អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិកូវីដ​ជួយ​ឲ្យ​ចិន​កាន់តែ​មាន​មុខ នៅតំបន់​ដើមបូព៌ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​កូវីដ​បើក​ឱកាស​ចិន​ពង្រឹង​តួនាទី និង​ពង្រីកមុខមាត់​របស់ខ្លួន នៅតំបន់​ដើមបូព៌ា។ តាំង​ពី​អេហ្ស៊ីប អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត គេ​ឃើញ ចិនបញ្ជូន​ជំនួយ​គ្រឿង​បរិក្ខារពេទ្យ និង​អ្នកជំនាញ​សុខភាព​ ដើម្បី​ជួយ ប្រទេសក្នុង​តំបន់​ដើមបូព៌ា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ។ តំបន់​ដើមបូព៌ា ដែល​ធ្លាប់ជា​ទីតាំងភូមិសាស្រ្ត​នយោបាយ​របស់​រុស្ស៊ី និង​អាមេរិក កំពុង​ធ្លាក់​ចូល​ក្នុង​សំណាញ់​ទាក់ទាញ​របស់​មហាអំណាច​ចិន ដែល​ប្រើ​ម៉ាស និង​ជំនួយ​គ្រឿង​បរិក្ខារពេទ្យ ប្រឆាំង​កូវីដ ជា​នយោបាយ​ការទូត​ថ្មី​របស់​ខ្លួន។

ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង ទស្សនកិច្ច​នៅអារ៉ាប៊ី សាអូឌីត នៅឆ្នាំ​២០១៦
ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង ទស្សនកិច្ច​នៅអារ៉ាប៊ី សាអូឌីត នៅឆ្នាំ​២០១៦ AFP - STRINGER
ផ្សាយពាណិជ្ជកម្ម

រហូត​មកដល់​ដើម​ឆ្នាំ ២០២០ នៅមុន ជំងឺ​រាតត្បាត​កូវីដ ជំហរ​របស់​ចិន នៅ តំបន់​ដើមបូព៌ា គឺ ដាក់​ខ្លួន មិនសូវ​បញ្ចេញ​សំឡេង ខាង ​ផ្នែក​នយោបាយ​ប៉ុន្មានទេ ដោយ​បណ្តោយ​ទុក​ឲ្យ​រុស្ស៊ី ពង្រីក​ឥទ្ធិពល​ភូមិសាស្រ្ត​នយោបាយ​រុស្ស៊ី នៅក្រោយ​ការដកខ្លួន ឬ​ការធ្លាក់​ចុះ​ប្រជាប្រិយភាព ជាបន្តបន្ទាប់​របស់​អាមេរិក នៅតំបន់​ដើមបូព៌ា។

មិន​ចូលរួម​ធ្វើសង្រ្គាម​ផ្ទាល់​ដូច​ករណី​រុស្ស៊ី ដែលជួយ​ប្រយុទ្ធ​ការពារ​រដ្ឋាភិបាល​ស៊ីរី ប៉ុន្តែ​មិនមែន​មានន័យថា វត្តមាន ឬ​សកម្មភាព​របស់​ចិន ចុះខ្សោយ នៅតំបន់​ដើមបូព៌ា នោះទេ។ នៅពេល អាមេរិក រុស្ស៊ី ដំឡើងសំឡេង​ដាក់គ្នា ដោយសារ​អ៊ីរ៉ង់ ស៊ីរី ឬ​យេម៉ែន ចិន​វិញ គឺ​គិត​តែ​ពី​ចង់​សម្រេច​ផែនការ​របស់ខ្លួន នោះ គឺ​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​និង សម្លឹងដៅ​អនាគត​ទីតាំង​ភូមិសាស្រ្ត​យោធា​របស់ខ្លួន នៅដើមបូព៌ា បើអាចទៅរួច។

នៅក្នុង​ផលប្រយោជន៍​សេដ្ឋកិច្ច ចិន​ដែល​ជា​ប្រទេស​នាំចូល​ប្រេង​ច្រើនជាងគេ​ក្នុង​ពិភពលោក បាន​រក្សា​ទំនាក់ទំនង​ល្អ មិន​ប្រកាន់រើសអើង និង​ទិញប្រេង​ពី​គ្រប់ប្រទេស មិនថា ប្រទេស​ទាំងនោះ កំពុង​ជា​សត្រូវ​នឹងគ្នា ដូចករណី អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត។ ៤០%​នៃ​ប្រេង​ដែល​ចិន​ទិញស្តុក​ទុក​ក្នុងប្រទេស មាន​ប្រភព​មក​ពី​ដើមបូព៌ា(ពីកូវ៉ែត អ៊ីរ៉ង់ អារ៉ាប៊ី​សាអូឌីត អេមីរ៉ាអារ៉ាប់រួម)។

ចាប់តាំង​ពី​ឆ្នាំ ២០១៣ ទំហំ​វិនិយោគ​របស់​ចិន នៅ​ដើមបូព៌ា មានច្រើនជាង ម៉ឺន​លាន​ដុល្លារ ចាប់តាំង​ពី​ចិន ចាប់អនុវត្ត​គោលនយោបាយ​មហា​សេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដែល​ចិន​ចង់​ភ្ជាប់​ផ្លូវសេដ្ឋកិច្ច ពី​តំបន់​អាស៊ី ទៅ​អឺរ៉ុប ដោយឆ្លងកាត់ តំបន់​ដើមបូព៌ា និង​អាហ្វ្រិក។ កំពង់ផែ ធំបី នៅ​អារ៉ាប៊ី សាអូឌីត អេហ្ស៊ីប និង​អូម៉ង់ ដែល​ក្រុមហ៊ុន​រដ្ឋ​ចិន​វិនិយោគ​ជាមួយ​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ សុទ្ធតែ​អមដោយ​តំបន់​ឧស្សាហកម្ម។

សម្រាប់​ប្រទេស​មួយចំនួន​នៅតំបន់​ដើមបូព៌ា ទំនាក់ទំនង​ល្អ​ជាមួយ ចិន នឹង​ធ្វើ​ឲ្យ​ពួកគេបាន​ទទួល​ផលប្រយោជន៍ ទាំង​ក្នុង​ផ្នែក នយោបាយ និង​ផ្នែក​សេដ្ឋកិច្ច ដូចជា​ការវិនិយោគ​ទឹកប្រាក់​រាប់លាន និង​ការកុម៉្មង់​ទិញ​ប្រេង​ពី​ចិន។ ម្យ៉ាងទៀត ផ្ទុយ​ពី​ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក និងអឺរ៉ុប ដែល​តែងភ្ជាប់​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ជាមួយ​នឹង​ជំនួយ​សហការ​នានា ចិន​ឯណោះវិញ មិនដែល​ហារស្តី រិះគន់ របបដឹកនាំផ្តាច់ការ ឬ​ការរំលោភសិទ្ធិ​មនុស្ស ដូចតួយ៉ាង ដូច នៅ​អេហ្ស៊ីប អ៊ីរ៉ង់ ឬ​អារ៉ាប៊ី សាអូឌីត​នោះទេ។ រហូតមក ចិន​គិតតែ​ធ្វើ​ជំនួញ ដោយ​មិន​ខ្វល់​បញ្ហា​នយោបាយ របស់​ប្រទេស​ដៃគូពាណិជ្ជកម្ម​របស់ខ្លួន។

វិបត្តិកូវីដ លើកនេះ​រឹតតែ​ធ្វើ​ឲ្យ​ចិន​បានទទួល​ការកោតសរសើរ ការឱនគោរព ជាបន្តបន្ទាប់​ពី​បណ្តា​ប្រទេស​នៅតំបន់​ដើមបូព៌ា ក្នុង​នាម​ជា​ប្រទេស​គំរូ ដែល​មាន​ស្នាដៃ ក្នុង​ការគ្រប់គ្រង ដោះស្រាយ​វិបត្តិ​កូវីដ ដោយជោគជ័យ។ អារ៉ាប៊ី សាអូឌីត​ជាដើម បាន​បង្ហាញ​សាមគ្គីភាព​ជាមួយ មហាអំណាចចិន ជាមួយ​នឹង​ការចុះកិច្ចសន្យា​តម្លៃ ២៦៥​លាន​ដុល្លារ ដើម្បី ទិញ​ឧបករណ៍តេស្ត​រក​មេរោគ​កូវីដ និង​ការបញ្ជូន​អ្នកជំនាញពេទ្យ​ចិន ទៅ​រាជាណាចក្រ​អារ៉ាប៊ី សាអូឌីត។ ទីក្រុង​រីយ៉ាដ ងាកទៅ​លើក​សរសើរ​ចិន នៅក្នុង​កាលៈទេសៈ ដែលសម្ព័ន្ធមិត្ត​អាមេរិក​កំពុង​រវល់​វក់វី ជួបផលវិបាក ដោយសារ​កូវីដ ១៩។ នៅមុន​នេះទៀត អារ៉ាប៊ី សាអូឌីត ទើបនឹង​មានរឿង​ថ្នាំងថ្នាក់​ជាមួយ​អាមេរិក ដែល​បាន​គំរាម​ដក​កងទ័ព បើសិន អារ៉ាប៊ី សាអូឌីត មិនព្រម ចុះកិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ក្នុង​ការកាត់បន្ថយ​ការផលិតប្រេង ដើម្បី​ឲ្យ​ប្រេងឡើងថ្លៃឡើងវិញ។

ដោយពង្រឹងទំនាក់ទំនង​ជាមួយ ចិន អារ៉ាប៊ី សាអូឌីត កំពុង​ចង់​ទាញ​ចំណាប់អារម្មណ៍​របស់​អាមេរិក ថា​កុំឲ្យ​ព្រងើយ មិនយកចិត្តដាក់​ខ្លួន ដែល​ជា​សម្ព័ន្ធមិត្ត សក្តានុពល​នៅក្នុង​តំបន់។ គេអាច​ថា ផលប្រយោជន៍​បានទៅ​ភាគី ទាំង​សង​ខាង ព្រោះថា ចិន​ក៏​ចង់​ពង្រឹង​ណាស់​ដែរ វត្តមាន​របស់ខ្លួន​នៅដើមបូព៌ា។

នៅចំពោះមុខ​ជំងឺកូវីដ​ដែលកំពុង​រាតត្បាត​ពាសពេញ ពិភពលោក ចិន​មិន​ត្រឹមតែ​បង្ហាញ មុខមាត់​របស់ខ្លួន ក្នុងនាមជា​ប្រទេស​ដែល​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អតែ​ប៉ុណ្ណោះទេ ប៉ុន្តែ ចិន​កំពុង​នាំមុខគេ​ខាង​ផលិត នាំចេញ ម៉ាស និង​គ្រឿង​បរិក្ខារពេទ្យ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ នៅក្នុង​ពិភពលោកទៀតផង។

នៅពេល​នយោបាយ​ការបរទេស​របស់​ខ្លួន​កំពុង ចិញ្ចាចចិញ្ចែង ទីក្រុង​ប៉េកាំង​បាន​ឆ្លៀត ពង្រឹង​អំណាចស្រទន់​របស់ខ្លួន នៅតំបន់​ដើមបូព៌ា ដែលធ្លាប់តែ​ស្ថិតនៅក្រោម ខែលរក្សា​សន្តិសុខ​របស់​អាមេរិក។ ចាប់ដៃ​សហការ​ជាមួយ​ក្រសួងការពារ​ជាតិ អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដើម្បី​បើកផ្លូវ​ឲ្យ​យន្តហោះ ពិសេស​ដឹក​គ្រឿង​បរិក្ខារពេទ្យ និង​ម៉ាស​ចំនួន ៣លាន គឺ​ជា​ឧទាហរណ៍​ស្រាប់។

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​មិនលាក់ទេ​ពី​ចេតនា​ប្រឆាំង​តបត​នឹង​ការគំរាមកំហែង​របស់​ចិន ទៅ​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ របស់​អាមេរិក នៅ​ដើមបូព៌ា។ នៅប៉ុន្មាន​សប្តាហ៍នេះ ដោយសារ​បញ្ហា​កូវីដ១៩ ដែល​កំពុង​បំបាក់​សេដ្ឋកិច្ច​អាមេរិក លោកដូណាល់ ត្រាំ នៅបាន​គំរាម​ប្រើ​នយោបាយ​ដំឡើងពន្ធ លើ​ទំនិញចិន នាំចូល​ទៅ​អាមេរិក។

ទីក្រុង​ប៉េកាំង​វិញ បដិសេធ​ការចោទប្រកាន់​របស់​អាមេរិក​ដែលថា ចិន​ជាអ្នកទទួល​ខុសត្រូវ​លើការឆ្លងរីករាលដាល​ជំងឺកូវីដ ពេញពិភពលោក។ មិនត្រឹម​ប្រកែក ទីក្រុង​ប៉េកាំង នៅប្រកាន់​ជំហរ​តឹងជាងមុន​ដោយ រិះគន់​វាយបក​អាមេរិកវិញ ថា បរាជ័យ នៅចំពោះមុខ​វិបត្តិកូវីដ។ គេឃើញ​ជំហរ​បែប​នេះដែរ នៅពេល ប្រទេស​ចិន បាន​ហ៊ាន​ចេញ​មុខ​ចោទប្រកាន់​អាមេរិក ដោយចំហរ ថា ជាអ្នក​ធ្វើ​ឲ្យ​មានទុក្ខវេទនា ​វិបត្តិ មនុស្សធម៌ នៅអ៊ីរ៉ង់​សព្វថ្ងៃនេះ។

កាលពី​ថ្ងៃ​ទី​៣០​មេសា​កន្លងទៅ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅបាន​ទូរស័ព្ទ ទៅ​ធានា​អះអាង​ពីការគំាទ្រ ទាំងស្រុង​របស់​ចិន ចំពោះ​រដ្ឋាភិបាល​អ៊ីរ៉ង់ ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​ជំងឺរាតត្បាត​កូវីដ ១៩។ រុស្ស៊ី ក៏ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ដែរ នៅក្នុង ក្របខ័ណ្ឌ​រក្សា​អំណាច​របស់​រដ្ឋាភិបាល​ស៊ីរី។ បុន្តែ វិបត្តិកូវីដ ដែល​មិនត្រឹមតែ​ធ្វើ​ឲ្យ​អាមេរិក​បាត់មុខ​តែមួយ ប៉ុណ្ណោះទេ។ រុស្ស៊ី ដែល​គួរបានផលចំណេញ​ពីការធា្លក់កូដ​របស់​អាមេរិក នៅតំបន់​ដើមបូព៌ា ក៏រងគ្រោះ និង​ត្រូវ​បាត់មុខ ដោយសារ​កូវីដ​សព្វថ្ងៃនេះដែរ។ សរុបមក មានតែ​ចិន​ប៉ុណ្ណោះ ដែល​ហាក់​ដោះស្រាយ វិបត្តិកូវីដ ដោយជោគជ័យ​ក្នុង​ប្រទេស និង​ដែល​កំពុង​ចាត់ចែង​ផ្លូវដើរ​របស់​ខ្លួន​នៅដើមបូព៌ា ដោយ​គ្មាន​ឧបសគ្គ មិនថា នៅផ្នែក​នយោបាយ​ថ្នាក់​តំបន់ ឬ​សេដ្ឋកិច្ច នៅក្នុង​រយៈពេល​យូរអង្វែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ