អានតួអត្ថបទ
អូស្រ្តាលី

អូស្ត្រាលី​បង្ហាញ​​ច្បាប់​បង្ខំ​ឱ្យ​ Goole និង​ហ្វេសប៊ុក បង់ប្រាក់​ឱ្យ​អ្នក​កាសែត

​អូស្ត្រាលីវិញ បានបង្ហាញពង្រាង​ច្បាប់​មួយ ​នៅ​ថ្ងៃ​សុក្រ​ទី ៣១​កក្កដា ២០២០ បង្ខំ​ឱ្យ​ក្រុមហ៊ុន Google ​ និង Facebook ​ផ្តល់​ថវិកា​ដល់​ក្រុម​បណ្តាញសារព័ត៌មានអូស្ត្រាលី​​ណា​ដែល ក្រុមហ៊ុន​អ៊ីនធ័រនែត​ទាំង​ពីរ បាន​​ខ្លឹមសារ​អត្ថបទ​របស់​ពួកគេ​ទៅ​​ចុះ​ផ្សាយ។ ក្រុមហ៊ុនយក្ស​ទាំង​ពីរ​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​គំនិត​ផ្តួច​ផ្តើម​របស់រដ្ឋាភិបាលអូស្ត្រាលីនេះ។

អូស្ត្រាលី​បង្ហាញច្បាប់បង្ខំ​ឱ្យ​Facebook និង Google បង់​ប្រាក់ទៅ​អ្នកកាសែត
អូស្ត្រាលី​បង្ហាញច្បាប់បង្ខំ​ឱ្យ​Facebook និង Google បង់​ប្រាក់ទៅ​អ្នកកាសែត AFP/File
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​បាន​ចាប់​ផ្តើម​ចរចា​បង្កើត “ក្រមច្បាប់បង្ខំឱ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត​បង់ប្រាក់​ដល់​បណ្តាញ​សារព័ត៌មាន” ដើម្បី​ស្ថាបនា​ទំនាក់ទំនងល្អ​រវាង​ប្រព័ន្ធ​ឃោសនាព័ត៌មាន​កំពុ​ង​ជួប​ការលំបាកហិរញ្ញវត្ថុ​និង​ក្រុមហ៊ុន​អ៊ីនធ័រនែត​ តាំង​ពី១៨​ខែ​មក​ហើយ តែ​ពុំ​អាច​ជម្រុះ​ភាព​មិនចុះសម្រុង​នឹងគ្នាបានទេ។ ក្រៅ​អំពី​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត បង់​ប្រាក់​ដល់​សារព័ត៌មាន ជាថ្នូរ​នឹង​ការ​ផ្សព្វផ្សាយ​ខ្លឹមសាររបស់​កាសែត គម្រោង​ច្បាប់ក៏​មាន​ចែងអំពី​បញ្ហា​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ តម្លាភាព​នៃ​កម្មវិធី និង​ពេលស្វែងរក។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អូស្ត្រាលីលោក​ Josh Frydenberg គ្រប់​ក្រុមហ៊ុនអ៊ីនធ័រនែតដែលផ្សាយ​ខ្លឹមសារចេញ​ពី​សារព័ត៌មាន​​អូស្ត្រាលី​ត្រូវ​គោរព​ច្បាប់​នេះទាំង​អស់​ ប៉ុន្តែ​ក្នុង​ដំណាក់កាលដំបូង គម្រោង​ច្បាប់​ដាក់​បង្ខំ​ខ្លាំង​តែ​លើ​ក្រុមហ៊ុនពីរ គឺ Google ​ និង Facebook ​ដែលមានបាន​ជាងគេផង ​និងមានឥទ្ធិពលខ្លាំង​ជាងគេទៀត​នៅ​លើ​ពិភពលោក។

គ្រាន់​តែ​រដ្ឋាភិបាលអូស្ត្រាលី​បង្ហើប​គម្រោងច្បាប់ភ្លាម អគ្គនាយក​ក្រុមហ៊ុន​ Google ​ និង Facebook ​នៅ​អូស្ត្រាលី​និងនូវែលហ្សេឡង់ បាន​សម្តែង​ការខក​ចិត្ត​ និង​ចាត់ទុក​វិធានការ​របស់រដ្ឋាភិបាលអូស្ត្រាលី​ថា​ជារារាំង​សេដ្ឋកិច្ច​ឌីជីថល​ និងប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​សេវាកម្មប្រើប្រាស់​របស់​អូស្ត្រាលី។ Google ​ និង Facebook ​ប្រឆាំង​ជារហូត​មកនឹងវិធានការចែក​រំលែក​ចំណូល​ពាណិជ្ជកម្ម​​ដល់បណ្តាញសារព័ត៌មាន ដោយ​ព្រមានថាប្រសិនបើ​ក្រុមហ៊ុន​ពិត​ជា​ត្រូវ​បង់​ថ្លៃ​ទៅ​ឱ្យ​អ្នកកាសែត​មែន នោះ​ក្រុមហ៊ុន​អាចនឹង​ធ្វើ​ពហិការ​មិន​ផ្សាយ​ខ្លឹមសារ​របស់​បណ្តាញ​អូស្ត្រាលីទេ។

ប៉ុន្តែ​​ពង្រាង​ច្បាប់​ក៏​មានចែងហាម​ឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត​​​រើងអើង​សារព័ត៌មាន​។ ក្រុមហ៊ុនអ៊ីនធ័រនែត​មាន​៤៥​ថ្ងៃ​សម្រាប់​​ចរចាបង់ប្រាក់ឱ្យ​អ្នក​កាសែត បើ​ពុំនោះ​ទេក្រុមហ៊ុន​នឹង​ពិន័យ​ជា​​ប្រាក់​ចំនួន ១០​លានដុល្លារ​អូស្ត្រាលី ឬ​១០%​នៃប្រាក់​ចំណូលរកបាន​នៅ​ក្នុង​ប្រទេស​​​។

​សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី មាន​រដ្ឋាភិបាល និង​ភ្នាក់ងារមាន​សមត្ថកិច្ច​ជាច្រើន កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​​គំនិតផ្តួច​ផ្តើមនេះ ដែល​​នឹងក្លាយ​ជា​គោលការណ៍​គ្រឹះរបស់ពិភពលោក ព្រោះតាំងពី​សម័យ​អ៊ីនធ័រនែតចូលមក បណ្តាញសារព័ត៌មាន​បែបចាស់​គំរិល រងវិបត្តិសេដ្ឋកិច្ច ​ចំណូល​ពាណិជ្ជកម្មរត់​ទៅ​ខាង​ហ្វេសប៊ុកនិង​ Google ​ក្រុមហ៊ុនអ៊ីនធ័រនែត​ផ្សេងៗទៀត។  

កម្មវត្ថុ​នៃគម្រោងច្បាប់មិនមែន ដើម្បី​ការពារ​សារព័ត៌មាន​អូស្ត្រាលី​ក្នុងការប្រឈម​នឹង​គូ​ប្រកួតប្រជែង​ទេ តែជា​បង្កើត​បរិយាកាស ផ្តល់សំណាង​និង​ឱកាសស្មើៗ​គ្នាដល់​គ្រប់​ប្រព័ន្ធ​ឃោសនា។​ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អូស្ត្រាលីដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ