អានតួអត្ថបទ

ចិន​ប្រកាស​បិទព្រំដែន ដើម្បី ទប់ស្កាត់ ការឆ្លងជំងឺ​​កូវីដ​១៩ ពីក្រៅប្រទេស

ដើម្បី​កាត់បន្ថយ ការឆ្លងជំងឺ កូវីដ ១៩ ពីក្រៅប្រទេស ប្រទេស​ចិន នៅថ្ងៃ​នេះ បាន​ចាត់វិធានការ​តឹងខ្លាំង ជាងមុន ដោយ​បាន​ប្រកាស​បិទព្រំដែន​មួយរយៈ មិន​ឲ្យ​ជនបរទេស​ចូល​ទៅ​ប្រទេស​ចិន។ ការសម្រេច​នេះធ្វើឡើង បន្ទាប់ពី ចិន សង្កេត​ឃើញ​មាន​ករណីឆ្លង​ពីបរទេស មាន​ចំនួន កាន់តែច្រើន នៅពេល​ករណី​ឆ្លងក្នុង​ស្រុក មានតិចតួចបំផុត។ ជាក់ស្តែង នៅក្នុង​ចំណោម​ករណី​ឆ្លងកូវីដ ១៩ ចំនួន ៥៥ ដែល​គេ​រាប់ឃើញ​បន្ថែម នៅថ្ងៃសុក្រនេះ មាន ៥៤​នាក់ ជាអ្នកឆ្លង មក​ពី​បរទេស។ 

ព្រលានយន្តហោះអន្តរជាតិ​នៅខេត្ត​Sichuan ថ្ងៃទី ២៦មីនា ២០២០T.
ព្រលានយន្តហោះអន្តរជាតិ​នៅខេត្ត​Sichuan ថ្ងៃទី ២៦មីនា ២០២០T. REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ប្រទេសចិន ដែល​បារម្ភខ្លាច​មាន​រលកថ្មី នៃ​ជំងឺរាតត្បាត​កូវីដ ១៩ បានប្រកាស​បិទព្រំដែន ហាម​មិន​ឲ្យ​ជនបរទេស​ចូល​ទឹកដី​របស់ខ្លួន។ តាម​វិធានការ​ថ្មី ដែល​ចូលជា​ធរមាន ចាប់តាំង​ពី​យប់​ថ្ងៃ​សុក្រនេះ អ្នកទេសចរ ជនបរទេស ដែល​មាន​វីសា លិខិតស្នាក់នៅ​ប្រទេស​ចិន ប៉ុន្តែ ដែលកំពុង​ស្ថិតនៅ​បរទេស នឹង​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើដំណើរ​ចូល​ប្រទេស​ចិន​ទៀតនោះទេ។

យ៉ាងណាក៏ដោយ ប្រទេស​ចិន នៅតែ​បើកទ្វារ​ទទួល អ្នក​ដែល​កាន់​លិខិត​ឆ្លងដែន​រដ្ឋ និង​មន្រ្តីទូត រួមទាំង​អ្នក​ដែល​ធ្វើជំនួញ នៅប្រទេស​ចិន។

ប្រទេស​ចិន​ដែលទើប​ធូរស្បើយ គ្មាន អ្នកឆ្លង​មេរោគកូរ៉ូណា ក្នុង​ស្រុក​សោះ ក្នុង​រយៈពេល ៣ថ្ងៃ​មកនេះ បាន​ដាក់អាទិភាព​ថ្មី​របស់ខ្លួន គឺ ទប់ស្កាត់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ជំងឺកូវីដ ១៩ អាច​វិលត្រលប់ចូលទឹកដី​របស់ខ្លួន តាំង​ពីទឹកដីបរទេស។ តួលេខ​ចុងក្រោយ​របស់​អាជ្ញាធរ​ចិន​បាន​បង្ហាញថា ចិន រកឃើញ​មានករណី​ឆ្លងពីបរទេស សរុប ៥៩៥នាក់ ដែលនៅក្នុង​នោះ មាន​៥៤នាក់ ត្រូវ​បាន​គេធ្វើតេស្ត​រកឃើញ នៅថ្ងៃ​សុក្រនេះ។ តាម​ក្រសួងការបរទេស​ចិន ភាគច្រើន​នៃ​អ្នកឆ្លង​ពីបរទេស គឺ​ប្រមាណ ៩០ភាគរយ ជា​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​ពីបរទេស ត្រលប់​ចូល​ប្រទេស​ចិន។

ជំងឺផ្លូវដង្ហើម កូវីដ ១៩ ដែលបាន​លេចមុខ តាំង​ពីខែ​ធ្នូ ឆ្នាំ មុន នៅប្រទេស​ចិន​បាន​ឆ្លង​ទៅជនជាតិ​ចិន ជាង ៨ម៉ឺននាក់ និង​សម្លាប់​មនុស្ស​ជាង ៣ពាន់នាក់ នៅប្រទេសចិន មុននឹង​ឆ្លងរាតត្បាត ធ្វើ​ឲ្យ​ពិភពលោក​សព្វថ្ងៃ មាន​ករណី​ឆ្លង មេរោគកូរ៉ូណា ដល់ទៅ​ជាង ៥សែនករណី។

នៅក្នុង​វិធានការ​ទប់ស្កាត់​ការឆ្លងមេរោគ​កូរ៉ូណា​ពីក្រៅប្រទេស អាជ្ញាធរ​ចិន បាន​សម្រេច​ផងដែរ កាត់បន្ថយ ជើងហោះហើរ ពីបរទេស។ ជាក់ស្តែង ចាប់ពីថ្ងៃ​អាទិត្យ ​យន្តហោះ របស់​ក្រុមហ៊ុន​ចិន អាច​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​បាន​តែ​មួយលើក ក្នុង​មួយសប្តាហ៍ ចំណែក​ក្រុមហ៊ុន​បរទេស​វិញ ក៏អាច​ហោះចូលចត​ក្នុង​ប្រទេស​ចិន បាន​តែ​១ដង​ដែរ ក្នុង​១​សប្តាហ៍។ ចំណែក​អ្នកដំណើរ​នៅក្នុងយន្តហោះវិញ​ក៏ ត្រូវ​កាត់បន្ថយ មក​នៅ​ត្រឹម​ចំនួន ៧៥ភាគរយ នៃកៅអី​របស់​យន្តហោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ