អានតួអត្ថបទ
អូស្ត្រាលី-ភ្លើងឆេះព្រៃ

ការសិក្សា​៖ សត្វ​ ៣​ពាន់​លាន​ក្បាល​បាន​រង​ផល​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី

សត្វ​រហូតដល់ទៅ​ចំនួន​ជិត​ ៣ពាន់​លាន​ក្បាល​ បាន​ស្លាប់​ឬក៏​រត់​ចេញពី​ទី​ជម្រក​ដោយសារ​តែ​គ្រោះ​ភ្លើងឆេះព្រៃ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។ ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​អូស្ត្រាលី​ និង​បាន​កើតឡើង​កាលពី​ចុង​ឆ្នាំ​ ២០១៩​ ដើមឆ្នាំ​ ២០២០​ កន្លងទៅ​។ នេះ​ បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី​២៨​ កក្កដា​នេះ​។

សត្វកង់ហ្គូរូ លោតនៅក្នុងវាលខណៈដែលមានផ្សែងហុយចេញពីភ្លើងឆេះព្រៃនៅជ្រលងភ្នំ Snowy ជាយក្រុង Cooma កាលពីខែមករា។
សត្វកង់ហ្គូរូ លោតនៅក្នុងវាលខណៈដែលមានផ្សែងហុយចេញពីភ្លើងឆេះព្រៃនៅជ្រលងភ្នំ Snowy ជាយក្រុង Cooma កាលពីខែមករា។ AFP/File
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​អូស្រ្តាលី​ជាច្រើន​ បានឲ្យដឹងថា ​សត្វព្រៃ​ដែល​រងផលប៉ះពាល់​រួមមាន​ថនិកសត្វ​ចំនួន​ ១៤៣​ លាន​ក្បាល​ សត្វ​ល្មូន​ ២,៤៦ ពាន់លាន​ សត្វបក្សី​ ១៨០​ លាន​ និង​កង្កែប​ ៥១​ លាន​ក្បាល​។

របាយការណ៍​ខាងលើ​ មិនបាន​បញ្ជាក់​លម្អិត​នោះ​ទេ​ ថាតើ​មាន​សត្វ​ប៉ុន្មាន​ក្បាល​ ដែល​បាន​ស្លាប់​ដោយសារតែ​គ្រោះ​ភ្លើងឆេះព្រៃ​។ ដោយឡែក​ នាខណៈពេលនេះ គេ​កំពុង​មាន​ការបារម្ភ​ថា​សត្វ​ដែល​បាន​រត់​ចេញ​ពី​ជម្រក​ អាច​កំពុង​ជួបបញ្ហា​ដោយសារ​ការខ្វះ​ចំណី​អាហារ​ ទីជម្រក​ និង​ត្រូវ​រងការ​វាយ​ប្រហារនានាពី​សត្រូវ​។

គួររំឭកជូនថា​ អគ្គិភ័យ​បាន​បំផ្លាញព្រៃ​និង​ដីព្រៃ​ចំនួន​ ១១៥ ០០០ គីឡូម៉ែត្រការ៉េ​នៅ​ទូទាំង​​ប្រទេស​អូស្ត្រាលី​កាលពីចុង​ឆ្នាំ ២០១៩ ដើមឆ្នាំ​ ២០២០​។ មនុស្សជាង​ ៣០ នាក់​បាន​ស្លាប់​ ហើយ​ផ្ទះ​សម្បែង​រាប់ពាន់ខ្នង​ត្រូវបាន​បំផ្លាញ​ក្នុង​គ្រោះមហន្តរាយ​កាល​ណោះ​។

វា​ គឺជា​គ្រោះភ្លើង​ឆេះព្រៃ​ដ៏ធំ​និង​មានរយៈពេល​យូរជាងគេ​បំផុតមួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ទំនើប​របស់​អូស្រ្តាលី​។ អ្នក​វិទ្យាសាស្ដ្រ​បាន​សន្និដ្ឋាន​ថា​ អគ្គីភ័យ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពេលណាៗ​ទាំងអស់​ ទំនង​ដោយសារ​រង​ឥទ្ធិពលពី​ការប្រែប្រួល​អាកាសធាតុ​។

ការសិក្សាមួយ​នៅក្នុង​ខែ​មករា​បាន​ប៉ាន់ស្មាន​ថា​ អគ្គីភ័យ​បាន​សម្លាប់​សត្វ​ប្រមាណ​ ១​ពាន់​លាន​ក្បាល​ នៅរដ្ឋ​ភាគខាងកើត​ដែល​រងគ្រោះខ្លាំង​បំផុត​ គឺ​រដ្ឋ New South Wales និង រដ្ឋ Victoria ។ របាយការណ៍​ ដែល​ទើបត្រូវបាន​ចេញផ្សាយ​នៅថ្ងៃអង្គារនេះ​ គឺជា​ការ​សិក្សា​លើកដំបូង​បង្អស់​ដែល​គ្របដណ្តប់​តំបន់​អគ្គិភ័យ​នៅទូទាំង​ទ្វីប​។ នេះ​ បើតាម​ការ​លើក​ឡើង​របស់​ ប្រធាន​ដឹកនាំ​អ្នក​វិទ្យាសាស្ត្រអូស្ត្រាលី​នៃ​សាកលវិទ្យាល័យ​ស៊ីដនី​ អ្នកស្រី លីលី​ វ៉ាន អ៊ីដិន​( Lily van Eeden)។

យ៉ាងណាក៏ដោយ​ លទ្ធផល​នៃការ​សិក្សា​ចេញផ្សាយ​ថ្ងៃអង្គារ​នេះ​ នៅមិនទាន់​ចាត់ទុកថា​ជា​របាយការណ៍​ចុងក្រោយ​នោះទេ​។ គេរំពឹងថា​ របាយការណ៍​ផ្លូវការ​ចុងក្រោយ​នឹង​អាចចេញ​ផ្សាយ​នៅខែ​សីហា​ក្រោយ​។ ទោះជាបែបនេះក្តី​ ក្រុមអ្នក​សិក្សា​បាន​និយាយថា​ ចំនួន​សត្វ​ ៣ ពាន់​លាន​ក្បាល​ ដែល​រង​ផលប៉ះពាល់​ទំនងជា​មិនមាន​ការផ្លាស់ប្តូរ​ទេ​។

គួរជម្រាបជូនថា របាយការណ៍ស្តីអំពីផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលី ចេញផ្សាយនៅថ្ងៃអង្គារនេះ រៀបរៀងដោយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី​មកពីច្រើន​សាកលវិទ្យាល័យមានដូចជាសាកលវិទ្យាល័យស៊ីដនី សាកលវិទ្យាល័យ New South Wales សាលកវិទ្យាល័យ Charles Sturt និងក្រុម​អភិរក្សបក្សីអូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ