អានតួអត្ថបទ

សមាជិកសភា​ហុងកុង​ប្រតាយប្រតប់គ្នា ដោយសារ​សេចក្តីព្រាងច្បាប់​ដែល​ទោរ​ទៅរក​ទីក្រុង​ប៉េកាំង

នៅក្នុង​រយៈពេល តែ​១០​ថ្ងៃ សមាជិក​សភា​ហុងកុង បាន​ប៉ះទង្គិច​គ្នា​ដល់ទៅ​២ដង។ នៅព្រឹកថ្ងៃ​ចន្ទទី​១៨​ឧសភា សមាជិកសភា មកពីខាងក្រុមអ្នកប្រជាធិបតេយ្យ និង​សមាជិកសភា​ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង បាន​វាយ​ប្រតាយប្រតប់​គ្នា សាជាថ្មី ដោយសារ​តែរឿង តែងតាំង ប្រធាន​គណៈកម្មការ​ដ៏ចម្រូងចម្រាស។ សមាជិក​សភា​ដើម្បី​ប្រជាធិបតេយ្យ បាន​ស្រែក​បរិហាររិះគន់​ប៉េកាំងថា កំពុង​ជាន់ឈ្លី ច្បាប់​ហុងកុង។ ទីក្រុង​ស្វ័យត​ហុងកុង ដែល​កំពុង​ត្រេកត្រអាល​នឹង​សេរីភាព លទ្ធិប្រជាធិបតេយ្យ មុន​នឹង​ត្រលប់​ទៅនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​ប្រទេស​ចិន នៅ ឆ្នាំ ២០៤៧។ 

សមាជិកសភា​មកពីក្រុមអ្នកប្រជាធិបតេយ្យ​ហុងកុងលោក Chan Chi-chuen និង លោកChu Hoi-ប្រទាញប្រទង់គ្នា​​ជាមួយ​កងរក្សា​សន្តិសុខ​របស់សភា ដែល​ជួយបំបែក​សមាជិកសភា​ឈ្លោះគ្នា​កាលពីថ្ងៃ​ចន្ទទី ១៨ ឧសភា ២០២០
សមាជិកសភា​មកពីក្រុមអ្នកប្រជាធិបតេយ្យ​ហុងកុងលោក Chan Chi-chuen និង លោកChu Hoi-ប្រទាញប្រទង់គ្នា​​ជាមួយ​កងរក្សា​សន្តិសុខ​របស់សភា ដែល​ជួយបំបែក​សមាជិកសភា​ឈ្លោះគ្នា​កាលពីថ្ងៃ​ចន្ទទី ១៨ ឧសភា ២០២០ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

នៅ​សភា​ហុងកុង ក្រុមអ្នកប្រជាធិបតេយ្យ​ឈ្លោះ វាយ​ប្រតាយប្រតប់គ្នា​ជាមួយ ក្រុមគាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង ដោយសារ តែ​រឿងតំណែង​ប្រធាន​គណៈកម្មការ ដែល​មាន​តួនាទី ពិនិត្យ​មើល​សេចក្តីព្រាងច្បាប់​ជាច្រើន ដែលនៅក្នុង​នោះមានផងដែរ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការបង្រ្កាប​ទៅលើ​អ្នកដែល​មិន​គោរព ភ្លេងជាតិ​របស់​ប្រទេស​ចិន។

ក្រុមអ្នកប្រជាធិបតេយ្យ ដែល​រិះគន់​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ខាងលើ បាន​រារាំង មិន​ឲ្យ​មានការបោះឆ្នោត ជ្រើសតាំង ប្រធាន​គណៈកម្មការ សភា ដែល​មានកៅអី​ទំនេរចោល តាំង​ពី​ខែ​តុលា​ឆ្នាំមុន។ ដោយសារ​តែ​គ្មានប្រធាន​ដឹកនាំ​គណៈកម្មការ សភា​ហុងកុង ខកខាន មិន​បាន​បោះឆ្នោត លើ​ច្បាប់អ្វីសោះ តាំង​ពី​ខែ​តុលា។

នៅថ្ងៃចន្ទនេះ ភាពរញ៉េរញ៉ៃ​ចាប់កើត​មានឡើង នៅពេល សមាជិក​ម្នាក់​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​​ហែកក្រដាស​បោះបាចសាច មុន​នឹង​មាន​ការប្រតាយប្រតប់គ្នា ពេញ​សភា។ កម្លាំង​រក្សា​សន្តិសុខ​សភា​ហុងកុង វិញ បាន​ព្យាយាម​ចាប់​បំបែក និង​រារាំង មិន​ឲ្យ​សមាជិក​សភា​មកពី​ក្រុមប្រជាធិបតេយ្យ អាច​ចូល​ទៅ​ជិត ​ប្រធាន​គណៈកម្មការ ដែល​ក្រុមអ្នកគាំទ្រ ដោយ​ទីក្រុង​ប៉េកាំង​បាន​ជ្រើសតាំង​នោះទេ។

កាលពី​ ​១០ថ្ងៃ​មុន សមាជិកសភា ទាំងពីរ​ក្រុម បាន​ប៉ះទង្គិច គ្នា ម្តងហើយ រហូត​ធ្វើ​ឲ្យ​ការពិភាក្សា ស្តីពី​សេចក្តីព្រាងច្បាប់ នៅ​គណៈកម្មការ ត្រូវ​លើកពេល​ទៅ នៅថ្ងៃទី ២៧​ឧសភា។ នៅថ្ងៃ​ចន្ទនេះ សមាជិកសភា គាំទ្រ​ដោយ​ក្រុង​ប៉េកាំង បានធ្វើ​នយោបាយ​ចាប់បង្ខំ ដោយ​បាន​សម្រេច​ឯកតោភាគី ជ្រើសរើស​សមាជិក​របស់ខ្លួន ឲ្យធ្វើ​ជា​ប្រធាន​គណៈកម្មការ សភា។

សម្រាប់​ក្រុមអ្នកប្រជាធិបតេយ្យ​ហុងកុង សមាជិកសភា គាំទ្រ​ដោយ​ប៉េកាំង កំពុង​បន្លំ​បោកប្រាស់ និង​ធ្វើ​សកម្មភាព​ខុសច្បាប់​ទាំងស្រុង។ នៅលើ​បដា​របស់​ក្រុមអ្នកប្រជាធិបតេយ្យ នៅថ្ងៃ​ចន្ទនេះ មាន​សរសេរថា បក្សកុម្មុយនិស្ត​ចិន​កំពុង​ជាន់ឈ្លី ច្បាប់ហុងកុង។

ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​បង្ហាញ​យ៉ាងច្បាស់​ពីចេតនា​របស់ខ្លួន ដែល​ចង់​ឃើញ​ហុងកុង បង្កើត​ច្បាប់​ប្រឆាំង​ចលនា​បះបោរ ច្បាប់ប្រឆាំង​នឹង​ការជេរប្រមាថ ភ្លេងជាតិ​ចិន ហើយនិង​ការបង្កើតឡើង​វិញ កម្មវិធី​ស្នេហាជាតិ នៅតាម​សាលារៀន​នៅទីក្រុង​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ