អានតួអត្ថបទ
កូរ៉េខាងត្បូង-កូវីដ១៩

ករណី​ឆ្លង​កូវីដ​ថ្មីនៅ​កូរ៉េខាងត្បូង​ ហក់​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៧​សប្តាហ៍​ចុង​ក្រោយ

ប្រទេស​កូរ៉េខាងត្បូង​ បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ ទី​២៧​ ឧសភា​ ពី​ការ​ហក់​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​។ បើ​តាម​មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​ការ​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ ករណី​ឆ្លង​កូវីដថ្មី​នៅ​កូរ៉េខាងត្បូង​ ហក់​ឡើង​ដល់​ចំនួន​ ៤០ ករណី​ ក្នុង​រយៈពេល​តែ​ ២៤ ម៉ោង​ ដែល​នេះ​គឺជា​ការកើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៤៩ ថ្ងៃ​ចុង​ក្រោយ​។ ដំណឹង​នេះ​ បង្ក​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំង​ ពីព្រោះ​ថា​កុមារ​កូរ៉េ​រាប់​លាន​នាក់​កំពុង​វិល​ត្រឡប់​ទៅ​សាលារៀន​វិញ​។

A staff member greeted students with an elbow bump as they returned to Kyungbock High School in Seoul after being closed for more than two-months because of coronavirus
A staff member greeted students with an elbow bump as they returned to Kyungbock High School in Seoul after being closed for more than two-months because of coronavirus AFP
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង គឺជា​ប្រទេស​អាស៊ី​មួយ​ដែល​ពិភពលោក​កោត​​សរសើរ​អំពី​សមត្ថភាព​ក្នុង​ការ​​ទប់ទល់នឹង​ការឆ្លងរីករាលដាលខ្លាំង​នៃជំងឺ​កូវីដ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​មិន​ចាំបាច់​ដាក់ចេញ​នូវ​វិធាន​ការ​បិទខ្ទប់​ប្រទេស​ទាំង​មូល​។

ក៏ប៉ុន្តែ​ ករណី​ឆ្លង​កូវីដ​នាពេលនេះ​ បាន​ចាប់​កម្រើក​សាជាថ្មី​ឡើងវិញ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ ជាក់ស្តែង នៅ​ថ្ងៃពុធ​ ទី ២៧ ឧសភា​នេះ​ អាជ្ញាធរ​កូរ៉េខាងត្បូងបាន​រាយការណ៍​ថា​មាន​ករណី​ឆ្លងកូវីដ​ថ្មី​ចំនួន​ ៤០ ករណី ដែល​រុញ​ច្រាន​ឲ្យករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កូរ៉េ​កើន​ដល់​ ១១ ២៦៥ ករណី​។ អត្រា​ឆ្លងថ្មី​ ៤០ ករណីនេះ​ គឺជា​ការកើន​ឡើង​ខ្ពស់​បំផុត​ ក្នុងរយៈពេល​ ៧ សប្តាហ៍​ចុងក្រោយ​ ពោល​គឺ​ចាប់ពី​ថ្ងៃទី​ ៨​ មេសា​មក​ ដែល​ករណីឆ្លង​កាលណោះ​ហក់​ឡើងដល់​ ៥៣​ ករណី​។

មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​ការគ្រប់គ្រង​ និង​បង្ការ​ជំងឺ​ បានឲ្យ​ដឹងថា​ យ៉ាងហោច​ណាស់​មាន​ករណី​ឆ្លង​ចំនួន​ ៣៦​ករណី​ មាន​ប្រភពចេញ​ពី​ឃ្លាំង​ស្តុក​ទំនិញ​មួយ​នៅ​ក្នុង​តំបន់​ប៊ូឈិន (Bucheon) ភាគ​ខាងលិច​ទីក្រុង​សេអ៊ូល។ មនុស្ស​ចំនួន​ប្រមាណ​ ៣ ៦០០ នាក់ ដែល​ធ្វើការ​នៅទី​នោះ​កំពុង​ត្រូវបាន​គេ​ធ្វើតេស្ត​រក​មេរោគកូវីដ​ផងដែរ​។

“មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការ​ផ្ទុះឡើង​ខ្លាំង​នៃ​ករណី​ឆ្លងថ្មី​ គេ​សង្ស័យ​ថា​វិធានការ​ជា​មូលដ្ឋាន​ មិនត្រូវ​បាន​អនុវត្ត​នៅ​ឃ្លាំង​ស្តុក​ទំនិញ​នោះ​ទេ​”។ នេះ​ គឺជា​ប្រសាសន៍​របស់​អនុរដ្ឋមន្រ្តី​សុខាភិបាលកូរ៉េខាងត្បូង​ លោកគីម​ ហ្គាងលីព​ (Kim Gang-lip) ដោយ​បន្ថែមថា​ “ប្រសិនណា​បើ​វិធានការ​ចក្តាឡីស័ក​ ឬការ​ដាក់​ឲ្យ​នៅដាច់​ដោយឡែក​មិន​ត្រូវ​បាន​អនុវត្ត​នៅ​កន្លែង​ធ្វើការ​នោះទេ​ លទ្ធភាព​នៃ​ការកើនឡើង​ករណី​ឆ្លង​កូវីដ​ មាន​ខ្ពស់​ខ្លាំង​សម្បើម​ណាស់​”។

គួរ​កត់​សម្គាល់ថា​ ការ​រក្សា​គម្លាត​សង្គម​ ឬការ​រក្សា​គម្លាត​សុវត្តិភាព​ដោយ​នៅ​ឆ្ងាយ​ពីគ្នា ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ ហើយ​ទី​កន្លែង​មួយ​ចំនួន​មានជាអាទិ៍ ​សារមន្ទីរ​ ព្រះវិហារ​ និង​ក្លឹបកីឡា​អាជីព​ខ្លះ​ បាន​ចាប់​ផ្តើម​បើក​ឡើងវិញ​នៅ​ដើម​ខែ​ឧសភា​នេះ​។

មួយវិញទៀត​ មាន​សិស្សនិស្សិត​ច្រើន​ជាង​ ២ លាន​នាក់​បាន​វិល​ត្រឡប់​ចូលរៀន​វិញ​ផងដែរ​នៅ​ថ្ងៃពុធ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​បើក​សាលារៀន​ តាម​ដំណាក់​កាល​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។ ក៏ប៉ុន្តែ​ វិទ្យាល័យខ្លះ​ ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ជាថ្មី​ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ករណី​ឆ្លង​កូវីដ​ថ្មី​នៅក្នុងស្រុក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ