អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ៖ អ្នកប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម ថ្ងៃខួបទី៨៨ ​នៃ​​ការ​ដួល​រលំ​របប​រាជានិយម​ផ្តាច់ការ​ឆ្នាំ​​១៩៣២

នៅទីក្រុងបាងកក កាលពីថ្ងៃពុធ ទី២៤មិថុនា ក្រុមសកម្មជនប្រជាធិបតេយ្យមួយក្រុម បានជួបជុំគ្នានៅក្បែរវិមានរដ្ឋសភាថៃ ដើម្បីរំលឹកខួបនៃការដួលរលំ របបរាជានិយមផ្តាច់ការថៃ ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៣២។ ការជួបជុំរំលឹកខួបនេះ ក៏ជាឱកាសផងដែរ ឲ្យពួកគេអាចបរិហាររិះគន់ ចំពោះរបបដឹកនាំថៃបច្ចុប្បន្ន ដែលពួកគេយល់ថា អំណាចទាំងស្រុង ស្ថិតនៅក្នុងកណ្តាប់របស់ក្រុមយោធា និងស្ថាប័នព្រះមហាក្សត្រ ហើយដែលវាមានលក្ខណៈកាន់តែផ្តាច់ការ ខ្លាំង នៅក្រោយការធ្វើរដ្ឋប្រហារយោធា នៅឆ្នាំ២០១៤។

បាតុករម្នាក់ តែងខ្លួន​តាម​បែបកងទ័ពសម័យ​មុន ឈរអាន​​សារ ទាមទារឲ្យ​កែប្រែរដ្ឋធម្មនុញ្ញ នៅក្បែរស្តូបនិម្មិតរូបនៃការដួលរលំរបបរាជានិយមថៃ ថ្ងៃទី​២៤ មិថុនា ១៩៣២។ បាងកក ថ្ងៃទី​ ២៤ មិថនា ២០២០
បាតុករម្នាក់ តែងខ្លួន​តាម​បែបកងទ័ពសម័យ​មុន ឈរអាន​​សារ ទាមទារឲ្យ​កែប្រែរដ្ឋធម្មនុញ្ញ នៅក្បែរស្តូបនិម្មិតរូបនៃការដួលរលំរបបរាជានិយមថៃ ថ្ងៃទី​២៤ មិថុនា ១៩៣២។ បាងកក ថ្ងៃទី​ ២៤ មិថនា ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

មនុស្សប្រមាណជាង១០០នាក់ បានមកជួបជុំគ្នា នៅទីលានមួយ​ក្បែរវិមានរដ្ឋសភាថៃ នៅថ្ងៃទី​២៤មិថុនា ដើម្បីរំលឹក​ខួប​ នៃការដួលរលំរបបរាជានិយមផ្តាច់ការ ថ្ងៃទី​២៤មិថុនា១៩៣២។ អ្នកខ្លះមានកាន់បដា ដែលមានសរសេរថា “ត្រូវតែ​រំលាយរដ្ឋធម្មនុញ្ញដែលការពាររបបយោធា”។ បដាខ្លះសរសេរថា “ប្រទេសនេះ ជារបស់ប្រជាពលរដ្ឋថៃទាំងអស់”។ ចំណែកនៅព្រឹកព្រលឹមស្រាងៗ មានសកម្មជនប្រជាធិបតេយ្យមួយក្រុមទៀត បានជួបជុំគ្នា នៅក្បែរវិមានប្រជាធិបតេយ្យ​ថៃ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីទីតាំងស្តូបនិម្មិតរូប រំលឹកការដួលរលំនូវរបបរាជានិយមផ្តាច់ការ។

សកម្មជនម្នាក់ឈ្មោះ Pachanee Kamnak បានថ្លែងប្រាប់អ្នកកាសែតថា៖ "រដ្ឋាភិបាលបច្ចុប្បន្ននេះ កំពុងតែព្យាយាម​​កាត់បន្ថយសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ"។ ស្ត្រីសកម្មជនម្នាក់ទៀត បានលើកឡើងថា៖ "រដ្ឋធម្មនុញ្ញ ត្រូវតែត្រូវបាន​តាក់តែងឡើង​ដោយប្រជាពលរដ្ឋ និងដើម្បីបំរើប្រយោជន៍ប្រជាពលរដ្ឋ មិនមែនដើម្បីការពារអំណាច របស់ក្រុមបក្សពួកណាមួយឡើយ"។ សំដីរបស់ស្ត្រីរូបនេះ គឺបានសំដៅទៅដល់ ការធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ នៅឆ្នាំ២០១៧ ធ្វើឡើង​ដោយរបបសិកថៃ ដឹកនាំដោយលោក ប្រាយុទ្ធ ចានអូចា។

គួរកត់សំគាល់ថា ថ្វីបើថៃមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមែន ក៏ប៉ុន្តែស្ថាប័នព្រះមហាក្សត្រថៃ នៅតែរក្សាអានុភាពអំណាចដ៏ធំ នៅក្នុង​វិស័យនយោបាយ និងកងទ័ព​។ ជាងនេះទៀត កងទ័ពថៃ ក្រោមការដឹកនាំរបស់បក្សពួក លោក​ប្រាយុទ្ធ ចាន់អូចា បានបង្កើន​ឥទ្ធិពល​កាន់តែខ្លាំង ក្នុងការក្តោបក្តាប់អំណាច​ និងការពាររាជបាល្ល័ង្គ។

គួរកត់សំគាល់ដែរថា ជាមួយនឹងកាលៈទេសៈសេដ្ឋកិច្ចរាំងស្ទះ មនុស្សបាត់បង់ការងារ ដោយសារតែ​កូវីដ១៩ នាពេលបច្ចុប្បន្ន បានធ្វើឲ្យ​សម្លេងរិះគន់កាន់តែច្រើន ទៅលើ​រដ្ឋាភិបាលដឹកនាំ​ដោយ​​លោក​ប្រាយុទ្ធ។ ជាងនេះទៀត ករណីសកម្មជន​ប្រឆាំងម្នាក់ ដែលបានបាត់ខ្លួន​យ៉ាងសំងាត់ នៅទីក្រុងភ្នំពេញកាលពី​ដើមខែមិថុនានេះ បានធ្វើឲ្យ​ក្រុមប្រជាធិបតេយ្យថៃ បន្ថែមការចោទប្រកាន់ ទៅលើរដ្ឋាភិបាល​លោក​ប្រាយុទ្ធ ចាន់អូចា។ ដំណឹងស្តីពីការភៀសព្រះកាយរបស់ស្តេចថៃ ទៅសោយសុខនៅឯប្រទេសអាល្លឺម៉ង់ ជាមួយស្រីស្នំជាច្រើននាក់ ក្នុងខណៈដែលប្រជាជនថៃ​ទូទាំងប្រទេ​ស ជួបការលំបាក ដោយសារកូវីដ១៩ ក៏បានធ្វើឲ្យ​មានការខឹងសម្បារផងដែរ។

នៅថៃ ទោសប្រមាថព្រះជេស្តា ព្រះមហាក្សត្រ និងគ្រួសាររាជវង្ស អាចប្រឈមនឹងទោសជាប់ពន្ធនាគារ រយៈពេល​១៥ឆ្នាំ។ តែលោកប្រាយុទ្ធ ចាន់អូចា បាន​អះអាងថា ព្រះមហាក្សត្រថ្មី បានសំណូម​ពរ ឲ្យ​រដ្ឋាភិបាល​ឈប់​អនុវត្តច្បាប់នេះ ទៅលើប្រជាពលរដ្ឋ។ ក៏ប៉ុន្តែក្រុមសកម្មជនសិទ្ធិមនុស្ស​នៅថៃ បានលើកឡើងថា ថ្វីបើគេឈប់ប្រើច្បាប់នេះមែន តែគេបានបង្កើតច្បាប់ថ្មី គឺច្បាប់គ្រប់គ្រងបទល្មើសតាមបណ្តាញអ៊ីនធ័រណិត។ អ្នករិះគន់ រដ្ឋាភិបាល ឬស្ថាប័នព្រះមហាក្សត្រ តាមបណ្តាញអ៊ីនធ័រណិត អាចប្រឈមនឹងទោស​ជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ