អានតួអត្ថបទ

ចិនតឿនរំលឹកបារាំង​ឲ្យ​លុបចោល​កិច្ចសន្យាលក់អាវុធ​ឲ្យតៃវ៉ាន់

ចិន​ប្រឆាំងរាល់​គំនិត លក់​សព្វាវុធ​ឲ្យតៃវ៉ាន់។ ក្រៅតែ​ពីអាមេរិក ប្រទេស​ចិន កាលពី ថ្ងៃ អង្គារ​ទី​១២ ឧសភា បាន​ដាស់តឿន ភាគី​បារាំង​មួយទៀត ឲ្យ​លុបចោល កិច្ចសន្យា​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។ សម្រាប់​ទីក្រុង​ប៉េកាំង រាល់កិច្ចសន្យា លក់​អាវុធ ទៅ​ឲ្យ​តៃវ៉ាន់ ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល មានអារិភាព​នឹង​ប្រទេស​ចិន នឹងអាច​បំផ្លាញ ទំនាក់ទំនង​បារាំង ចិន។

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន នៅលើ​នាវាចម្បាំង 'Ming Chuan'​នៅក្នុង​ពិធីសម្ពោធ ខែ វិច្ឆិកា ២០១៨
ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃអ៊ីងវេន នៅលើ​នាវាចម្បាំង 'Ming Chuan'​នៅក្នុង​ពិធីសម្ពោធ ខែ វិច្ឆិកា ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មាន ដែល​ក្រសួងការបរទេស​ចិន ផ្ញើ​ទៅ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មានបារាំង​AFP កាលពី​ថ្ងៃ​អង្គារ បាន​បញ្ជាក់ថា ចិន​បានសំដែង​ក្តីបារម្ភ​ទៅ​ភាគី​បារាំង។ ចិន​ប្រឆាំង​រាល់​ការលក់គ្រឿង​សព្វាវុធ និង​ការដោះដូរ ផ្នែកកងទ័ព​និង​សន្តិសុខ​ជាមួយ តៃវ៉ាន់។ ដូច្នេះ ចិន​ដាស់តឿន​បារាំង​ឲ្យ​ លុបចោល ផែនការ​លក់អាវុធ ទៅ​ឲ្យ​តៃវ៉ាន់ ដើម្បី​ជៀសវាង បំផ្លាញ ទំនាក់ទំនង​ប្រទេស​ទាំងពីរ។

តាម​កាសែត​ក្នុង​ស្រុកតៃវ៉ាន់ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ ទី ៧មេសា កងទ័ពជើងទឹក តៃវ៉ាន់ បាន​លើកឡើង​ពីផែនការ​ចង់ធ្វើ​ទំនើបកម្ម នាវាចម្បាំង ទាំង ៦គ្រឿង ដែល​តៃវ៉ាន់ បានទិញ ពីប្រទេស​បារាំង កាលពី​ឆ្នាំ ១៩៩០។ តាម ​កាសែត​តៃវ៉ាន់ ដដែល កិច្ចសន្យា​លើកនេះ មានតម្លៃ ជិត ២៧​លាន​ដុល្លារ។

ប្រភពស្និទ​នឹង​សំណុំរឿងនេះ បាន​បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ដែរថា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​រៀបចំ​រួចរាល់​អស់ហើយ កិច្ចសន្យា​ទិញសព្វាវុធ​ ដើម្បី​ធ្វើទំនើបកម្ម​ប្រព័ន្ធ​មីស៊ីល របស់​នាវាចម្បាំង ដែល​តៃវ៉ាន់ ធ្លាប់បានទិញ​ពីបារាំង កាលពី​៣០​ឆ្នាំមុន។

គិត​មកថ្ងៃ​អង្គារ ភាគី​បារាំង នៅមិនទាន់​មានប្រតិកម្ម ឆ្លើយតប​យ៉ាងណា​ទៅនឹង​ការទាមទារ​របស់​ចិន នៅឡើយទេ។ កាលពី​៣០ឆ្នាំមុន កិច្ចសន្យា​លក់​នាវាចម្បាំង ៦គ្រឿង របស់​បារាំង ទៅ​ឲ្យ​តៃវ៉ាន់ ដែល​មាន​តម្លៃ ២,៨ពាន់​លាន​ដុល្លារ បានបណ្តាល​ឲ្យ​មាន​វិបត្តិការទូត​ដ៏ធ្ងន់ធ្ងរ រវាងចិន និង​បារាំង។

តៃវ៉ាន់ ជាសំណុំរឿង​រសើប សម្រាប់​របបកុម្មុយនិស្ត​ចិន ដែល​តែង​ចាត់ទុក​តៃវ៉ាន់ ជាដែនដីកោះ​មួយ​របស់​ចិន។ ទីក្រុង​ប៉េកាំង ធ្លាប់​បាន​ គំរាម​រួចហើយថា ​នឹង​យកកោះតៃវ៉ាន់ មក​គ្រប់គ្រង​វិញ បើទោះបីជា​ប្រើកម្លាំង​យោធា ក៏ដោយ។ ជាមួយគ្នានោះ ចិន ​បាន​ចេញមុខ​ប្រឆាំង​ដាច់ខាត រាល់​ទំនាក់ទំនង​ជា​ផ្លូវការ ដែល​ប្រទេស​ដទៃ មាន​ជាមួយ កោះតៃវ៉ាន់ ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុក ស្មើនឹង​ការគាំទ្រ ចលនា​បំបែក​ទឹកដី​តៃវ៉ាន់។ ក្រៅពីបារាំង ប្រទេស​ចិន ធ្លាប់​បាន​គំរាម ព្រមាន​អាមេរិក​ផងដែរ នៅក្នុង​សំណុំរឿង​លក់​អាវុធ ទៅ​ឲ្យ​តៃវ៉ាន់។ ប៉ុន្តែ រដ្ឋបាលលោកដូណាល់ ត្រាំ ហាក់ព្រងើយ មិន​ខ្វល់​ការព្រមាន​របស់​ចិននោះទេ។ នៅពាក់កណ្តាល​ឆ្នាំ​មុន រដ្ឋាភិបាលអាមេរិក ក្រោមភ្លើងខៀវ​របស់​សភាអាមេរិក ថែម​ទាំង​បាន​អនុម័ត​លក់​សព្វាវុធ តម្លៃ ២ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​កោះតៃវ៉ាន់​អាច​ធ្វើទំនើបកម្ម​កងទ័ពរបស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ