អានតួអត្ថបទ

ចិន​ប្រកាស​កាត់បន្ថយ​ការនាំចូល​សាច់គោ​ពី​អូស្ត្រាលី

ប្រទេស​ចិន​នឹង​ផ្អាក​ការនាំចូល​សាច់គោ​ពីក្រុមហ៊ុន​អូស្ត្រាលី ចំនួន​៤ ចាប់ពី​ថ្ងៃ​អង្គារ​នេះ​តទៅ។ នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន នៅថ្ងៃ​អង្គារនេះ នាយកដ្ឋាន​ពន្ធគយ​ចិន មិន​បាន​បញ្ជាក់​ហេតុផល​នៃ​ការកាត់បន្ថយ ការនាំចូល​សាច់គោ​អូស្ត្រាលី​នោះទេ។ ប៉ុន្តែ ការសម្រេចចិត្ត​យ៉ាងដូច្នេះ ធ្វើឡើង នៅ​ក្នុង​បរិបទ​ដែល ចិន​និង​អូស្ត្រាលី កំពុង​តានតឹង​នឹង​គ្នា បន្ទាប់ពី អូស្ត្រាលី ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅលើ​របៀប​ដែល​ចិន​គ្រប់គ្រង​ដោះស្រាយវិបត្តិ នៅគ្រាកើតដំបូង នៃ​ការផ្ទុះជំងឺ​កូវីដ នៅប្រទេស​ចិន។ 

សាច់គោ​ដាក់លក់នៅ​ហាង​មួយក្នុងទីក្រុង​ប៉េកាំង ឆ្នាំ ២០១៩
សាច់គោ​ដាក់លក់នៅ​ហាង​មួយក្នុងទីក្រុង​ប៉េកាំង ឆ្នាំ ២០១៩ REUTERS - Tingshu Wang
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស ចុះផ្សាយ​ក្នុង​វិបសៃតិ៍ នៅថ្ងៃអង្គារ នាយកដ្ឋាន​ពន្ធដារ​ចិន​បាន​ប្រកាស​ផ្អាក​ការនាំចូល​សាច់គោ​របស់​ក្រុមហ៊ុន​អូស្ត្រាលី ចំនួន ៤ ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ និង​កាលកំណត់។ យ៉ាងណាក៏ដោយ ការសម្រេចនេះ​ធ្វើឡើង នៅ​មួយ​ខែ​ក្រោយ បន្ទាប់​ពី ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ទីក្រុង​កង់បេរ៉ា ធ្លាប់​បាន​ព្រមាន​ពី​ការធ្វើ​ពហិកា​របស់​ប្រជាជន​ចិន ទៅលើ​ផលិតផល​អូស្ត្រាលី។ អូស្ត្រាលី​ដែល​ចូលរួម​ជាមួយ អាមេរិក ដើម្បី​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត ទៅលើ​ប្រភព​កើត​ដំបូង នៃ​កូរ៉ូណាវីរុស នៅប្រទេស​ចិន។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ក្នុង​ស្រុកអូស្ត្រាលី នៅ​ចុងខែ​មេសា ឯកអគ្គរដ្ឋទូត​ចិន បានចាត់ទុក​ការទាមទារ​ឲ្យ​មានការស៊ើបអង្កេត​របស់​អូស្ត្រាលី ថា គ្រោះថ្នាក់ នឹង​អាច​បណ្តាល​ឲ្យ​មាន​ពហិការ​លើ​ផលិតផល​អូស្ត្រាលី នៅប្រទេស​ចិន។ អ្នកតំណាង​ចិន នៅអូស្ត្រាលី បាន​ព្រមាន ផងដែរ​ថា ឥរិយាបថ​របស់អូស្រ្តាលី ក្នុងរយៈពេល​យូរអង្វែង​នឹង​អាច​ប៉ះពាល់ផងដែរ ដល់​ចំនួន​សិស្ស​ចិន ដែល​ត្រូវ​មករៀន​នៅ​សកលវិទ្យាល័យ​អូស្ត្រាលី។

សម្រាប់​រដ្ឋមន្រ្តី ពាណិជ្ជកម្ម​អូស្ត្រាលី លោក Simon Birmingham ការសម្រេច​ផ្អាក​ការនាំចូល​សាច់គោ​អូស្ត្រាលី ទំនង​គ្មានជាប់ទាក់ទង​បញ្ហា​ដែល​អូស្ត្រាលី​ទាមទារ​ឲ្យមានការស៊ើបអង្កេត​លើ​កូរ៉ូណាវីរុស នៅចិន ប៉ុន្តែ វាអាច​បណ្តាល​មកពី​បញ្ហា​ស្លាកសញ្ញា របស់​ក្រុមហ៊ុន​អូស្ត្រាលី​ចំនួន ៤ ដែល​នាំចូល​សាច់គោ​ទៅ​ប្រទេស​ចិន។ តាម​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អូស្ត្រាលី អ្វីដែលគួរ​ឲ្យបារម្ភ គឺត្រង់ថា ​បញ្ហា​សា្លកសញ្ញា នេះ ធ្លាប់​កើតឡើង កាលពី​១ឆ្នាំមុន ប៉ុន្តែ ហេតុអ្វី​បានជា​ភាគីចិន​ទើប​មក​បើក​កកាយ រករឿង នៅ​ពេលនេះ។

សូមបញ្ជាក់ថា ការនាំចេញ​សាច់គោ​របស់​ក្រុមហ៊ុន​ចំនួន​៤ ដែលចិន ទើប​ប្រកាស​ផ្អាកព្យួរ នៅថ្ងៃ​នេះ មាន​តម្លៃ ប្រមាណ ១ពាន់លាន​អឺរ៉ូ ស្មើ​នឹង​៣៥%​នៃ​សាច់គោ សរុប ដែល​អូស្ត្រាលី នាំចូលទៅប្រទេស​ចិន។

ថ្វីត្បិត​ថា ចិន​ជា​ដៃគូពាណិជ្ជកម្ម​សំខាន់ ធំជាងគេ​របស់​អូស្ត្រាលី ប៉ុន្តែ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​មិនសូវ​ជា​រលូនប៉ុន្មានទេ។ ក្រៅតែ​បញ្ហា​ប្រព័ន្ធទូរស័ព្ទ 5Gដែល​អូស្រ្តាលី បដិសេធ​មិន​ឲ្យ​តាំងទី​នៅអូស្ត្រាលី ដោយសារ​ខ្លាច​ការឈ្លប​យកការណ៍​សម្ងាត់ ចិន និង​អូស្ត្រាលី កំពុង​ចោទប្រកាន់គ្នា​ពីរឿង​លក់បង្ខូចថ្លៃ លើផលិតផលស្រូវសាឡី ដែកថែប និង​អាលុយមីញ៉ូម។

បើសិន ចិនមាន​បញ្ហា​ត្រឹម​ជាមួយ​សាច់គោ និង​ស្រូវ​សាឡី​របស់​អូស្ត្រាលី នោះ សេដ្ឋកិច្ច​របស់​អូស្ត្រាលី ទំនង​នឹង​មិនប្រឈម​បញ្ហាធ្ងន់​នោះទេ។ ប៉ុន្តែ អ្វីដែល​អ្នកជំនាញ​បារម្ភ គឺភាពតានតឹង​ចិន អូស្រ្តាលី អាច​រាលដាល​ដល់​វិស័យផ្សេងទៀត ដូចជា ការនាំចេញ​ដែក ធ្យូងថ្ម និង​ការអប់រំ ដែល​ប្រភពចំណូល​សំខាន់​របស់​សេដ្ឋកិច្ច​អូស្ត្រាលី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ