អានតួអត្ថបទ

អាហ្វហ្កានីស្ថាន​ប្រជុំ​សម្រេច​រឿងអ្នក​ទោស​តាលីបង់ ដើម្បី​​បើក​ផ្លូវ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​សន្តិភាព

នៅ​អាហ្វហ្កានីស្ថាន​ មា​នការ​ប្រជុំ​ធំ​យ៉ាង​សំខាន់ នៅថ្ងៃ​សុក្រ ទី​៧សីហា​​ ​ ដើម្បី​សម្រេច​ថា គួរ​ដោះលែង ឬ​មិន​ដោះលែង អ្នក​ទោស​ឧក្រិដ្ឋ​តាលីបង់ ចំនួន​ប្រហែល​៤០០នាក់។ អ្នកទោស​ទាំង​នេះ គឺ​ជាបុគ្គល​មេៗ និង​មាន​បាត់ដៃ​ប្រឡាក់​ឈាម​ ដែល​បាន​ចូលរួម​វាយប្រហារ​ភេរវកម្ម​ សម្លាប់​មនុស្ស ស៊ីវិល​​និង​ទាហាន​  អស់​ជាច្រើននាក់​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បាន​លើកឡើង​ថា ការដោះលែងនេះ ជាកាយវិការ​លំបាក តែ​គួរ​ធ្វើ​ដើម្បីបើកផ្លូវ​ឆ្ពោះទៅរកដំណោះស្រាយសន្តិភាព។

talibans/ prisonniers
talibans/ prisonniers © DR
ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋធានី​កាប៊ូល ​ឥស្សរជន​​និងព្រឹទ្ធាចារ្យ​ ប្រមាណ​ ៣ ២០០ នាក់ ត្រូវ​ជួប​ប្រជុំ​គ្នា​តាម​ប្រពៃណី ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​លំបាក​មួយ​ធំ នោះ​គឺត្រូវ​សម្រេច​ចិត្ត​ថា​ ត្រូវ​ដោះលែង ​ឧក្រិដ្ឋជន​អ្នក​ទោស​តាលីបង់ឬយ៉ាងណា​។ អ្នក​ទោស​ទាំងនេះ គឺមនុស្ស​ក្នុង​ចំណោម​បុគ្គលគ្នីគ្នា​របស់​តាលីបង់ ដែល​ក្រុម​តាលីបង់​ទាមទារ​ចង់​បាន​ឱ្យ​ដោះលែង​ជាខ្លាំង។

បើ​តាមបញ្ជី​ឈ្មោះ​​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​AFP ទទួល​បាន​ គឺពួក​គេ​ទាំង​នេះ ​ភាគច្រើន​ជាអ្នក​បាន​ចូលរួម​ក្នុង​គម្រោង​វាយ​ប្រហារ​ភេរវកម្ម​ធំៗ​និង​សំខាន់ៗ​នៅ​អាហ្វហ្កានីស្ថាន និងនៅបរទេស។ ឧទាហរណ៍​ជាក់​ស្តែង ត្រួសៗ គឺ​ទង្វើ​​បាញ់ប្រហារ​លើ​ទាហាន​បារាំងឆ្នាំ​២០១២, ការ​វាយ​ប្រហារ​បង្កប់​គ្រាប់បែក​ក្នុងឡាន​ ក្បែរស្ថានទូតអាល្លឺម៉ង់ នៅកាប៊ូល ឆ្នាំ២០១៧, ការប្រហារ​សំដៅ​លើ​ក្រុម​សន្តិសុខ​អង់គ្លេស ឆ្នាំ​២០១៨ ដែល​បណ្តាល​ឱ្យ​ស្លាប់​​ទាហាន​អាមេរិក​ ជាច្រើន​នាក់​ផង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo បាន​អំពាវនាវ​ នៅ​ថ្ងៃសុក្រថា​សូម​ឱ្យ​ថ្នាក់ដឹកនាំ​និងឥស្សរជន​អាហ្វហ្កានីស្ថាន មានការ​យោគយល់​ ហើយ​សម្រេច​ដោះលែង​អ្ន​កទោស​តាលីបង់​ទាំងនោះ។ ​ប្រមុខ​ការទូត​អាមេរិក គឺ​បាន​យល់ច្បាស់​ណាស់ថា ការ​ដោះលែង​នេះ ជា​សកម្មភាព​មួយ ដែល​លំបាក​ខ្លាំង ហើយ​ដែល​មនុស្ស​ភាគច្រើន​ផង មិន​សូវ​ចង់​ធ្វើ​ទេ។ ចំពោះ​លោក Mike Pompeo គឺគេ​គួរធ្វើដើម្បីបើកផ្លូវឆ្ពោះទៅរកការ​បញ្ចប់​ហិង្សា និង​បញ្ចប់​សង្គ្រាម​។

ក្នុង​កិច្ចព្រមព្រៀង​ចរចា​ស្វែង​រកសន្តិភាព​នៅ​អាហ្វហ្កានីស្ថាន កាលពី​ខែកុម្ភៈ រវាង​តាលីបង់និង​សហរដ្ឋអាមេរិក​ គឺក្រុមឧទ្ទាម​តាលីបង់ទាមទារដោះលែង​គ្នីគ្នា​របស់​គេ​​​ប្រមាណ​៥ពាន់នាក់​ ។ ការចរចា​នេះ ធ្វើ​ច្រើន​លើក​ លំបាកតឹងតែង​ ស្មុគស្មាញ ​ខ្លាំង ពេល​ខ្លះ​ក៏ត្រូវ​ខកលើកពេល​ទៀត​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ