អានតួអត្ថបទ

វិបត្តិ​សេដ្ឋកិច្ច​សកល ធ្វើ​ឲ្យ​រោងចក្រ​ចិន ចាប់​ដំណើរការយឺតៗ

សកម្មភាព​រោងចក្រ​ចិន​នៅតែ​ដើរយឺត បើទោះ​ចិន​បើក​សកម្មភាព​សេដ្ឋកិច្ច ជាង​២ខែមកហើយ។ តួលេខ​ផ្លូវការ​របស់​រដ្ឋ​ចិន នៅថ្ងៃ​អាទិត្យនេះ បង្ហាញថា ដោយសារ​តែ​តម្រូវការ​កុម្ម៉ង់ នៅបរទេស ធ្លាក់ថយចុះ សកម្មភាព នៅ​រោងចក្រ ក្នុងប្រទេស​ចិន នៅ​ខែ​ឧសភា ហាក់​ថយចុះ​បន្តិច បើប្រៀបធៀប​នឹង​ខែ​មេសា ឬ​ខែ​មីនា។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក៏​នៅតែ​ច្រើន​ជាង​៥០ពិន្ទុ ដោយ​មកពី​មាន​តម្រូវការ​ក្នុង​ស្រុក។ អ្នកជំនាញ​សេដ្ឋកិច្ច​ព្រួយបារម្ភ​ផងដែរ​ពី​ចំនួនការងារ ដែល​អាច​ថយចុះ នៅពេល​រោងចក្រ និង​ក្រុមហ៊ុន​ផ្តល់​សេវា ថមថយ​សកម្មភាព ដោយសារ​តែ​កូវីដ ១៩។

កម្មករ​នៅរោងចក្រ​ផលិតម៉ាស​នៅ​ទីក្រុង​សៀងហៃ កាលពី​ថ្ងៃទី ៣១​មករា ឆ្នាំ ២០២០
កម្មករ​នៅរោងចក្រ​ផលិតម៉ាស​នៅ​ទីក្រុង​សៀងហៃ កាលពី​ថ្ងៃទី ៣១​មករា ឆ្នាំ ២០២០ REUTERS - Aly Song
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​រដ្ឋាភិបាល​ឈប់​អនុវត្ត​វិធានការ​បិទទីក្រុង រោងចក្រ នៅប្រទេស​ចិន​បាន​ត្រលប់​ទៅ​ចាប់ផ្តើម​សកម្មភាព​ បញ្ឆេះ​ម៉ាស៊ីន តាំង​ពីចុងខែ​មីនា។ ប៉ុន្តែ នៅតែ​មិន​អាច​ដំណើរការ​បាន​១០០%​ដូចមុន ដោយសារ​តែ​កត្តា​សេដ្ឋកិច្ច​សកល និង​ជំងឺកូវីដ ដែល​នៅ​សកម្ម នៅឡើយ ទាំង​នៅ​ប្រទេស​ចិន និង​នៅក្នុង​ពិភពលោក។ មន្រ្តីស្ថិតិចិន លោក​Zhao Qinghe នៅថ្ងៃ​អាទិត្យ បាន​លើកឡើង​ពីចំណុចខ្សោយ នៅក្នុង​ការនាំចូល និង​ការនាំចេញ របស់​ចិន ជាពិសេស វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​សំលៀកបំពាក់ ចិន ដែល​រង​ប៉ះពាល់ ដោយសារ តម្រូវការ​ពី​ទីផ្សារ​បរទេស នៅ​បន្ត​ធ្លាក់ចុះ។

នៅសប្តាហ៍នេះ អ្នកវិភាគ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន Nomura បាន​វាយតម្លៃថា ដោយសារ​កំណើន​សេដ្ឋកិច្ច របស់​បណ្តាប្រទេស​មហាអំណាច​ឧស្សាហកម្ម អាមេរិក និង​នៅអឺរ៉ុប ធ្លាក់ថយចុះ ដល់ទៅប្រមាណ ១៥% នៅ​ត្រីមាស​ទី២នេះ ការនាំចេញ​របស់​ចិន ក៏ត្រូវ តែ​ធ្លាក់ថយចុះ​ដែរ។ តាមអ្នកជំនាញ ការនាំចេញ​របស់​ចិន មាន​សន្ទុះកើនឡើង បាន​មួយរយៈ​ពេល កាលពី ២ខែ​មុននេះ ជាពិសេស ក្នុង​ផ្នែកនាំចេញ​គ្រឿង​បរិក្ខាពេទ្យ សម្រាប់​ជំងឺកូវីដ។ ប៉ុន្តែ កំរិតនាំចេញ​គ្រឿងបរិក្ខាពេទ្យ ឬ​ម៉ាស ហាក់ថយចុះ​មកវិញ ព្រោះ​ថា ប្រទេស​ជាច្រើន ជាពិសេស​នៅ​អឺរ៉ុប ចាប់ផ្តើម បើករោងចក្រ ដើម្បី​ផលិត​គ្រឿងបរិក្ខាពេទ្យ និង​ម៉ាស ក្នុង​ស្រុកឡើងវិញ ដោយ​លែង​សូវ​កុម្ម៉ង់ទិញ ពីប្រទេស​ចិន។

សញ្ញាមិនសូវល្អ​នៃ​តួលេខ​នាំចេញ​របស់​ចិន នឹង​អាច​ជះផល​មិនល្អ ​ទៅលើ​ការងារ​ធ្វើ នៅ​ប្រទេស​ចិន ទាំង​នៅតាម​រោងចក្រ និង​នៅក្រុមហ៊ុន​ផ្តល់​សេវា។ គួររំលឹកថា ដើម្បី​ទប់ស្កាត់ រលកទី ២​នៃ​ការឆ្លងរីករាលដាល ជំងឺ​កូវីដ រដ្ឋាភិបាល​ចិន នៅ​បន្ត បិទ​ក្រុមហ៊ុន ដែល​ធ្វើការ​ទៅលើ​ផ្នែក​វប្បធម៌ កីឡា និង​ឧស្សាហកម្ម​កំសាន្តសប្បាយ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន នៅ​បន្ត​គ្មាន​ការងារ​ធ្វើ។ សម្រាប់​អ្នកជំនាញ គេត្រូវ​យកចិត្ត​ទុកដាក់ តាមដាន​បញ្ហា​នេះ ជាពិសេស នៅពេល រដ្ឋាភិបាលចិន​ផ្លាស់ប្តូរ គោលដៅ​ក្នុងការបង្កើតការងារ​ធ្វើ ក្នុង​ស្រុក។ សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំសភា​ប្រចាំឆ្នាំ​នៅ​ដើម​ខែ​នេះ នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង បានលើកឡើងពី​ទិសដៅ​បង្កើតការងារ​ថ្មី នៅ​ទីក្រុង ឲ្យ​បាន​៩លាន នៅឆ្នាំ ២០២០នេះ ពោល​តិចជាង ឆ្នាំ ២០១៩ ដែល​មាន​ដល់ទៅ ១១លាននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ