អានតួអត្ថបទ
ថៃ កូរ៉ូណាវីរុស

ថៃអំពាវ​នាវ​កុំ​ឲ្យ​ប្រជាជន​​ចេញ​ពីបាងកក​ ក្រោយ​​​មាន​អ្នកឆ្លង​ថ្មី​បន្ថែម​​ច្រើន​​គួរឲ្យ​​បារម្ភ

គិតមកត្រឹមថ្ងៃអាទិត្យទី​២២មីនា​ នៅប្រទេសថៃ គេបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន​៥៩៩នាក់​ហើយ ដែលក្នុងនោះ គ្រាន់តែមួយថ្ងៃអាទិត្យ​ មានអ្នកឆ្លងថ្មីបន្ថែម ដល់ទៅ​១៨៨នាក់។ នេះគឺជាចំនួន​ឆ្លងរាលដាល ដែលកើនឡើងខ្លាំង គួរឲ្យព្រួួយបារម្ភ ហើយដែល​អាជ្ញាធរ​​ថៃ បានចេញវិធានការបន្ទាន់​មួយចំនួន ដើម្បីព្យាយាមទប់ស្ថានភាព​ កុំឲ្យឈានទៅកាន់តែធ្ងន់ធ្ងរ។

បុគ្គលិក​ជំនាញ​កំពុងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមដងផ្លូវ​ ក្បែរព្រះបរមរាជវាំង ក្រុងបាងកក។ ថ្ងៃទី​១៩ មីនា ២០២០
បុគ្គលិក​ជំនាញ​កំពុងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមដងផ្លូវ​ ក្បែរព្រះបរមរាជវាំង ក្រុងបាងកក។ ថ្ងៃទី​១៩ មីនា ២០២០ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នកឆ្លងកូវីដ១៩នៅថៃ បានកើនឡើងខ្លាំងគួរឲ្យព្រួួយបារម្ភបំផុត។ មនុស្ស​១៨៨នាក់ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកកូវីដ១៩ នៅថ្ងៃអាទិត្យទី​២២មីនា ដែលធ្វើឲ្យអ្នកឆ្លងសរុបនៅថ្ងៃ មានចំនួន​៥៩៩នាក់។

យោងតាម​មន្ត្រី​ក្រសួងសុខាភិបាលថៃ ដែលបានធ្វើសន្និសីទកាសែតនៅថ្ងៃទី​២២មីនា​ បានលើកឡើងថា ករណីអ្នកឆ្លងថ្មីភាគច្រើន គឺជាអ្នកបានប្រាស្រ័យ ឬពាក់ព័ន្ធនឹងទីតាំងប្រកួតកីឡាប្រដាល់លំពីនី ក្នុងក្រុងបាងកក។ ៧នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បានលើកឡើងថា ចំនួនអ្នកឆ្លងភាគច្រើនគឺនៅក្រុងបាងកក ដោយសារពួកគេ បន្តមានសកម្មភាពចេញដើរកម្សាន្តជួបជុំគ្នា នៅខាងក្រៅ ឬទីតាំងសាធារណៈផ្សេង ដោយគ្មានការប្រុងប្រយ័ត្ន។ មានករណីឆ្លង១៥នាក់ផ្សេងទៀត គឺនៅខេត្តស្រះកែវជាប់ព្រំដែន​កម្ពុជា បន្ទាប់ពី​ពួកគេបាន​ឆ្លងទៅ​ចូលហាងភេសជ្ជៈនិងភោជនីយដ្ឋាន ក្នុងក្រុងប៉ោយប៉ែត។ នេះបើផ្អែកតាមការចុះផ្សាយ​ របស់កាសែត បាងកកប៉ុស្តិ។

ប្រឈមនឹងការឆ្លងរាលដាលកាន់តែលឿនរហ័សនេះ អាជ្ញាធរថៃបានចេញវិធានការមួយចំនួន​បន្ថែម ដោយបាន​សម្រេចបិទហាងទំនិញ ហាងកែសម្ផស្ស ​ផ្សារទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំងអស់ ទូទាំងក្រុងបាងកក ចាប់ពីថ្ងៃអាទិត្យ​ទី​២២មីនា​ រហូតដល់ថ្ងៃទី​១២មេសា។ ប៉ុន្តែហាងលក់គ្រឿងឧបភោគបរិភោគ អាចបើកទ្វារដំណើរការជាធម្មតា។ នេះគឺជាវិធានការបន្ថែម ពីលើការ​សម្រេច​បិទសាលារៀន ក្លឹបកម្សាន្ត បារ និងក្លឹបហាត់ប្រាណ​លេង​កីឡា។ តែយ៉ាងណាក៏ដោយ មានមតិជាច្រើនបានលើកឡើងថា វិធានការនេះ មិនគ្រប់គ្រាន់ទេ។ អាជ្ញាធរគួរណាតែបិទខ្ទប់​ រាជធានីបាងកកទាំងស្រុងតែម្តង ដើម្បីកុំឲ្យមេរោគកូវីដ១៩ ឆ្លងរាលដាលទៅតាមខេត្តក្រុងផ្សេងៗ។

តែយ៉ាងណា នៅថ្ងៃអាទិត្យនេះ ​លោករដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលថៃ ​គ្រាន់​តែ​បានអំពាវនាវ ឲ្យបុគ្គលិក​ កម្មករ និង​ប្រជាជន​រស់នៅ​ក្រុងបាងកកទាំងអស់ ត្រូវសំងំនៅក្នុងផ្ទះ និងមិនត្រូវធ្វើដំណើរត្រលប់ទៅភូមិស្រុក នៅឯខេត្តជាដាច់ខាត។ ធ្វើយ៉ាងនេះ គឺដើម្បីចៀសវាង ការយកមេរោគកូវីដ១៩ ទៅចម្លងដល់បងប្អូនក្រុម​គ្រួសារដែលនៅតាមខេត្ត។ អាជ្ញាធរតាមភូមិស្រុកខេត្ត ត្រូវមានតួនាទីតាមដាន ការទៅដល់របស់អ្នកទៅពីក្រុង​បាងកក។ ក្រសួងសុខាភិបាលថ្ងៃ ក៏បានផ្ញើលិខិតណែនាំ ទៅកាន់ព្រលានយន្តហោះ ស្ថានីយ៍រថយន្តដឹកជញ្ជូន និងស្ថានីយ៍រថភ្លើងទូទាំងប្រទេស ឲ្យបង្កើនការត្រួតពិនិត្យ ស្ទង់សីតុណ្ហភាព​របស់អ្នកដំណើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ