អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់-ចិន

អាមេរិកនឹងបញ្ជូនមន្រ្តីថ្នាក់ខ្ពស់បំផុតទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

អាមេរិក​បាន​ប្រកាស​ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញថា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អាមេរិក​នឹងទៅ​បំពេញទស្សនកិច្ច​នៅ​តៃវ៉ាន់ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ ដំណើរទស្សនកិច្ច​ថ្នាក់​រដ្ឋមន្រ្តី​អាមេរិក ទៅកាន់​តៃវ៉ាន់​នេះ គឺ​ជា​រឿង​មួយ​​ដ៏កម្រ ហើយ​​វាកើតឡើង​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​ រវាង​អាមេរិក និង​ចិន ហើយ​វា​អាច​បញ្ឆេះកំហឹង​ចិន ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​កាន់តែ​តានតឹង​ខ្លាំងជាងនេះ​ទៅទៀត។

លោក​អាឡិច អាហ្សារ (Alex Azar) នឹង​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ទៅ​បំពេញទស្សនកិច្ច​នៅ​តៃវ៉ាន់
លោក​អាឡិច អាហ្សារ (Alex Azar) នឹង​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ទៅ​បំពេញទស្សនកិច្ច​នៅ​តៃវ៉ាន់ AFP/File
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ចេញផ្សាយ​កាល​ពីថ្ងៃ​អង្គារ ក្រសួង​សុខាភិបាល​អាមេរិក​បាន​បញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី អាឡិច អាហ្សារ ទៅកាន់តៃវ៉ាន់ នាពេល​ខាងមុខនេះ គឺ​ជា​ដំណើរទស្សនកិច្ច​ថ្នាក់ខ្ពស់​បំផុតមិនធ្លាប់​មាន​ ចាប់តាំង​ពី​ឆ្នាំ១៩៧៩​ ឆ្នាំដែល​អាមេរិក​បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត ពី​ការ​ទទួលស្គាល់​តៃវ៉ាន់​​ជា​រដ្ឋ ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​ដីគោក​វិញ។

ក្រសួង​ការបរទេស​តៃវ៉ាន់​ក៏​បាន​បញ្ជាក់​ផងដែរ អំពី​គម្រោង​ដំណើរទស្សនកិច្ច​នេះ ហើយ​ថា នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នេះ ដែល​គេ​នៅមិនទាន់​បញ្ជាក់ពី​កាល​បរិច្ឆេទ​ច្បាស់លាស់​នៅឡើយ លោក​អាឡិច អាហ្សារ ក្រៅពី​ជួប​ជាមួយ​សមភាគី​នៅ​ក្រសួង​សុខាភិបាល​តៃវ៉ាន់ ព្រមទាំង​មន្រ្តី​ជំនាញ​ខាង​សុខាភិបាល​មួយ​ចំនួន​ទៀត ក៏​នឹង​ជួបផងដែរ​ជាមួយ​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីងវេន។

ជាផ្លូវការ ដំណើរទស្សនកិច្ច​របស់​​លោក​អាឡិច អាហ្សារ គឺ​ធ្វើឡើង ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល និង​ដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​តៃវ៉ាន់ នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុងប៉េកាំង​ប្រហែល​ជា​នឹង​មិន​សំឡឹង​ឃើញ​ត្រឹមកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​សុខាភិបាល​ប៉ុណ្ណឹង​ទេ។

តាមការពិត​ទៅ តាំងពីដើម​រៀងមក យើង​សង្កេតឃើញ​ថា រាល់​ដំណើរទស្សនកិច្ច​របស់​មន្រ្តី​អាមេរិក​ទៅតៃវ៉ាន់ ឬ​គ្រប់សកម្មភាព​ផ្សេងទៀត ដែលអាច​​បង្ហាញ​ពី​ទំនាក់ទំនងជា​រដ្ឋ​និង​រដ្ឋ គឺ​តែងតែធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ ទំនាក់ទំនង រវាង​ចិន និង​អាមេរិក កំពុងតែ​ស្ថិត​ក្នុងភាព​តានតឹង​យ៉ាង​ខ្លាំង​ស្រាប់ ហើយ​តានតឹង​ស្ទើរតែគ្រប់​វិស័យ​ទាំងអស់ រាប់ចាប់​តាំង​ពី​វិបត្តិ​ហុងកុង បញ្ហា​កូវីដ១៩ ​សង្គ្រាម​ពាណិជ្ជកម្ម បច្ចេកវិទ្យា រហូតដល់​វិស័យ​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ដំណើរទស្សនកិច្ច​​ទៅតៃវ៉ាន់​ដោយ​មន្រ្តី​អាមេរិក​ថ្នាក់​ខ្ពស់​ដ៏​កម្រ នៅ​ក្នុង​បរិបទ​តានតឹង​ខ្លាំង​បែបនេះ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ចិន​រឹតតែ​ខឹង​សម្បារ​ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ចិន​ប្រហែល​ជា​នឹង​អាច​សំឡឹង​ឃើញ​សកម្មភាព​នេះ​ថា​ចេតនា​មួយ​របស់​​លោក​ដូណាល់ ត្រាំ ក្នុងការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ « ចិនមួយ » ដែល​ជា​បញ្ហា​ដ៏រសើប​បំផុត​មួយ​ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ