អានតួអត្ថបទ

ទីលាន​ធានអានមិនឆ្នាំ​១៩៨៩៖ តៃវ៉ាន់​អំពាវនាវ ឲ្យចិន​ទទួល​ស្គាល់​កំហុស​ឆ្គង​អតីតកាល

ថ្ងៃទី៤មិថុនា គឺជាថ្ងៃគម្រប់ខួបលើកទី​៣១នៃការបង្រ្កាបបាតុកម្ម​ ទាមទារប្រជាធិបតេយ្យ នៅទីលានធានអានមិន ទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៨៩។ ហេតុការណ៍ប្រវត្តិសាស្ត្រ ដែលមានមនុស្ស​យ៉ាងហោច១ពាន់នាក់ បានស្លាប់បាត់បងជីវិតនេះ ត្រូវបាន​រដ្ឋាភិបាលចិនហាមឃាត់ មិនឲ្យ​រំលឹក​និយាយនឹកដល់ទេ។ នៅថ្ងៃទី៤មិថុនានេះ លោកស្រី ឆៃ​ អ៊ីងវ៉េន ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ បានអំពាវនាវ  ឲ្យ​គណបក្សកុម្មុយនីស្តចិន ត្រូវទទួលស្គាល់ការពិត នូវកំហុសឆ្គងរបស់ខ្លួន ក្នុងអតីតកាល និងដើម្បីគោរព ដល់វិញ្ញាណក្ខន្ធរបស់អ្នកស្លាប់។

ទីលានធានអានមិន ទីក្រុងប៉េកាំង ថ្ងៃទី​១៥ ឧសភា ១៩៨៩
ទីលានធានអានមិន ទីក្រុងប៉េកាំង ថ្ងៃទី​១៥ ឧសភា ១៩៨៩ AFP - TOSHIO SAKAI
ផ្សាយពាណិជ្ជកម្ម

នៅលើទំព័រ Twitter  លោកស្រី ឆៃ អ៊ីងវ៉េន បានសរសេរថា « ក្នុងលោកយើងនេះ មួយឆ្នាំមាន​៣៦៥ថ្ងៃ តែសម្រាប់ចិនវិញ មានមួយថ្ងៃ ដែលត្រូវគេបំភ្លេចចោល »។ លោកស្រីសរសេរបន្តថា « ល្មមដល់ពេលហើយ ដែលរដ្ឋាភិបាលកុម្មុយនីស្តចិន ត្រូវប្រឈមមុខនឹងការពិត ទទួលស្គាល់នូវកំហុសពីអតីតកាលរបស់ខ្លួន។ តៃវ៉ាន់ក៏ធ្លាប់មានកំហុសឆ្គងក្នុងអតីតកាលដែរ ជាមួយនឹងរបបផ្តាច់ការ តែតៃវ៉ាន់បានទទួលស្គាល់កំហុស ហើយបាន​ធ្វើរបត់ មករកលទ្ធិប្រជាធិបតេយ្យ ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ »។ លោកស្រីប្រមុខរដ្ឋាភិបាលតៃវ៉ាន់បន្ថែមថា លោកស្រីសង្ឃឹមថា ថ្ងៃណាមួយ ចិននឹងនិយាយថា ខ្លួន​បានធ្វើដែរ គឺបានទទួលស្គាល់កំហុសអតីតកាល។

សូមរំលឹកថា បាតុកម្មប្រឆាំងអំពើពុករលួយ និងទាមទារលទ្ធិប្រជាធិបតេយ្យ បានផ្ទុះឡើងនៅទីក្រុងប៉េកាំង រវាងពាក់កណ្តាលខែ​មេសា ឆ្នាំ១៩៨៩។ ទីលានធានអានមិន កណ្តាលក្រុងប៉េកាំង បេះដូងនៃអំណាចនយោបាយ​បក្សកុម្មុយន​ីស្តចិន បានក្លាយ​ជាទីប្រជុំនៃក្រុមបាតុកររាប់ម៉ឺននាក់។ នៅយប់ថ្ងៃទី​៣​មិថុនា ឈានចូលថ្ងៃទី៤មិថុនា កងទ័ពចិនបានបើកប្រតិបត្តិការ​បង្រ្កាប បំបែក​បាតុករ​​យ៉ាងហិង្សាបំផុត។ រហូតមកទល់ពេលនេះ​ រដ្ឋាភិបាលចិន មិនដែលបាន​បញ្ចេញតួលេខនៃចំនួន​អ្នកស្លាប់ពិតប្រាកដទេ។ ប្រភពផ្សេងៗគ្នា អះអាងថាបាតុករ​ស្លាប់ ​អាចមាន​លើសពី​១០០០​នាក់​។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវរដ្ឋអំណាចចិន ហាមមិនឲ្យ​រំលឹកជាដាច់ខាត។ តាមបណ្តាញសង្គម បណ្តាញអ៊ីនធ័រណិតក្នុងស្រុកចិន ការរំលឹកពីព្រឹត្តិការណ៍នេះ អាចប្រឈមនឹងទោសទណ្ឌ​។ ឲ្យតែដល់ថ្ងៃនេះម្តងៗ អាជ្ញាធរចិន បានបង្កើនការប្រុងប្រយ័ត្ន រារាំង ឬលុបចោល ព័ត៌មានទាំងអស់ទាក់ទិននឹងហេតុការណ៍នេះ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៤មិថុនា២០២០នេះ អ្នកថតរូបរបស់​ភ្នាក់ងារព័ត៌មានបារាំង AFP ម្នាក់ ដែលកំពុងតែថតរូបនៅទីលានធានអានមិន ត្រូវបាន​នគរបាលចិនហាមឃាត់ និងបញ្ជាឲ្យ​លប់រូបភាពចោលទាំងអស់។

កាលពីថ្ងៃពុធទី​៣មិថុនា ក្រុមប្រឹក្សាកិច្ចការចិនដីគោក របស់តៃវ៉ាន់ បានអំពាវនាវឲ្យរដ្ឋាភិបាលចិនប៉េកាំង ប្រកាសសុំខមាលទោសដោយស្មោះអស់ពីចិត្ត ជាសាធារណៈ។ តែការអំពាវនាវនេះ ត្រូវបានលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ចាត់ទុកថា វាគ្មានន័យខ្លឹមសារទាល់តែសោះ។

គួរកត់សំគាល់ថា ប្រមាណ​៣០ឆ្នាំមកនេះ គឺមានតែនៅហុងកុង និងតៃវ៉ាន់ប៉ុណ្ណោះ ដែលតែងតែមានការជួបជុំរំលឹកវិញ្ញាណក្ខន្ធ​ដល់អ្នកស្លាប់។ តែឆ្នាំនេះ ការជួបជុំគ្នានៅហុងកុង ត្រូវបាន​អាជ្ញាធរហាមឃាត់ ដោយលើកឡើងអំពីបញ្ហាឆ្លងរាលដាល នូវជម្ងឺកូវីដ១៩។​ ទោះជាយ៉ាងនេះក្តី ក្រុម​សកម្មជនប្រជាធិបតេយ្យ​ហុងកុង បាននាំគ្នាចែកទៀនសទៅប្រជាជន និងបានអំពាវនាវ ឲ្យ​គ្រប់គ្នាអុជបំភ្លឺទៀននៅតាមបង្អួចតាមផ្ទះរៀងៗខ្លួន ដើម្បីជាការរំលឹកដល់វិញ្ញាណក្ខន្ធ របស់បាតុករប្រជាធិបតេយ្យ ដែត្រូវទាហានចិន​សម្លាប់​នៅទីលានធានអានមិន។

នៅថ្ងៃទី៤មិថុនានេះដែរ សភាហុងកុង បានបើកអង្គប្រជុំ ដើម្បីអនុម័តច្បាប់ស្តីពីការគោរពភ្លេងជាតិចិន។​ អ្នកដែលមិនគោរពភ្លេងជាតិចិន អាចប្រឈមនឹងទោសជាប់ពន្ធនាគារ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ប្រមាណ​៥ម៉ឺនដុល្លារហុងកុង។ បើទោះជាមានការហាមឃាត់ បាតុករហុងកុងជាច្រើនរយនាក់ ​បានមកជុំគ្នាធ្វើការតវ៉ាប្រឆាំងច្បាប់នេះ នៅខាងមុខអាគារសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ