អានតួអត្ថបទ
កូរីដ១៩ ថៃ

កូវីដ១៩៖ ថៃ​ប្រកាស​អាសន្ន​ជាតិ​​ បិទ​ព្រំដែន​​ទាំងស្រុង

នៅប្រទេសថៃ ក្នុងថ្ងៃព្រហស្បតិ៍ទី​២៦មីនា អាជ្ញាធរសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ​១៩ ចំនួន​១១១នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួន​អ្នកឆ្លង សរុបទាំងអស់នៅប្រទេសថៃ មានចំនួន​១០៤៥នាក់។ ប្រឈមនឹងការកើនឡើងចំនួនអ្នកឆ្លង យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលថៃ បានសម្រេចបិទព្រំដែនទាំងស្រុង និងប្រកាសអាសន្នជាតិ ដែលចូលជាធរមាន ចាប់ពីថ្ងៃទី​២៦មីនានេះទៅ។

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ​
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ​ REUTERS - Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ដើម្បីប្រយុទ្ធប្រឆាំងនឹងការ​ឆ្លង​រាលដាល ​នូវមេរោគកូវីដ​១៩ រដ្ឋាភិបាល​ថៃ​​បាន​សម្រេច​​ប្រកាសអាសន្ន​ជាតិ ដែលចូល​ជាធរមាន ចាប់ពីថ្ងៃ​ព្រហស្បតិ៍​ទី​២៦មីនា រហូត​ដល់ថ្ងៃ​ទី៣០​មេសា។ ក្នុងរយៈពេល​នេះ ច្បាប់ និងវិធានការគ្រប់គ្រង​ប្រទេស​ទាំងអស់ នឹងត្រូវសម្រេចឡើងដោយ ឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីតែម្នាក់គត់។ នេះគឺជាការប្រកាស​របស់​លោក ប្រាយុទ្ធ ចាន់អូចា នៅតាមកញ្ចក់ទូរទស្សន៍។

គួរកត់សំគាល់ថា កាលពីយប់ថ្ងៃពុធ​ បណ្តាញ​ព័ត៌មានផ្លូវការថៃ បានចុះផ្សាយផងដែរ អំពី​ការ​បិទព្រំដែនទាំងអស់ មិនថាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ជនបរទេសណា ដែលគ្មានបណ្ណស្នាក់នៅ​អចិន្ត្រៃយ៍ មិនអាចធ្វើដំណើរចូលប្រទេសថៃបានទេ ក្នុងអំឡុងពេលនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ គេឃើញមានជនបរទេសជាច្រើនរយ​នាក់ បានតម្រង់ជួររងចាំចូលទៅក្នុង​ការិយាល័យអន្តោប្រវេសន៍ ក្នុងក្រុងបាងកក ដើម្បីសុំពន្យាទិដ្ឋាកាស្នាក់នៅ។ មានទេសចរណ៍បរទេសជាច្រើនពាន់នាក់ កំពុងជាប់នៅក្នុងប្រទេសថៃ ដោយសារតែគ្មានយន្តហោះធ្វើដំណើរត្រលប់ទៅប្រទេសកំណើតវិញ។

អាជ្ញាធរថៃបានអំពាវនាវឲ្យប្រជាជនសំងំនៅក្នុងផ្ទះ ជាពិសេសមនុស្សវ័យចំណាស់ ដែលអាចប្រឈម​នឹងគ្រោះថ្នាក់ខ្លាំង។ តែយ៉ាងណា សម្រាប់ពេលនេះ កម្មវិធីជួបជុំ ដូចជាពិធីមង្គលការ ឬបុណ្យទាននានា នៅតែអាចធ្វើបានដដែល ប៉ុន្តែត្រូវមានការត្រួតពិនិត្យ​តាមដានពីអាជ្ញាធរ។ រាជធានីបាងកក ដែលមានមនុស្ស​រស់នៅប្រមាណ១០លាន​នាក់ ដែល​ធ្លាប់តែអ៊ូអរកងរំពង ប្រែមកជាស្ងាត់ជ្រងំ ដោយ​ហាងទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ភោជនីយដ្ឋានទាំងអស់ ត្រូវបិទទ្វារ។

ក្រោយការចូលជាធរមាននូវការប្រកាសអាសន្នជាតិនេះ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នៅមិនទាន់ចេញវិធានការថ្មីណាមួយឡើយ។ តាមគោលការណ៍កំណត់ នាយករដ្ឋមន្ត្រីមានសិទ្ធិ​ជាអត្តនោម័ត ក្នុងការសម្រេច​ប្រើប្រាស់កម្លាំងយោធា ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ហាមឃាត់រាល់ការជួបជុំ ឬបាតុកម្មនានា ហាមឃាត់ការចេញដើរហើរ ចាប់ពីម៉ោងកំណត់ណាមួយ ឬក៏អាច​ដាក់ពិន័យបិទបណ្តាញព័ត៌មានខ្លះផងក៏ថាបាន។

ជាមួយគ្នានេះដែរ លោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា ក្នុងអំឡុងពេលប្រទេសស្ថិតក្នុងភាពអាសន្ននេះ អ្នកលេងបណ្តាញសង្គមទាំងអស់ ត្រូវប្រយ័ត្នមាត់បន្តិច មិនត្រូវនិយាយផ្តេសផ្តាស​ទេ ព្រោះរដ្ឋាភិបាលនឹងមិនលើកលែងឲ្យឡើយ។ យោងតាមច្បាប់ថៃជាធរមាន ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត អាចត្រូវ​ជាប់ទោសពន្ធនាគារ២ឆ្នាំ។

យ៉ាងណាមិញ កាលពីដើមសប្តាហ៍នេះ បុរសជនជាតិថៃម្នាក់ ត្រូវបានគេចាប់​ឃាត់ខ្លួន ក្រោយពីបុរសនេះ បានសរសេរលើFacebook ត្អូញត្អែរពីភាពខ្វះចន្លោះក្នុងការត្រួតពិនិត្យសីតុណ្ហភាពអ្នក​ដំណើរ នៅព្រលាន​យន្តហោះ។ ក្រុមគណបក្សប្រឆាំង និងអ្នកវិភាគឯករាជ្យ មានការព្រួយបារម្ភថា លោកប្រាយុទ្ធ ចាន់អូចា អាចឆក់ឱកាសនេះ ដាក់សំពាធលើមតិប្រឆាំងរិះគន់ ឬ បំភិតបំភ័យបណ្តាញព័ត៌មានឯករាជ្យនានានៅក្នុងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ