អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បច្ចុប្បន្នភាពប្រទេសចិន និង​ភាពអត់ការងារធ្វើរបស់និស្សិតរាប់លាននាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ភាពអត់ការងារធ្វើ របស់និស្សិតទើបបញ្ចប់ការសិក្សា បានក្លាយជាបញ្ហាមួយយ៉ាងចម្បង សម្រាប់រដ្ឋាភិបាលចិន អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ បញ្ហាកាន់តែមានសភាពធ្ងន់ធ្ងរ ប្រឈមទល់នឹងវិបត្តិកូវីដ១៩។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយរបស់រដ្ឋាភិបាលចិន ចំនួនអ្នកអត់ការងារធ្វើនៅទីប្រជុំជន បាន​ប្រែប្រួល ក្នុងចន្លោះពី៥% ទៅ ៦% ខណៈស្ថាប័នអន្តរជាតិខ្លះ បានប៉ាន់ស្មានរហូតដល់អត្រាប្រហែល១០%។ ទោះជាយ៉ាងណា ដោយសារវិស័យឯកជន ត្រូវប្រឈមនឹងកាត់បន្ថយការជ្រើសរើសបុគ្គលិកបន្ថែម គេអង្កេតឃើញនិន្នាការកើនឡើង នៃការជ្រើសបុគ្គលិកក្នុងវិស័យសាធារណៈ និងក្រុមហ៊ុនរដ្ឋ។ 

សិស្ស​ចិន​នៅទីក្រុង​វូហាន ថ្ងៃទី ៦​ឧសភា ២០២០
សិស្ស​ចិន​នៅទីក្រុង​វូហាន ថ្ងៃទី ៦​ឧសភា ២០២០ © AP
ផ្សាយពាណិជ្ជកម្ម

ចិន ជាប្រទេសធំ និងមានប្រជាជនច្រើន។ ប្រសិនបើអត្រាអ្នកអត់ការងារធ្វើ កើនឡើងតែ១% នុ៎ះនឹងមានន័យថា ចំនួនប្រជាជនចិនប្រហែល ១៣លាននាក់ នឹងអត់ការងារធ្វើបន្ថែម។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនកម្ពុជាសរុបរួចទៅហើយ។ នាពេលបច្ចុប្បន្ន អ្នកអត់ការងារធ្វើ ក្នុងប្រទេសចិនទាំងមូល មានប្រមាណនៅចន្លោះពី៣% ទៅ៤% នៃប្រជាជនសរុប ខណៈ អត្រាអ្នករស់នៅទីប្រជុំជន មានប្រហែល ៦០% ពោលគឺក្នុងចំណោមមនុស្ស១០នាក់ អ្នករស់នៅទីជនបទមានតែ៤នាក់ប៉ុណ្ណោះ។

ក្នុងបរិបទនៃអ្នករស់នៅទីប្រជុំជន អត្រាអ្នកអត់ការងារធ្វើ របស់និស្សិតទើបបញ្ចប់ការសិក្សា បានក្លាយជាបញ្ហាមួយយ៉ាងចម្បង សម្រាប់រដ្ឋាភិបាលចិន។ បញ្ហាកាន់តែមានសភាពធ្ងន់ធ្ងរ ប្រឈមទល់នឹងវិបត្តិកូវិដ១៩។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយរបស់រដ្ឋាភិបាលចិន ចំនួនអ្នកអត់ការងារធ្វើនៅទីប្រជុំជន បានប្រែប្រួល ក្នុងចន្លោះពី៥% ទៅ ៦% ខណៈស្ថាប័នអន្តរជាតិខ្លះ បានប៉ាន់ស្មានរហូតដល់អត្រាប្រហែល១០%។

“បញ្ចប់ការសិក្សា មានន័យស្មើនឹង គ្មានការងារធ្វើ” នេះជាការនិយាយកំប្លែងលេងសើចជាទូទៅ ក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន។ អ្នកដឹកនាំចិនបាន​ពិពណ៌នាថា បញ្ហានៃនិស្សិតគ្មានការងារធ្វើក្រោយបញ្ចប់ការសិក្សា ជាបញ្ហាចម្បង បញ្ហាបន្ទាន់ និងជាបញ្ហាដែល​ពាក់ព័ន្ធដល់ហានិភ័យនយោបាយ និងស្ថិរភាពសង្គមទាំងមូល។ ក្តីបារម្ភកាន់តែមានសភាពធ្ងន់ធ្ងរ សម្រាប់អត្រានិស្សិតអត់ការងារធ្វើ ដែលមានប្រភពចេញពីក្រុមពលរដ្ឋរស់នៅទីប្រជុំជន និង​អ្នកដែលទទួលបានការអប់រំខ្ពស់។ គេអាចប្រៀបធៀបបញ្ហានេះទៅនឹងសង្គមហុងកុងបច្ចុប្បន្ន ដែលភាគច្រើននៃអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល គឺជាយុវជន។

យុវជនមានចំនួនយ៉ាងច្រើនក្នុងសង្គមចិន ដូច្នេះ អត្រាគ្មានការងារធ្វើរបស់យុវជន ក៏មានឥទ្ធិពលចម្បងផងដែរ លើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។ នៅអតីតកាល យុវជនវ័យក្មេងៗ ដែលមានជំនាញទាប អាចមានភាពងាយស្រួលជាង ក្នុងការស្វែងរកការងារធ្វើ ក៏ប៉ុន្តែ ព្រោះដោយសារស្ថានភាពសេដ្ឋកិច្ច មិនសូវមានថាមពលដូចពីមុន យុវជនយ៉ាងច្រើន នាពេលបច្ចុប្បន្ន បាន​ប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើង ក្នុងការស្វែងរក ឬការរក្សាការងារ។ បន្ថែមពីលើនេះ ដោយសារ​ ការងារទាំងនេះ ទទួលបាន​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សង្គមផ្សេងៗ មានកម្រិតទាប យុវជនវ័យក្មេងៗទាំងនោះ បាន​ប្រឈមនឹងភាពលំបាកផ្សេងៗកាន់តែខ្លាំងក្នុងសង្គម។

ក្នុងពេលបច្ចុប្បន្ន ដោយសារវិបត្តិជំងឺកូវីដ១៩ វេទិកាការងារ ដើម្បី​ផ្តល់ឱកាសឱ្យនិស្សិត និងក្រុមហ៊ុនជួបគ្នា ត្រូវពន្យារពេល។ ក្រុមហ៊ុនខ្លះ បាន​ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា ដើម្បីជ្រើសរើសបុគ្គលិក ដូចជា តាមរយៈការសម្ភាសន៍តាមវីដេអូ និង​ការប្រលងតាមអនឡាញ។ ពីមុនវិបត្តិកូវិដ១៩ ប្រហែលពាក់កណ្ដាលនៃកម្លាំងពលកម្មសរុប នៅតំបន់ទីប្រជុំជន ក្នុងប្រទេសចិន ជានិស្សិតទើបបញ្ចប់ការសិក្សា ហើយប្រមាណជាង៦០%នៃពួកគេ ត្រូវជ្រើសរើសឱ្យធ្វើការងារ ដោយក្រុមហ៊ុនតូច និងមធ្យម (SME)។ ក៏ប៉ុន្តែ ដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនទាំងនោះត្រូវរងផលប៉ះពាលយ៉ាងខ្លាំង។ ក្រុមហ៊ុនយ៉ាងច្រើនត្រូវប្រឈមនឹងការបិទទ្វារ ហើយការជ្រើសរើសការងារបន្ថែម ក៏បានធ្លាក់ចុះច្រើន។ អត្រាជ្រើសរើសបុគ្គលិកបន្ថែមត្រូវកាត់បន្ថយ។ ការស្ទង់មតិពីក្រុមហ៊ុន ជាងមួយលានក្រុមហ៊ុន ដោយ​សាកលវិទ្យាល័យប៉េកាំង បាន​បង្ហាញ ការជ្រើសរើសបុគ្គលិក បានធ្លាក់ចុះតិចជាងមុនប្រមាណ៣០%។ ក្នុងនោះ ការជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ បាន​ធ្លាក់ចុះ៥០%។ ស្ថិតក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុនមានមាននិន្នាការជ្រើសរើស បុគ្គលិកដែលមានបទពិសោធន៍ការងារ ជាជាងជ្រើសនិស្សិតទើបបញ្ចប់ការសិក្សាភ្លាមៗ។

ក្នុងស្ថានភាពទូទៅ អំឡុងប៉ុន្មានឆ្នាំចុងក្រោយ ការប្រកួតប្រជែងគ្នា ដើម្បីទទួលបានការងារធ្វើ ពីសំណាក់​និស្សិតទើបបញ្ចប់ការសិក្សា កាន់តែមានសភាពតឹងតែង ជាពិសេស សម្រាប់តំណែងការងារកាន់តែមានកម្រិតខ្ពស់។ វិបត្តិជំងឺកូវីដ១៩ បានរុញច្រានឱ្យមាននិន្នាការនៃការស្វែងរកការងារធ្វើ ក្នុងវិស័យសាធារណៈ។ តួលេខផ្លូវការចុងក្រោយ បង្ហាញថា ក្រុមហ៊ុនរដ្ឋ បាន​ជ្រើសរើសបុគ្គលិកបន្ថែម ក្នុងកម្រិតមួយខ្ពស់ដែលមិន​ធ្លាប់មាន។ តាមរយៈរដ្ឋាភិបាលចិន សាកលវិទ្យាល័យ នៅទូទាំងប្រទេសចិន នឹងជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សា ឱ្យ​បម្រើការងារក្នុងសាកលវិទ្យាល័យ ចំនួន២០ម៉ឺននាក់បន្ថែម។

សរុបជារួម វិបត្តិកូវីដ១៩ បានបន្ថែមបន្ទុកលើអត្រាអ្នកគ្មានការងារធ្វើ ក្នុងប្រទេសចិន ជាពិសេស សម្រាប់និស្សិតទើបបញ្ចប់ការងារ នៅតំបន់ទីប្រជុំជន។ ទោះជាយ៉ាងណា ដោយសារវិស័យឯកជន ត្រូវប្រឈមនឹងកាត់បន្ថយការជ្រើសរើសបុគ្គលិកបន្ថែម គេអង្កេតឃើញនិន្នាការកើនឡើងនៃការជ្រើសបុគ្គលិកក្នុងវិស័យសាធារណៈ និងក្រុមហ៊ុនរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ