អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​បារម្ភ​ពីការប្រយុទ្ធគ្នា​យ៉ាងសន្ធឹក នៅ​រដ្ឋរ៉ាឃីន

អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អាទិត្យ បាន​អំពាវនាវ​ឲ្យ​មាន​ការចាត់វិធានការ​បន្ទាន់​ដើម្បី ការពារ​ជីវិត​ប្រជាជន​ស៊ីវិល នៅក្នុង​តំបន់​ដែល​មានការវាយប្រយុទ្ធគ្នា​រវាង​កងទ័ព​ភូមា និង​ក្រុមឧទ្ទាម​ទាហាន​អារ៉ាក់ខាន។ អង្គការ​សហប្រជាជាតិ​បាន​ចេញសេចក្តីថ្លែងការណ៍​ឲ្យ​ភាគី​ជម្លោះ លើកលែង​ជីវិតប្រជាជន​ស៊ីវិល បន្ទាប់ពី អាជ្ញាធរ​ក្នុង​ស្រុក​ភូមា​បាន​លើកឡើង​ពីការជម្លៀស​ប្រជាជន ដោយសារ​ប្រតិបត្តិការ​បោសសម្អាត​របស់​កងទ័ព​ភូមា នៅ​រដ្ឋរ៉ាឃីន។

រូបថត​ផ្តល់​ដោយ​កងទ័ព​ភូមា​កាលពីថ្ងៃទី​១៦​មិថុនា បង្ហាញ​ផ្ទះសម្បែង​ក្នុង​ភូមិ​នៅរដ្ឋរ៉ាឃីន​ត្រូវ​ដុតបំផ្លាញ នៅក្នុង​ការប្រយុទ្ធគ្នា​រវាង​កងទ័ និង​ពួកឧទ្ទាម​Arakan Army
រូបថត​ផ្តល់​ដោយ​កងទ័ព​ភូមា​កាលពីថ្ងៃទី​១៦​មិថុនា បង្ហាញ​ផ្ទះសម្បែង​ក្នុង​ភូមិ​នៅរដ្ឋរ៉ាឃីន​ត្រូវ​ដុតបំផ្លាញ នៅក្នុង​ការប្រយុទ្ធគ្នា​រវាង​កងទ័ និង​ពួកឧទ្ទាម​Arakan Army AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា រហូត​ធ្វើ​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ាង ជិត ១លាននាក់ រត់គេចខ្លួន ទៅប្រទេស​បង់ក្លាដែស កាលពី​ឆ្នាំ ២០១៧ រដ្ឋ​រ៉ាឃីន ភាគខាងជើង ប្រទេស​ភូមា កំពុង​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា​ម្តងទៀត ដោយ​លើកនេះ មាន​កងទ័ព ភូមា និង ពួកឧទ្ទាម​Arakan Army​ជាភាគី​ជម្លោះ។

ពួកឧទ្ទាមទ័ពព្រៃ Arakan Army ដែល​ចង់​ទាមទារ​តំបន់​ស្វ័យភាព ឲ្យ​ប្រជាជនភាគតិច រ៉ាឃីន កាន់​សាសនា​ព្រះពុទ្ធ នៅ​ក្នុង​រដ្ឋ​រ៉ាឃីន និង​រដ្ឋ​កាឈីន ភាគខាងជើង ភូមា បាន​ផ្តើម​ប្រយុទ្ធ​គ្នា ជាមួយ កងទ័ព​ភូមា តាំង​តែ​ពី​ដើម​ឆ្នាំ ២០១៩។ ភាគី​ជម្លោះ​ទាំងពីរ បាន​ឆ្លើយ​ទម្លាក់កំហុស​ដាក់គ្នា នៅពេល​មាន​សេចក្តីរាយការណ៍​ដែល​ថា ជនស៊ីវិល​រាប់សិបនាក់​បាន​ស្លាប់ និង​មនុស្ស​ជាង ១សែន ៥ម៉ឺននាក់ ត្រូវ​រត់ចោល​ផ្ទះសម្បែង ដើម្បី​គេច​ចេញពី​អំពើហិង្សា។

ដោយសារ​តែ​វិធានការបិទខ្ទប់​ទីក្រុង ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ រួមទាំង​បណ្តាញអ៊ីនធ័រនែតត្រូវ​កាត់ផ្តាច់​នៅក្នុង​តំបន់​កើតមាន​ជម្លោះ គេ​មិន​អាច​ផ្ទៀងផ្ទាត់ តួលេខ​អ្នករងគ្រោះ​ពិតប្រាកដ​នោះទេ។ តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អាទិត្យ ដែល​ដកស្រង់​ប្រភព​ពី​ប្រជាជន​ក្នុងស្រុក តំបន់​ដែល​កំពុង​កើតមាន​ជម្លោះប្រដាប់​អាវុធ មាន​ប្រជាជន​រស់នៅ ជាង ១ម៉ឺននាក់។ ពួកគេ​មួយចំនួន​បាន​រត់ភៀសខ្លួន ចំណែក​មួយ​ក្រុមផ្សេងទៀត ត្រូវ​នៅជាប់គាំង នៅក្នុង​តំបន់​ឈ្លោះ​ប្រទាញប្រទង់​គ្នា រវាង​កងទ័ព និង​ពួកឧទ្ទាម​Arakan Army។

នៅ​សប្តាហ៍មុននេះ អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ក្នុង​រដ្ឋ​រ៉ាឃីន​បាន​ប្រាប់​ប្រជាជន​ក្នុង​ភូមិ​ចំនួន ៤០​ចាកចេញ​ពី​ផ្ទះសម្បែង នៅមុន ការបើកប្រតិបត្តិការ​បោសសម្អាត​របស់​កងទ័ព​ភូមា។ គេ​ធ្លាប់​លឺ​ពាក្យ បោសសម្អាត របស់​កងទ័ព​នេះម្តងហើយ កាលពី​ឆ្នាំ ២០១៧ នៅមុន​ពេល កងទ័ព បើក​ការបង្រ្កាប និង​បណ្តេញ​ប្រជាជន​រ៉ូហ៊ីងយ៉ា ពី​រដ្ឋរ៉ាឃីន រហូត​ដល់​ត្រូវ​ តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ ​សម្រេច​ចោទប្រកាន់​ភូមា ក្នុង​បទ​ប្រព្រឹត្ត​អំពើប្រល័យ​ពូជសាសន៍។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អាទិត្យ អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​ភាគី​ជម្លោះ ចាត់វិធានការ​បន្ទាន់ ដើម្បី​ការពារ​ជីវិតប្រជាជន​ស៊ីវិល។

ដកស្រង់សំដី​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី​ទទួល​បន្ទុកសំណុំរឿង​ព្រំដែន​ភូមា បាន​បដិសេធ​ព័ត៌មាន​ដែល​ថា កងទ័ព​បើកប្រតិបត្តិការ​បោសសម្អាត។ ប៉ុន្តែ លោកទទួល​ស្គាល់ថា កងទ័ព​នឹង​បើក​ប្រតិបត្តិការ​របស់​ខ្លួន នៅ​ក្នុង​ភូមិចំនួន​៥ នៅ​រដ្ឋរ៉ាឃីន ដើម្បី​វាយបណ្តេញ​ពួកឧទ្ទាម​Arakan Army។ សម្រាប់​អ្នកភូមិ ដែល​និយាយប្រាប់​ទីភ្នាក់ងារ​AFP តាមទូរស័ព្ទ ការបកស្រាយ​របស់​មន្រ្តីភូមា ខុសឆ្ងាយ​ពីស្ថានភាព​នៅ​កន្លែងជាក់ស្តែង ជាទី កងទ័ព​បាញ់គ្រាប់ផ្លោង យ៉ាងសន្ធឹក​ចេញពី​ទីក្រុង​សំដៅ​ភូមិ ដែល​ជា​ហេតុធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រត់គេចចេញពី​ផ្ទះសម្បែង និង​ដាច់ស្បៀង​អាហារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ