អានតួអត្ថបទ
តៃវ៉ាន់ ចិន

តៃវ៉ាន់ អំពាវនាវឲ្យ​​ប្រទេស​​សេរី រួមគ្នា ប្រយុទ្ធ​នឹង​ការ​ពង្រីក​ទ្រឹស្តី​​នយោបាយ​ផ្តាច់ការ​ របស់​ចិន​​ប៉េកាំង

កាលពីថ្ងៃព្រហស្បតិ៍ ទី១៦កក្កដា រដ្ឋាភិបាលតៃវ៉ាន់ បាន​ថ្លែងការអំពាវនាវ សុំឲ្យ​ប្រទេស​ប្រជាធិបតេយ្យសេរីទាំងអស់​ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង នឹងការពង្រឹកទ្រឹស្តីនយោបាយ​ផ្តាច់ការ របស់ចិនប៉េកាំង។ តៃវ៉ាន់ព្រួយបារម្ភថា ជាមួយនឹងច្បាប់​សន្តិសុខជាតិ ដែលចិនបានអនុវត្តមកលើដែន​ដីហុងកុង នឹងអាចក្លាយ​ជាឧបករណ៍ថ្មីមួយ​ ដើម្បីឲ្យ​ចិនប៉េកាំង អនុវត្តនយោបាយ​ការទូតបែបចាប់ចំណាប់ខ្មាំង ដើម្បី​បន្លាចប្រទេសសេរីផ្សេងទៀត មិនឲ្យ​ហ៊ានរិះគន់។

លោក Chen Ming-tong រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ នៅក្នុងឱកាសបើសម្ភោធការិយាល័យទំនាក់ទំនង រវាងតៃវ៉ាន់ និងហុងកុង នៅទីក្រុងតៃប៉ិ ថ្ងៃទី ១ កក្កដា ២០២០
លោក Chen Ming-tong រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ នៅក្នុងឱកាសបើសម្ភោធការិយាល័យទំនាក់ទំនង រវាងតៃវ៉ាន់ និងហុងកុង នៅទីក្រុងតៃប៉ិ ថ្ងៃទី ១ កក្កដា ២០២០ REUTERS - Ann Wang
ផ្សាយពាណិជ្ជកម្ម

លោក Chen Ming Tong រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានលើកឡើងថា ច្បាប់ថ្មីស្តីពីសន្តិសុខជាតិ ដែលចិនបានដាក់សង្កត់ ពីលើសិទ្ធិសេរីភាពរបស់​ហុងកុងនោះ គឺជាគ្រោះថ្នាក់ធំណាស់ ព្រោះចិន​អាចនឹងយកវា ដើម្បីអនុវត្តគោលនយោបាយ​ការទូត តាមរយៈការចាប់ចំណាប់ខ្មាំង។ លោកពន្យល់ថា ជាមួយ​នឹង​វិបត្តិជុំវិញ បញ្ហាក្រុមហ៊ុន Huawei យើងបានឃើញហើយ ថាចិនបានប្រើវិធី ចាប់ជនបរទេសជាចំណាប់ខ្មាំង ហើយចោទថា ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល និងផល​ប្រយោជន៍ចិន។

លោកបន្ថែមថា ច្បាប់សន្តិសុខជាតិរបស់ចិន នឹងបើកដៃ ឲ្យ​នរគបាលចិន ធ្វើសកម្មភាពតាមដាន ចាប់ចងមនុស្សដោយផ្ទាល់ នៅលើដែនដីហុងកុង និងបញ្ជូនមនុស្សទៅកាន់ចិន​ដីគោក។ លោករដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ អះអាងថា ចិននឹងធ្វើអំពើទាំងនេះ ដើម្បីដាក់សំពាធ ឬបំភ័យរដ្ឋាភិបាលបរទេស មិនឲ្យ​រិះគន់ចិន។ ជាចុងក្រោយ លោក​រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់​ បានអំពាវនាវ ឲ្យ​ប្រទេសប្រជាធិបតេយ្យសេរីទាំងអស់ រួមគ្នាប្រយុទ្ធ យកឈ្នះការពង្រីក​ទ្រឹស្តីនយោបាយ​បែបផ្តាច់ការនិយម របស់ចិនប៉េកាំង។

គួរកត់សំគាល់ថា ជាមួយនឹងច្បាប់សន្តិសុខជាតិ របសចិន ដែលចូលជាធរមានកាលពីដើមខែ​កក្កដានេះ គឺបានធ្វើឲ្យកោះតៃវ៉ាន់មានការបារម្ភជាខ្លាំង ពីវាសនាអនាគត់ខ្លួន។ ចិនតែងតែអះអាងជានិច្ចថា តៃវ៉ាន់គឺជាដែនដីរបស់ចិនតែមួយ ហើយថ្ងៃណាមួយ​ ចិននឹងយកមកគ្រប់គ្រងវិញ បើទោះបីត្រូវប្រើកម្លាំងក៏ដោយ។ លោកស្រី ឆៃ អ៊ីងវ៉េន ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ធ្លាប់បានប្រកាសថា បើសិនទៅថ្ងៃមុខ ច្បាប់សន្តិសុខជាតិចិន នេះហ៊ានតែប៉ះពាល់ ដល់តៃវ៉ាន់ នោះតៃវ៉ាន់នឹងមិនឈរនៅស្ងៀមឡើយ។

គួរបញ្ជាក់ដែរថា តៃវ៉ាន់ មានករិយាល័យទំនាក់ទំនងពាណិជ្ជកម្ម និង វប្បធម៌មួយ​របស់ខ្លួន ប្រចាំនៅហុងកុង។ ក៏ប៉ុន្តែចាប់តាំងពី​ពាក់កណ្តាលឆ្នាំ២០១៨មក ការិយាល័យនេះ មិនមានប្រធានគ្រប់គ្រងចាត់ចែងទេ ដោយសារតែ​អាជ្ញាធរហុងកុង មិនបានផ្តល់ទិដ្ឋាការ។ ហុងកុង ដែលពីមុនមក ធ្លាប់​មាន​ទំនាក់ទំនងល្អ ជាមួយ​តៃវ៉ាន់ តែពេលនេះ ហាក់ដូចជាបានងាកទៅរកចិនដីគោក បែរខ្នងដាក់តៃវ៉ាន់ ឲ្យ​នៅឯកោ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ