អានតួអត្ថបទ
ភូមា

តុលាការ​ភូមា ដាក់​ទោស​ យោធា​ បី​នាក់ ក្នុង​រឿង​សម្លាប់​រង្គាល​ជនជាតិ​រ៉ូហ៊ីងយ៉ា

ទាហាន​​ភូមា​បី​នាក់ ត្រូវ​បាន​តុលាការ​ដាក់​ទោស​ ពី​បទ​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ នេះ​បើ​តាម​ប្រភព​ដំណឹង​របស់​យោធា​ភូមា​ ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​ទី ៣០មិថុនា។ ជា​ការកាត់ទោស​ដ៏​កម្រ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ប្រទេស​ភូមា កំពុង​ប្រឈម​នឹង​តុលាការ​អន្តរជាតិ​ ពីបទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ានេះ​ផង។

ជនជាតិ​រ៉ូហ៊ីងយ៉ា រត់​គេចពីភូមា​តាមផ្លូវ​សមុទ្ទ​ តែ​ត្រូវ​អាជ្ញាធរ​ចាប់​បាន
ជនជាតិ​រ៉ូហ៊ីងយ៉ា រត់​គេចពីភូមា​តាមផ្លូវ​សមុទ្ទ​ តែ​ត្រូវ​អាជ្ញាធរ​ចាប់​បាន © STR / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០១៧ យោធា​ភូមា​បានបើក​ប្រតិបត្តិ​ការ​បោសសម្អាត​ពូជសាសន៍​ ដ៏​ហិង្សា ក្នុង​ទម្រង់​ជា​ កាប់​សម្លាប់ ​រំលោភ ដុត​បំផ្លាញផ្ទះ​សម្បែង​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់សិប​ពាន់​ភូមិ នៅរដ្ឋ​រ៉ាឃិន​ ភាគ​ពាយ័ព្យ​ប្រទេស។ គ្មាន​តូលេខពិត​ទេ ប៉ុន្តែអង្គការ​ការពារ​សិទ្ធិមនុស្សប៉ាន់​ស្មាន​ថាមាន​​ ​ជនជាតិ​ភាគតិចកាន់​សាសនា​អ៊ីស្លាមមិន​តិច​ពាន់​នាក់​ទេ​​បាន​ស្លាប់​ ហើយ​អ្នក​រួច​ពី​ស្លាប់​ប្រមាណជាង​៧៥០០០០​នាក់ បានរត់​គេច​ខ្លួន​ទៅ​ជ្រក​កោន​នៅ​ក្នុង​ជំរំបណ្តោះ​អាសន្ន​នៅ​បង់ក្លាដែស។

ក្រុមយោធា​តែង​បដិសេធ​ថា​មិន​បាន​ធ្វើ​ទុក​បុកម្នេញ​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ាទេ។ តែក្រោយ​ពី​បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម ចំនួន​៥​នៅក្នុង​ភូមិមួយ​ នៅឆ្នាំ​២០១៨ អម​ដោយ​សក្ខីកម្ម​របស់​អ្នក​រួច​ពី​ស្លាប់​និង​វីដេអូ​ជា​ភស្តុតាង យោធា​ព្រម​បើក​អង្កេត និង​ទទួល​ស្គាល់ថាមានកង្វះ​ខាត​ក្តាប់​ស្ថានការណ៍​មិន​បាន និង​ថា​​មានកូន​​ទាហាន​​​ចូលពាក់ព័ន្ធ​នឹង​អំពើ​ហិង្សានោះ។ ទាហាន​ជា​ច្រើនត្រូវ​បាន​បញ្ជូន​ទៅតុលាការ​សឹក។ ហើយ​នៅ​ថ្ងៃ​អង្គារ​ទី ៣០​មិថុនា​២០២០​នេះ តុលាការ​បានបញ្ជាក់​ដាក់ទោស​យោធា​បី​នាក់ ជុំវិញ​សំណុំ​រឿង​នេះ​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​យោធា​ភូមា ដែល​បញ្ជាក់ទៀត​ថា ​ការ​អង្កេត​ស្តីអំពី​ការ​សម្លាប់​រង្គាល​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមិ​ពីរ​ផ្សេង​ទៀត មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ ពុំ​មាន​ការ​លម្អិត​និងបញ្ជាក់ អំពី​អត្តសញ្ញាណ​ អំពី​កំហុស និង​ទោស​ទណ្ឌដែល​​យោធា​ទាំង​បី​រូប​ត្រូវ​ទទួល​ទេ។ សវនាការ​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ រួម​រឹតដោយ​រឿង​សម្ងាត់​ និង​លូក​លំ គ្មាន​ឯករាជ្យសោះ។ នេះ​បើ​តាម​ការ​បរិហារ​របស់​តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International នៅ​ភូមា។

កាលពី​ឆ្នាំ​២០១៨ តុលាការ​បាន​កាត់ទោស​ទាហាន​៧នាក់​ឱ្យ​ជាប់​ពន្ធនាគារ​១០ឆ្នាំ ពី​បទ​បាន​សម្លាប់​ជាតិ​រ៉ូហ៊ីងយ៉ា ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​ទទួល​ទោស​មិន​បាន​មួយ​ឆ្នាំផង។

ការ​ដាក់​ទោស​យោធា​ក្នុង​សំណុំរឿង​រ៉ូហ៊ីយ៉ានេះ​ ប្រពឹត្តទៅ​ក្នុង​ខណៈ​ដែល​ភូមា កំពុង​រង​ការ​ចោទប្រកាន់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ពីបទ​ប្រល័យ​ពូជសាសន៍​។ លោកស្រី​អ៊ុងសានស៊ូជី ប្រមុខ​ដឹកនាំ​ភូមា បាន​ធ្វើ​ដំណើរ​ទៅ​ការពារ​ប្រទេស​នៅ​ចំពោះមុខ​តុលាការ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ផ្ទាល់​ខ្លួន​តែ​ម្តង ដោយ​អះអាង​ថា​ទាហាន​ភូមា​ទំនង​ជា​ខុស​ដោយ​ប្រើ​កម្លាំង​ជ្រុល​ ប៉ុន្តែ​គ្មានសោះ​ចេតនាបែប​ប្រល័យពូជសាសន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ