្នកធ្វើដំណើរ នៅ​តាម​ច្រកចេញ​ចូល របស់បណ្តា​ប្រទេសក្នុង​ពិភពលោក ជាពិសេស​នៅតាម​ព្រលាន​យន្តហោះ ដើម្បី​ស្វែងរក​អ្នកដែល​អាច​មាន​ផ្ទុកមេរោគកូរ៉ូណាវីរុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ