អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជប៉ុន នៅតែ​ជា​មហាអំណាច​បច្ចេកវិទ្យា​ទំនើប​ ដែរ​​ឬ​ទេ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧស្សាហកម្ម និងបច្ចេកវិទ្យាជប៉ុន ត្រូវបានពិភពលោកទទួលស្គាល់គុណភាព​ ជាច្រើនទសវត្សមកហើយ។ ជប៉ុនបានកសាងខ្លួន​ ជាមហាអំណាចឧស្សាហកម្ម និង​បច្ចេកវិទ្យាទំនើប តែក្នុងរយៈពេលខ្លី ក្រោយ​ចាញ់សង្រ្គាមលោកលើកទី២​យ៉ាងដំណំ។ កាលពីក្នុងទសវត្សឆ្នាំ១៩៨០ អ្នកវិភាគ​សេដ្ឋកិច្ចគ្រប់ៗគ្នា បានសរសើរនិងចាត់ទុកជប៉ុន ជាប្រទេសដែលមានជោគវាសនាដ៏គួរឲ្យស្ញប់ស្ញែង។ គំនិតបង្កើតថ្មីនៃបច្ចេកវិទ្យាជប៉ុន ធ្លាប់បានជះឥទ្ធិពល​ ពាសពេញពិភពលោក។ ក៏ប៉ុន្តែចាប់តាំងដើមសតវត្សទី២១ បច្ចេកវិទ្យាជប៉ុនហាក់ដូចបាត់មុខ លែងសូវឮឈ្មោះតទៅទៀត ខណៈដែរបច្ចេកវិទ្យាទំនើបសឹងតែទាំងអស់ បានចេញ​ពី​​សហរដ្ឋអាេមរិក។ តើមកទល់ឆ្នាំ​២០២០​នេះ ជប៉ុននៅតែត្រូវគេចាត់ទុកថា ជា​មហាអំណាច​បច្ចេកវិទ្យា​ទំនើប​ ទៀត​ដែរ​ឬ​ទេ?

បុគ្គលិក​ជំនាញ​របស់ក្រុមហ៊ុន Telexistence កំពុងត្រៀម​ថតរូប​រ៉ូបូសាកល្បង​  shelf-stacking avatar robot ​ដែលជារ៉ូបូអាចធ្វើការ​ ជាអ្នកលក់​នៅក្នុងហាងទំនិញ​។ តូក្យូ ថ្ងៃទី​៣ កក្កដា ២០២០
បុគ្គលិក​ជំនាញ​របស់ក្រុមហ៊ុន Telexistence កំពុងត្រៀម​ថតរូប​រ៉ូបូសាកល្បង​ shelf-stacking avatar robot ​ដែលជារ៉ូបូអាចធ្វើការ​ ជាអ្នកលក់​នៅក្នុងហាងទំនិញ​។ តូក្យូ ថ្ងៃទី​៣ កក្កដា ២០២០ REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

មានមនុស្សច្រើននាក់ណាស់ ដែលនៅចាំបាននូវ កូនម៉ាញ៉េចាក់កាសែតស្តាប់កាសត្រចៀក យកតាមខ្លួនបាន ឈ្មោះ Sony Walkman។ កូនម៉ាញ៉េតូចដ៏ល្បីរបស់ជប៉ុននេះ បានធ្វើឲ្យ​មនុស្សម្នាផ្អើលឈូរឆចង់បាន​ មិនថាចាស់មិនថាក្មេង កាលពីដើមទសវត្សឆ្នាំ១៩៨០។ នេះជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ច្រើនរាប់មិនអស់ ដែលបញ្ជាក់ពីភាពជោគជ័យ នៃគំនិត​បច្ចេកវិទ្យាទំនើប​ របស់សហគ្រាសជប៉ុន។

តែប្រមាណ​២០ឆ្នាំចុងក្រោយនេះ ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាជប៉ុន ហាក់ដូចជាស្ងាត់បាត់សម្លេង។ តំបន់ Silicone Valley រដ្ឋ​ California សហរដ្ឋអាមេរិក បានក្លាយ​ជា​ជង្រុកថ្មី នៃគំនិតច្នៃប្រឌិតបច្ចេកវិទ្យាទំនើប។ Microsoft Google Apple IBM គឺសុទ្ធតែឈ្មោះក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​របស់​អាមេរិក។​ តើវិស័យផលិតកម្ម បច្ចេកវិទ្យារបស់ជប៉ុនបានថយចុះខ្លាំងឬ? តើជប៉ុន​បានបាត់បង់តំណែង ជាមហាអំណាចបច្ចេកវិទ្យាហើយមែនទេ?

បើយើងពិនិត្យតាមតួលេខផ្លូវការ កំណើន​សេដ្ឋកិច្ចរបស់ជប៉ុន ពិតជាបានចាប់ផ្តើមថយចុះមែន គិតពីចុងទសវត្សឆ្នាំ៩០មក។​ ពីឆ្នាំ ១៩៩៩ ​ដល់ឆ្នាំ២០១៤ កំណើតសេដ្ឋកិច្ចជប៉ុន មានជាមធ្យម​ប្រមាណ ០,៩% ចំណែកអឺរ៉ុបវិញមាន​ ១,៥% រីឯសហរដ្ឋអាមេរិក​មាន ២,៥%។ ក៏ប៉ុន្តែ បើពិនិត្យ​លើ កម្រិត​រីកចំរើន​នៃ​ផលិតផលដុលក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗវិញ គឺជប៉ុន​បានកើនឡើងជាមធ្យម០,៨% ខណៈអឺរ៉ុបមាន​១% អាមេរិកមាន​១,៥%។ នេះមានន័យថា វិស័យផលិតកម្ម​របស់ជប៉ុន មិនសូវជាធ្លាក់ចុះប៉ុន្មានទេ។

មតិយល់ឃើញខ្លះ លើកឡើងថា គំរូសេដ្ឋកិច្ចជប៉ុនដែលដំណើរការល្អពីមុននោះ លែងឆ្លើយតប​ទៅនឹង​ការវិវឌ្ឍន៍របស់សេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្ននេះហើយ។ គឺមានតែសហរដ្ឋអាមេរិកទេ ដែលនាំមុខគេ ក្នុងវិស័យបច្ចេកវិទ្យាទំនើប។ គំរូសេដ្ឋកិច្ចបែប « សេរីនិយមជំនាន់ថ្មី » របស់អាមេរិក បាន​បើកផ្លូវ​ឲ្យ​មនុស្សដែលមានទេពកោសល្យ មាន​គំនិតច្នៃប្រឌិត អាចដំឡើង សម្រេចគម្រោង​ និងផលិតចេញជាផលិតផលនានា បាន​យ៉ាងលឿនរហ័ស ក្រោម​ការឧបត្ថមរបស់សកលវិទ្យាល័យ និង​ស្ថាប័នហិរញ្ញវត្ថុឯកជន។

ការពិត ជប៉ុនក៏ធ្លាប់បាន​ធ្វើកំណែទម្រង់សេដ្ឋកិច្ច បង្វែរទិសទៅរក​ ទ្រឹស្តីសេរីនិយម​ជំនាន់ថ្មីដែរ តែគំរូសេដ្ឋកិច្ចរបៀបនេះ ហាក់ដូចជាមិនចូលធាតុ ជាមួយ​ផ្នត់គំនិតរបស់​សហគ្រាសជប៉ុនទេ។ តែយ៉ាងណា មិនមែនមានន័យថា វិស័យបច្ចេកវិទ្យាគំនិតបង្កើតថ្មី របស់ជប៉ុន ត្រូវជាប់គាំងនោះទេ។ ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ជប៉ុន មានដូចជា Toyota Sony Toshiba Canon ជាដើម នៅតែបន្តស្វះស្វែង បង្កើតបច្ចេកវិទ្យាថ្មីៗជានិច្ច បើទោះបីវាមិនស្ថិតនៅលំដាប់ជួរមុខ ដែលគេស្គាល់​​​ច្រើន​ក៏ដោយ។

វិស័យបច្ចេកវិទ្យាថ្មីរបស់ជប៉ុន មិនសូវមានគេស្គាល់មែន តែមានបច្ចេកវិទ្យាខ្លះ ជប៉ុននៅតែស្ថិតនៅជួរមុខគេ សឹងតែផ្តាច់មុខតែម្នាក់ឯង ដោយអ្នកផ្សេងត្រូវការជាចាំបាច់ មិនអាចខ្វះបាន។ ឧទាហរណ៍ដូចជា​ ធាតុផ្សំសំខាន់ៗមួយចំនួន ដែលត្រូវការចាំបាច់ ក្នុងការផលិត​ iPhone ក្រុមហ៊ុន Toray ជំនាញផ្នែកគ្រឿងផ្សំគ្រឿងយន្តលើអាកាស ក្រុមហ៊ុន​​ Fanuc និង Yaskawa ជំនាញផ្នែកគ្រឿងម៉ាស៊ីនរ៉ូបូ និងក្រុមហ៊ុន Horiba ជំនាញផលិតផលិតផល​​បច្ចេកវិទ្យាវាស់និងវិភាគ ដ៏ឈានមុខគេ។ ក្នុងវិស័យបច្ចេកវិទ្យា​ ផលិតកម្មវិធីព័ត៌មានវិទ្យា​ និងល្បែងVideo Game វិញ ជប៉ុននៅតែនាំមុខគេជានិច្ច ជាមួយ​ក្រុមហ៊ុន Sony Enternainment និងក្រុមហ៊ុន Nintindo។

ផលិតផលបច្ចេកវិទ្យាទំនើបរបស់ជប៉ុន មិនសូវល្បីខ្ទរខ្ទារដូចបច្ចេកវិទ្យាអាមេរិកមែន ព្រោះវាជាបច្ចេកវិទ្យាដែលមានចរិកលក្ខណៈបែបជប៉ុន ដែលស្ងប់ស្ងាត់ តែម៉ឺងម៉ាត់ និងអត់ធន់។ ក្នុងប្រវត្តិសាស្ត្រ​ឧស្សាហកម្មនៅជប៉ុន មានពាក្យស្លោកមួយដ៏ល្បី ដែលប្រែថា « ស្មារតីជប៉ុន ចំណេះដឹងប្រទេសលោកខាងលិច »។​ ក្នុងន័យនេះ គឺជប៉ុនមិនចំលងបច្ចេកវិទ្យាពីគេ ឬធ្វើតាមគេទាំងស្រុងទេ។ អ្នកជំនាញ​ វិស្វករជប៉ុនគ្រប់គ្នា មានគំនិតមួយ​ក្នុងខ្លួនគឺត្រូវធ្វើយ៉ាងណា ឲ្យ​បច្ចេកវិទ្យាដែលខ្លួននាំចូលមក ឬផលិតថ្មី ត្រូវតែឆ្លើយតបទៅនឹងរបត់ និងតម្រូវការរបស់មនុស្ស​ក្នុង​សង្គម។

វិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅតែជាអាទិភាពរបស់សហគ្រាសធំៗ នៅជប៉ុន។ តែការបង្កើតបច្ចេកវិទ្យាថ្មីនីមួយៗ ត្រូវឆ្លើយតបទៅនឹងតម្រូវការក្នុងសង្គម និងឈរលើស្មារតី អន្តរកម្ម រវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងសង្គមមនុស្ស​។ នេះគឺជាអ្វីដែល មានកំណត់នៅក្នុងគោលនយោបាយ វិទ្យាសាស្ត្របច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនសម្រាប់ឆ្នាំ២០២១​-២០២៥។

ការសិក្សាលំអិត ទៅលើប្រព័ន្ធឧស្សាហកម្ម និងបច្ចេកវិទ្យាជប៉ុន បានធ្វើឲ្យ​អ្នកវិភាគ​ជាច្រើន យល់ឃើញថា សម្រាប់ជប៉ុន បច្ចេកវិទ្យា ត្រូវតែផ្សារភ្ជាប់ជាមួយ​សង្គមមនុស្ស។ កម្លាំង​ការងាររួមគ្នារបស់បុគ្គលិក គ្រប់ជាន់ថ្នាក់ គឺជាផ្នែកមួយមិនអាចខ្វះបាន ដើម្បីស្ថាបនាបច្ចេកវិទ្យាថ្មីមួយ។ ឆ្លងកាត់បទពិសោធន៍ជូរចត់ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima Daiichi នៅ២០១១ ក្នុងផ្នត់គំនិតជប៉ុន បច្ចេកវិទ្យាត្រូវតែបំរើដល់សង្គមមនុស្ស ពុំនោះទេ វានឹងគ្មានតម្លៃអ្វីទេ។ វិស័យបច្ចេកវិទ្យាទំនើបរបស់ជប៉ុន អាចប្រហែលជាផលិតបានចំនួន​តិច មិន​សូវល្បីល្បាញ ដូចបច្ចេកវិទ្យា​អាមេរិកមែន តែបច្ចេកវិទ្យាជប៉ុននៅតែនំាំមុខគេ ព្រោះវាជា​បច្ចេកវិទ្យាដែល នៅមាន​មនសិកា​មនុស្សនិយម មិនមែន​ប្រាក់​ចំណេញ​និយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ