អានតួអត្ថបទ
ចិន-អ៊ុយហ្គួរ

NGO៖ចិនបានប្រើកម្លាំងពលកម្មជនជាតិអ៊ុយហ្គួដើម្បីផលិតទំនិញម៉ាកល្បីៗក្នុងលោក

វិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​អូស្រ្តាលី​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី២ មីនា ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ជា​ច្រើន​ពាន់​នាក់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​ដើម្បី​ផលិត​ចេញ​នូវ​ផលិតផល​ម៉ាកធំៗ​ក្នុង​លោក។ ក្រៅ​ពី​ម៉ាកល្បីៗ​ក្នុង​លោក ពួក​អ៊ុយហ្គួ​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ផលិត​ចេញ​នូវ​ផលិតផល​របស់​ម៉ាក​ធំៗ​របស់​ចិន​ដែរ។ របាយការណ៍​ដដែល​បាន​ហៅ​ការងារ​ពលកម្ម​របស់​ពួក​អ៊ុយហ្គូរ​ជា​ការងារ​ចាប់បង្ខំ និង​ថា រោងចក្រ សហគ្រាស​ដែល​ទទួល​បានអត្ថប្រយោជន៍​ពី​កម្លាំង​ពលកម្ម​អ៊ុយហ្គួ​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ជា​ការ​រំលោភ​ច្បាប់​ដែល​ហាម​ការ​នាំ​ចូល​ផលិតផល​បាន​មក​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ចាប់​បង្ខំ។

ជនជាតិភាគតិចអ៊ុយហ្គួក្នុងតំបន់ស៊ីនជាំងប្រទេស​ចិន
ជនជាតិភាគតិចអ៊ុយហ្គួក្នុងតំបន់ស៊ីនជាំងប្រទេស​ចិន AFP Photo/Frederic J. Brown.
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់ ៥៦ទំព័រ វិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​អូស្រ្តាលី​បាន​បញ្ជាក់​ថា​នៅ​ចន្លោះ​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៩ មាន​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ជាង ៨០ ០០០នាក់​ជាប់​ឃុំ​ក្នុង​តំបន់​ស៊ីនជាំង​ត្រូវ​បាន​ចិន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​តាម​រោងចក្រ​ដែល​ផលិត​ចេញ​នូវ​ផលិតផល​បច្ចេកវិទ្យា វាយនភ័ណ្ឌ ឬ​រថយន្ត​សម្រាប់​ម៉ាកល្បីៗ​ក្នុង​លោក​ចំនួន ៨៣ម៉ាក។ ម៉ាកល្បីៗ​ផ្នែក​បច្ចេកវិទ្យា​មាន​ដូច​ជា Apple Sony Samsung Microsoft ឬ Nokia។ ចំណែក​ផ្នែក​វាយនភ័ណ្ឌ​មាន​ដូច​ជា​ម៉ាក Adidas Lacoste Gap Nike Puma Uniqlo ឬ H&M ហើយ​នៅ​ក្នុង​ផ្នែក​រថយន្ត​វិញ​មាន​ដូច​ជា​ម៉ាក BMW Volkswagen Mercedes-Benz Land Rover ឬ Jaguar។

ក្រៅ​ពី​ម៉ាកល្បីៗ​ក្នុង​លោក ម៉ាកល្បីៗ​របស់​ចិន​មួយ​ចំនួន​ក្នុង​វិស័យ​រថយន្ត និង​វិស័យ​បច្ចេកវិទ្យា​មាន Huawei ឬ Oppo ក៏​បាន​ប្រើ​កម្លាំង​ពលកម្ម​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ដែរ។ តាម​របាយការណ៍​ដដែល ជនជាតិ​អ៊ុយហ្គួ​ដែល​ចិន​បាន​បញ្ជូន​ទៅ​ឲ្យ​ធ្វើ​ការ​នៅ​តាម​រោងចក្រ​នានា​ក្នុង​ទឹកដី​ចិន​បន្ត​គ្មាន​សេរីភាព និង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​តឹងតែង​ជា​ទីបំផុត។ វិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​អូស្រ្តាលី​បាន​កត់សម្គាល់​ថា រោងចក្រ​ដែល​ទទួល​អត្ថប្រយោជន៍​ពី​កម្លាំង​ពលកម្ម​ចាប់​បង្ខំ​លើ​ពួក​អ៊ុយហ្គួ​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​បាន​រំលោភ​ច្បាប់​ហាម​ឃាត់​ការ​នាំចូល​ទំនិញ​ដែល​ផលិត​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ចាប់​បង្ខំ។

នៅ​ក្នុង​ន័យ​នេះ របាយការណ៍​របស់​វិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​អូស្រ្តាលី​បាន​អំពាវនាវ​ដល់​ម៉ាកល្បីៗ​ក្នុង​លោក​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ និង​ស៊ីជម្រៅ​នៅ​គ្រប់​រោងចក្រ​ចិន​ដែល​បាន​ផលិត​ផលិតផល​ឲ្យ​ពួក​គេ។ រដ្ឋអំណាច​តំបន់​ស៊ីនជាំង ក៏​ដូច​រដ្ឋាភិបាល​ចិន​នៅ​ក្រុង​ប៉េកាំង​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​វិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​អូស្រ្តាលី​នេះ​នៅ​ឡើយ​ទេ។ គួរ​រម្លឹក​ថា រដ្ឋអំណាច​ចិន​បាន​ប្រើ​នយោបាយ​សន្តិសុខ​ចាស់ដៃ​លើ​ពួក​អ៊ុយហ្គួ​អ្នក​កាន់សាសនា​អ៊ីស្លាម​ក្នុង​តំបន់​ស៊ីជាំង។ ចិន​បាន​ជាប់​ចោទ​ពី​បទ​ឃុំ​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ជាង ១លាននាក់​នៅ​ក្នុង​ជំរំ​លត់ដំ​មួយ​ដ៏​ធំ។ តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ